ព្រះសង្ឃ​ខ្មែរ​​ក្រោម​ ដែល​ត្រូវ​វៀតណាម​ព្រួកគ្នា​វាយ​របួស​ធ្ងន់ ​ដាក់​ពាក្យ​បណ្ដឹង​តាមរយៈ​ទូត​វៀតណាម

0 146

ដោយ យន់ សាមៀន | RFA Khmer

ព្រះសង្ឃ​ខ្មែរ​​ក្រោម ដែល​ត្រូវ​ជនជាតិ​វៀតណាម​ ព្រួត​គ្នា​វាយប្រហារ ឲ្យ​រងរបួស​ធ្ងន់​ កាល​ពីពេល​ថ្មីៗ​ នេះ កំពុង​រៀបចំ​ឯកសារ​សុំ​កិច្ច​អន្តរាគមន៍​ពី​ អង្គការសិទ្ធិមនុស្ស ដើម្បី​ប្តឹង​ជនសង្ស័យ​តាមរយៈ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម សឺន ទី ដែល​ត្រូវ​ជនជាតិ​វៀតណាម​ ព្រួត​គ្នា​វាយប្រហារ ឲ្យ​រងរបួស​ធ្ងន់​​ផុង​លលាដ៍ ។ រូប៖ ផ្ដល់ឱ្យ
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម សឺន ទី ដែល​ត្រូវ​ជនជាតិ​វៀតណាម​ ព្រួត​គ្នា​វាយប្រហារ ឲ្យ​រងរបួស​ធ្ងន់​​ផុង​លលាដ៍ ។ រូប៖ ផ្ដល់ឱ្យ

ព្រះតេជព្រះគុណ សឺន ទី គ្រោង​ជួបនឹង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ពិភាក្សា​ដាក់ពាក្យ​បណ្តឹង​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ​ដែល​ព្រួត​គ្នា​វាយប្រហារ​ព្រះអង្គ​ ។​ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ ប្រមាណ ១០ ​នាក់ បាន​វាយ​ព្រះតេជព្រះគុណ សឺន ទី ឲ្យ​មាន​របួសធ្ងន់ រហូត​ដល់​ផុង​លលាដ៍​ព្រះកេស និង​មាន​ស្នាម​ជាំ​ជុំវិញ​ខ្លួន និង​ដៃ កាលពី​ថ្ងៃទី​ ១២ កក្កដា ។ អំពើ​ហិង្សា​កើតឡើង ពេល​ព្រះអង្គ​និមន្ត​ទៅ​លេង​ឪពុកម្ដាយ និង​បងប្អូន នៅ​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម​ ។ ព្រះតេជព្រះគុណ សឺន ទី សង្ស័យ​ថា អាជ្ញាធរ​វៀតណាម ជា​អ្នក​រៀបចំ​គំរោង​បង្ក​របួសស្នាម លើ​ព្រះអង្គ​ ដើម្បី​សងសឹក​នឹង​ព្រះអង្គ ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​វៀតណាម​ តាម​បណ្ដាញ​សង្គម ។ ព្រះតេជព្រះគុណ សឺន ទី មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ២៤ កក្កដា​ ថា ព្រះអង្គ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ នៅ​ខេត្ត​ឃ្លាំង ក្រោយ​ការ​វាយប្រហារ ដោយសារតែ​ព្រះអង្គ ព្រួយបារម្ភ​ពី​សុវត្ថិភាព ដូច្នោះ​ព្រះអង្គ រង់ចាំ​ពេល​និមន្ត​ដល់​កម្ពុជា​វិញ៖ «កំពុង​ទាក់ទង​សមាគម​ខ្មែរក្រោម​ នៅ​ស្រុក​ខ្មែរ​ហ្នឹង​ ។ កំពុង​ស្វែងរក​ថា ធ្វើ​ម្តេច​ឲ្យ​អាជ្ញាធរ​វៀតណាម ​ស្វែងរក​ខុសត្រូវ ពីព្រោះ​កន្លែង​កើត​ហេតុ​នៅ​ប្រទេស​វៀតណាម ។ នៅ​ពេល​នោះ (​ពេល​កើតហេតុ​) អាត្មា​មិន​ហ៊ាន​ដាក់ពាក្យ​ប្តឹ ង​ដើម្បី​សុវត្ថិភាព​អាត្មា»

អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តឃ្លាំង​មិនទាន់​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត ការវាយប្រហារ​លើ​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​នៅឡើយ​ទេ រហូតមកដល់​ថ្ងៃទី​ ២៥ កក្កដា ប៉ុន្តែ ​អះអាង​ថា ករណី​ហិង្សា​នេះ អាច​ជា​រឿង​គំនុំ​ផ្ទាល់ខ្លួន​ ។ ព្រះតេជព្រះគុណ សឺ​ន ទី បដិសេធ​ការ​លើកឡើង​របស់​អាជ្ញាធរ​វៀតណាម ​ថា មិនមែន​ជា​ការ​ពិត ។

