ពលរដ្ឋ​ខ្មែរ​ក្រោម​ រស់​នៅ​លើ​ទឹក​ដី​កំណើត​បង្ហោយ​រក​ជំនួយ​ ខណៈ​ជំងឺ​កូវីដ​រាតត្បាត​ខ្លាំង

0 367

ដោយ យន់ សាមៀន | RFA Khmer

ពលរដ្ឋ​ខ្មែរ​ក្រោម ​រស់នៅ​ស្ទើរ​ទូទាំង ២១ ខេត្ត​នៅ​លើ​ទឹក​ដី​កំណើត កំពុង​ដង្ហោយ​ហៅ​ឲ្យ​សប្បុរសជន​ផ្តល់​ជំនួយ ក្នុង​រយៈ​ពេល​នៃ​ការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​អាជ្ញាធរ​វៀតណាម ​ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩ ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ អះអាង​ថា ស្រប​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​វិធានការ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ មន្ត្រី​វៀតណាម​ខ្លះ​បាន​ឆ្លៀត​ពេល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​កេងប្រវ័ញ្ច​ខ្មែរ​ក្រោម​បន្ថែម​ទៀត ។

ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

ខ្មែរ​ក្រោម ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​បង្ខំ​ឲ្យ​ធ្វើ​ចត្តាឡីស័ក កំពុង​ខ្វះ​ស្បៀង​អាហារ ​បរិភោគ និង​ថវិកា​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។ ពួក​គេ​ខ្លះ​ថា អាជ្ញាធរ​វៀតណាម ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ទិញ​សម្ភារៈ​ចាំបាច់ ដែល​មាន​តម្លៃ​ថ្លៃ​ជាង ៣ ដង​នៃ​តម្លៃ​ធម្មតា ក្នុង​ពេល​នៃ​ការ​បិទ​ខ្ទប់ ។

យុវជន​ខ្មែរ​ក្រោម លោក តោ ហ្វាងចឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង ​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ២៨ សីហា​ថា លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ឲ្យ​ធ្វើ​ចត្តាឡីស័ក កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ ដោយសារ​តែ​លោក​មិន​អាច​ទៅ​ប្រកប​មុខរបរ​លក់​ដូរ​បន្តិចបន្តួច និង​ត្រូវ​អាជ្ញាធរ​មិន​ឲ្យ​ចេញ​ទៅ​ប្រមូល​ផល​ស្រូវ​ទុំ ដែល​នឹង​បណ្ដាល​ឲ្យ​ខូចខាត​ទាំង​ស្រុង ។ លោក តោង ហ្វាងចឿង ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​វៀតណាម ​បាន​ផ្តល់​ម្ហូប​អាហារ និង​អង្ករ​ខ្លះ​ដែរ ប៉ុន្តែ​ មិន​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​របស់​លោក​ឡើយ ក្នុង​ពេល​ដែល​ខេត្ត​លោក​របស់​នៅ កំពុង​មាន​ការ​រាតត្បាត​ខ្លាំង ។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​វៀតណាម ជួយ​ពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការ​រើសអើង៖ «ឲ្យ​រដ្ឋាភិបាល​ជួយគិត​គូរ​សេដ្ឋកិច្ច​ខ្មែរ​ក្រោម ចំពោះ​អ្នក​ធ្វើ​ចត្តាឡីស័ក ព្រោះ​ធ្វើ​ទៅ​ត្រូវ​ចោល​ផ្ទះ​សម្បែង​រយៈ​ពេល ២០ថ្ងៃ។ ចោល​ជ្រូក ចោល​ស្រូវ ជាពិសេស ស្រូវ​ដល់​ច្រូត​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​គេ​មិន​អើពើ​យើង ខាត​ផល​ប្រយោជន៍​យើង»

