ខ្យងសោក

0 79

​ដោយ ថាច់ សាវ៉ា​ន់ | ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១២

Khyorn Sokស្រុក​ខ្មែរ​យើង ឋិត​នៅក្នុង​តំបន់​មួយ ដែលមាន​ភ្លៀង និង​ក្តៅ​ច្រើន និង​មាន​វាលរាប​ដ៏​ធំ​ទូលាយ តាម​ដង​ទន្លេ និង​ឆ្នេរសមុទ្រ ជា​អំណោយផល​ល្អ​សម្រាប់​មុខរបរ កសិកម្ម ហេតុ​នោះ​ហើយ បានជា​គេ​ឃើញ​មាន​ជន​រួម ជាតិខ្មែរ​ភាគច្រើន បាន​យក​ការធ្វើ​ស្រែចំការ​ច្បារ​ដំណាំ ជា​មុខរបរ​ចិញ្ចឹមជីវិត​។ ជីវភាព​របស់​កសិក​រ​ខ្មែរ បាន​ផ្សារ ភ្ជាប់​ទៅនឹង​វាលស្រែ ទន្លេ​សមុទ្រ បឹងបួរ ជ្រោះ​ជ្រលង ព្រែក​ខ្វែក ស្ទឹង អូរ​។​ល​។ ដូច្នេះ បើ​និយាយ​អំពី​រឿង​ក្ដាម​ខ្យង​នោះ ហាក់ដូចជា ពុំមាន​អ្វី​ប្ល៉ែ​ក​ប៉ុន្មាន​ទេ ព្រោះ​ពួកគាត់​បានឃើញ​ក្តាម​ខ្យង​ជា​រៀងរាល់ថ្ងៃ តែ​ក្នុងចំណោម​ក្ដាម​ខ្យង​ទាំងនោះ មាន​ខ្យង​មួយ​ប្រភេទ មើលទៅ​ឃើញ ដូចជា​ក្ដាម​បន្តិច ជា​ខ្យង​បន្តិច រក​ថា ឱ្យ​ត្រូវជា​ក្តាម ឬ​ខ្យង​នោះ មិន​ងាយ​ឡើយ ព្រោះ​ពួក​សត្វ​ប្រភេទ​នេះ មាន​រូបរាង​ជា​ក្តាម​ផង ជា​ខ្យង​ផង​។ បូ​រា​ណា​ចា​រ្យ​លោក​ហៅ​សត្វ​ប្រភេទ​នេះ ថា​‹​ខ្យង​ខ្មោច​ឬ​ខ្យងសោក​›​។ ខ្លះ​ហៅថា​សត្វ​ផ្ញើប្រាណ​។​
ហេតុផល​យ៉ាណា បានជា​លោក​ហៅ​ដូច្នេះ​នោះ ពុំមាន​អ្វី​បញ្ជាក់​ឡើយ តែ​តាម​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ​ខ្មែរ ក្រោម​ម្នាក់ ថា​ខ្យង​ដែល​យើង​មើលទៅ​ឃើញ​នោះ​គ្រាន់តែ​ជា​សម្បក​ប៉ុណ្ណោះ ព្រោះ​វា​ត្រូវ​សត្វ​ពីងពាង​ពឹ​ស ចូលទៅ​ស៊ី​គ្រឿងក្នុង​អស់​ទៅហើយ រួចហើយ​សត្វ​ពីងពាង​ពឹ​ស​នេះ ក៏​សម្ងំ​នៅក្នុង​សម្បកខ្យង​នោះ​តែម្តងទៅ​។ ឯ​ព្រលឹង​សត្វ​ខ្យង​ក៏​សោក​សង្រេងសង្រៃ ព្រោះ​នឹក​ស្ដាយ​រាងកាយ​របស់ខ្លួន ដែល​ត្រូវ​សត្វ​ពីងពាង​ពឹ​ស ដណ្ដើម យកបាន​។ ឯ​អ្នកខ្លះ​គេ​បាន​ហៅ​សត្វ​នេះ​ថា​ខ្យង​ខ្មោច​ទៅវិញ​នោះ ក៏​មានន័យ​ស្រដៀង​គ្នា​ដែរ គឺថា​សត្វ​ខ្យង ដែល​យើង​មើលឃើញ​នោះ វា​ខូច​បាត់ទៅហើយ នៅសល់តែ​សម្បកខ្យង​ប៉ុណ្ណោះ​។ ន័យ​នេះ​សម​ហេតុផល ម្យ៉ាងដែរ ព្រោះ​បើតាម​ការពន្យល់​ន័យ​នៃ​ពាក្យ​ថា​‹​ខ្មោច​›​នេះ ក្នុង​សៀវភៅ​សាកល​ចិន្ដា ព្រះ​ភិក្ខុ​ធម្មបាល ខៀវ​ជុំ បាន​ពន្យល់ថា​៖ ពាក្យ​ខ្មោច​នេះ ក្លាយ​ពី​ពាក្យ​ដើម​ថា​ខូច ជា​កិរិយាស័ព្ទ​ក្នុង​សេចក្ដី​ថា​ដល់​នូវ​ភាព​វិនាស ពុកផុយ​ប្រើការ​លែងកើត គឺមាន​ន័យ​ផ្ទុយ​ពី​ការ​នៅ​ជា​ល្អ បើ​ចំពោះ​មនុស្ស​យើង លោក​សំដៅយក​ការស្លាប់ ដូចជា​ខ្មែរ​យើង កាលបើ​មាន បុគ្គល​ណា​ម្នាក់​ស្លាប់ ច្រើន​និយាយថា​ខូច​ជំនួស​ស្លាប់​ទៅវិញ ដូចជា​និយាយថា លោកតា ក គាត់​ខូច​ពី​ម្សិល ឬថា​មីង​សែម ទើបតែ​ខូច​ពី​ព្រឹក​មិញ ជាដើម ។ រួច​ពាក្យ​ថា​ខូច​នេះ ក៏បាន​ក្លាយ​បន្តិច​ម្ដងៗ​ទៅជា​ខ្មូ​ច រួច​នៅ​ទីបំផុត ក៏​ទៅជា​ខ្មោច​ទៅ​។ តាមន័យ​នេះ ខ្យង​ខ្មោច​គឺ​ពួក​ខ្យង​ដែល​ខូច ស្អុយរលួយ​អស់​ទៅហើយ​នៅសល់តែ​សម្បក​ទទេ រាយមាយ​ពាសពេញ​តាម​ឆ្នេរសមុទ្រ ពួក​ក្ដាម​ឬ​បង្កង​ក៏ បាន​ចូលទៅ នៅ​អាស្រ័យ​ក្នុង​សម្បកខ្យង​នោះ​ទៅ ម្លោះ​ហើយ​បានជា​លោក​ហៅ​ពួក​សត្វ​ប្រភេទ​នេះ​ថា ខ្យង​ខូច​ឬ​ខ្យង​ខ្មោច​ដូច្នេះ​ឯង​។​