​នេះ​មិនមែន​ជា​លើកទីមួយ ដែល​អាជ្ញាធរ​វៀតណាម ​ធ្វើទុក្ខបុកម្នេញ ព្រះតេជព្រះគុណ សឺន ទី ទេ ។ កាល​ពី​ដើម​ឆ្នាំ​ ២០២០ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង ក៏បាន​ដកហូត​លិខិតឆ្លងដែន​ខ្មែរ របស់​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ បាន​ទៅ​លេង​ស្រុកកំណើត​បាន​មួយ​សប្ដាហ៍​ ។ អាជ្ញាធរ​វៀតណាម បាន​ចោទ​ព្រះអង្គ​ថា បាន​ចែករំលែក​សារ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ស្ដីពី​បញ្ហា​រំលោភ សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​ ។ វៀតណាម ​បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយ​នេះ ​ជា​ទង្វើ​ខុសច្បាប់ និង​ព្រមាន​ឲ្យ​ព្រះអង្គ​បង់ប្រាក់​ពិន័យ​ជាង ​១​ ពាន់ប្រាំ​រយ​ដុល្លារ​ ។ ទោះ​បី​យ៉ាងណា វៀតណាម​សុខចិត្ត​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​ព្រះតេជព្រះគុណ សឺន ទី វិញ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​គំរោង​ប្តឹង​ជនសង្ស័យ​ទៅ​អាជ្ញាធរ​វៀតណាម​នេះ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន កំពុង​រង់ចាំ​ពិនិត្យ​ឯកសារ​ពី​ព្រះតេជព្រះគុណ សឺន ទី ដើម្បី​សិក្សា​ផ្លូវច្បាប់​សម្រាប់​ការ​រៀបចំ​បណ្តឹង ។

លោក សឺន ជុំជួន ក៏​ថ្កោលទោស​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ដែល​ប្រើប្រាស់​អំពើ​ហិង្សា លើ​ព្រះសង្ឃ​ខ្មែរក្រោម៖ «ទោះ​បី​យ៉ាងណា​ក៏ដោយ វា​ប្រព្រឹត្ត​ឡើង​ដោយ​អំពើ​ហិង្សា​ហើយ​ ។ បើ​យើង​និយាយ​រឿង​សិទ្ធិមនុស្ស ជា​ការ​បំពាន​លើ​វិស័យ​សិទ្ធិមនុស្ស​ហើយ​ ។ ក្នុងនាម​ជា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ យើង​សូម​ថ្កោលទោស ​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​បាន​ប្រព្រឹត្ត​រួម​សហការ​គ្នា ប្រព្រឹត្ត​ទៅលើ​ព្រះអង្គ​បែប​ហិង្សា​នេះ គឺ​វា​ទង្វើ​មួយ​វា​ផ្ទុយ​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស ហ្នឹង​យើង​សូម​ថ្កោលទោស​ចំពោះ​រឿង​នេះ»

​ស្រប​ពេល​ដែល​ព្រះតេជព្រះគុណ សឺន ទី កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យវៀតណាម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ញើ​ទៅ​អង្គការ​សិទ្ធិមនុស្ស និង​ក្រសួងការបរទេស​អាមេរិក បង្ហាញ​អំពី​ទង្វើ​របស់​វៀតណាម ដែល​ប្រើប្រាស់​ហិង្សា​លើ​ព្រះសង្ឃ​ខ្មែរក្រោម ​។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហព័ន្ធ​ខ្មែរកម្ពុជាក្រោម កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម្ចាស់​ជំនួយ​របស់​វៀតណាម ដើម្បី​ជំរុញ​ឲ្យ​វៀតណាម ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ឬក៏​ធ្វើដំណើរ​ទៅលេង​ស្រុក​៖ «វា​ជា​គំនុំសងសឹក ធ្វើទុក្ខបុកម្នេញ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ហើយ​ករណី​ដែល​ស្ទាក់​វាយ​ព្រះអង្គ សឺន ទី ជា​អំពើ​អយុត្តិធម៌ និង​ប្រើ​អំពើ​ហិង្សា​ ទោះបី​អាជ្ញាធរ​វៀតណាម​មិន​បាន​ធ្វើ​ផ្ទាល់ដៃ​ក្តី ប៉ុន្តែ​ បាន​ប្រើប្រាស់​ក្រុម​បក្សពួក​របស់​ខ្លួន​ ដើម្បី​ធ្វើ​បាប​ព្រះសង្ឃ​នេះ ​ជា​អំពើ​ព្រៃផ្សៃ ដូច្នោះ​អាជ្ញាធរ​វៀតណាម​ហ្នឹង​ ត្រូវតែ​មាន​ការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន និង​រក​យុត្តិធម៌​ជូន​ចំពោះ ព្រះសង្ឃ សឺន ទី»

ពាក់ព័ន្ធ​នឹង​គំរោង​ដាក់​បណ្តឹង​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​នេះ​ដែរ ព្រះតេជព្រះគុណ សឺន ទី មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​ក៏​គ្រោង​និមន្ត​ទៅ​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ដោយ​ផ្ទាល់​ដែរ​ ។ ព្រះអង្គ​បន្ត​ថា ប្រសិនបើ​ព្រះអង្គ​មិន​និមន្ត​ទៅ​ទឹកដី​កំណើត​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទេ​នោះ ពលរដ្ឋ​ និង​ព្រះសង្ឃ​ខ្មែរក្រោម នឹង​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម ហើយ​មិន​ហ៊ាន​ទៅ​លេង​ស្រុកកំណើត​ជា​បន្ត​ទៀត ៕

Leave A Reply

Your email address will not be published.