វត្តអារាមនានា នៅកម្ពុជាក្រោម ចូលរួមផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋខ្មែរក្រោម ដើម្បីការពារកុំឲ្យឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ-១៩)
ដោយ ស៊ឺន ចែងចើន
ពិភពលោក កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំង និងចាត់វិធានការ ពីការរីករាលដាលសាកល ដោយសារមេរោគកូវីដ-១៩ កំពុងរាតត្បាត ដែលបណ្តាលឲ្យមនុស្សស្លាប់ និងអ្នកឆ្លងមេរោគថ្មីនេះ បានកើនឡើងជារៀងរាល់ថ្ងៃ និងក្នុងចំនួនដ៏ច្រើន ហើយកំពុងតែបន្តរីករាលដាលយ៉ាងលឿនឥតឈប់ឈរ នៅជុំវិញពិភពលោក ។ ចំណែក នៅកម្ពុជាក្រោម ដែលមានពលរដ្ឋខ្មែរក្រោម ជាង ៧ លាននាក់ កំពុងរស់នៅក្នុងទឹកដីកំណើត ដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ក៏កំពុងជួបបញ្ហាប្រឈម នឹងរងផលប៉ះពាល់ ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនោះផង ។

បើតាមកាសែតរដ្ឋាភិបាលវៀតណាម GVP គិតត្រឹមថ្ងៃទី ២៥ ខែមីនា វៀតណាម មានករណីឆ្លងសរុបទាំងអស់ ១៤១ ក្នុងនោះ ១៧ នាក់ បានចាកចេញពីមន្ទីរពេទ្យក្រោយព្យាបាលជាសះស្បើយ ។ យ៉ាងណាមិញ វៀតណាម ក៏រំពឹងថា ករណីឆ្លងថ្មី នឹងកើនឡើងថែមទៀត ព្រោះការធ្វើដំណើរតាមផ្លូវអាកាសទៅវៀតណាម ពិសេសមកពីតំបន់ដែលរងការវាយប្រហារដោយ COVID-19 ធ្ងន់ធ្ងរ នៅតែបន្តមានដដែល ។
ក្នុងកាលៈទេសៈ ជុំវិញការផ្ទុះឡើងជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងយ៉ាងដូច្នេះ វត្តអារាម នៅកម្ពុជាក្រោម ដែលជាកន្លែងសម្រាប់ប្រារម្ធកម្មវិធីតាមបែបព្រះពុទ្ធសាសនា និងជាទីកន្លែងគោរពបូជាប្រតិបត្តិជំនឿរបស់ខ្មែរក្រោម ផងនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារអប់រំបន្ថែម ពីលើចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការវិវឌ្ឍន៍នៃជំងឺកូវីដ-១៩ ដល់ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ។ ជាពិសេសការប្រកាន់យកនូវការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ នៅតាមវត្តអារាមផងដែរ ។
វត្តនាគវនារាម (ខ្ទឹង) ស្ថិតនៅភូមិប្រាសាទ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បច្ចុប្បន្នជាសង្កាត់ទី ៧ ទីក្រុងព្រះត្រពាំង ដែលមានព្រះសង្ឃគង់នៅ ចំនួន ៣៣ អង្គ ព្រះតេជព្រះគុណ ត្រឹង យ៉ឹង ជាព្រះចៅអធិការ បានសរសេរសារមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២១ ខែមីនា បង្ហាញពីអនុវត្តនូវវិធានការការពារពីវីរុសកូរ៉ូណា ដោយអនុញ្ញាតឲ្យព្រះសង្ឃផ្អាកការនិមន្តចេញទៅបិណ្ឌបាត នៅតាមវេន ឬភូមិនីមួយៗ ដើម្បីការពារសុខភាពព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងគ្រាបារម្ភពីការឆ្លងកូវីដ-១៩ ។

ព្រះអង្គមានពុទ្ធដីកាបន្ថែម ប្រាប់អ្នកសារព័ត៌ព្រៃនគរ តាមទូរសព្ទ នៅថ្ងៃអង្គារនេះ ថា នៅកម្ពុជាក្រោម ដោយបច្ចុប្បន្នមានការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ដូច្នេះ ពលរដ្ឋខ្មែរក្រោមម្នាក់ៗ មានការយល់ដឹងច្រើន ពីការផ្សព្វផ្សាយសារអប់រំពីវិធីបង្ការកូវីដ-១៩ ។ ពួកគេប្រើកម្មវិធីបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មាន លឿនរហ័ស និងការរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន ពីអាជ្ញាធរសុខាភិបាល ពាក់ព័ន្ធ នឹងរោគរាតត្បាតជាសកល ដូចជា កូវីដ-១៩ ។ ម្ល៉ោះហើយ ពួកគេក៏មានការប្រុងប្រយ័ត្ន និងមានវិធានការការពារខ្លួនបានយ៉ាងល្អផង ។