​កន្លង​ពី​ពេលនេះ​ទៅ​មិនយូរប៉ុន្មាន លោក​សឺ​ន សម្រេច នាយក​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សន្ទនា ជាមួយ​ជនរួមជាតិ​ខ្មែរក្រោម​មួយរូប ដែល​បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​ញាតិ​មិត្រ​របស់លោក នៅឯ​កម្ពុជា ក្រោម បាន​នាំមក​នូវ​មន្ទិលសង្ស័យ​យ៉ាងច្រើន​ដល់​ជនរួមជាតិ​ខ្មែរក្រោម ចំពោះ​កាយវិការ​ដ៏​ប្លែក​របស់​រដ្ឋ អំណាច យួន​មកលើ​ខ្មែរក្រោម នាបច្ចុប្បន្ន​កាល​នេះ​។ ក្នុងការ​សន្ទនា​នោះ យើងខ្ញុំ​បានដឹង​សុខទុក្ខ​មួយចំនួន របស់​ជន រួម​ជាតិ​ខ្មែរក្រោម ដែល​កំពុងតែ​រស់​នៅឯ​មាតុភូមិ​ដ៏​សែន​កំ​សក់​របស់​យើង​។​

​ចំណុច​សំខាន់​ក្នុងការ​សន្ទនា​នោះ​មាន​បី​គឺៈ ទី​១)​យួន​បានផ្ដល់​ប្រាក់ខែ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម ដែលមាន​ឋានៈ ខ្ពង់ខ្ពស់ ដូច​ជាមាន​តំណែង​ជា​ចៅអធិការ ឬ​អាចារ្យ​បង្រៀន​ជាដើម ដែល​ចំពោះ​ជនរួមជាតិ​ខ្មែរក្រោម សង្គម ខ្មែរក្រោម យើង​គិតថា​ជា​អ្នកចេះដឹង​គ្រាន់បើ​ហើយ ព្រោះ​នៅឯ​មាតុភូមិ​កម្ពុជា​ក្រោម យើង​មិនសូវមាន​អ្នក ដែល​ចេះដឹង​ជ្រៅជ្រះ​ប៉ុន្មាន​ឡើយ ដោយ​ខ្មែរ​យើង​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​រៀនសូត្រ មានការ​ខ្វះ សាលារៀន​ភាសា​ខ្មែរ​ជាដើម​នោះ​។ ទី​២)​រដ្ឋអំណាច​យួន បាន​ប្រើ​វិធី​’’​សេះ​បាត់​យក​សេះ​តាម​’’ ឬ ’’​បន្លា​មុត យក​បន្លា​ជោះ​’’ គឺ​ពួកគេ​កំពុងតែ​ប្រើ​យុវជន​ខ្មែរក្រោម ដែល​នៅ​ស្ទាវ ឈាមរាវ ឱ្យធ្វើជា​ឧបករណ៍ គឺ​ឱ្យធ្វើជា ចារបុរស ឬ​ឱ្យធ្វើជា​ឈ្លប ចាំ​ឆ្មក់​យក​ការ​ពី​ជនរួមជាតិ​ខ្មែរក្រោម​ស្លូតត្រង់ ដែលជា​ក្រុមគ្រួសារ ញាតិសន្ដាន របស់ខ្លួន ខ្លាចក្រែង​មាន​ខ្មែរក្រោម​រូប​ណាមួយ ប្រ​ពឹ​ត្តិ​អំពើ​ដែល​មិនជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល​យួន​ខ្លួនឯង ដូចគ្នា​នឹង​ពួក​ខ្មែរក្រហម ដែល​ប្រើ​កុមារ​ខ្មែរ យុវជន​ខ្មែរ ឱ្យ​តាមដាន​ឃ្លាំមើល​ឪពុកម្ដាយ បងប្អូន​ញាតិ​សាច់ សាលោហិត​របស់ខ្លួន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះឯង​។ ទី​៣)​យួន​បានចេញ​ប័ណ្ណ​ពិនិត្យ​សុខភាព ពិសេស​មួយ ឱ្យដល់​ជនរួមជាតិ​ខ្មែរក្រោម​។ អ្នក​ដែល​កាន់​ប័ណ្ណ​នេះ មាន​អាទិភាព​អាច​ទទួលបាន​សេវា​ថែទាំ សុខភាព ពី​មន្ទីរ​ពិនិត្យ​ព្យាបាល​សុខភាព​នានា នៅក្នុង​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​យៀ​ត​ណា​ម ដោយ​មិនចាំបាច់​ត្រូវ​បង់ប្រាក់​សោហ៊ុយ​អ្វី​ឡើយ ហើយ​រដ្ឋាភិបាល​គេ​ចេញ​ប័ណ្ណ​នេះ ឱ្យតែ​ចំពោះ​ខ្មែរក្រោម ប៉ុណ្ណោះ បើ​មាន​ជន​ណាមួយ​ក្លែងបន្លំ ឬ​លួច​ប្រើប្រាស់​ប័ណ្ណ​នេះ ជន​នោះ​ត្រូវ​ទទួលទោស​តាមច្បាប់​។ កាយវិការ​ដ៏​ប្លែក​នេះហើយ ដែលនាំឱ្យ​ជនរួមជាតិ​ខ្មែរក្រោម​លោក​សង្ស័យ ព្រោះ​តាំងតែ​ពី​ពេលដែល​យួន ទន្ទ្រាន​ដែន​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​មក យួន​ពុំ​ដែលមាន​កាយវិការ​ដែល​អាច​ចាត់ទុកថា មាន​សប្បុរសធម៌ មកលើ​ខ្មែរក្រោម​ម្ដងណា​ឡើយ​។ ឥឡូវនេះ​ស្រាប់តែ​យួន​មកជួយ​ពិនិត្យ​ថែ​ជម្ងឺ​ឱ្យ​ខ្មែរ ដោយ​ឥត​យក​ប្រាក់កាស នេះ គឺ​ពិតជា​កាយវិការ​មួយ​ដ៏​ប្លែក​មែន​។ តើ​រឿងរ៉ាវ​ទាំងអស់នេះ វា​ដូច​សត្វ​ពីងពាង​ពិស ដែល​ស៊ី​ខ្យង​ឱ្យ នៅសល់តែ​សម្បក រួចហើយ​ចូលទៅ​នៅក្នុង​សម្បកខ្យង​ទៀត​នោះ​ឫ​ទេ​?

