ពលរដ្ឋខ្មែរក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលហាមមិនឲ្យកសាងចេតិយវីរបុរស សេនាទា
ដោយ លី ឈូន
ពលរដ្ឋខ្មែរក្រោមទាំងក្នុងនិងក្រៅស្រុកថ្កោលទោសអាជ្ញាធរវៀតណាម ដែលរារាំងមិនឲ្យពលរដ្ឋខ្មែរក្រោមនៅខេត្តពលលាវ កសាងចេតិយវីរបុរសសេនាទា ដោយអាជ្ញាធរចោទប្រកាន់អ្នកផ្ដើមកសាងនាំឱ្យមានការបះបោរ និងថារឿងសេនាទាជារឿងព្រេងនិទាន ។ ពលរដ្ឋខ្មែរក្រោមថា ការរារាំង ការចោទប្រកាន់របស់វៀតណាមដូច្នេះ ព្រោះពួកគេខ្លាច សាធារណជនកាន់តែដឹងច្បាស់ថែមទៀតអំពីប្រវត្តិកម្ពុជាក្រោម ។ វីរបុរសខ្មែរក្រោមទាំងបីរូប គឺលោកសេនាសួស សេនាមាន់ និងសេនាទា បានបន្តប្រយុទ្ធនឹងការឈ្លានពានរបស់យួន នៅត្រើយខាងលិច ទោះបីជាវីរបុរសឧកញ៉ា សឺន គុយ នៅត្រើយខាងកើតត្រូវយួនសម្លាប់ក៏ដោយ ។ លោកសេនាទាបានស្លាប់នៅឆ្នាំ ១៨៤៩ នាសមរភូមិពាមព្រែកទឹកសាប ខេត្តពលលាវ ។ សព្វថ្ងៃ ស្លាកស្នាមផ្នូររបស់សេនាទា ស្ថិតខាងទិសលិចនៃវត្តខ្វែងបបែលខាងជើង ក្នុងខេត្តពលលាវ ។

ប្រធានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ រំឭកប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា កាលពី ៨ ឆ្នាំមុន លោកអារ្យវត្តម្នាក់ ឈ្មោះ បារាំង និងពុទ្ធបរិស័ទចំណុះជើងខ្វែងបបែលខាងជើងក្នុងខេត្តពលលាវ ដែលវៀតណាម ប្ដូរឈ្មោះថ្មីថាបាកលីវ (Bac Lieu) សុំឲ្យព្រះអង្គជួយឧបត្ថម្ភកសាងចេតិយមួយ ដើម្បីឧទ្ទិសចំពោះវិញ្ញាណក្ខន្ធវីរបុរសសេនាទា ហើយចេតិយនោះ ត្រូវបានរៀបចំកសាង លើទីស្ថានផ្នូររបស់វីរបុរសសេនាទា នៅជិតវត្តខ្វែងបបែលខាងជើងតែម្ដង ។
ព្រះតេជព្រះគុណ ធីធី ធម្មោ លើកឡើងបន្តថា ក្នុងពេលកំពុងកសាងនោះ ស្រាប់តែនគរបាលវៀតណាមខេត្តពលលាវ មកគំរាមកំហែងរារាំងមិនឲ្យកសាង ដោយសមត្ថកិច្ចចោទថារឿងរបស់វីរបុរសសេនាទា ជារឿងព្រេងនិទាន ហើយការកសាងចេតិយនេះ ជាហេតុនាំឲ្យជ្រួលច្របល់ក្នុងសង្គម ៖ «អានេះ តាមពិតទៅវាធ្វើផ្ទុយស្រឡះតែម្ដង ជាឧទាហរណ៍ដូចពួកគេក្នុងសម័យសង្គ្រាម គេប្រឌិតរឿងក្មេងប្រុសម្នាក់ឈ្មោះ ឡេ វាំង តាម (Le Van Tam) ជាវរជន