ព្រះតេជព្រះគុណ ត្រឹង យ៉ឹង មានពុទ្ធដីកាថា «ជាការចូលរួមទាំងអស់គ្នា ទាំងពិភពលោក មិនមែនតែលោក និងផ្សក់អីទេ ។ ផ្សក់ឥឡូវ គេមានការភ្ញាក់រឭកច្រើនណាស់ ព័ត៌មានគេដឹងរាល់គ្នា ហ្វេសប៊ុកមានរាល់ដៃ ។ ចំពោះវត្តគេត្មាមិនដឹង តែចំពោះលោកក្នុងវត្ត អាត្មាមានគំនិតអ៊ីចឹង ត្មាមិនឲ្យលោកទៅបិណ្ឌបាត ហើយមានផ្សក់គេប្រគេនម្ហូបអាហារ លោកឆាន់ទៅធ្វើការ ជិតដល់បុណ្យចូលឆ្នាំ ។ ចំពោះរឿងការការពារហ្នុង បើយើងមិនមានឈឺយើងត្រូវតែការពារដែរ ព្រះលោកឲ្យការពារថែរក្សា កាយបរិហារ ព្រះលោកឲ្យធ្វើចុងដែរហ្នុង ត្រូវហាត់ប្រាណ ត្រូវដុះធ្មេញ ត្រូវរៀបចំខ្លួនប្រាណ បិណ្ឌបាតគឺជាការហាត់ប្រាណឲ្យបែកញឹស នមស្សការអីហ្នឹងជាតួនាទីរបស់លោក» ។
ព្រះតេជព្រះគុណ ត្រឹង យ៉ឹង ស្នើដល់ពុទ្ធបរិស័ទឲ្យពាក់ម៉ាស់ការពារ ពេលដើរចូលមកក្នុងទីអារាមដ្ឋានវត្តម្តងៗ ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីនេះ ។ បន្ថែមពីលើនេះ ព្រះអង្គក៏សូមអំពាវនាវដល់សទ្ធាជ្រះថ្លានៃពុទ្ធបរិស័ទ ប្រគេនទេយ្យទាន និងសម្ភារៈដែលព្រះសង្ឃអាចប្រើប្រាស់បាន ។ ជាពិសេសឲ្យចូលរួមបរិច្ចាគ ចំណីអាហារ មានបន្លែ ផ្លែឈើ ប្រេងឆា អង្ករ ទឹកអាល់កុលលាងដៃ ម៉ាស់ និងឧបករណ៍ការពារផ្សេងៗ រហូតដល់ជំងឺកូវីដ-១៩ នេះ បានធូរស្បើយ ។
តំណាងគណៈសង្ឃាភិបាល នៃវត្តមួយស្ថិតនៅស្រុកកំពង់ស្ពាន នៃខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ ឯករាជ្យ ថាច់ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញសំឡេង មានពុទ្ធដីកាថា នៅរៀងរាល់ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានក្នុងវត្តម្តងៗ ព្រះអង្គតែងទូន្មានអប់រំពុទ្ធបរិស័ទឲ្យមានការប្រតិបត្តិការពារខ្លួន ពីជំងឺកូវីដ-១៩ ឲ្យបានល្អ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
ព្រះអង្គមានពុទ្ធដីកាថា «ផ្សព្វផ្សាយសារអប់រំសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Covid-19 នេះ ទៅដល់ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តរបស់ខ្លួន ។ ណែនាំទៅពុទ្ធបរិស័ទ ប្រសិនបើមានអ្នកមានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ជាដើម ត្រូវតែបញ្ជូនទៅពេទ្យជាបន្ទាន់» ។

គិតត្រឹម ថ្ងៃទី ២៥ មីនា សាលាគណខេត្ត និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង នៅមិនទាន់មានសង្ឃប្រកាស ឬសារាចរណែនាំ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅគ្រប់វត្តអារាមទូទាំងខេត្ត នៅឡើយទេ ។