ស្រដៀង​គ្នា​នេះ យុវជន​ខ្មែរ​ក្រោម លោក ថាច់ កឿង បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ទីក្រុង ព្រៃនគរ​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ​បាន​បាត់បង់​ការងារ​ធ្វើ​ចាប់​តាំង​ពី​ខែឧសភា​មក​ម្ល៉េះ ហើយ​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​បាន​ទៀត ។ យុវជន​រូប​នេះ​បន្ត​ថា កន្លែង​លោក​ស្នាក់​នៅ​មិន​មាន​សប្បុរសជន​ផ្តល់​ជំនួយ​ដល់​ទីកន្លែង​ទេ គឺ​មាន​តែ​សប្បុរស​ជន​ខ្លះ​ផ្ញើ​លុយ​តាម​ធនាគារ​ឲ្យ​សម្រាប់​ទិញ​អង្ករ​ចែក​គ្ នា។ បច្ចុប្បន្ន អាជ្ញាធរ​វៀតណាម បាន​លក់​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ឲ្យ​ខ្មែរ​ក្រោម​ដែរ​ ប៉ុន្ តែ​ទំនិញ​ទាំង​នោះ​ថ្លៃ​ជាង​ទី​ផ្សារ៖ «បាទ​ហ្នឹង​ហើយ ​វា​លក់​ថ្លៃ​បី​បួន​ដង។ បើ​យើង​ទិញ​យើង​ទូរស័ព្ទ​ទៅ​ឲ្យ​គេ គេ​នឹង​យក​មក​ដាក់​នៅ​មាត់​ទ្វារ​យើង ហើយ​លុយ​ហ្នឹង​យើង​វេរ​ទៅ​ឲ្យ​គេ»

បញ្ហា​ជីវភាព និង​ម្ហូបអាហារ​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​នេះ ស្រប​ពេល​ប្រទេស​វៀតណាម ​កំពុង​រង​គ្រោះ​ខ្លាំង​ដោយសារ​តែ​ជំងឺ Covid-19 ។ ​នៅ​វៀតណាម​យ៉ាង​ហោច​ណាស់​ក៏​មាន​ជាង ៤ សែនករណី ​និង​អ្នក​ស្លាប់​មាន​ជាងមួយ​ម៉ឺន​នាក់ ។ ដោយ​ឡែក​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់​បាន​ឆ្លង​ជំងឺ Covid-19 ហើយ​ខ្មែរ​ក្រោម ២០ នាក់​ស្លាប់ និង​ព្រះ​សង្ឃ​មួយ​អង្គ​បាន​សុគត ។ ខ្មែរ​ក្រោម​ស្លាប់​ច្រើន​ជាង​គេ គឺ​នៅ​ទីក្រុង​ព្រៃនគរ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​វៀតណាម​មិន​សូវ​យក​ចិត្ត​ទុក្ខ​ដាក់​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ប្រឈម​នឹង​ជំងឺ Covid-19 នោះ​ទេ ហើយ​ថែម​ទាំង​ឆ្លៀត​កេង​ចំណេញ​ពី​ខ្មែរ​ក្រោម​ទៀត ។ ព្រះអង្គ​បន្ត​ថា ស្ថានភាព​ខ្មែរ​ក្រោម​រង​គ្រោះ​ដោយសារ​តែ​ជំងឺ Covid-19 បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង៖ «អាត្មាភាព​សំណូមពរ​វៀតណាម​ត្រូវ​តែ​យក​ចិត្ត​ទុក្ខ​ដាក់​យក​ការ​ខុស​ត្រូវ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​មាន​ជំងឺ covid-19 ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​ក្ដី គឺ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​មិន​ត្រូវ​រើសអើង​ពូជសាសន៍​ខ្មែរ​ក្រោម​ទេ បាទ»

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏​ស្នើ​ឲ្យ​សប្បុរសជន​ទាំង​ឡាយ​ជួយដល់​ពលរដ្ឋខ្មែរ​​ក្រោម ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​ កំពុង​រាំង​ខ្ទប់​ទី​កន្លែង ដែល​ពួក​គេ​កំពុង​រស់នៅ៖ «បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក​ហ្នឹង គឺ​ត្រូវ​ជួយ​ជា​អាហារ​ស្បៀង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​តែ​ជួប​ការ​លំបាក​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ព្រោះ​ការ​រាតត្បាត​ជំងឺ​កូវី១៩ មាន​ការ​តឹងតែង​យ៉ាង​ខ្លាំង»

បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​ រាប់​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ខេត្ត ២១ ក្រោមការ​គ្រប់គ្រង​របស់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម ក្រោយ​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ ទាំង​ខុស​ច្បាប់ ទៅ​ឲ្យ​វៀតណាម​កាល​ពី ៧២ ឆ្នាំ​មុន ៕

Leave A Reply

Your email address will not be published.