ខ្មែរក្រោម​ ​ប្រតិកម្ម​ ​នឹង​រដ្ឋាភិបាល​វៀតណាម​ ​ឲ្យ​ព្រះសង្ឃ​យួន​ទទួលស្គាល់​ខ្មែរក្រោម​ ​ជា​អ្នកកាន់ពុទ្ធសាសនា​ ​ដើម្បី​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​វៀតណាម​

0 352

ដោយ ស៊ឺន ចែងចើន

គណៈ​អ​ចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សង្ឃា​ភិ​បាល​មជ្ឈិម​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ ​បាន​ចេញ​សេចក្តីជូនដំណឹង​ ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ ​នៅ​តាម​ខេត្ត​ ​និង​ក្រុង​ ស្តីពី​នីតិវិធី​បំពេញទម្រង់​បែបបទ​ ​សុំ​​ចុះ​ឈ្មោះ​ជា​ពុទ្ធសាសនិកជន​ ​ដើម្បី​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​វៀតណាម​ ​គំរូ​ថ្មី​ ​។​ ​ការ​ជូនដំណឹង​របស់​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ ​របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​ ​មក​លើ​ពុទ្ធសាសនា​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​នេះ​ ​ធ្វើឡើង​ ​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មីនា​ ​ស្រប​ពេល​ដែល​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​នគរបាល​វៀតណាម​ (​អតីត​ក្រសួងមហាផ្ទៃ​) ​ដាក់​ចេញ​នូវ​ផែនការ​ស្តីពី​យុទ្ធនាការ​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ថ្មី​ ​នៅ​គ្រប់​ខេត្ត​/​ក្រុង​ ​ទូទាំង​ប្រទេស​វៀតណាម​ ។ ខណៈនៅ​ពេល​​ថ្មីៗ​ ​នេះ​ដែរ​ ​ស្ថាប័ន​មួយ​នេះ​ ​ក៏​ទើប​តែ​បើក​សម្ពោធ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ជាតិ​ ​ស្ដីពី​ចំនួន​ប្រជាជន​ ​និង​គម្រោង​ការណ៍​ផលិត​ ​ផ្ដល់​ ​និង​គ្រប់គ្រង​អត្តសញ្ញាណ​ប​ណ្ណ​ពលរដ្ឋ​ ​។​ ​ចំណែក​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​លើកឡើង​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​កំពុងតែ​រំលោភបំពាន​សិទ្ធិ​សេរីភាព​នៃ​ជំនឿ​ ​និង​ការប្រតិបត្តិ​សាសនា​របស់​ពួកគេ​ ​និង​ថ្កោលទោស​ ​ចំពោះ​ការ​ជ្រៀង​ជ្រែក​ចូល​កិច្ចការ​ជំនឿ​សាសនា​របស់​អ្នកដទៃ​ ​។​

អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាមគំរូថ្មី បំពាក់ភ្ជាប់នូវបន្ទះឈីប (Chip) អេឡិចត្រូនិច ។ រូបៈ Internet
អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាមគំរូថ្មី បំពាក់ភ្ជាប់នូវបន្ទះឈីប (Chip) អេឡិចត្រូនិច ។ រូបៈ Internet