យ៉ាងនេះក្តី កាលពីថ្ងៃទី ៣១ មករា សមាគមពុទ្ធសាសនាវៀតណាម ដែលជាអង្គការចាត់តាំងនយោបាយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម មានឥទ្ធិពលខ្លាំងមកលើពុទ្ធសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម ឲ្យឋិតនៅក្រោមការបញ្ជារបស់ខ្លួននោះ បានចេញសេចក្តីប្រកាសណែនាំឲ្យមេដឹកនាំស្ថាប័នសាសនា និងអង្គការសាសនានានា នៅតាមខេត្ត/ក្រុង ទូទាំងប្រទេស ចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរលាកសួត ដែលបង្កដោយវីរុសកូរូណាថ្មី ឲ្យមានប្រសិទ្ធភាព ។
សេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយព្រះសង្ឃយួន ធិត ទៀនញ៉ើន (Thích Thiện Nhơn) ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម បានសរសេរនៅក្នុងន័យដើមយ៉ាងដូច្នេះថា «សមាគមពុទ្ធសាសនាវៀតណាមគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការផ្សព្វផ្សាយ ពីវិធានការបង្ការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ នៅគ្រប់ខេត្ត/ក្រុង ទូទាំងប្រទេសទាំងអស់ ដើម្បីចូលរួមចំណែកកាត់បន្ថយការឆ្លងជំងឺនេះ» ។
តាមន័យដើមនៃលិខិតប្រកាសនេះ បន្ថែមទៀតថា «បង្កើនការឃោសនា និងចលនាដល់ប្រជាជន អនុវត្តវិធានការតឹងរឹង ដើម្បីការពារជំងឺឆ្លង COVID-19 ដោយអំពាវនាវប្រជាពុទ្ធបរិស័ទទាំងអស់ ចូលរួមរក្សាអនាម័យ ដើម្បីបង្ការ បញ្ចៀស អំពីការឆ្លងរីករាលដាល នៃមេរោគនេះ ។ ត្រូវពាក់ម៉ាស់ការពារនៅពេលដើរចូលវត្ត និងជំរុញដល់វត្តអារាមនីមួយៗ ចែកម៉ាស់ ដល់ពុទ្ធបរិស័ទចំណុះជើងវត្ត និងភ្ញៀវទេសចរ ពេលមកវត្ត ។ ត្រូវផ្អាករាល់សកម្មភាពនៃការជួបជុំតាមគ្រប់រូបភាពតាមលក្ខណៈសាសនា ។ ហាមប្រាមមិនឲ្យជួបជុំគ្នា ទ្រង់ទ្រាយធំ គ្រប់បែបយ៉ាង» ។
ស្រដៀងគ្នានេះដែរ គណៈកម្មការសាសនារដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃសុក្រទី ២០ មីនា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យអង្គការសាសនា និងកន្លែងគោរពបូជានានា បញ្ឈប់ការរៀបចំពិធីបុណ្យពាក់ព័ន្ធ នឹងការចូលរួមពិធីសាសនា ការធ្វើសន្និសីទ និងសកម្មភាពបែបសាសនានានា ដែលមានមនុស្សប្រមូលផ្តុំច្រើន ។
គណៈកម្មាធិការរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការសាសនា របស់ប្រទេសវៀតណាម បានឲ្យដឹងទៀតថា គណៈកម្មាធិការបានដាក់កំហិតនូវព្រឹត្តិការណ៍ជាក់លាក់ ដែលត្រូវលុបចោលនោះ រួមមានពិធីបុណ្យ Easter (ពិធីបុណ្យគ្រិស្តសាសនិក) ពិធីបុណ្យវិសាខបូជា ពិធីបុណ្យចូលឆ្នាំខ្មែររបស់ពរដ្ឋខ្មែរក្រោម ដែលគ្រោងធ្វើនៅខែមេសា សមាជរបស់អ្នកកាន់សាសនា Cao Dai និងការប្រជុំប្រចាំឆ្នាំ នៃសាសនា Baha’i រួមទាំងសាសនាផ្សេងៗ ទៀត ក្នុងប្រទេសវៀតណាម ។ លើសពីនេះ គណៈកម្មការសាសនានៃរដ្ឋាភិបាលវៀតណាម ក៏បានព្រមាន ប្រឆាំង នឹងអង្គការសាសនាណា ដែលបញ្ជូនសមាជិករបស់ខ្លួន ទៅចូលរួមព្រឹត្តិការណ៍តាមរយៈពិធីសាសនា នៅក្នុងប្រទេសដទៃទៀត និងទទួលយកភ្ញៀវសាសនា ដែលមកពីតំបន់ ដែលរងគ្រោះ ដោយវីរុសកូរ៉ូណា ។
