សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧២ ឆ្នាំ
ដោយ យន់ សាមៀន | RFA Khmer
អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្នុង និងក្រៅស្រុករួមទាំងយុវជនខ្មែរក្រោម រស់នៅលើទឹកដីកំណើតប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧២ ឆ្នាំថ្ងៃទី ៤ មិថុនាខាងមុខ ។ សម្រាប់ខួប ៧២ ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបំផុសចលនាឲ្យពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើតរក្សាអត្តសញ្ញាណជាខ្មែរក្រោម នៅលើទឹកដីកំណើត ដើម្បីឈានទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួន ទៅថ្ងៃអនាគត ។

ពលរដ្ឋខ្មែរក្រោម បានបាត់បង់ទឹកដីដើមកំណើត ដោយសារតែបារាំង (France) បានកាត់ទឹកដីខ្មែរក្រោម ឲ្យវៀតណាម ទាំងខុសច្បាប់អស់រយៈពេល ៧២ ឆ្នាំហើយ គិតត្រឹមថ្ងៃទី ៤ មិថុនាខាងមុខ ។ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក្នុងស្រុក និងក្រៅស្រុកលើកឡើងថា ចាប់តាំងពីវៀតណាម បានគ្រប់គ្រងទឹកដីខ្មែរក្រោម ទាំងខុសច្បាប់មក អាជ្ញាធរវៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់ អត្តសញ្ញាណខ្មែរក្រោម ពីទឹកដីកំណើត ។ មហិច្ឆតារបស់វៀតណាម ក្នុងការបំបាត់ អត្តសញ្ញាណខ្មែរក្រោម រួមមាន ការកែប្រែឈ្មោះខេត្ត ពីខ្មែរទៅជាភាសាវៀតណាម បំបាត់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងសិទ្ធិជាជនជាតិដើមកំណើតជាដើម ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ដើម្បីទប់ស្កាត់ មហិច្ឆតារបស់វៀតណាម នេះ សហព័ន្ធនឹងបំផុសស្មារតីស្នេហាជាតិដល់បងប្អូនខ្មែរក្រោម ដែលកំពុងរស់លើទឹកដីកំណើតឲ្យប្រកាន់ភ្ជាប់ និង រក្សាអត្តសញ្ញាណជាខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងជួបជុំគ្នានៅតាមសាខាក្នុងរដ្ឋនីមួយៗ ផ្សេងៗ គ្នា ដើម្បីប្រារព្ធថ្ងៃដ៏សោកសៅ ក្នុងខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងមានវេទិកាជជែកជុំវិញព្រឹត្តិការណ៍បាត់បង់ទឹកដីនេះ នៅតាមបណ្ដាញសង្គមផងដែរ ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ការថែរក្សាអត្តសញ្ញាណខ្មែរក្រោម ឲ្យបានគង់វង្សនៅលើទឹកកំណើតនឹងជំរុញឲ្យការទាមទារសិទ្ធិស្វ័យសម្រេចជោគជ័យទៅថ្ងៃក្រោយ៖ «សារសំខាន់ នៅឆ្នាំនេះគឺថា អំពាវនាវឲ្យខ្មែរក្រោម ហៅខ្លួនឯងជាខ្មែរក្រោម ហើយជំរុញឲ្យរដ្ឋាភិបាលវៀតណាម ហៅខ្មែរក្រោម ថា ខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាផ្ដោតសំខាន់ហ្នឹង គឺឲ្យរដ្ឋាភិបាលវៀតណាម ហ្នឹងគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ហើយហៅពលរដ្ឋខ្មែរក្រោមថា ខ្មែរក្រោម» ។
របាយការណ៍សហព័ន្ធខ្មែរក្រោម ប្រចាំឆ្នាំឲ្យដឹងថា កាលពីឆ្នាំ ២០២០ និងដើមឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម ។ យុវជនខ្មែរក្រោម មួយចំនួន ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផាកពិន័យរាប់រយដុល្លារ និងបានរឹបអូសសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមកំណើតជាដើម ។ ចំណែកកសិករខ្មែរក្រោម ដែលត្រូវអាជ្ញាធររឹបអូសយកដីស្រែកេរដូនតា ក៏ត្រូវតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំទាំងអយុត្តិធម៌ផងដែរ ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា រយៈពេល ៧២ ឆ្នាំនេះ រដ្ឋាភិបាលវៀតណាម បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយគ្មានស្រាកស្រាន្តឡើយ៖ «រដ្ឋាភិបាលវៀតណាម ហ្នឹងគេមិនអនុញ្ញាតឲ្យទេ ដូចជា សាលារៀនរដ្ឋមិនបានបើកជាភាសាខ្មែរឲ្យពលរដ្ឋខ្មែរក្រោម រៀនអក្សរសាស្ត្រខ្មែរក្រោមទេ ហើយការគោរពព្រះពុទ្ធសាសនា នៅមានកម្រិត ដោយសារតែរដ្ឋាភិបាលវៀតណាមហ្នឹង គេរឹតត្បិតសិទ្ធិសេរីគ្រប់បែបយ៉ាង» ។
