សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើអាមេរិកជួយអន្តរាគមន៍ទៅវៀតណាម ឱ្យឈប់ធ្វើទុកបុកម្នេញដល់ខ្មែរក្រោម
ដោយ យន់ សាមៀន | RFA
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបប្រជុំ នឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ មករា កន្លងទៅ នៅឯរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សា អំពីបញ្ហាការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសេរីភាព ផ្នែកអ៊ីនធឺណិត និងករណីឃាតកម្ម លើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឱ្យក្រសួងការបរទេសអាមេរិក និង គណៈកម្មការដើម្បីសេរីភាពសាសនាអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលវៀតណាម ផ្តល់សិទ្ធិសេរី ផ្នែក សាសនា នយោបាយ និងការអប់រំស្មើភាពគ្នា ដល់ខ្មែក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ សំណើនេះ ធ្វើឡើងដោយសារតែ រដ្ឋាភិបាលបន្តគាបសង្កត់លើសិទ្ធិសេរីពលរដ្ឋខ្មែរក្រោម នៅឡើយ ។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានដឹកនាំប្រតិភូខ្មែរក្រោម ចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ត្រីគណៈកម្មការរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសេរីភាពសាសនាអន្តរជាតិ (USCIRF) មានប្រសាសន៍ថា លោកបានជំរាបជូនមន្ត្រីអាមេរិកនូវក្តីកង្វល់ជាច្រើន ជុំវិញការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ។ លោកបន្តថា ក្តីបារម្ភចម្បងរួមមាន ការកេណ្ឌយុវជនខ្មែរក្រោម ចូលបម្រើទាហាន វៀតណាម និង ការរឹតបណ្តឹងការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាក្រោម ជាដើម ។ លោកប្រាក់ សេរីវុឌ្ឍ បន្តថា កាលពីឆ្នាំមុន និងថ្មីៗ នេះ មានយុវជនខ្មែរក្រោមចំនួនពីរនាក់ត្រូវបានអាជ្ញាធរវៀតណាម កោះហៅទៅសម្លុតបំភ័យ ករណីការប្រើប្រាស់បណ្ដាញសង្គម និងករណីយុវជនម្នាក់បានស្លាប់ក្នុងបន្ទាយទាហានវៀតណាម សង្ស័យថា ជនរងគ្រោះស្លាប់បណ្ដាលមកពីការធ្វើទារុណកម្ម ដោយសារតែសាកសព មានស្នាមរបួស ប៉ុន្តែអាជ្ញាធរវៀតណាមថា ស្លាប់ដោយសារតែជំងឺ៖ «ប៉ុន្តែអ្នកទាំងអស់ដែលគេធ្លាប់ស្គាល់វេង យ៉ុង ហ្នឹង មានសុខភាពល្អអត់មានបញ្ហាសោះ ។ ដល់សពបញ្ជូនមកហ្នឹងមានស្នាមជាំពេញខ្លួនទាំងអស់ គឺស្នាមវាយដុំ» ។