ពលរដ្ឋ​ខ្មែ​ក្រោម​ ​សម្តែង​ការ​ហួសចិត្ត​ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម​ ​ដែល​ជា​អង្គ​ការចាត់តាំង​នយោបាយ​របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​គ្រប់គ្រង​មក​លើ​ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ឲ្យ​ឋិតនៅ​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​នោះ​ ​បាន​ចេញ​សេចក្តីប្រកាស​មួយ​ ​ដោយ​បង្គាប់​ឲ្យ​មេដឹកនាំ​ស្ថាប័ន​សាសនា​ ​និង​អង្គការ​សាសនា​នានា​ ​នៅ​តាម​ខេត្ត​/​ក្រុង​ ​ទូទាំង​ប្រទេស​ ​ណែនាំ​ ​និង​ផ្សព្វផ្សាយ​ ​ដល់​មហាជន​ ​ជា​ពុទ្ធបរិស័ទ​ទាំងអស់​ ​នូវ​ខ្លឹមសារ​នៃ​លិខិត​សុំ​ចុះឈ្មោះ​ ​ដើម្បី​ទទួល​បាន​លក្ខណៈ​សម្បត្តិ​ជា​ពុទ្ធសាសនិក​ ​។​ ​ការ​ភ្ញាក់ផ្អើល​បែប​នេះ​ ​ដោយសារតែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​អ្នក​កាន់ព្រះពុទ្ធសាសនា​ថេរវាទ​ ​និង​ជាង​ ​៩​០​% ​នៃ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ជា​ពុទ្ធសាសនិក​ ​ហើយ​មាន​វត្ត​ព្រះពុទ្ធសាសនា​ចំនួន​ ​៤​៦​១​ ​វត្ត​ ​និង​មាន​ព្រះសង្ឃ​ជិត​ ​៩​ ​ពាន់​ (​៨​.​៧​៥​០​) ​អង្គ​ ​បើ​គិត​ត្រឹម​ឆ្នាំ​ ​២​០​១​៤​ ​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ​ដែល​ចុះហត្ថលេខា​ដោយ​ព្រះសង្ឃ​ពុទ្ធសាសនា​មហាយាន​យួន​ ធិ​ត​ ឌឹ​ក ​ទៀន​ (​T​h​íc​h​ Đức ​T​h​i​ện) ​ជា​អនុប្រធាន​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សង្ឃា​ភិ​បាល​មជ្ឈិម​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ ​បាន​សរសេរ​នៅ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា​ ​«​ក្រសួង​នគរបាល​ ​កំពុង​ជំរុញ​ឲ្យ​នគរ​បាល​ ​នៅ​គ្រប់​ខេត្ត​ ​និង​ក្រុង​ ​ពន្លឿន​ការ​ប្តូរ​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ចាស់​ ​និង​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ថ្មី​ ​ដោយ​បំពាក់​ភ្ជាប់​នូវ​បន្ទះ​ឈី​ប​ (​Chip​) អេ​ឡិច​ត្រូនិ​ច​ ​។​ ​ដូច្នេះ​ហើយ​ ​ទើប​នៅ​ពេល​ថ្មីៗ​ ​នេះ​ ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សង្ឃា​ភិ​បាល​មជ្ឈិម​ ​បាន​ទទួល​ពាក្យបណ្តឹង​ ​និង​សំណើ​ ​ពី​ក្រុមប្រឹក្សា​ភិ​បាល​ខេត្ត​/​ក្រុង​ ​អំពី​ករណី​ពុទ្ធសាសនិក​មួយ​ចំនួន​ ​ដែល​បាន​ទៅបំពេញ​ពាក្យ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ តែ​នូវ​ត្រង់​ចំណុច​លេខ ៧. សាសនា​ នៃទម្រង់បែបបទបំពេញពាក្យសុំ ដោយ​ដាក់ពាក្យ​ថា​ ​«​ព្រះពុទ្ធសាសនា​» ​ប៉ុន្តែ​ ​ត្រូវ​បាន​បដិសេធ​ ​ដោយ​ម​ន្រ្តី​ទទួលបន្ទុក​អត្តសញ្ញាណកម្ម​ទៅវិញ​»។​

តាមន័យ​ដើម​នៃ​លិខិត​ប្រកាស​នេះ​ ​បន្ថែម​ទៀត​ថា​ ​«​អំពី​បញ្ហា​នេះ​ ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សង្ឃា​ភិ​បាល​ ​បាន​ស្នើ​ដល់​ ​គណៈ​ចង្អុល​ការ​ទទួលបន្ទុក​ពុទ្ធសាសនិក​មជ្ឈិម​ ​ក្រុមប្រឹក្សា​សង្ឃា​ភិ​បាល​ ​នៃ​​ខេត្ត​ ​និង​ក្រុង​នានា​ ​អនុវត្ត​ការងារ ដោយ​ផ្សព្វផ្សាយ​ជាបន្ទាន់​ ​ដល់​ព្រះ​ចៅអធិការ​វត្ត​ ​នៅ​តាម​វត្តអារាម​នានា​ ​ឲ្យធ្វើ​ការណែនាំ​ពុទ្ធបរិស័ទ​ ​ពេល​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ថ្មី​ ​ត្រូវ​នាំ​យក​វិញ្ញាបនប័ត្រ​ ​បញ្ជាក់​ថា​ ​ខ្លួន​ជា​ពុទ្ធសាសនិក​» ​។​