​បើ​គិត​ចាប់ផ្ដើម​ពី​ពេលដែល​ស្ដេច​យួន​ឈ្មោះ យ៉ា ឡុង ចាប់​ដាក់​អាណានិគម​មកលើ​ខ្មែរក្រោម​មក មាន​រយៈ ពេល ជាង​បី​រយ​ឆ្នាំ​រួចមកហើយ​។ តែបើ​គិត​ត្រឹមតែ​ពី​ពេលដែល​សេ្ត​ច មិញ ម៉ាំង ត្រួតត្រា​វិញ​គឺ​អស់​ពេល ជាង​ពីរ​រយ​ឆ្នាំ (​មិញ ម៉ាំង ជា​កូន​របស់​ស្ដេច​យ៉ា​ឡុង​) ខ្មែរ​កម្ពុជា​ក្រោម រហូតមកដល់​សព្វថ្ងៃ​នេះ នៅតែ​រស់ នៅក្នុង​លក្ខណៈ ជា​កូន​ខ្មែរ​នៅឡើយ ទោះបី​ខ្មែរក្រោម​ត្រូវ​ប្រឈម នឹង​អំពើ​ប្រល័យពូជសាសន៍ ដ៏​សាហាវ ឃោរឃៅ​របស់​យួន យ៉ាងណាក៏ដោយ​។ ទាំងនេះ​ក៏ត្រូវ​ទទួលស្គាល់ថា ដោយមាន​ការចូលរួម​ចំណែក យ៉ាងសំខាន់ អំពី​សំណាក់ ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ​និកាយ​ថេរវាទ​ដែរ ព្រោះ​ថាបើ​យើង​សង្កេតមើល ទៅ​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ ទាំងអស់ នៅក្នុង​ដែនដី​កម្ពុជា​ក្រោម​នោះ យើង​អាច​កំណត់សម្គាល់​បាន​ថា វត្ត​ទាំងនេះ​មាន​លក្ខណៈ​ខុសគ្នា ពី​វត្ត​ព្រះពុទ្ធសាសនា​មហាយាន ដែលមាន​ពុទ្ធសាសនិកជន​យួន​ជា​អ្នក​និយម គោរព​ប្រតិបត្តិ គឺ​ខុសគ្នា​តាំងតែ ពី​ក្បូរ​ក្បាច់រចនា រហូតដល់​ការគោរព​ប្រតិបត្តិ​។ ការខុស​គ្នា​នេះហើយ ដែល​ជួយ​ឱ្យ​ខ្មែរ​យើង​អាច​រស់នៅក្នុង​ភាព ជា​ខ្មែរ​បាន ព្រោះ​ពេលខ្លះ​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម បាន​ដើរតួ​ក្នុង​នាទី​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ព្រះ​ស​ង្ឈ​មិន​គ្រាន់តែ​ប្រតិបត្តិ​ធម៌អាថ៌​រក្សា​វិន័យ តាម​ពុទ្ធោវាទ​ប៉ុណ្ណោះ​ទេ គឺ​ព្រះអង្គ​បាន​ក្លាយជា​អ្នក បណ្ដុះបណ្ដាល បង្ហាត់បង្រៀន​វិជ្ជាជីវៈ​។ មាន​អ្នកបួស​មួយ ចំនួន ក្រោយពី​អស់បុណ្យ លាចាក​សិក្ខាបទ​មក ជា​គ្រហស្ថ បានក្លាយ​ទៅជា​ជាងឈើ ជាងកំបោរ ជាដើម​។ ផ្នែក​ទម្លាប់​ទំនៀម​វប្បធម៌​ប្រពៃណី