ប្រជាពលរដ្ឋខ្មែរក្រោមថ្កោលទោស សមត្ថកិច្ចវៀតណាម ដែលហាមមិនឲ្យបន្តការសាងសង់សាលាឆទានមួយខ្នងនៃវត្តព្រែកឈូក និងវត្តទ្រនំសេក ក្នុងខេត្តលង់ហោរ
ដោយ លី ឈូន
សាលាឆទានគ្រឿងស៊ីម៉ង់មួយខ្នង មានទទឹង ៩ ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ ចាប់ផ្ដើមកសាងតាំងពីវិច្ឆិកាឆ្នាំ ២០២០ និងបានសម្រេចជិត ៥០ % ហើយបែរជា ពេលនេះ អាជ្ញាធរមូលដ្ឋានហាមឃាត់មិនឲ្យសាងសង់បន្តដោយចោទថាល្មើសច្បាប់។ សាលាឆទាន មួយខ្នងនេះ កសាងដោយពុទ្ធបរិស័ទខ្មែរក្រោម ចំណុះជើងវត្តវត្តព្រែកឈូក និងវត្តទ្រនំសេក ក្នុងខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី វិញ ឡុង (Vinh Long) ហើយពុទ្ធបរិស័ទខ្មែរក្រោមអ្នកកសាងអះអាងថា ពួកគាត់ព្យាយាមសុំច្បាប់អាជ្ញាធរមូលដ្ឋានយ៉ាងតិចក៏ ៥ ដងដែរ ក្នុងមួយឆ្នាំកន្លងទៅនេះ តែអាជ្ញាធរមិនអើពើឡើយ។ ចំណែកមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមថារឿងនេះគួរតែមិនមន្ត្រីខ្មែរក្រោម នៅក្នុងជួររដ្ឋអំណាចកុម្មុយនិស្តុសព្វថ្ងៃ តាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ គួរជួយដោះស្រាយបញ្ហានេះ ព្រោះថាចាប់តាំងពីឆ្នាំ ១៩៧៥ ក្រោយការឡើងកាន់អំណាចដោយរបបកុម្មុយនិស្តុវៀតណាមមក ពុទ្ធបរិស័ទនិងពលរដ្ឋវៀតណាមបានកសាងបូជនីយដ្ឋាន រាប់រយកន្លែងមកហើយ រឿងអីពុទ្ធបរិស័ទខ្មែរក្រោម នៅខេត្តឡុងហូកសាងតែសាលាឆទានមួយមិនបាន ។

ព្រះភិក្ខុសង្ឃខ្មែរក្រោមមួយព្រះអង្គ ដែលសុំមិនបញ្ចេញព្រះនាម ព្រះអង្គជាភិក្ខុសង្ឃមួយអង្គសកម្មក្នុងការកសាងសាលាឆទានក្នុងភូមិកន្រែង ដែលអាជ្ញាធរវៀតណាមហាមមិនឲ្យកសាងបន្តនោះ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថា សាលាឆទាននេះ កសាងឡើងក្នុងគោលបំណងទុកជាទីបូជនីយដ្ឋានផង និងជាទីសម្រាប់បណ្ដុះបណ្ដាលអក្សរសាស្ត្រខ្មែរដល់កូនចៅខ្មែរនៅទីនេះផង ។
ព្រះភិក្ខុសង្ឃ ដែលសកម្មក្នុងការកសាងសាលាឆទាន បន្តទៀតថា អាជ្ញាធរមូលដ្ឋាន មិនអាសូរដល់កូនចៅខ្មែរនៅទីនោះសោះ ពួកគេរកគ្រប់មធ្យោបាយ ដើម្បីរារាំងការសាងសង់សាលាទាននេះ ។
ភិក្ខុសង្ឃខ្មែរក្រោម៖ «ខាងតំណាងព្រះសង្ឃ និងពុទ្ធបរិស័ទកសាងសាលាឆទានហ្នឹង បានដាក់ពាក្យសុំជាច្រើនលើកច្រើនសារហើយ តែខាងអាជ្ញាធរគ្រាន់តែសន្យាមែន តែមិនតប ដល់ចាំយូរពេកទៅព្រះសង្ឃ និងពុទ្ធបរិស័ទក៏សម្រេចចិត្តធ្វើទៅ ។ ហើយឥឡូវអាជ្ញាធរក៏បានមកឃ្លាំមើលមករារាំង រហូតឈានដល់ហាម ប្រាមអ្នកលក់គ្រឿងសំណង់ហ្នឹង មិនឲ្យលក់គ្រឿងសំណង់ឲ្យដល់ព្រះសង្ឃ និងពុទ្ធបរិស័ទកសាងសាលាឆទានហ្នឹងទៀត» ។