សេចក្តីជូនដំណឹងរបស់គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ។ រូបៈ phatgiao.org.vn
សេចក្តីជូនដំណឹងរបស់គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ។ រូបៈ phatgiao.org.vn

ទាក់ទង​ ​នឹង​បញ្ហា​នេះ​ ​ព្រះសង្ឃ​ខ្មែរក្រោម​មួយព្រះ​អង្គ​ ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​នៅ​ថ្ងៃ​ទី​ ​១​៩​ ​មីនា​ ​ថា​ ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ស្ទើរ​ ​៩​០​% ​គឺជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ​តាំងពី​ដើម​រៀងមក​រហូតដល់​សព្វថ្ងៃ​ ​។​ ​ព្រះអង្គ​ថា​ ​ជាទូទៅ​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន​ ​គោរព​ប្រតិបត្តិ​ព្រះសង្ឃ​ ​ដែល​ជា​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា​ ​តាម​ជំនឿ​ ​និង​ទំនៀមទម្លាប់​ត​ៗ​ ​គ្នា​ពី​ដូនតា​មក​ ​ដោយ​ពួកគេ​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង​ ​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​។​ ​ប្រ​ការសំខាន់​មួយទៀត​នោះ​ ​ព្រះអង្គ​លើកឡើង​ថា​ ​ការគោរព​ព្រះពុទ្ធសាសនា​របស់​ខ្មែរក្រោម​ ​ជាច្រើន​ជំនាន់​មក​ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងឡាយ​ ​នៅ​ទូទាំង​សាកលលោក​ ​ដែល​មាន​ពុទ្ធបរិស័ទ​ ​ជា​អ្នក​កាន់ព្រះពុទ្ធសាសនា​​ ​មិនដែល​ឃើញ​ប្រទេស​ទាំងនោះ​ ​តម្រូវ​ឲ្យ​ពុទ្ធបរិស័ទ​ ​ឬ​ពុទ្ធ​មា​មិ​ក​ជន​ ​ត្រូវ​មាន​វិញ្ញា​បន​ប​ត្រ​ទទួលស្គាល់​ថា​ ​ជា​ពុទ្ធសាសនិក​ ​នោះ​ឡើយ​ ​។​ ​ព្រះអង្គ​បញ្ជាក់​ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​ឃើញ​ប្រទេស​ប្រកាន់​របប​កុម្មុយនិស្ត​វៀតណាម​ ​អនុវត្ត​បែប​នេះ​ ​។​

ព្រះតេជព្រះគុណ ដែលសុំមិនបញ្ចេញព្រះនាមដដែល ​មានបន្ទូលបន្ថែម ដោយ​សង្កត់ធ្ងន់​ថា​ ​៖​

