សមាគម​ខ្មែរកម្ពុជាក្រោម​ អំពាវនាវ​ស្វែងរក​ថវិកា​ជួយ​ជនភៀសខ្លួន​ខ្មែរក្រោម ដែល​កំពុង​ជាប់ឃុំ

0 36

ដោយ យន់ សាមៀន | RFA Khmer

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ផ្តល់​ជា​ថវិកា​ ដើម្បី​អាច​ជួយ​ឲ្យ​ជនភៀសខ្លួន​ខ្មែរក្រោម ​ចំនួន ១០ ​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ថៃ​ អាច​ចេញ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ។ បច្ចុប្បន្ន ជនភៀសខ្លួន​ខ្មែរក្រោម​ទាំងនោះ កំពុង​ប្រឈមមុខ​នឹងត្រូវ​ថៃ​ចាប់​បញ្ជូនទៅ​វៀតណាម ឬ​កម្ពុជា​វិញ ក្រោយ​ជាប់​ពន្ធនាគារ ពីបទ​ឆ្លងដែន ​និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ។

​មន្ត្រី​ថៃ​និយាយ​ជាមួយ​ជនភៀសខ្លួន​ និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន ​ពី​ប្រទេស​កម្ពុជា ​និង​វៀតណាម​ កាលពីថ្ងៃ​ទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ រូបៈ AP
​មន្ត្រី​ថៃ​និយាយ​ជាមួយ​ជនភៀសខ្លួន​ និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន ​ពី​ប្រទេស​កម្ពុជា ​និង​វៀតណាម​ កាលពីថ្ងៃ​ទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ រូបៈ AP

ក្រុម​អង្គការសិទ្ធិមនុស្ស​នៅ​ថៃ និង​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ ដើម្បី​ធានា​ជនភៀសខ្លួន​ខ្មែរក្រោម​ចំនួន​ ១០ ​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​ថៃ ដើម្បី​ឲ្យ​ពួកគេ​អាច​គេច​ផុត​ពី​ការ​ចាប់​បញ្ជូន​ទៅ​វៀតណាម​ ឬ​កម្ពុជា​វិញ​ ។ កាលពី​ថ្ងៃទី​ ១៤ ខែ​តុលា សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១០​ នាក់ នៅពេល​ពួកគេ​កំពុងធ្វើការ​ងារ​នៅ​ផ្សារ​មួយ​កន្លែង ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ ។ តុលាការ​ថៃ​ បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ចូល​និង​ធ្វើ​ការងារ​នៅ​ស្រុក​ថៃ ដោយ​ខុសច្បាប់​ ។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ នៅ​ថៃ​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ស្វែងរក​ថវិកា​ ដើម្បី​ជួយ​ឲ្យ​ជនភៀសខ្លួន​ខ្មែរក្រោម ​អាច​ចេញ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​ ។ តុលាការ​ថៃ​តម្រូវ​ឲ្យ​ដាក់​ប្រាក់​ធានា​ខ្មែរក្រោម​ក្នុង​ម្នាក់ៗ​ ជាង ១​ ពាន់​ ៣​ រយ​ដុល្លារ (១.៣៥០)​ ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​ ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនភៀសខ្លួន​ខ្មែរក្រោម ១០​ នាក់​នោះ មាន​មួយចំនួន​ត្រូវ​បាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បដិសេធ​មិន​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ដែល​អាច​បង្ក​ជា​ការ​លំបាក​សម្រាប់​មេធាវី​ក្នុង​ការធានា​ឲ្យ​ចេញ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ។ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​លោក សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃទី ​១៣ វិច្ឆិកា​ថា សមាគម​កំពុង​ស្វែងរក​វិធី​តាមផ្លូវ​ច្បាប់ ​ដើម្បី​ជួយ​ជនភៀសខ្លួន​ខ្មែរក្រោម​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ថៃ​បញ្ជូន​ពួកគេ​ទៅ​វៀតណាម​ឬ​កម្ពុជា​វិញ​ ។ លោក​ថា សមាគម​លោក​មានតែ​កម្លាំង​ជួយ​ផ្នែក​ច្បាប់ ប៉ុន្តែ ​គ្មាន​ថវិកា​ជួយ​ទេ ។

