ពលរដ្ឋខ្មែរក្រោម ប្រារព្វខួប ១៥ ឆ្នាំ នៃ សិទ្ធិជនជាតិដើម លើកទីមួយ នៅលើទឹកដីកំណើត ឋិតក្រោមការឃ្លាំមើលពីអាជ្ញាធរវៀតណាម
ដោយ ស៊ឺន ចែងចើន
នេះគឺជាលើកទីមួយហើយ ដែលពលរដ្ឋខ្មែរក្រោម នៅតាមខេត្តនានា ក្នុងទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ បានមកជួបជុំគ្នា នៅក្នុងខេត្តព្រះត្រពាំង ដើម្បីប្រារព្ធពិធីអបអរសាទរ ខួប ១៥ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័ត សេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) (១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០២២) ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ មានទាំងព្រះសង្ឃ និងគ្រហស្ថ ដើម្បីអបអរសាទរទិវាអន្តរជាតិមួយនេះ ។ កម្មវិធីនោះ មានរៀបចំពិធីមួយចំនួន ដូចជា និមន្តព្រះសង្ឃដារបង្សុកូលមុនថ្ងៃបុណ្យសែនដូនតាមកដល់ ដើម្បីឧទ្ទិសកុសកជូនវីរបុរសជាតិ និងញាតិកា ដែលបានចែកឋានទៅ ចែកអំណោយដល់អ្នកស្រុក និងថ្លែងសុន្ទរកថា អបអរសាទរ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ជាដើម ។

នៅក្នុងពិធីនោះដែរ អ្នករៀបចំកម្មវិធី បានតាំងរូប ឧកញ៉ា សឺង គុយ និងទង់ជាតិមួយចំនួន ដូចជា ទង់ខ្មែរក្រោម ទង់ព្រះពុទ្ធសាសនា ទង់អង្គការសហប្រជាជាតិ និងទង់អង្គការ UNPO ។ អ្នកចូលរួមម្នាក់ៗ បានពាក់អាវយឺត ដែលមានឡូហ្គូសរសេរអក្សរសរសេរអក្សរខ្មែរ និងអង់គ្លេសថា «ខ្មែរក្រោមអបអបសាទរ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម និង យើងជាជនជាតិដើម» ជាដើម ។
ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋខ្មែរក្រោម អះអាងថា អាជ្ញាធរវៀតណាម នៅថ្នាក់មូលដ្ឋាន បានបង្កការរំខាន ដោយដាក់កម្លាំងរារាំង និងបំបែកការប្រមូលផ្តុំរបស់ពួកគេ ក្នុងកម្មវិធីជួបជុំគ្នា ដើម្បីសម្តែងមតិទាមទារសិទ្ធិសេរីភាព ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក ។

យុវជនខ្មែរក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៣ កញ្ញាថា ការប្រារព្ធទិវានេះ ដើម្បីជាប្រយោជន៍ខ្មែរក្រោម ជាជនជាតិដើម ។ ក្នុងទិវានេះ យុវជនខ្មែរក្រោម បានចែកអំណោយដល់ ពលរដ្ឋខ្មែរក្រោម ដែលមានវ័យចំណាស់ និងអានខ្លឹមសារ នៃ សេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ ។
ក្នុងពេល នៃ ពិធីនោះ ក៏មានប៉ូលិសវៀតណាម ជាច្រើននាក់ បានដាក់កម្លាំងមកហាមឃាត់មិនឲ្យខ្មែរក្រោមជួបជុំគ្នា ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម មិនធ្វើតាមហើយនាំគ្នាបន្តធ្វើពិធីនោះទាល់តែចប់ ។
ករណីនេះ អាជ្ញាធរលើកហេតុផលថា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ដែលជាអ្នកចូលរួមវេទិកានេះ ចាត់ទុកថា ជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងធ្វើឡើងក្នុងទិសដៅបំភិតបំភ័យ មិនឲ្យពលរដ្ឋខ្មែរក្រោម អាចប្រារព្វទិវាសិទ្ធិជនជាតិដើមនេះ បានឡើយ ។
ពលរដ្ឋខ្មែរក្រោម ចាត់ទុកថា ការដាក់ភ្នាក់ងារនគរបាល មកឃ្លាំមើលនេះ ក្នុងកម្មវិធីជួបជុំនោះ ជាការរើសអើង និងរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ។ ពួកគេអំពាវនាវឲ្យអាជ្ញាធរវៀតណាម គ្រប់លំដប់ថ្នាក់ ចូលរួមគោរពសិទ្ធិជនជាតិដើមដែលច្បាប់ជាតិ និងអន្តរជាតិ បានទទួលស្គាល់ ។

