សហគមន៍ខ្មែរកម្ពុជាក្រោម ទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំង និងដោះលែងអន្ទិត ប៉ាង សុដា
ដោយ យន់ សាមៀន | RFA Khmer
សហគមន៍ខ្មែរកម្ពុជាក្រោម បន្តទាមទារឲ្យសមត្ថកិច្ចបង្ហាញទីតាំង និងដោះលែងអន្ទិត ប៉ាង សុដា ក្រោយពេលសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃុំខ្លួននិងផ្សឹកតាំងពីថ្ងៃទី ២ ខែកញ្ញា ។ សំណើនេះ ធ្វើឡើងដោយសារតែអន្ទិត ប៉ាង សុដា បានចេញខ្លួនមកអះអាងតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថា លោកបានប្រព្រឹត្តកំហុស ហើយសុខចិត្តសឹក ។ ទោះបីជាយ៉ាងណា សហគមន៍ខ្មែរកម្ពុជាក្រោម ចាត់ទុកថា ការសារភាពនេះ ជាការរៀបចំ និងធ្វើឡើងដោយបង្ខំ ។

អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្នុង និងក្រៅប្រទេស សំដែងមន្ទិលសង្ស័យ ចំពោះការចេញមុខមកសារភាពពីកំហុស និងសុខចិត្តសឹករបស់អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ លោក ប៉ាង សុដា ក្រោយបានបាត់ខ្លួន និងដំណឹងអស់រយៈពេល ៥ ថ្ងៃកន្លងមក ។ នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការសារភាពរបស់លោក ប៉ាង សុដា តាមបណ្តាញប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានបង្កើតនូវចម្ងល់ជាច្រើន ជុំវិញការឃាត់ខ្លួនរបស់លោក ប៉ាង សុដា ដោយសារតែកន្លងមកសមត្ថកិច្ចធ្លាប់អះអាងថា អន្ទិត ប៉ាង សុដា បានល្មើសបំរាមវិធានការទប់ស្កាត់ជំងឺ Covid-19 ប៉ុន្តែ លោក ប៉ាង សុដា បានសារភាពថា លោកមានកំហុសរឿងមានទំនាក់ទំនងនឹងមនុស្សស្រីម្នាក់ទៅវិញ៖ «យើងមិនដឹងថា តើវាមានអាថ៌កំបាំង នៅពីក្រោយខ្នងការចាប់បង្ខំក៏អ្វីមួយ យើងមិនទាន់ដឹងដែរ ។ បើថា រឿងពីល្មើសពីវិន័យ ពេលគេចាប់ខ្លួនគេធ្វើភ្លាមហើយ ។ គេមិនទុកមកដល់ថ្ងៃនេះ ទុកឲ្យចេញសារភាពតាមវីដេអូទេ ។ ខ្ញុំនៅតែឆ្ងល់មានអ្វីនៅពីក្រោយខ្នង ឬការបង្ខិតបង្ខំអី?» ។
លោក ថាច់ សេដ្ឋា បានស្នើឲ្យអាជ្ញាធរត្រូវដោះលែងលោក ប៉ាង សុដា ឲ្យមានសេរីភាពឡើងវិញ ដើម្បីអង្គការសមាគមខ្មែរកម្ពុជាក្រោម អាចស្វែងរកការពិត នៅពីក្រោយការចាប់ខ្លួននេះ ដោយសារតែមកទល់ពេលនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម មិនទាន់ដឹងទីតាំងរបស់លោក ប៉ាង សុដា នៅឡើយទេ ៖ «ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ គ្រាន់តែការថ្លែងតាមវីដេអូ យើងមិនយកជាការបានទេ ។ បើយើងនិយាយគ្រាន់តែភាគីម្ខាងតែប៉ុណ្ណោះ យើងចង់ស្តាប់ចង់លឺពីការបកស្រាយរបស់អាជ្ញាធរ» ។