លោក សឺន ជុំជួន៖ «យើង​ត្រូវការ​ថវិកា​សម្រាប់​ធានា​ អ្នក​ដែល​នៅក្នុង​ឃុំ​ហ្នឹង​នេះ ជា​គោលការណ៍​ច្បាប់​នៅ​ប្រទេស​ថៃ ។ ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម យើង​មានការ​ខ្វាយខ្វល់ច្រើន​ដែរ​ ប្រសិនបើ​គ្មាន​ថវិកា​សម្រាប់​ធានា​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​ទេ គេ​នឹង​ចាប់​បញ្ជូន​ពួកគាត់​ទៅ​កម្ពុជា ​ឬ​ទៅ​កម្ពុជា​ក្រោម» ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ​នៃ ​សហព័ន្ធ​ខ្មែរ​កម្ពុជ​ក្រោម​ ព្រះភិក្ខុ ស៊ឺង យ៉ឹង​រតនា ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​គ្រប់ទិសទី ជួយ​ឧបត្ថម្ភ​ជនភៀសខ្លួន​ក្រោម តាម​លទ្ធភាព ដើម្បី​ពួកគេ​អាច​មាន​ប្រាក់​ដាក់​ នៅ​តុលាការ​ថៃ ដើម្បី​អាច​សុំ​នៅ​ក្រៅ​ឃុំ​បាន ។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា៖ «ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរក្រោម អាត្មា​សូម​អំពាវនាវ​ដល់ អាជ្ញាធរ​ថៃ និង​អង្គការសហប្រជាជាតិ​ធ្វើ​អន្តរាគមន៍​ដោះលែង ឲ្យ​មាន​សិទ្ធិ​សេរី ដោយសារតែ​ជនភៀសខ្លួន​មាន​បញ្ហា​ជីវភាព​គ្រួសារ» ។

សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម ​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ មាន​ជាង​ពីរ​រយ​នាក់ ដែល​ពួកគេ​បាន​គេច​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​វៀតណាម និង​កម្ពុជា ។ ពួកគេ​បាន​មក​សំងំ​លាក់ខ្លួន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ថៃ ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ មិន​ទាន់​មាន​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ដើម្បី​យក​ពួកគេ​ទៅ​រស់នៅ​ប្រទេស​ទី​បី​បាន​នៅឡើយ បើ​ទោះបី​អ្នកខ្លះ​បាន​មក​រស់នៅ​ថៃ​អស់​រយៈ​ជាង​មួយ​ទសវត្សរ៍​ហើយ​ក្តី ។

កន្លងមក​មន្ត្រីជាន់ខ្ពស់ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ទទួលស្គាល់​សិទ្ធិ​របស់​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវ​ទទួល​បាន​ការ​ការពារ ហើយ​មិន​ត្រូវ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន​នោះ​ទេ ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​ នៃ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​អាជ្ញាធរ​ថៃ មិន​ត្រូវ​បង្ខំ​បញ្ជូន​ជនភៀសខ្លួន ខ្មែរក្រោម​ទៅ​វៀតណាម ឬ​កម្ពុជា​នោះ​ទេ​ ។ លោក​បន្ត​ថា វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ និង​រើសអើង​ខ្មែរក្រោម​ ជា​ប្រព័ន្ធ​ដោយសារ​ការរើសអើង​ផ្នែក​ជាតិ​សាសន៍​និង​សាសនា ហើយ​វៀតណាម​នៅតែ​ចាត់ទុក​ខ្មែរក្រោម​ថា មិន​ស្មោះត្រង់​ និង​ចូលរួម​សកម្មភាព​ ដើម្បី​ទាមទារ​ឯករាជ្យ​ជាដើម ​។ លោក​ស្នើ​ឲ្យ​វៀតណាម​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​អាច បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​ខ្មែរក្រោម ជា​ភាសា​ខ្មែរ ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​វៀតណាម​ត្រូវ​គោរព​សិទ្ធិ​សហគមន៍ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ ។ កន្លង​មក​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរវៀតណាម​ ទាំង​នេះ​ហើយ ជា​មូលហេតុ​ដែល​ខ្មែរក្រោម បង្ខំចិត្ត​ចាកចេញ​ពី​ស្រុកកំណើត ​។​ ពាក់ព័ន្ធ​នឹង​រឿង​ជនភៀសខ្លួន​ខ្មែរក្រោម​នេះ​ដែរ ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម​ ប្រចាំ​ប្រទេស​ថៃ លោក ឡឹម កែវសំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​ជនភៀសខ្លួន​ទាំងនោះ បន្ត​ជាប់​ពន្ធនាគារ ហើយ​អ្នកខ្លះ​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារតែ​ពួកគេ​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ ។ ក្រៅពី​អ្នក​ជាប់ឃុំ កំពុង​រង​ទុក្ខ​ក្នុង​ពន្ធនាគារ ក្រុម​គ្រួសារ​របស់​ពួកគេ​ក៏​កំពុង​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច ដោយសារតែ​អ្នករក​ប្រាក់ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ កំពុង​ជាប់​ពន្ធនាគារ ៕

Leave A Reply

Your email address will not be published.