អាជ្ញាធរថា ខ្មែរក្រោមនៅតែពិបាកទទួលបានឯកសារបញ្ជាក់ចុះឈ្មោះបោះឆ្នោត
សង្គមស៊ីវិល និងអាជ្ញាធរនៅមូលដ្ឋាន រកឃើញថា ជនជាតិដើមខ្មែរមកពីទឹកដីក្រោម ឬបច្ចុប្បន្នជាទឹកដីរបស់វៀតណាម ដែលមករស់នៅកម្ពុជា នៅតែពិបាកក្នុងការទទួលបានឯកសារ អត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ។
ទោះជាខ្មែរក្រោមខ្លះ អះអាងថា ពួកគាត់ នឹងមិនទៅបោះឆ្នោតនោះទេ បើបក្សប្រឆាំងត្រូវរដ្ឋាភិបាលរំលាយ និងយកសំឡេងរបស់ពួកគេទៅចែកគ្នា ប៉ុន្តែ ពួកគាត់នៅតែព្យាយាមឲ្យអស់លទ្ធភាព ក្នុងការទៅចុះឈ្មោះបោះឆ្នោត ។
យុវជនម្នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីកិច្ចសន្ទនារវាងយុវជនអន្ដរជនជាតិ ជាមួយចៅសង្កាត់អាណត្តិទី ៤ ស្ដីពីវប្បធម៌សន្តិភាពក្នុងសហគមន៍ចម្រុះជនជាតិ លើកឡើងពីផលលំបាកទាំងការរស់នៅ និងការបញ្ជាក់ឯកសារពីអាជ្ញាធរ នៅតែមានភាពរើសអើងសម្រាប់ជនជាតិដើមខ្មែរក្រោម ។
ប្រធានលេខាធិការដ្ឋាន និងជានាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ទទួលស្គាល់ថា ស្ថានភាពរបស់ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាពិតជា ពិបាកក្នុងការបញ្ជាក់ឯកសារ ដើម្បីចុះឈ្មោះបោះឆ្នោតមែន ។

ក្រៅពីការពិបាកទទួលបានឯកសារបញ្ជាក់ពីអាជ្ញាធរ ជនជាតិដើមខ្មែរក្រោមក៏មានក្ដីបារម្ភអំពីស្ថានការណ៍នយោបាយ តានតឹងនៅពេលបច្ចុប្បន្ននេះដែរ ។ ចំពោះក្ដីបារម្ភរបស់ខ្មែរក្រោមនេះ លោក សឺន ជុំជួន ឲ្យដឹងថា ជនជាតិដើមខ្មែរក្រោម បច្ចុប្បន្នប្រហែលគ្មានលទ្ធភាពក្នុងការសម្ដែងការមិនពេញចិត្ត ជាបាតុកម្ម ឬការដង្ហែក្បួន ចំពោះទង្វើរបស់រដ្ឋាភិបាល ដែលមានគម្រោងរំលោភឆន្ទៈរបស់ជនជាតិដើមខ្មែរក្រោមនោះទេ ។ ប៉ុន្តែ ការចូលរួមរបស់ជាតិដើមខ្មែរក្រោម នៅក្នុងបាតុកម្មជាមួយខ្មែរនៅបរទេស នៅតែមានជាធម្មតា ។
ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត មានរយៈពេល ៧០ថ្ងៃ ដោយគិតពីថ្ងៃទី ១ ខែកញ្ញា ។ ការចុះឈ្មោះបោះឆ្នោតបាន ត្រូវឲ្យពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ ហើយដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាមីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ ជាមួយគ្នា ចំនួន២នាក់ និងរូបថតទំហំ ៣ គុណ ៤ ចំនួន ២ សន្លឹក។
Save Money Using Kroger Weekly Ads
ចៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី ច័ន្ទ សំណាង ឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន ក៏មានការពិបាកក្នុងការផ្ដល់ឯកសារឲ្យជនជាតិដើមខ្មែរក្រោមដែរ ដោយសារមានលក្ខខណ្ឌមួយចំនួន ដែលក្រសួងមហាផ្ទៃតម្រូវ ។
ចំណែកចៅសង្កាត់រងទី ១ នៃសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក ហួត ហៀង ថា ជនជាតិដើមខ្មែរក្រោម គឺជាខ្មែរពីកំណើត ហើយការដែរពិបាកទទួលបានឯកសារ ដោយសារ កំហុសបច្ចេកទេស មិនមែនកត្តាច្បាប់នោះទេ ។ អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យគ.ជ.ប បានទេ នៅថ្ងៃទី ២៣ តុលា ។
នាយកប្រតិបត្តិ នៃអង្គការខេមរអភិវឌ្ឍន៍សហគមន៍ អ្នកស្រី ចាន់ សុខា ថ្លែងថា អង្គការអ្នកស្រី នឹងព្យាយាមជំរុញអង្គការ និងរដ្ឋាភិបាលអនុវត្តន៍ច្បាប់ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានស្នើភាពគ្នា ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ថា ក្រៅពីការមិនទទួលបានឯកសារបញ្ជាក់ដើម្បីទៅចុះឈ្មោះបោះឆ្នោត ជនជាតិដើមខ្មែរក្រោមក៏បារម្ភអំពីការចាប់ខ្លួនទាំងបង្ខំបញ្ជូនទៅទឹកដីកំណើតវិញ ៕ RFA