ព្រះសង្ឃ​ខ្មែរ ក្រោម​បាន​រៀនសូត្រ និង​បង្ហាត់បង្រៀន​កូន​ខ្មែរ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ឱ្យ​ចេះ​អាន ចេះ​សរសេរ​អក្សរ​ខ្មែរ និង​និយាយ​ភាសា​ខ្មែរ ដែលជា​មូលដ្ឋាន​ទ្រទ្រង់​នូវ ខឿនវប្បធម៌​ជាតិ ឱ្យ​គង់វង្ស​អស់កាល​ជានិច្ច មកដល់​សព្វថ្ងៃនេះ​។ សកម្មភាព​រក្សា​អត្តសញ្ញាណ​ជាតិ​របស់ ព្រះសង្ឃ នៅតាម​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​របស់​ពុទ្ធបរិស័ទ​ខ្មែរ​គ្រប់ ជំនាន់ នៅ​កម្ពុជា​ក្រោម​យ៉ាង​នេះហើយ ដែល​បណ្ដាលឱ្យ​ពួក​សក្តិភូមិ​អាណាន​និគម​និយម​យួន​គ្រប់​ជំនាន់ តែង​ប្រើ​គ្រប់​កលល្បិច ដើម្បី​កំទេច​វត្ត ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដោយ​ពួកគេ​មើលឃើញថា វត្ត​ព្រះពុទ្ធ​សា​នា​ថេរវាទ​ខ្មែរ​ទាំងនេះហើយ ជា​ឧបសគ្គ​ដល់​គោលនយោបាយ​បំបាត់​ពូជសាសន៍​ខ្មែរ នៅ​កម្ពុជា​ក្រោម ដែល​អ្នកដឹកនាំ​យួន​គ្រប់​ជំនាន់ តែងតែ​រក​មធ្យោបាយ​កំចាត់​ចោល ដូច​ករណី​យ៍​ស្ដេច​យួន​ឈ្មោះ​ធី​វ​ទ្រី ក្នុង​រវាង​ដើម​សតវត្សរ៍​ទី ១៩ បាន​ប្រព្រឹត្ត មកលើ​ខ្មែរក្រោម គឺ​ស្ដេច​អង្គ​នេះ​បាន​បញ្ជារ​ឱ្យ​ព្រះសង្ឃ​ខ្មែរក្រោម ស្លៀកពាក់​ខោអាវ ជំនួស​ការ​ក្រាល​គ្រងចីវរ សូត្រធម៌​បណ្ដើរ​វាយ​ត្រដោក​ក្បាល​ត្រី​បណ្ដើរ ដូចជា​ព្រះសង្ឃ​យួន​ប្រព្រឹត្ត​ប្រតិបត្តិ​សព្វថ្ងៃ នេះ​។ ដោយ​មើលឃើញ​ភាព​មហន្តរាយ​អាច​កើតមាន​ដល់​ប្រជាជាតិ​ខ្មែរ ប្រសិនជា​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ ធ្វើតាម​បញ្ជារ​របស់​យួន​បែបនេះ ទើប​លោក​ឧកញ៉ា សឺ​ន គុយ បាន​សុខចិត្ត​បូជាជីវិត​ជា​ថ្នូរ នឹង​ការឱ្យ​យួន​សន្យា យល់ព្រម​ឱ្យ​ខ្មែរ​គោរព​ប្រតិបត្តិ​ពុទ្ធសាសនា​បែប​ថេរវាទ ដែល​ខុសគ្នា​នឹង​ព្រះសង្ឃ​យួន ជា​អ្នកប្រតិបត្តិ​តាមបែប អាចា​រិ​យ​វាទ​។​