ស្រដៀងគ្នា​នេះ​ដែរ​ ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ផ្សេងទៀត​ ​គង់នៅ​វត្ត​ពោធិ​ភិរម្យ​រង្សី​ (​ចុង​បឹង​) ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ព្រះតេជព្រះគុណ​ ​ថា​ច់ ​ច័ន្ទ​តារា​ ​មើលឃើញ​ថា​ ​ការ​ទាមទារ​របស់​អាជ្ញាធរ​វៀតណាម​ ​ដោយ​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​វិញ្ញា​បន​ប​ត្រ​ជា​ពុទ្ធសាសនិក​នោះ​ ​គឺជា​ការ​ប្រើ​ល្បិច​ ​ដើម្បី​បន្សាប​ព្រះពុទ្ធសាសនា​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​​ឲ្យ​​ដើរ​ថយ​ក្រោយ ។ ប្រការដ៏សំខាន់មួយទៀត គឺ​អាជ្ញាធរចង់បង្ក​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ផ្នែក​ឯកសារ​កាន់តែ​ខ្លាំង​ ​ដល់​ព្រះ​ចៅអធិការ​នៃ​វត្តនី​មួយៗ​ ​ដោយសារ​មិនបាន​កំណត់​ទម្រង់​បំពេញ​បែបបទ​ ឬរៀបចំលិខិតរដ្ឋបាល ស្នើសុំ​បញ្ជាក់​វិញ្ញា​បន​ប​ត្រ​ជា​ពុទ្ធសាសនិក​ឡើយ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ព្រះតេជព្រះគុណ​ ​ថា​ច់ ​ច័ន្ទ​តារា​ ​បា​លើកឡើង​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​ចេញ​គោលការណ៍​ថ្មី​នេះ​ ​គឺ​មាន​គោលបំណង​ចង់​ស្រង់​ស្ថិតិ​ ​ថា​ ​តើ​ពលរដ្ឋ​ក​ខ្មែរក្រោម​កាន់ព្រះពុទ្ធសាសនា​មាន​ចំនួន​​ប៉ុន្មាន​ភាគរយ​ ​នៅ​ទូទាំង​កម្ពុជាក្រោម​ ​ដើម្បី​យកទៅ​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ដឹងថា​ ​ចំនួន​នេះ​ ​គឺ​តិចតួច​ណាស់​ ​បើ​ធៀប​ទៅ​នឹង​ចំនួននៃការ​​ជំនឿ​សាសនា​ផ្សេងទៀត​ ​ដែល​ប្រជាពលរដ្ឋ​នៃ​បណ្តា​ជនជាតិ​ ​ក្នុង​ប្រទេស​វៀតណាម​ ​គោរព​ ​និង​ប្រតិបត្តិ​ ​។​ ​ជាពិសេស​រដ្ឋាភិបាល​វៀតណាម ​ ​ដឹង​ច្បាស់​ណាស់​ ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​នឹង​មិនទៅ​ចុះឈ្មោះ​ ​ដើម្បី​ទទួល​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ថា​ ​ពុទ្ធសាសនិក​ ​នោះ​ទេ​ ​ដោយសារ​ពួកគេ​ដឹងខ្លួន​ឯង​យ៉ាង​ច្បាស់​ថា​ ​ជា​អ្នក​គោរព​បូជា​តាម​ជំនឿ​ជឿជាក់​ ចំពោះ​ព្រះពុទ្ធសាសនា​ ​ហើយ​នាំគ្នា​គោរព​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ ​អស់​កាល​ជាយូរមកហើយ​ ​។​​

សារ​ព័ត៌មាន​វៀតណាម​ ​V​N ​Express​ ​បាន​រាយការណ៍​ថា​ ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​នគរបាល​វៀតណាម​ ​បាន​ដាក់​ដំណើរការ​សេវា​ផ្ដល់​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ថ្មី​បែប​អេ​ឡិច​ត្រូនិ​ក​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​១​ ​ដល់​ថ្ងៃ​ទី​ ​១​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ក្រសួង​នេះ​ ​បាន​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ​ទទួលបន្ទុក​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​វៀតណាម​ ​រួម​មាន​ប៉ុស្តិ៍​នគរបាល​ឃុំ​/​សង្កាត់​/​ស្រុក​/​ខណ្ឌ​/​ក្រុង​ ​ដែល​ពលរដ្ឋ​រស់នៅ​ ​និង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ ​ឲ្យ​មក​បំពេញ​បែបបទ​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ ​ដោយ​ជួយ​សម្របសម្រួល​ដោះស្រាយបញ្ហា​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ ​ឲ្យបាន​ឆាប់រហ័ស​ ​។​ ​ក្រសួង​ដដែល​នេះ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ទាំងអស់​ ​ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ចាស់​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​គ្រប់​អាយុ​ ​១​៤​ ​ឆ្នាំ​ឡើង​ ​ដែល​ពុំទាន់​មាន​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ថ្មី​ ​មក​ធ្វើឲ្យ​បាន​គ្រប់​ៗ​ ​គ្នា​ ​។​

