ខ្មែរក្រោម​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ចូលរួម​ប្រណាំង​ទូកង​

85

ដោយ យាង សុជាមេត្តា|វិទ្យុអាស៊ីសេរី

ក្នុងព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ខ្មែរក្រោមបានត្រៀមលក្ខណៈជាស្រេច ដើម្បីចូលរួម ក្នុងការប្រកួតទូកងជាមួយទូកងមកពីតាមបណ្ដាខេត្តនានា។ អ្នកគ្រប់គ្រងទូកងខ្មែរកម្ពុជាក្រោម លើកឡើងថា បើការប្រកួតទទួលបានជ័យជំនះ វាជាមោទនភាពរបស់ខ្មែរក្រោម តែបើមិនបានជយលាភីទេ វាក៏ជាការរួមចំណែកថែរក្សា ពិធីបុណ្យប្រពៃណីខ្មែរមួយនេះដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃមិត្តសមាគមខ្មែរកម្ពុជា លោក តាំង សារៈ ថ្លែងក្នុងសន្និសីទកាសែត នាវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ឧសភា ២០១៥។ RFA/Morm Moniroth
ប្រធានក្រុមប្រឹក្សាភិបាលនៃមិត្តសមាគមខ្មែរកម្ពុជា លោក តាំង សារៈ ថ្លែងក្នុងសន្និសីទកាសែត នាវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ឧសភា ២០១៥។ RFA/Morm Moniroth

ទូកងរបស់ខ្មែរក្រោមមានឈ្មោះជាផ្លូវការថា “ខ្មែរកម្ពុជាក្រោមមានជ័យ”។ ទូកងនេះត្រូវបានបង្កើតឡើង ដោយពលរដ្ឋខ្មែរក្រោម និងបានចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកតាំងពីឆ្នាំ២០០១ មក។

ប្រធានគណៈកម្មការទូកង “ខ្មែរកម្ពុជាក្រោមមានជ័យ” និងជាប្រធានក្រុមប្រឹក្សាភិបាលមិត្តសមាគមខ្មែរកម្ពុជាក្រោម គឺលោក តាំង សារៈ។ លោកឲ្យដឹងថា ដោយសារពិធីបុណ្យប្រណាំងទូកគឺជាទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរ ហើយដោយឡែកនៅដែនដីកម្ពុជា ក្រោមឯណោះ ពលរដ្ឋខ្មែរក្រោម ក៏បានធ្វើពិធីបុណ្យអុំទូកនេះជារៀងរាល់ឆ្នាំដែរ លោក តាំង សារៈ ថា ការបង្កើតទូកងខ្មែរកម្ពុជាក្រោមមានជ័យ គឺខ្មែរក្រោមមានបំណងចូលរួម ក្នុងការថែរក្សាទំនៀមទម្លាប់នេះ ឲ្យគង់វង្សតទៅទៀត។

លោក តាំង សារៈ៖ «យើងយល់ឃើញថា យើងខ្ញុំដែលជាខ្មែរកម្ពុជាក្រោមដែលភៀសខ្លួន មករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គិតថា នេះជាប្រពៃណីដែលខ្មែរកម្ពុជាក្រោម តែងប្រកាន់ខ្ជាប់មកដែរ ហេតុដូច្នេះនៅពេលខ្មែរកម្ពុជាក្រោម បានមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏គួរតែមានទូកដើម្បីចូលរួមប្រណាំងដើម្បីរក្សានូវទំនៀមទម្លាប់នោះ ហើយម្យ៉ាងទៀត ដូចជាឯកសារផ្សេងៗបានបញ្ជាក់ហើយថា ការប្រណាំងទូក គឺជាពិធីមួយដែលមានប្រភព មកពីដែនដីកម្ពុជាក្រោមនេះឯង គឺមកពីខេត្តបាសាក់ សព្វថ្ងៃគឺខេត្តឃ្លាំងនេះឯង»។

និមិត្តសញ្ញានៃទូកង “ខ្មែរកម្ពុជាក្រោមមានជ័យ” គឺរូបរាហូចាប់ច័ន្ទ រំលេចទៅដោយទង់ពណ៌ខៀវ លឿង ក្រហម ដែលជាទង់ជាតិរបស់ខ្មែរកម្ពុជាក្រោមទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ សម្រាប់សម្លៀកបំពាក់របស់កីឡាករនៅឆ្នាំនេះ លោក តាំង សារៈ បញ្ជាក់ថា គឺមានមួកពណ៌ខៀវ អាវពណ៌លឿង និងខោពណ៌ក្រហម ដែលជាពណ៌នៃទង់ជាតិខ្មែរកម្ពុជាក្រោម ដែរ។

បច្ចុប្បន្នទូកង “ខ្មែរកម្ពុជាក្រោមមានជ័យ” ត្រូវបានរក្សាទុកនៅក្នុងវត្តសាមគ្គីរង្សី នារាជធានីភ្នំពេញ។ ទូកនេះ គឺជាប្រភេទទូកប្រណាំងអន្តរជាតិមានចំណុះ ២២នាក់ ប៉ុន្តែបើរាប់បញ្ចូលទាំងកីឡាករបម្រុង និងក្រុមការងារផ្សេងទៀត មានគ្នាទាំងអស់ចំនួន ២៨នាក់។