ចំពោះវិស័យអប់រំវិញ លោក ប្រាក់ សេរីវុឌ្ឍ ក៏ប្រាប់មន្ត្រីអាមេរិកដែរថា វៀតណាម កំពុងរឹតត្បិតខ្មែរក្រោមមិនឱ្យបង្រៀនពីប្រវត្តិសាស្ត្រកម្ពុជាក្រោមឡើយ ហើយវៀតណាម ក៏មិនផ្តល់ភាពយុត្តិធម៌ និងតម្លាភាពដល់សិស្សខ្មែរក្រោម ដើម្បីអាចបន្តការសិក្សានៅបរទេសបាន ។ លោកស្នើឱ្យ អាមេរិកយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរក្រោម ដែលមានសមត្ថភាពអាចបន្តការសិក្សានៅអាមេរិក ដូចសិស្សវៀតណាមដែរ៖ «ខ្មែរក្រោមមិនដែលបានទទួលអាហារូបករណ៍មករៀនទេ ។ ខ្មែរក្រោមយើងរៀនពូកែ យើងមិនឱ្យគេពុករលួយទេ ឱ្យយកតែខ្មែរទេ តែបើខ្មែរក្រោមយើងរៀនពូកែដែរត្រូវយកមក ។ យើងត្រូវការជ្រើសរើសកុំឱ្យចាត់ទៅក្រសួងអប់រំវៀតណាម ព្រោះគេប្រកាន់បក្សពួក» ។
ខ្មែរក្រោមមិនត្រឹមតែរងការរើសអើងក្នុងវិស័យអប់រំនោះទេ វៀតណាមក៏មិនអនុញ្ញាតឱ្យខ្មែរក្រោម អាចឈប់សម្រាកថ្ងៃបុណ្យជាតិខ្មែរផងដែរ ។
កាលពីដើមឆ្នាំ ២០២០ នេះ តំណាងខ្មែរក្រោម បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឱ្យរដ្ឋាភិបាលកុម្មុយនិស្តនេះ អនុញ្ញាតឱ្យខ្មែរក្រោម ដែលធ្វើការងារនៅទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និង បុណ្យសែនដូនតា ជាដើម ។ ញត្តិដាក់ទៅរដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ខ្មែរក្រោម ជាជនជាតិដើម មានវប្បធម៌ ទំនៀមទម្លាប់ និងពិធីបុណ្យជាតិផ្សេងពីជនជាតិវៀតណាម ប៉ុន្តែកន្លងមករដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកក្នុងពិធីបុណ្យជាតិ ឱ្យបានទូលំទូលាយនោះទេ ។ ញត្តិបញ្ជាក់ទៀតថា វៀតណាមឱ្យពលរដ្ឋខ្មែរក្រោមឈប់សម្រាកក្នុងរយៈពេលខ្លី នៅក្នុងខេត្ត ៣ រួមមាន ខេត្ត ព្រះត្រពាំង ឃ្លាំង និងពលលាវ ចំណែកខេត្ត ១៨ ទៀតខ្មែរក្រោម មិនបានឈប់សម្រាកឡើយ ។
ញត្តិបន្ថែមទៀតថា កម្មករខ្មែរគ្មានកាលបរិច្ឆេទឈប់សម្រាកក្នុងកម្មវិធីរបស់រដ្ឋាភិបាលវៀតណាម ជាមូលហេតុបណ្ដាលឱ្យប៉ះពាល់ ការលើកតម្កើងវប្បធម៌ និងប្រពៃណីជាតិ ដោយសារតែវប្បធម៌និងប្រពៃណីជាតិខ្មែរ ត្រូវពលរដ្ឋបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតា ។ ញត្តិស្នើឱ្យវៀតណាមផ្ដល់យុត្តិធម៌ដល់ខ្មែរក្រោម និងចេញបញ្ជាឱ្យក្រុមហ៊ុន និងរោងចក្រអនុញ្ញាតឱ្យខ្មែរក្រោម បានឈប់សម្រាកពេលបុណ្យជាតិ ។ មន្ត្រីវៀតណាមកន្លងមកបានអះអាងថា វៀតណាមមិនបានដាក់ថ្ងៃចូលឆ្នាំខ្មែរ ក្នុងថ្ងៃឈប់សម្រាករដ្ឋឡើយ ដូច្នោះប្រសិនបើខ្មែរក្រោមឈប់សំរាកថ្ងៃបុណ្យជាតិខ្មែរ ពួកគេ នឹងបាត់បង់ផលប្រយោជន៍ការងារ និងប្រាក់ខែ ។