ពាក្យសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាម គំរូថ្មី របស់ពុទ្ធសាសនិកជនជាតិយួនម្នាក់ ដោយសារតែគ្មាន «វិញ្ញាបនប័ត្រពុទ្ធសាសនិក» ត្រូវនគរបាលលុបចេញ ដោយដាក់ថា សាសនា «គ្មាន» ។ រូបៈ Giác Ngộ
ពាក្យសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាម គំរូថ្មី របស់ពុទ្ធសាសនិកជនជាតិយួនម្នាក់ ដោយសារតែគ្មាន «វិញ្ញាបនប័ត្រពុទ្ធសាសនិក» ត្រូវនគរបាលលុបចេញ ដោយដាក់ថា សាសនា «គ្មាន» ។ រូបៈ Giác Ngộ

គួរ​បញ្ជាក់​ជូន​ថា​ ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ដំបូង​របស់​ប្រទេស​វៀតណាម​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​១​៩​៥​៧​ ​និង​ត្រូវ​បាន​ផ្លាស់ប្តូរ​ជាបន្តបន្ទាប់​ចំនួន​ ​៦​ ​លើករួច​មក​ហើយ​ ​។​ ​ជា​ការគួរ​ឲ្យ​កត់​សម្គាល់​ ​អត្តសញ្ញាណ​ប​ណ្ណ​វៀតណាម ​គំរូ​ចាស់​ ​ដែល​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ​១​៩​៥​៧​, ​១​៩​៦​៤​, ​១​៩​៧​៦​ ​និង​ ​១​៩​៩​៩​ ​នៅ​ផ្នែក​ខាងក្រោយ​ ​សុទ្ធតែ​បង្ហាញ​នូវព័ត៌មាន​ ​អំពី​ជនជាតិ​ ​និង​សាសនា​ ​។​ ​ប៉ុន្តែ​ ​ចាប់ពី​ឆ្នាំ​ ​២​០​១​២​, ​២​០​១​៦​ ​និង​ចុងក្រោយ​ ​នៅ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​រដ្ឋាភិបាល​វៀតណាម​ ​មិនបាន​ដាក់បញ្ចូល​ព័ត៌មាន​ ​អំពី​ជនជាតិ​ ​និង​សាសនា​ ​ទៀត​នោះ​ឡើយ​ ​។​ ​យ៉ាងនេះ​ក្តី​ ​ទម្រង់​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​វៀតណាម​ ​គំរូ​ថ្មី​ ​ត្រង់​ចំណុច​ផ្នែក​ ​«​ជនជាតិ​»​ ​និង​ ​«​សាសនា​»​ ​បែរជា​អាជ្ញាធរ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ ​ចាំបាច់​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯក​សារសំខាន់​ៗ​ ​ដូចជា​ ​លិខិត​បញ្ជាក់​ថា​ ​«​ជន​ជាតិ​»​ ​លិខិត​បញ្ជាក់​ពី​ការ​ទទួលស្គាល់​ជំនឿ​ «សាសនា» (សម្រាប់តែពុទ្ធសាសនិកជន)​ ​ដែល​ចេញ​ដោយ​អាជ្ញា​មានសមត្ថកិច្ច​ ​។​ ​ខណៈ​អត្តសញ្ញាណ​ប​ណ្ណ​គំរូ​ចាស់​ ​តម្រូវ​ឲ្យ​សាមីខ្លួន​ភ្ជាប់​មក​ជាមួយ​តែ​សំបុត្រកំណើត​ ​ឫ​សំបុត្របញ្ជាក់​កំណើត​ ​និង​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់​នៅ​ ​ឬ​លិខិត​បញ្ជាក់​ទីលំនៅ​ប៉ុណ្ណោះ​ ​។​

