ពលរដ្ឋខ្មែរក្រោម ដែលធ្វើការនៅទីក្រុងធំៗ ក្នុងប្រទេសវៀតណាម ស្នើសុំឈប់សម្រាកក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ
ដោយ គឹម សាវតា
បើទោះបីជាពលរដ្ឋខ្មែរក្រោម ដែលរស់ និង ធ្វើការក្រោមច្បាប់ការងាររបស់រដ្ឋាភិបាលវៀតណាមក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម មិនអាចខកខានក្នុងការចូលរួម ពិធីបុណ្យតាមប្រពៃណីរបស់ខ្មែរនោះទេ ។ ជាក់ស្ដែងតំណាង ប្រជាពលរដ្ឋខ្មែរ ក្រោម ប្រមាណ ៨០ នាក់ នៅថ្ងៃទី ៥ ខែមករានេះ បានដាក់លិខិតសំណូមពរមួយទៅថ្នាក់ដឹកនាំវៀតណាម ដើម្បីបានឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក ។

យុវជនខ្មែរក្រោម តំណាងឲ្យប្រជាពលរដ្ឋ នៅដែនដីសណ្ដទន្លេមេគង្គប្រមាណ ៨០ នាក់ បាននាំគ្នាចុះហត្ថលេខាលើ លិខិតមួយ ដើម្បីដាក់ទៅប្រធានរដ្ឋ ប្រធានសភា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្នើសុំឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលរយៈពេល ៦ ថ្ងៃ គឺក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ និងពិធីបុណ្យសែនដូនតារយៈពេល ៣ ថ្ងៃ ។
ក្នុងលិខិតសំណូមពរ ដែលមានហត្ថលេខាពលរដ្ឋខ្មែរក្រោមប្រមាណ ៨០ នាក់នេះ បានឲ្យដឹងថា ដោយសារតែកត្ដាជីវភាព ធ្វើឲ្យពលរដ្ឋខ្មែរក្រោមភាគច្រើន បានចាកចេញពីស្រុកកំណើតទៅធ្វើការឆ្ងាយ មិនបានចូលរូមក្នុងពិធីបែបសាសនាជនជាតិដើមសំខាន់ៗ ក្នុងនោះក៏មានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ។
លិខិតបន្តថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃ ១៥ ខែមេសា និងពិធីសែនដូនតារយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា ។
លោក យឿង ខាយ តំណាងពលរដ្ឋខ្មែរក្រោមមួយរូប បានឲ្យសំឡេងកម្ពុជាក្រោម ដឹងថា ពិធីបុណ្យបែបប្រពៃណី និង សាសនាសំខាន់របស់ខ្មែរក្រោម មានដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យសែនដូនតា និងបុណ្យអុំទូក ប៉ុន្តែភាគច្រើនប្រជាពលរដ្ឋខ្មែរក្រោម មិនបានឈប់សម្រាក ដើម្បីទៅប្រារព្វបុណ្យទាំងនោះទេ ដូចនេះ ទើបលោក និងប្រជាពលរដ្ឋខ្មែរក្រោមផ្សេងទៀត ស្នើសុំឲ្យបានឈប់ពិធីបុណ្យសំខានៗ ចំនួន ២ គឺ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យសែនដូនតានេះ ។
លោក យឿង ខាយ «គេមិនឲ្យឈប់ទេ និយាយរួមគឺបុណ្យដូនតា បុណ្យចូលឆ្នាំ បុណ្យអុំទូកអី បើយើងចង់ឈប់ចឹងគឺយើងសុំច្បាប់គេ ប៉ុន្តែយើងសុំច្បាប់គេឈប់ហ្នឹង គេកំណត់ឲ្យយើង២ថ្ងៃ ឬមួយ៣ថ្ងៃ បើយើងឈប់លើសហ្នឹង ក្រុមហ៊ុនហ្នឹងគេដេញយើងចោលការងារបង។»
បើតាមលោក យឿង ខាង ក្នុងមួយឆ្នាំ រដ្ឋាភិបាលវៀតណាមឲ្យឈប់សម្រាកទូទាំងប្រទេសតែម្តងប៉ុណ្ណោះ គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម គឺមានរយៈពេលយ៉ាងតិច ៥ ថ្ងៃ ។
ទោះជាយ៉ាងនារហូតដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីភាគីវៀតណាម យ៉ាងណានៅឡើយទេ ចំពោះការស្នើសុំឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ និងពិធីសែនដូនតារយៈពេល៣ថ្ងៃនេះ នៅឡើយទេ ។
គួរជម្រាបជូនថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ យុវជនខ្មែរក្រោមឈ្មោះ ថាច់ កឿង ក៏បានធ្វើជាតំណាងឲ្យពលករខ្មែរក្រោម ដែលធ្វើការ នៅទីក្រុងធំៗ ដូចជា ទីក្រុងព្រៃនគរ ខេត្តទួលតាមោក និងខេត្តចង្វាត្រពាំង ដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឲ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម អនុញ្ញាតឲ្យខ្មែរក្រោម ដែលធ្វើការងារនៅតាមទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតា ជាដើម ៕