មួយថ្ងៃក្រោយមក នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានចេញលិខិតកោះហៅយុវជនខ្មែរក្រោម យ៉ាញ់ មិញក្វាង (Danh Minh Quang) ដែលតែងចូលរួមក្នុងកិច្ចការងារបម្រើសង្គមកម្ពុជាក្រោម និងការពារសិទ្ធិជនជាតិដើមខ្មែរក្រោម ឲ្យចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខនគរបាលស្រុកបាយឆៅ (Mỹ Xuyên) នៃ ខេត្តឃ្លាំង ដើម្បីសាកសួរជុំវិញរឿងរ៉ាវមួយចំនួន ។ ការកោះហៅឲ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា វេលាម៉ោង ៨ និង ៣០ នាទី ធ្វើឡើងបន្ទាប់ពីយុវជនខ្មែរក្រោម យ៉ាញ់ មិញក្វាង បានទៅចូលរួម ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ។
យុវជន យ៉ាញ់ មិញក្វាង មានស្រុកកំណើត នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ នៃខេត្តឃ្លាំង កាលពីខែកក្កដា ឆ្នាំ ២០២០ ធា្លប់រងការគំរាមកំហែងចាប់ខ្លួនជាច្រើនដងរួចមកហើយ ដោយអាជ្ញាធរវៀតណាម ចោទប្រកាន់លោកថា ជាជនក្បត់ជាតិ និងបង្ខំឲ្យចុះហត្ថលេខា ក្នុងលិខិតកំណត់ហេតុមួយ ដោយយល់ព្រមបញ្ឈប់ថតវីដេអូ រិះគន់រដ្ឋាភិបាលវៀតណាម ពីការរើសអើងជាតិសាសន៍ ពាក់ព័ន្ធ នឹងការបែងចែកជំនួយ នៅក្នុងរដូវកាលនៃវិបត្តិកូវីដ-១៩ តាមរយៈបណ្ដាញសង្គម និងផ្តល់ព័ត៌មានទៅខ្មែរក្រោម នៅក្រៅប្រទេស ពីភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន ដែលបានដើរស្រង់ស្ថិតិពលរដ្ឋរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីទទួលជំនួយពីរដ្ឋាភិបាល ។

ករណីកោះហៅចុងក្រោយ គឺនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ អាជ្ញធារវៀតណាម នៅស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ក៏បានចេញលិខិតកោះហៅ លោក ថាច់ ផែន ដែលជាសកម្មជនខ្មែរក្រោមម្នាក់ផ្សេងទៀត ឱ្យចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខលោក ថាច់ ថាញ់ហាយ អធិការ នៃ អធិការដ្ឋាននគរបាលស្រុកផ្នោដាច់ ក្នុងខេត្តព្រះត្រពាំង ។ ការចេញលិខិតកោះហៅលោក ថាច់ ផែន មកសួរនាំបែបនេះ ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងការទៅចូលរួម ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខេត្តព្រះត្រពាំង កាលថ្ងៃទី ១៣ កញ្ញា សប្តាហ៍កន្លងទៅ ។ ក្នុងពេលចូលរួមនោះ លោក ថាច់ ផែន ក៏បានពាក់អាវយឺត ដែលមានឡូហ្គូសរសេរអក្សរសរសេរអក្សរខ្មែរ និងអង់គ្លេសថា «ខ្មែរក្រោមអបអបសាទរ សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និង យើងជាជនជាតិដើម» ផង ។
ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម រាប់លាននាក់ នៅដែនដីកម្ពុជាក្រោម គួរណាស់តែទទួលបាននូវសិទ្ធិជាជនជាតិដើម តែផ្ទុយទៅវិញ ពួកគាត់នៅតែត្រូវប្រឈមនឹងការរើសអើងពូជសាសន៍ រំលោភបំពានសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនា ។ លោកប្តេជ្ញាថា សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងផ្សព្ធផ្សាយឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូប បានសិក្សាឈ្វេងយល់ឲ្យបានច្បាស់លាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីពួកគាត់មានសេចក្ដីក្លាហានក្នុងការប្រើប្រាស់នូវសិទ្ធិទាំងនោះ ហើយហ៊ាន ធ្វើសេចក្ដីសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួនក្នុងការ «សម្រេចវាសនាខ្លួន ដោយខ្លួនឯង» នៅលើទឹកដីកម្ពុជាក្រោម ដោយគ្មានការភ័យខ្លាចឡើយ ៕