លោក តាំង សារៈ ឲ្យដឹងថា កីឡាករនៃទូក “ខ្មែរកម្ពុជាក្រោមមានជ័យ” ទាំងអស់ គឺសុទ្ធសឹងតែជាពលរដ្ឋខ្មែរក្រោមដែលរស់នៅក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។ ពួកគេបានចាប់ផ្ដើមហ្វឹកហាត់នៅទីនោះ តាំងពីថ្ងៃទី២៥ ខែតុលា និងត្រូវឡើងមកហាត់សមជាមួយទូកងមក ពីបណ្ដាខែត្រផ្សេងទៀត នៅថ្ងៃទី១០ ខែវិច្ឆិកា ក្រោយពីទូក “ខ្មែរកម្ពុជាក្រោមមានជ័យ” នឹងត្រូវធ្វើពិធីក្រុងពាលីដង្ហែទៅកាន់ទន្លេចតុមុខ នៅមុខព្រះបរមរាជវាំង នៅថ្ងៃដដែល។

លោក តាំង សារៈ បញ្ជាក់ថា ការសម្រេចជ្រើសរើសយកកីឡាករខ្មែរក្រោមចេញពីខេត្តតាកែវ តែមួយនៅឆ្នាំនេះ គឺដើម្បីកាត់បន្ថយការចំណាយ៖ «ពីមុនយើងបានយកបងប្អូនខ្មែរកម្ពុជាក្រោមដែលនៅរាជធានីភ្នំពេញ តែវាជួបការលំបាកដោយហេតុថា ការប្រមូលផ្តុំគ្នានៅពេលដែលហ្វឹកហាត់យើងត្រូវមានរថយន្តដើរ ប្រមូលពួកគាត់ទម្រាំគ្រប់ចំនួន យើងត្រូវចំណាយច្រើន»។

ខុសពីទូកងនៅកម្ពុជា មួយចំនួនដែលមានអ្នកមានទ្រព្យសម្បត្តិ និងយសស័ក្ដិជួយចូលរួមឧបត្ថម្ភជាថវិកា ឬសម្ភារៈផ្សេងៗក្នុងពេលហ្វឹកហាត់ និងក្នុងអំឡុងពេលប្រកួតនៅរាជធានីភ្នំពេញ ទូកងខ្មែរក្រោម ពុំសូវមានអ្នកធំណាជួយឧបត្ថម្ភឡើយ។ លោក តាំង សារៈ អះអាងថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ មក គឺមានតែពលរដ្ឋ ជាពិសេសពលរដ្ឋខ្មែរក្រោមខ្លួនឯង ដែលជាអ្នកចូលរួមជ្រោមជ្រែងឧបត្ថម្ភ តាមការអំពាវនាវរបស់គណៈកម្មការទូក។

សម្រាប់ឆ្នាំនេះ លោក តាំង សារៈ ថា កីឡាករទូកងខ្មែរក្រោមទាំងអស់នឹងមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងអំឡុងពេលនៃការហ្វឹកហាត់ និងការប្រណាំងទូកនៅភ្នំពេញ៖ «នៅថ្ងៃអុំពេលព្រឹកត្រូវមានរថយន្តដឹកគាត់ពីវត្តសាមគ្គីរង្សី ចូលមកហូបបាយនៅផ្ទះខ្ញុំ តែមិនមែនមានន័យថា ផ្ទះរបស់ខ្ញុំជាអ្នកទទួលរ៉ាប់រងទេ ប៉ុន្តែថវិកាយកមកឲ្យគ្រួសារខ្ញុំជាអ្នកធ្វើ»។

ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរដ្ឋាភិបាលអាក់ខានរៀបចំមិនទៀងទាត់ចាប់តាំងពីឆ្នាំ២០១១ មក ដោយហេតុផលផ្សេងៗ។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ រដ្ឋាភិបាលឲ្យដឹងថា ក្នុងឆ្នាំនេះមានទូកងជិត ៣០០ នឹងចូលរួមប្រណាំង។

លោក តាំង សារៈ រម្លឹកថា តាំងពីចូលរួមប្រកួតនៅឆ្នាំ២០០១ មក ទូក “ខ្មែរកម្ពុជាក្រោមមានជ័យ” មិនធ្លាប់ទទួលបានចំណាត់ថ្នាក់ក្នុងផែនលេខ១ នោះទេ គឺជាប់ត្រឹមចំណាត់ថ្នាក់មធ្យមប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោក តាំង សារៈ អះអាងថា ក្នុងកីឡា រឿងការចាញ់ឈ្នះជារឿងធម្មតា។ លោកថា បើឈ្នះវាជាកិត្តិយសរបស់ខ្មែរក្រោម តែបើចាញ់វិញ វាក៏បានបង្ហាញថា ការចូលរួមប្រណាំងរបស់ខ្មែរក្រោម គឺជាការរួមចំណែក ក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ឲ្យគង់វង្សឋិតថេរតរៀងទៅ៕

 

Comments are closed.