ទាក់ទងនឹងការប្រារព្ធខួប ៧២ ឆ្នាំ ជាថ្ងៃកាន់ទុក្ខរបស់ពលរដ្ឋខ្មែរក្រោមនេះដែរ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ក៏គ្រោងនឹងជួបជុំគ្នាធ្វើទិវាថ្ងៃកាន់ទុក្ខនេះដែរ ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រាប់អាស៊ីសេរី ថា តាមគម្រោងសហគមន៍គ្រោងជួបជុំគ្នារាប់បាត្រដល់ព្រះសង្ឃ ១៩៤៩ អង្គ នៅចុងខែមិថុនាដោយសារតែ ការរាតត្បាតជំងឺ Covid-19 មិនអាចធ្វើបាននៅថ្ងៃទី ៤ មិថុនា ។ ទោះបីជាយ៉ាងណា សហគមន៍ខ្មែរកម្ពុជាក្រោម គ្រោងនឹងយកជំនួយទៅចែកជូន ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការរាតត្បាតជំងឺ Covid-19 ចាប់ពីថ្ងៃទី ៤ មិថុនា ដល់ចុងខែមិថុនា និងធ្វើយុទ្ធនាការ ផ្សព្វផ្សាយការពិតពីប្រវត្តិនៃការបាត់បង់ទឹកដី និងបង្ហាញថា ខ្មែរក្រោមជាជនដើមកំណើតមិនមែនជាជនជាតិភាគតិចជាដើម ។ លោក ថាច់ សេដ្ឋា ឲ្យដឹងថា ខ្មែរក្រោមបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម មិនចេះចប់ មិនចេះហើយក្នុងរយៈ ៧២ ឆ្នាំ ដែលវៀតណាមធ្វើអាណានិគមលើទឹកដីកម្ពុជាក្រោម៖ «បាទអត់មានអ្វីស្រាកស្រាន្តទេ ការគាបសង្កត់ជារឿងនយោបាយរបស់យួន ។ ពីសម័យមួយទៅសម័យមួយគេមិនដែលផ្លាស់ប្ដូរនយោបាយគាបសង្កត់សិទ្ធិសេរីភាព គេខ្លាចថា យើងប្រើប្រាស់សិទ្ធិសេរីភាពហ្នឹងក្នុងការតវ៉ាទាមទារផ្សេងៗ ។ ការសិក្សាដូចគ្នាដែរ គេមិនឲ្យយើងរៀនសូត្រទូលំទូលាយទេ ។ ខ្លាចយើងស្វែងយល់ពីប្រវត្តិសាស្ត្រនឹងទឹកដី ។ គេចង់ឲ្យយើងរស់នៅតាមបែបសត្វតិរច្ឆាន» ។
យុវជនខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត ក៏គ្រោងនឹងជួបជុំគ្នាប្រារព្ធថ្ងៃបាត់បង់ទឹកដីនេះដែរ ។ យុវជនខ្មែរក្រោម យុវជន តោ ហ្វាងចឿង ប្រាប់អាស៊ីសេរីថា យុវជនគ្រោងនឹងជួបជុំគ្នា ដើម្បីរំលឹកថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម ប៉ុន្តែអាជ្ញាធរវៀតណាម បានចាប់ផ្ដើមបិទខ្ទប់តំបន់ ដែលលោករស់នៅដោយសារតែជំងឺ Covid-19 ។ លោកថា យុវជនខ្មែរក្រោមនឹងពិភាក្សាគ្នាម្ដងទៀត អំពីការប្រារព្ធទិវានេះ៖ «នៅកម្ពុជាក្រោម យុវជននិមន្តលោកមកសូត្រជូនដល់បុព្វបុរស ដែលលោកហ៊ានបូជាជីវិត ដើម្បីជាតិសាសនា» ។
យុវជន តោ ហ្វាងចឿង កាលពីឆ្នាំ ២០២០ ត្រូវអាជ្ញាធរវៀតណាម ផាកពិន័យជាច្រើនរយដុល្លារ ដោយសារតែពាក់អាវមានអក្សរថា ខួបបាត់បង់ទឹកដីខ្មែរក្រោម និងមានស្លាកសញ្ញាសហព័ន្ធខ្មែរក្រោម ។ កាលពីពាក់កណ្ដាលខែឧសភានេះ អាជ្ញាធរបានផ្ញើលិខិតទារលុយយុវជន តោ ហ្វាងចឿង ប៉ុន្តែ លោកបដិសេធមិនសងដោយសារតែអះអាងថា លោកគ្មានកំហុស ។ អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ចាប់តាំងពីពេលនោះមក វៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម ។ បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើចលនានៅជុំវិញពិភពលោក ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួននៅថ្ងៃអនាគត ៕