tbimauritius.com/services

​ដោយ​ពុំ​អាច​យកជ័យ​ជំនះ​លើ​ខ្មែរក្រោម ក្នុងការ​រំលាយ​វត្ត​អារាម​ខ្មែរ​បាន បច្ចុប្បន្ននេះ​អ្នកដឹកនាំ​យួន​បាន​ប្ដូរ យុទ្ធសាស្ដ្រ​ពី​រឹង​មក​ទន់ ក្នុងទិសដៅ​ព្រួញ​មួយ​បាញ់​បាន​ចាបពីរ ឬ​បន្លា​មុត​យក​បន្លា​ជោះ ពោលគឺ​ពួកគេ​ទុក​វត្ត អារាម​ខ្មែរ​ឱ្យនៅ​តាម​សភាព​ដើម ក្នុង​បំណង​ថ្ពិន​ភ្នែក​ជាតិ​និង​អន្ដរជាតិ តែ​គេ​បាន​បញ្ចូល​មនុស្ស របស់គេ​ឱ្យ បួស​បន្លំ តែងតាំង​ឱ្យមាន​តំណែង​ជាស​ង្ឃា​ភិ​បាល ឬ​មន្ត្រី​សង្ឃ​ថ្នាក់ខ្ពស់ ប្រយោជន៍​ដឹកនាំ​ព្រះសង្ឃ ពុទ្ធសាសនិក​ខ្មែរ ឱ្យ​ប្រព្រឹត្ត​តាម​គោលនយោបាយ​បំភ្លៃ​ពូជសាសន៍ ដែលជា​ជំហាន​ដំបូង ហើយ​ជា​បន្តបន្ទាប់ ឈានដល់​ការបំបាត់ ពូជសាសន៍​ខ្មែរ​ទាំងស្រុង ដូចជា​ពីងពាង​ពឹ​ស ដែល​តែងតែ​ស្វែង​រកស៊ី​ខ្យង​រួចហើយ ក៏​សម្ងំ​នៅក្នុង​សម្បកខ្យង បង្កើតបានជា​សត្វ​ខ្យងសោក ឬ​ខ្យង​ខ្មោច ឬ​សត្វ​ផ្ញើប្រាណ នោះឯង ៕​

Leave A Reply

Your email address will not be published.