ស្រដៀងគ្នានេះ ដែរបុរសខ្មែរក្រោមវ័យ ៦០ ឆ្នាំ ម្នាក់មាននាមត្រកូល ថាច់ លោកប្រាប់ថា ភូមិកន្រែង ស្រុកកំណើតរបស់លោកមានចម្ងាយមិនតិចជាង ១២ គីឡូម៉ែត្រពីវត្តព្រែកឈូក និងវត្តទ្រនំសេកនោះទេ ហើយសាលាឆទាននេះ កើតឡើង ដោយអាស្រ័យការរួមសទ្ធា ប្រាក់កាស តាមតិចតាមច្រើន នៃពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរហ្នឹងឯង ។
បុរសចំណាស់ខ្មែរក្រោម រូបនោះបន្តទៀតថា ក្ដីសង្ឃឹមរបស់លោក និងអ្នកភូមិ ដែលថានឹងបានសាលាឆទាននៅជិតផ្ទះគ្រាន់ធ្វើបុណ្យទាន មិនហត់ទៅឆ្ងាយ រីឯក្មេង ៗ កូនចៅនឹងបានរៀនអក្សរខ្មែរនោះ ពេលនេះ រលាយអស់ហើយ ដោយសារអាជ្ញាធរឃុំ ស្រុក គេថា គេនឹងវាយចោល ហើយ ព្រោះសាលាឆទាននេះសង់គ្មានច្បាប់អនុញ្ញាត ។
បុរសចំណាស់ខ្មែរក្រោម៖ «រាល់ថ្ងៃហ្នឹងដំណើរការសាងសង់ហ្នឹងវាយឺតដំណើរមកវិញហើយ ពីព្រោះអាជ្ញាធររារាំងហើយយើងក៏នៅមិនទាន់ដឹងខ្លឹមសារ នឹងទៅជាយ៉ាងណាដែរ ហើយម្យ៉ាងពុទ្ធបរិស័ទខ្មែរយើងទាំងអស់នៅឆ្ងាយពីវត្តដូច្នេះហើយមានការភ័យខ្លាច ការព្រួយបារម្ភពីការសម្លុតគំរាមកំហែងរបស់អាជ្ញាធរដែរ។ តាមផ្ទះមួយជំនួនហ្នឹងអាជ្ញាធរមូលដ្ឋានហ្នឹងគេទៅគំរាមដល់ផ្ទះមិនឱ្យគាំទ្រការកសាងសាលាឆទានហ្នឹង» ។
ការលើកឡើងមកនេះ បន្ទាប់ពីសាលាឆទានមួយខ្នង ត្រូវសមត្ថកិច្ចវៀតណាមថ្នាក់ ឃុំ ស្រុកហាមឃាត់មិនឲ្យសាងសង់បន្ត ដោយចោទថា គ្មានច្បាប់អនុញ្ញាត ។
សាលាឆទាននេះ ស្ថិតនៅភូមិកន្រែង ឃុំលង់មី ស្រុក តាមបិញ ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី វិញ ឡុង (Vinh Long) ដែលរួមកសាងដោយពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺវត្តសាលវន្តឧទ្យាន (ព្រែកឈូក) និងវត្តមង្គលបុរី (ទ្រនំសេក) ខេត្តលង់ហោរ ។
សាលាឆទានដែលកសាងសម្រេចបានជិត ៥០ ភាគរយហើយ និងត្រូវហាមឃាត់នេះ មានទំហំទទឹង ៩ ម៉ែត្របណ្ដោយ ១២ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ ជាគ្រឿងស៊ីម៉ង់ ហើយនិងចាប់ផ្ដើមកសាងតាំងពីថ្ងៃ ១៩ វិច្ឆិកា ឆ្នាំ ២០២០ ។

ទាក់ទងនឹងករណីនេះ វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរមិនអាចទាក់ទងសុំការបំភ្លឺ ពីសមត្ថកិច្ចសាលាឃុំលង់មី និងសាលាស្រុកតាមបិញបានឡើយ ដោយអង្គភាពទាំងពីរនេះ មិនតមសារយើងខ្ញុំទាល់តែសោះ ។
ទោះជាយ៉ាងនេះក្ដី ក៏មានមន្ត្រីខ្មែរក្រោមម្នាក់ក្នុងសាលាស្រុកតាមបិញលួចបង្ហើបឲ្យដឹងថា លោកធ្លាប់ឃើញព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ចុះឡើងសុំច្បាប់សង់សាលាឆទាននេះ យ៉ាងតិចក៏បួនប្រាំដងដែរ រយៈពេលមួយឆ្នាំនេះ តែពួកសមត្ថកិច្ចមូលដ្ឋានស៊ុមគ្រលុំ ផ្អាប់ឯកសារនេះទុក ហើយរកលេសដោះសារហូត ធ្វើឲ្យច្បាប់នេះ មិនអាចទៅដល់មន្ទីរសាងសង់បាន ។