ត្រង់​ចំណុច​នេះ​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​ទាំងពីរ​ព្រះអង្គ​ខាងលើ​ ​បាន​លើក​ជា​ច​ម្ងល់​ប្រហាក់ប្រហែល​គ្នា​ថា​ ​ហេតុអ្វី​ ​សាសនិក​ដទៃទៀត​ ​ដូចជា​ ​សាសនា​គ្រីស្ទ ​សាសនា​បា​ហៃ​ ​សាសនា​កៅ​ដាយ​ ​និកាយ​កាតូលិក​ ​ប្រូ​តេ​ស្ដង់​ ​និង​សាសនា​មហាយាន​ ​ដូចជា​ ​ម៉ី​ឡឹ​ក​ ខុ​ង​ម៉ី​ង​ ​ព្រះនាង​គង់​ស៊ី​អ៊ី​ម​ ​ជាដើម​ ​អាជ្ញាធរ​វៀតណាម​ ​មិន​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ជា​សាសនិក​ ​នោះ​ឡើយ​ ​។​

វិញ្ញាបនប័ត្របញ្ជាក់ «ពុទ្ធសាសនិក» ចេញដោយសមាគមពុទ្ធសាសនាវៀតណាម ។ រូបៈ Internet
វិញ្ញាបនប័ត្របញ្ជាក់ «ពុទ្ធសាសនិក» ចេញដោយសមាគមពុទ្ធសាសនាវៀតណាម ។ រូបៈ Internet

នៅ​ពេល​សួរ​ថា​ ​តើ​បញ្ហា​នេះ​ ​អាច​ជា​ការ​យកលេស​របស់​រដ្ឋាភិបាល​វៀតណាម​ ​ក្នុង​ការ​ព្យាយាម​លុបបំបាត់​សេរីភាព​ជំនឿ​សាសនា​ ​និង​បង្ខំឲ្យ​ខ្មែរក្រោម​បោះបង់​ចោល​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ​ដែរ​ឬទេ​? ​។​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​ទាំងពីរ​ព្រះអង្គ​ពន្យល់​ ​ពី​ការ​ទទួលរង​ផល​ប៉ះពាល់​ខាង​ការគោរព​សេរីភាព​ជំនឿ​សាសនា​ប​ស់​ពលរដ្ឋ​ខ្មែរក្រោម​ ​៖​ ​

ព្រះសង្ឃខ្មែរក្រោម សុំ​លាក់​ព្រះនាម លើកឡើងថា៖

ចំណែក ព្រះតេជព្រះគុណ ថាច់ ច័ន្ទតារា មានបន្ទូលថា ៖

ក្រឡេក​មក​មើល​ ​នយោបាយ​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម​ ​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​ជនជាតិ​យួន​ ​មក​លើ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​វិញ​ ​។​ ​បើ​តាម​​របាយការណ៍​របស់​សមាគម​នេះ​ ​បង្ហាញ​ថា​ ​ក្នុងរយៈពេល​ជិត​ ​២​ ​ទសវត្សរ៍​មកនេះ​ ​ពួកគេ​​បាន​ទទួលជោគជ័យ​លើ​ផែនការ​ជាច្រើន​ ​ដែល​ខ្លួន​បាន​អនុវត្ត​ ​ចំពោះ​ស្ថាប័ន​ពុទ្ធសាសនា​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​ដូចជា​ ​បាន​សម្រេច​ ​១​០​០​% ​ក្នុង​ការ​បង្ខំឲ្យ​វត្ត​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​ប្រើ​ត្រាវ​ត្ត​ជា​អក្សរ​យួន​ ​ការ​លូកដៃ​ចូល​តែងតាំង​ចៅអធិការ​ ​និង​គណៈកម្មការ​នៅ​តាម​វត្ត​ខ្មែរ​នីមួយៗ​ ​និង​ធ្វើ​ឆាយា​ជា​អក្សរ​យួន​ផ្ដល់​ជូន​ព្រះសង្ឃ​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​ជាដើម​ ​។​ ​នេះ​ជា​នយោបាយ​សមាហរណ​កម្ម​ ​ឬ​ ​យួន​ឧប​នេយ្យ​កម្ម​ ​របស់​រដ្ឋាភិបាល​យួន​ ​ធ្វើឲ្យ​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជាក្រោម​ ​ក្លាយ​ជា​យួន​បន្តិច​ម្ដងៗ​ ​។​ ​ទង្វើ​ទាំងនេះ​ ​ជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​យ៉ាង​គឃ្លើន​ ​ដែល​ប្រទេស​វៀតណាម​ ​ជា​ហត្ថលេខី​មួយ​ ​បាន​ចុះហត្ថលេខា​សន្យា​ថា​ ​នឹង​គោរព​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​។​