ប្រើសាំងដុតបំផ្លាញ់សត្រូវជាដើម ។ រឿងវីរបុរសរបស់គេសុទ្ធជារឿងប្រឌិត ហេតុអីយួនអភិរក្សបាន ឯវីរបុរសខ្មែរជារឿងពិតហេតុអីមករារាំងខ្មែរ ។ និយាយឱ្យចំទៅទៀត ទោះបីសេនាទា ជាវីរបុរសក្ដី មិនមែនជាវីរបុរសក្ដី តែទីនោះជាទី ដែលដូនតាខ្មែរធ្លាប់គោរពបូជាដោយសន្តិភាព តាំងពីដើមរៀងមក ហើយខ្មែរក្រោមជាជនជាតិដើមថែមទៀ ។ ចំណែកវៀតណាមជាហត្ថលេខីទទួលស្គាល់ច្បាប់សិទ្ធិជនជាតិដើមដូច្នេះ វត្តអារាមក្ដី ទីសក្ការបូជាក្ដី របស់ខ្មែរក្រោម មិនអាចត្រូវរំលោភបំពានបានឡើយ ។ ផ្លូវនេះយួនធ្វើខុសទាំងស្រុង » ។

ស្រដៀងគ្នានេះដែរ លោកអាចារ្យវត្តខ្វែងបបែលខាងជើងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថាផ្នូរវីរបុរសសេនាទា ស្ថិតនៅខាងលិចវត្តខ្វែងបបែលខាងជើងប្រហែល ១០០ ម៉ែត្រ ហើយត្រូវបានអាជ្ញាធរវៀតណាម ស្ដារព្រែកលុបអាចម៍ដីពីលើ ឥឡូវផ្នូរនោះ នៅសល់តែស្លាកស្នាមតិចតួចប៉ុណ្ណោះ ។
លោកអាចារ្យវត្តដដែលបន្តទៀត ថា ចំពោះគម្រោងសាងចេតិយវីរបុរសសេនាទានេះ ចាំពេលណាមានឱកាសពួកលោកនឹងបន្តកសាងចេតិយនេះទៀត ។ សម្រាប់ពេលនេះ សូម្បីតែពុទ្ធបរិស័ទក៏មិនហ៊ានទៅបង្សុកូល នៅផ្នូរសេនាទា ដូចពីមុនទៀតទេ បន្ទាប់ពី នគរបាលខេត្តពលលាវមកគំរាម កំហែងមិនឱ្យប្រជាពលរដ្ឋខ្មែរក្រោម កសាងចេតិយវីរបុរសសេនាទាកាលពី ៨ ឆ្នាំមុននោះមក ៖ «ផ្នូរហ្នឹងឥឡូវអត់មានទៀតទេគ្រូ ពីមុនច្រើនតែពេលចូលឆ្នាំហើយ គេទៅបង្សុកូលខាងក្រោយមកក៏នៅបង្សុកូលដែរ ទើបតែប៉ុន្មានឆ្នាំនេះ ក្រោយពីលោកគ្រូនាមមាន ឲ្យពួកតាអាចារ្យនាម បារាំងរៀបចំកសាងចេតិយហ្នឹង ដល់ហើយគេឮដំណឹងហ្នឹង នគរបាលមករារាំងរហូតមក » ។

មិនខុសគ្នានឹងការលើកឡើងរបស់អ្នកមុនៗ នោះទេ បុរសខ្មែរក្រោមម្នាក់ ឈ្មោះ ថាច់ ភេន វ័យ ៦៣ ឆ្នាំ ជាអតីតព្រះធម្មាចារ្យ នៅវត្តព្រែកជ្រៅ ដែលស្ថិតមិនឆ្ងាយពីវត្តខ្វែងបបែលខាងជើងនោះ លោកអះអាងថា ក្រៅពីដឹងរឿងរ៉ាវវីរបុរសសេនាទា ពីចាស់ៗ និទានប្រាប់ លោកក៏ធ្លាប់បានអានសៀវភៅឯកសារប្រវត្តិសាស្ត្រមួយ មានចំណងជើងថា «ដាវជ័យប្រល័យទ័ពយួន» ដែលជាឯកសារចាស់បោះពុម្ព នៅកម្ពុជា ។ ឯកសារនេះ រៀបរាប់ ពីការប្រយុទ្ធប្រឆាំងតទល់នឹងទ័ពឈ្លានពានយួន ពីសំណាក់វីរបុរសខ្មែរទាំងបីរូប គឺលោក សេនាទា លោកសេនាមាន់ និងលោកសេនាសួសទៀតផង ។ អតីតព្រះធម្មាចារ្យវត្តព្រែកជ្រៅម្នាក់នេះ លើកឡើងបន្តទៀតថា សមត្ថកិច្ចវៀតណាម ខេត្តពលលាវ មិនត្រឹមតែរារាំងមិនឲ្យកសាងចេតិយប៉ុណ្ណោះទេ សមត្ថកិច្ចថែមទាំងគំរាមទារគាស់រំលើងផ្នូរវីរបុរសសេនាទាថែមទៀតផង ៖ «ផ្នូរហ្នឹងមិនបានខ្ពស់ទេ នៅរាបៗ យើងឃើញហេតុជាគោលអីចឹង នៅក្បែរគុម្ពចាក នៅក្បែរមាត់ព្រែកហ្នឹង ។ ប្រជាជនឥឡូវមិនហ៊ានទៅពូន ទៅពោរអីថែមទេ ព្រោះយួនវាគំរាមថា ចុះបើយើងថាសពកប់នៅទីហ្នឹង តែបើជីកទៅគ្មានតើយើងហ៊ានធានាថាយ៉ាងម៉េចទេ ។ ដូច្នេះប្រជាជនគាត់ខ្លាច គាត់មិនហ៊ានតវ៉ា ព្រោះតែការគោរព និងគិតថាសពអាចនឹងរេទៅតាមចលនាដី ។ ម្យ៉ាងទៀត ជីដូនម៉ែអាណាហ៊ានជីក សូម្បីតែផ្នូរធម្មតាខ្មែរមិនហ៊ានជីក មិនហ៊ានរុះរើផង ទំរាំនេះជាផ្នូរវីរបុរស គេគោរពបូជាគ្រប់គ្នា» ។
ការលើកឡើងមកនេះ ព្រោះតែអស់រយៈពេលជាច្រើនឆ្នាំមកហើយ សាធារណជន មិនឃើញមានពលរដ្ឋខ្មែរក្រោម នៅម្ដុំទីរួមខេត្តពលលាវ ទៅបង្សុកូលផ្នូរវីរបុរសសេនាទា នាឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យសែនដូនតា ដូចមុនៗ ទៀត ។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) លោក ចៅ សេរី លើកឡើងថា ការដែលអាជ្ញាធរវៀតណាមរារាំង ហើយថែមទាំងចោទប្រកាន់ថា ខ្មែរក្រោមប្រឌិតរឿងដូច្នេះ ព្រោះវៀតណាមខ្លាច សាធារណជនកាន់តែដឹងច្បាស់ថែមទៀត អំពីប្រវត្តិកម្ពុជាក្រោម ។
អនុប្រធានប្រតិបត្តិ (KKF) លើកឡើងបន្តទៀតថា កុំថាឡើយផ្នូរ សេនាទា នៅខេត្តពលលាវនេះ ឬផ្នូរនាងចាន់ នៅខេត្តឃ្លាំង ឬក៏ដើមឈើទាល ឧកញ៉ា សឺន គុយ នៅខេត្តព្រះត្រពាំង រួម និងមត៌កវប្បធម៌ប្រវត្តិសាស្ត្ររបស់ខ្មែរក្រោម នៅទីដទៃក៏ដោយ ខ្មែរក្រោមមានសិទ្ធិថែរក្សា និងគោរពបូជា ព្រោះវាជាសិទ្ធិរបស់មនុស្សជាតិ ពិសេសខ្មែរក្រោមជាជនជាតិដើមនៃកម្ពុជាក្រោម ថែមទៀត ។ ហើយរដ្ឋមានកាតព្វកិច្ច ការពារពលរដ្ឋ មិនមែនបិទ ឬរារាំងនោះទេ ។ អាជ្ញាធរវៀតណាម ធ្វើនេះ វាខុសនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនផង ហើយ និងខុសចំពោះកតិកាសញ្ញានានារបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ដែលវៀតណាម ជាហត្ថលេខីទៀតផង ៖ «ច្បាប់នានា របស់អង្គការសហប្រជាជាតិ មានកតិកាសញ្ញាស្ដីសិទ្ធិ នយោបាយ និងសិទ្ធិពលរដ្ឋ ត្រង់មាត្រាទី ១៨ កថាខណ្ឌទី ១ ទី ២ ដែលវៀតណាម បានស៊ីញេទទួលស្គាល់តាំងពីឆ្នាំ ១៩៨២ ម្ល៉េះ និងសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម ត្រង់មាត្រាទី ១២ ។ រដ្ឋាភិបាលវៀតណាម ទទួលស្គាល់នូវសិទ្ធិទាំងនេះ អីចឹង បើទោះបីជាជំនឿណាមួយរបស់ជនជាតិដើមភាគតិចវាផ្ទុយពីជំនឿរបស់យួន ដែលអាជ្ញាធរវៀតណាម មិនពេញចិត្តក៏ដោយ តែឲ្យតែជំនឿនោះ មិនប៉ះពាល់ ដល់ផល់ប្រយោជន៍សាធារណៈនោះ អាជ្ញាធរវៀតណាម ត្រូវតែគាំពារ ព្រោះជាជំនឿក្នុងសហគមន៍គេ» ។
យោងតាមសៀវភៅ រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម ចងក្រងដោយលោក ទៀ ថេន បច្ចុប្បន្នលោកជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោមរស់នៅប្រទេសអូស្ត្រាលី ដែលបោះពុម្ពនៅ ឆ្នាំ ២០០៥ រៀបរាប់ថា លោកសេនាទារស់នៅខេត្តទ្រាំងត្រើយខាងជើង នៅឆ្នាំ ១៨៤៦ ដោយឃើញការទន្ទ្រានឈ្លានពានរបស់អាណានិគមវៀតណាម មកលើដែនដីកម្ពុជាក្រោមកាន់តែខ្លាំងឡើង ហើយពេលនោះ លោកចៅហ្វាយខេត្តឃ្លាំង នាម សុខ ត្រូវបានកម្លាំងឈ្លានពានវៀតណាម លោមព័ទ្ធទៀត ។ លោក សេនាទា បានមកកាន់ស្រុកព្រែកត្រកគួន ខេត្តឃ្លាំង ដែលវៀតណាម ប្ដូរឈ្មោះថ្មី សុក ត្រាំង (Soc Trang) ប្រមូលកម្លាំងអ្នកស្ម័គ្រចិត្តទៅច្បាំង រំដោះលោក ចៅហ្វាយខេត្តឃ្លាំង តែទ័ពលោក សេនា ទា ត្រូវបរាជ័យ ដោយទ័ពសត្រូវមានកម្លាំងជំនួយច្រើន ។
វីរបុរសសេនាទាស្លាប់ នៅឆ្នាំ ១៨៤៩ នៅសមរភូមិស្ទាក់វាយប្រហារមួយ ដោយកម្លាំងសត្រូវ ក្នុងពេលលោកទៅប្រមូលកម្លាំង នៅពាមព្រែកទឹកសាប និង ព្រែកពលលាវ ។ សពរបស់វីរបុរសេនាទា ត្រូវបាននាំយកទៅបញ្ចុះ នៅភូមិខ្វែងបបែល សព្វថ្ងៃផ្នូររបស់ស្ថិតនៅខាងលិចវត្តខ្វែងបបែលខាងជើង ស្រុកពុតធ្លេ ខេត្តពលលាវ ៕