មន្ត្រីខ្មែរក្រោម៖ «បើតាមច្បាប់ស្រុកយើងហ្នឹង ទាក់ទងនឹងការសាងសំណង់សាធារណៈហ្នឹង គេតែងតែទៅសុំខាងស៊ើ សីយឹង (មន្ទីរសាងសង់) ហ្នឹង តែជាខាងដើមក៏ត្រូវទៅសុំ វិបាង (សាលាឃុំឬសាលាស្រុក) សិនដែរ បានចេញទៅ ស៊ើ សីយឹង ហ្នឹង ។ អាជ្ញាធរមូលដ្ឋានហ្នឹងគេថាមិនទាន់មានច្បាប់មិនឲ្យសង់ទេ ចាំកាលណាដល់មានច្បាប់ត្រឹមត្រូវចាំកសាងសាលាហ្នឹង» ។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ ប្រធានអន្តរសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណធីធីធម្មោលើកឡើងថា រឿងហេតុទាំងនេះ កើតឡើងក៏ព្រោះតែភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងការរើសអើងជាតិសាសន៍របស់អាជ្ញាធរវៀតណាម ។ ព្រះអង្គបន្តទៀតថា រយៈពេល ៤៥ ឆ្នាំក្នុងរបបកុម្មុយនិស្តវៀតណាមនេះ គិតតែខេត្តទឹកខ្មៅ ដែលវៀតណាមដាក់ឈ្មោះថា កា ម៉ៅ (Ca Mao) មួយ ពុទ្ធបរិស័ទវៀតណាម គេកសាងវត្តដល់ទៅ ៧០ វត្ត ចុះរឿងអីខ្មែរក្រោមនៅលង់ហោរគ្រាន់តែកសាងសាលាឆទានខ្នងសោះ មិនបាន។
ព្រះតេជព្រះគុណប្រធានអន្តរសាសនា ក៏អំពាវនាវ ដល់ព្រះអនុគណ ព្រះមេគណខេត្ត និងមន្ត្រីខ្មែរតំណាងរាស្ត្រខ្មែរ នៅក្នុងជួររដ្ឋអំណាចវៀតណាមឲ្យជួយដោះស្រាយនូវទុក្ខវេទនាទាំងនេះផង ។
ព្រះតេជព្រះគុណធីធីធម្មោ៖ « ចាប់ពី ១៩៧៥ មកយើងកសាងវត្តបានប៉ុន្មាន ហើយបើទឹកខ្មៅ ដឹងប៉ុន្មានទេ ទឹកខ្មៅគេកសាងបានជាង ៧០ វត្ត ។ ឥឡូវអាត្មាថាហ្នឹងហើយ បើនៅតំបន់តាមបិញខេត្តលង់ហោរហ្នឹង សង្រ្គាជឬញាតិញោមដែលជាគណៈកម្មការសាងសង់ហ្នឹង តើយើងពិនិត្យមើលបើឃើញថាមានឧបសគ្គអី អីចឹងយើងគួរតែ ទៅទូលប្រធានសង្ឃនៅទីហ្នឹងមានគ្រូ សឺង ង៉ុក វិន ដែលគង់នៅវត្តសង្ឃមង្គល ហ្នឹង ឲ្យលោកដឹងពី ព័ត៌មានហ្នឹងទៅ» ។

មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែអះអាងថា កន្លងមកដែលគេឃើញអាជ្ញាធរវៀតណាម ឧបត្ថម្ភថវិកា សង់ផ្ទះសម្បែងដល់ជនក្រីក្រខ្មែរក្រោម ឬ សាងសង់សាលា ព្រះវិហារដល់វត្តខ្មែរក្រោមខ្លះនៅតំបន់ដាច់ស្រាលជាដើមនោះ ថវិកាសាងសង់ទាំងនោះជារបស់សហគមន៍អន្តរជាតិ ជួយដល់ជនជាតិដើមភាគតិច ដូចជាខ្មែរក្រោមជាដើម មិនមែនជាថវិកាផ្ទាល់របស់រដ្ឋអំណាចវៀតណាមឡើយ ។
រដ្ឋអំណាចកុម្នុយនិស្តុវៀតណាមមិនមានចេតនាល្អ ក្នុងការសាងសង់សាលា ព្រះវិហារ វត្តអារាមខ្មែរក្រោមឡើយ មានតែព្យាយាមបំផ្លិចបំផ្លាញថែម ដូចករណីវាយកម្ទេចនូវខ្លោងទ្វាររចនាបថខ្មែរ ចូលទីរួមខេត្តព្រះត្រពាំងជាដើម រហូតមកដល់ពេលនេះ គេមិនទាន់បានសាងសង់សងនៅឡើយ ៕