ផ្ទុយពីសារាចរហាមប្រាមរបស់គណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម ដែលមិនអនុញ្ញាត ឲ្យពលរដ្ឋខ្មែរក្រោម ប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ សេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី ១១ មីនា ដោយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ (ព្រះត្រពាំង) បង្គាប់ឲ្យស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ២០២០ ជូនប្រជាពលរដ្ឋខ្មែរក្រោម ដែល នឹងចូលមកដល់ ចាប់ពីថ្ងៃចន្ទ ៦ រោច ដល់ថ្ងៃព្រហស្បត៍ ៩ រោច ដែលត្រូវ នឹងថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា ខាងមុខនេះ ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា «សាលារៀន ក្រុមហ៊ុន រោងចក្រ និងការិយាល័យរដ្ឋ និងឯកជនទាំងអស់ ត្រូវបង្កលក្ខណងាយស្រួលដល់ និស្សិត សិស្សសាលា កម្មករ បុគ្គលិក និងកម្មាភិបាល ដែលកំពុងតែរៀន និងធ្វើការនៅតាមសាលា រោងចក្រ និងការិយាល័យរដ្ឋនានា បានឈប់សម្រាក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤-១៥ និង ១៦ ខែមេសា» ។
ពាក់ព័ន្ធ នឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះដែរ ព្រះតេជព្រះគុណ ឯករាជ្យ ថាច់ មានពុទ្ធដីកាថា វត្តរបស់ព្រះអង្គ នៅតែប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី ។ ប៉ុន្តែ គ្រាន់តែបង្អាក់កម្មវិធីមួយចំនួន ជាអាទិ៍ ពិធីដង្ហែមហាសង្រ្កាន្តជុំវិញភូមិស្រុក ពិធីរាប់បាត្រព្រះសង្ឃ ជាដើម ។
ព្រះតេជព្រះគុណ ថាច់ ឯករាជ មានពុទ្ធដីកាថា «ផ្អាកកម្មវិធីខ្លះ ដូចជា ពុទ្ធបរិស័ទចូលរួមពិធីដង្ហែមហាសង្រ្កាន្តទៅតាមភូមិស្រុក ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី សកម្មភាពលេងសប្បាយ កម្សាន្ត សកម្មភាពលក់ដូរ ម្ហូបអាហារ នៅក្នុងបរិវេណវត្តអារាម សកម្មភាពសម្តែងសិល្បៈ ។ល។» ។
គិតត្រឹមថ្ងៃទី ២៥ មីនា ប្រទេសវៀតណាម បានរកឃើញអ្នកផ្ទុកជំងឺកូវីត-១៩ ចំនួន ១៤១ នាក់ហើយ ។ ក្នុងចំណោមអ្នកឆ្លងទាំង ១៤១ នាក់ នោះ គឺមាននៅតាមបណ្តាខេត្តមួយចំនួននៃទឹកកម្ពុជាក្រោម ដូចជា ទីក្រុងព្រៃនគរ (Hồ Chí Minh) ៣៥ នាក់ ខេត្តព្រះត្រពាំង (Trà Vinh) ២ នាក់ ខេត្តមាត់ជ្រូក (An Giang) ៣ នាក់ ខេត្តពលលាវ (Bạc Liêu) ២ នាក់ ខេត្តកំពង់ឬស្សី (Bến Tre) ១ នាក់ ខេត្តអូរកាប់ (Bà Rịa – Vũng Tàu) ១ នាក់ និងខេត្តកំពង់គោ (Long An) ១ នាក់ ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ថា មានពលរដ្ឋខ្មែរក្រោម បានឆ្លងមេរោគកូវីដ-១៩ នេះ នៅឡើយទេ ។
ព្រះតេជព្រះគុណ ឯករាជ្យ ថាច់ អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ត្រូវចេះការពារខ្លួន ដើម្បីបង្ការកុំឲ្យឆ្លងងឺកូវីដ-១៩ ។ ជាពិសេស ពលករខ្មែរក្រោម ដែលកំពុងធ្វើការងារ នៅតាមទីក្រុងព្រៃនគរ និងខេត្តទួលតាមោក ត្រូវសម្អាតអនាម័យផ្ទាល់ខ្លួន ថែរក្សាសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ហើយបើមានអាការៈគួរឲ្យសង្ស័យ សូមប្រញាប់ទៅមន្ទីរពេទ្យ ។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ប្រទេស និងដែនដី ១៩៧ ហើយ ដែលប្រកាសពីករណីឆ្លងមេរោគកូវីដ-១៩ ដោយសរុបជាតួរលេខមានជាង ៤៣០០០០ នាក់ អ្នកស្លាប់ជាង ១៩០០០ នាក់ ខណៈអ្នកជាសះស្បើយពីជម្ងឺនេះ ជាង ១១១០០០ នាក់ ៕