លោក ប៉ាង សុដា ត្រូវបានមន្រ្តីសង្ឃខេត្តកំពង់ចាម ២ អង្គចាប់ផ្សឹក បន្ទាប់មកសមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនព្រះកាយមកភ្នំពេញ កាលពីថ្ងៃទី ២ ខែកញ្ញា ដោយធ្វើឡើងយ៉ាងតក់ក្រហល់ ។ អាជ្ញាធរអះអាងថា ការផ្សឹកនោះ អនុវត្តតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាចាប់ខ្លួន ដើម្បីយកទៅសាកសួរជុំវិញបទចោទប្រកាន់ល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ទោះបីជាយ៉ាងណា កាលពីថ្ងៃទី ៧ ខែកញ្ញា មិ្សលមិញប្រព័ន្ធឃោសនារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ (FreshNews) បានបង្ហាញវីដេអូ សារភាពរបស់លោក ប៉ាង សុដា ជាលើកដំបូងដោយក្រោយពេលចាប់ខ្លួន ។ ក្នុងវីដេអូនោះ លោក ប៉ាង សុដា ពាក់ម៉ាស់ខ្មៅ និងពាក់វ៉ែនតាខ្មៅ ហើយនិយាយថា លោកបាន ប្រព្រឹត្តអសីលធម៌ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។
ការសារភាពនេះ ហាក់មិនស្របទៅនឹងការអះអាងរបស់មន្រ្តីសង្ឃជាន់ខ្ពស់ កាលពីថ្ងៃទី ៦ ខែកញ្ញា ដែលថា លោក ប៉ាង សុដា គ្មានកំហុស ហើយត្រូវបានគេអនុញ្ញាតឲ្យបួសជាសង្ឃវិញហើយ ។ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកព្រះតេជព្រះគុណ ឃឹម សន មានថេរដីកាប្រាប់អាស៊ីសេរី កាលពីថ្ងៃចន្ទ ទី ៦ ខែកញ្ញាថា លោក ប៉ាង សុដា បានស្នើសុំបួសវិញហើយ ព្រះអង្គក៏ព្រមឲ្យបួសវិញ ឱ្យស្របតាមធម្មវិន័យព្រះពុទ្ធសាសនា ។ ប៉ុន្តែ ព្រះអង្គ ឃឹម សន កាលពីថ្ងៃអង្គារ ទី ៧ ខែកញ្ញា មិ្សលមិញ បែរជាថា លោក ប៉ាង សុដា សឹកដោយខ្លួនឯងវិញ ៖ «ចង់និយាយថា គាត់បួសដោយខ្លួនឯង គាត់ដោះស្បង់ចីវរ ក៏ដោយខ្លួន ។ ពីថ្ងៃហៅមកអាត្មាសួរថា ហេតុអ្វីមានបញ្ហាអីថា មិនចង់នៅទ្រទ្រង់ភេទជាអ្នកបួសព្រោះមានបញ្ហាខ្លួនឯងខ្លះៗ» ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន ដើម្បីសុំការការបញ្ជាក់បន្ថែម ជុំវិញរឿងនេះ បាននៅឡើយទេ ។
ពាក់ព័ន្ធនឹងការសារភាពនេះ នាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រធានសមាគមព្រះសង្ឃខ្មែរក្រោម អាម៉េរិកាំងខាងជើង ព្រះភិក្ខុ ធីធីធម្មោ មានថេរដីកាថា ការសារភាពរបស់លោក ប៉ាង សុដា ជាការរៀបចំទុកមុន និងដោយបង្ខំ ។ ព្រះអង្គបន្តថា ប្រសិនបើអាជ្ញាធរមានភស្តុតាង ត្រូវបានបង្ហាញចេញជាសាធារណៈ ដើម្បីបំបាត់មន្ទិលសង្ស័យ ៖ «ទូរស័ព្ទមកហើយគាបសង្កត់គាត់សារភាព ហើយបង្ខំគាត់ឲ្យនិយាយតែម្តង ។ ទីពីរគាត់ឋិតនៅការឃុំគ្រងរបស់អាជ្ញាធរអាជ្ញាធរ បង្ខំឲ្យគាត់និយាយអ្វី ដែលគាត់មិនចង់និយាយ» ។
លោកគ្រូ ប៉ាង សុដា ប្រសូតកាលពី ឆ្នាំ១៩៦៨ នៅស្រុកតាវិច ខេត្តឃ្លាំង ។ ព្រះអង្គ បានទទួលតួនាទីជាព្រះចៅអធិការវត្ត វង្សគតបូរីសេរីភ្នំពេញថ្មី នៅស្រុកចំការលើ ខេត្តកំពង់ចាម តាំងពីឆ្នាំ ១៩៩៥ មកទល់សព្វថ្ងៃ ។ ក្រៅជាចៅអធិការវត្ត ព្រះអង្គជាទីប្រឹក្សា និងធម្មទូតសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ទៀតផង ។
អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ លោក ប៉ាង សុដា តែងតែជួយសកម្មភាពសង្គម ដូចជា ឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈ ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ លើសពីនេះព្រះអង្គយកព្រះទ័យទុកដាក់ទៅលើពលរដ្ឋខ្មែរក្រោម តាមរយៈធ្វើការងារជាមួយនឹងអង្គការសមាគមខ្មែរកម្ពុជាក្រោម និងកម្មវិធីមនុស្សធម៌នានា ៕