​ចំពោះ​ ​ការ​ជ្រៀង​ជ្រែក​ចូល​កិច្ចការ​ជំនឿ​សាសនា​របស់​ខ្មែរក្រោម ពី​សំ​ណាក់សមាគម​ពុទ្ធសាសនា​​ វៀតណាម ​ខាងលើ​នេះ​ ​បើ​យោងទៅតាម​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​ដែល​ប្រទេស​វៀតណាម​ ​បាន​ចុះហត្ថលេខា​គាំទ្រ​ ​កាលពី​ឆ្នាំ​ ​២​០​០​៧​ ​ឃើញ​ថា​ ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​និង​សមាគម​ពុទ្ធសាសនា​វៀតណាម​ ​បាន​រំលោភ​ ​បំពាន​លើ​ចំណុច​ទី​ ​១​ ​នៃ​ ​មាត្រា​ទី​ ​១​១​ ​។​ ​ចំណុច​ទី​ ​១​ ​នៃ​ ​មាត្រា​ទី​ ​១​១​ ​របស់​សេចក្ដីប្រកាស​នេះ​ ​បាន​ចែង​ថា​៖​ ​«​ជនជាតិ​ដើម​មាន​សិទ្ធិ​ប្រតិបត្តិ​ ​និង​ធ្វើឲ្យ​រស់​ឡើងវិញ​ ​នូវ​ប្រពៃណី​ទំនៀប​ទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន​ ​។​ ​សិទ្ធិ​នេះ​ ​រួម​មាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែរក្សា​ ​ការពារ​ ​និង​អភិវឌ្ឍន៍​អ្វី​ ​ដែល​បង្ហាញ​ ​អំពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​ ​ដែល​មាន​ពី​អតីតកាល​ ​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដូចជា​បូរាណ​វិទ្យា​ ​ស្ថានីយ​ប្រវត្តិសាស្ត្រ​ ​បូរាណ​វត្ថុ​ ​រចនា​ប​ទ្ម ​ពិធីបុណ្យ​ ​បច្ចេកវិទ្យា​ សិល្បៈ ​ទ​ស្សនិ​យ​ភាព​ ​ការ​សម្ដែង​សិល្បៈ ​និង​ ​អក្សរសាស្ត្រ​» ​។​

​ចំណែក​មាត្រា​ទី​ ​៤​ ​នៃ​ ​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​ស្ដីពី​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​។​ ​មាត្រា​នេះ​ ​បាន​ចែង​ថា​៖​ ​«​ជនជាតិ​ដើម​ ​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន​ ​មាន​សិទ្ធិ​គ្រប់គ្រង​ដោយខ្លួនឯង​ ​ឬ​ ​ដោយ​ស្វ័យភាព​ ​លើ​បញ្ហា​ទាំងឡាយ​ ​ដែល​ទាក់ទង​ដល់​បញ្ហា​ផ្ទៃក្នុង​ ​និង​កិច្ចការ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ ​ព្រមទាំង​វិធីសាស្ត្រ​ ​និង​មធ្យោបាយ​ផ្សេងៗ​ ​សម្រាប់​ផ្ដល់​ហេរ​ញ្ញ​វត្ថុ​ ​ដល់​ដំណើរ​ស្វ័យភាព​របស់​ខ្លួន​»។​

​យោង​តាម​មាត្រា​ទាំងពីរ​នៃ​សេចក្ដីប្រកាស​នេះ​ ​ឃើញ​ថា​ ​សមាគម​ពុទ្ធសាសនា​វៀតណាម​ ​កំពុងតែ​រំលោភបំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​យ៉ាង​អយុត្តិធម៌​ ​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ​ ​៕​

Leave A Reply

Your email address will not be published.