ក្នុងកិច្ចប្រជុំនឹងមន្ត្រីក្រសួងការបរទេសអាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ក៏ស្នើឱ្យក្រសួងការបរទេសអាមេរិកទទួលយកជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងស្នាក់នៅប្រទេសថៃ ។ បច្ចុប្បន្ន យ៉ាងហោចណាស់ក៏ជនភៀសខ្លួនជនជាតិខ្មែរក្រោមជាង ២០០ រយនាក់ បន្តជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី មិនទាន់បានសម្រេច ។ ជនភៀសខ្លួនមួយចំនួនអះអាងថា ពួកគេភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅថៃ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមទាំងសិទ្ធិ ដីធ្លី ការបញ្ចេញមតិ ការប្រើប្រាស់បណ្ដាញសង្គម និងសាសនាជាដើម ។ មូលហេតុ ដែលខ្មែរក្រោម មិនអាចរស់នៅកម្ពុជាបាននោះ ដោយសារតែភ្នាក់ងារវៀតណាម អាចបន្តមកចាប់ខ្លួនពួកគេនៅកម្ពុជាទៅវៀតណាម ដើម្បីដាក់ពន្ធនាគារបាន ។ កន្លងមករដ្ឋាភិបាលកម្ពុជាកំពុងចាត់ទុកពលរដ្ឋខ្មែរក្រោមថា ជាពលរដ្ឋវៀតណាម ហើយអះអាងថា កម្ពុជាមិនលូកដៃចូលកិច្ចការរបស់វៀតណាមនោះទេ ។
លោក ប្រាក់ សេរីវុឌ្ឍ សង្ឃឹមថា សំណូមពរខ្មែរក្រោម នឹងត្រូវអាមេរិកដាក់បញ្ជូលក្នុងរបៀបវារៈជជែកគ្នា ក្នុងវេទិកា សន្ទនាអាមេរិក និងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែលនឹងធ្វើនៅឆ្នាំ ២០២០ ខាងមុខ ។ ស្ថានទូតវៀតណាម នៅអាមេរិកធ្លាប់បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំសន្ទនាអាមេរិកនិងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស កាលពីខែឧសភា កន្លងទៅថា វៀតណាម បានជ្រើសរើសយកការលើកស្ទួយសិទ្ធិមនុស្សជាវិស័យអាទិភាពរបស់រដ្ឋាភិបាលនេះ ។ ហើយរដ្ឋាភិបាលកុម្មុយនិស្ត នឹងស្វាគមន៍ការផ្តល់អនុសាសន៍ជាលក្ខណៈស្ថាបនា រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ ។ វៀតណាម បានចោទប្រកាន់ក្រុមមួយចំនួនមានមូលដ្ឋាននៅអាមេរិក ដោយមិនបញ្ចេញឈ្មោះថា មានបំណងមិនល្អ នឹងរដ្ឋាភិបាលវៀតណាម ក្នុងបំណងបំផ្លាញទំនាក់ទំនងអាមេរិក និងវៀតណាម ។ ទោះបីយ៉ាងក៏ដោយ របាយការណ៍ក្រសួងការបរទេសអាមេរិកស្ដីពីសិទ្ធិមនុស្សសម្រាប់ ឆ្នាំ ២០១៨ រកឃើញថា វៀតណាមមានជាប់ពាក់ពន្ធ នឹងបញ្ហារំលោភសិទ្ធិមនុស្សជាច្រើនករណីរួមមាន អំពើឃាតកម្មខុសច្បាប់ ការធ្វើទារុណកម្ម និងការចាប់ដាក់ពន្ធនាគារយ៉ាងអនាធិបតេយ្យ ដោយភ្នាក់ងាររដ្ឋាភិបាលជាដើម ។
បច្ចុប្បន្នខ្មែរក្រោម ជាច្រើនលាននាក់ កំពុងរស់នៅក្នុងខេត្ ត២១ ដែលជាទឹកដីកំណើតរបស់ខ្មែរ ។ ខ្មែរក្រោមជុំវិញពិភពលោក គ្រោង នឹងប្រារព្ធខួប ៧១ឆ្នាំ បាត់បង់ទឹកដីខែមិថុនា ខាងមុខ ។ ពលរដ្ឋខ្មែរក្រោម នៅខាងក្រៅ និងក្នុងប្រទេស កំពុងជំរុញយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ទៅថ្ងៃអនាគត ៕