ខ្មែរក្រោម ​ថា​កម្ពុជា​អនុគ្រោះ​ដល់​ជនជាតិ​យួន​ជាង​វៀតណាម ​អនុគ្រោះ​ដល់ខ្មែរ ​នៅ​កម្ពុជា​ក្រោម

0 324

ដោយ យាង សុធា​រិន្ទ

​ពលរដ្ឋ​ខ្មែរក្រោម​ បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ​ជួយយកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ ឱ្យ​ដូច​ទៅនឹង​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ ចំពោះ​ជនជាតិ​យូ​ន​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការអំពាវនាវ​នេះ ​ក្នុងពេលដែល​មើលឃើញថា ជនជាតិ​យួន​នៅ​កម្ពុជា​ហាក់​ទទួល​បានការអនុគ្រោះ​ និង ​យោគយល់​ច្រើន​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ខណៈដែល​ខ្មែរក្រោម​ កំពុង​រស់នៅលើ​ទឹកដី​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​ក្នុងការ​រស់នៅ និង ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ក៏​កំពុង​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ ដោយ​ពុំ​សូវ​មាន​អ្នក​យកចិត្តទុកដាក់​នោះឡើយ ។

សមាគម​វៀតណាម ​បើក​សម្ពោធ​ទីស្នាក់ការ​ការិយាល័យ​របស់​ខ្លួន សាខា​ខេត្តកោះកុង និង​ថ្នាក់រៀន​ បង្រៀនកូនចៅ​សហគមន៍​ជន​ដើមកំណើត​វៀតណាម កាលពី​ថ្ងៃទី ១៨ ខែធ្នូ ២០២០ ។ រូបៈ VNA
សមាគម​វៀតណាម ​បើក​សម្ពោធ​ទីស្នាក់ការ​ការិយាល័យ​របស់​ខ្លួន សាខា​ខេត្តកោះកុង និង​ថ្នាក់រៀន​ បង្រៀនកូនចៅ​សហគមន៍​ជន​ដើមកំណើត​វៀតណាម កាលពី​ថ្ងៃទី ១៨ ខែធ្នូ ២០២០ ។ រូបៈ VNA

​ពលរដ្ឋ​ខ្មែរក្រោម​ ហាក់​សម្តែង​ការ​តូចចិត្ត និង​អាសូរ​ខ្លួនឯង​ក្នុងនាម​ជា​អ្នកមាន​ឈាមជ័រ​ខ្មែរ ដែរ​នៅពេលដែល​ឃើញថា​ ជនជាតិ​យួន​នៅ​កម្ពុជា​ហាក់​មានឱកាស​ក្នុង​ការបើក​សាលារៀន ដើម្បី​បណ្តុះបណ្តាល​កូនចៅ និង​មាន​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​អង្គការ សមាគម​យ៉ាង​ព្រោងព្រាត​ នៅលើ​ទឹកដី​កម្ពុជា ​ដើម្បី​ជួយ​ជ្រោមជ្រែង និង ​ទំនុកបម្រុង​ដល់​ជនជាតិ​របស់ខ្លួន ។​

​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ​២៣ ខែធ្នូ បានមក​ជួបជុំគ្នា​ នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោ ម​ដើម្បីសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នា​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចូលរួម​វេទិកា​ពិភាក្សា ដើម្បីអបអរសាទរ​ខួប​លើក​ទី ៧២ ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ផង និង​ដើម្បី​ថ្លែង​អំពី​បញ្ហា ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ផង ។

​បញ្ហា​ដែល​ខ្មែរក្រោម​ បានលើកឡើង​នៅក្នុង​វេទិកា​នោះ មាន​ទាំង​បញ្ហា​នៅ​កម្ពុជា និង​បញ្ហា ដែល​ខ្មែរក្រោម​កំពុង​ជួបប្រទះ​ នៅ​ដែនដី​កម្ពុជា​ក្រោម​ ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម ។

​នៅ​កម្ពុជា បញ្ហា​ដែល​ខ្មែរក្រោម​កំពុង​ជួបប្រទះ​ខ្លាំង​បំផុត​នោះ គឺ​ការមិនទទួលបាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សេរីភាព​បញ្ចេញមតិ​ និង​ ការប្រមូលផ្តុំ​ដោយ​សន្តិវិធី កម្មសិទ្ធិ​ដីធ្លី និង​ លំនៅឋាន និង​បញ្ហា​មិនចេះ​អក្សរ ។​ល​។

​អង្គការ សមាគម​ខ្មែរក្រោម​ ប៉ាន់ប្រមាណ​ថា ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ​នៅ​កម្ពុជា​អាចមាន​ជាង ១ លាន​នាក់ ប៉ុន្តែ​អាចមាន​ខ្មែរក្រោម ​ចន្លោះ​ពី ២០ ដល់ ៣០ ភាគរយ ត្រូវបាន​សន្និដ្ឋានថា មិនទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ប្រើប្រាស់​ ក្នុងការទទួលបាន​សេវា​សុខភាព ការអប់រំ កម្មសិទ្ធិ​ដីធ្លី លិខិតឆ្លងដែន ផលប្រយោជន៍​ផ្នែក​ហិរញ្ញ វត្ថុ និង​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជាដើម ។ របាយការណ៍​វាយតម្លៃថា ខ្មែរក្រោម​ជាច្រើន​មិនទាន់ ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ចុះឈ្មោះ​ ដើម្បី​ទទួលបាន​សំបុត្រកំណើត លិខិត​អាពាហ៍ពិពាហ៍ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ហើយ​ដែល​បញ្ហា​នេះ​បណ្តាលឱ្យ មនុស្ស​ជំនាន់​ក្រោយ​ជាច្រើន​អាច​នឹង​ប្រឈម​ហានិភ័យ​ជា​ប្រជាជន​ដែល​គ្មាន​រដ្ឋ ។ ក្រៅពីនេះ ខ្មែរក្រោម ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​ នៅតែ​បន្ត​ប្រឈម​នឹង​ការលំបាក​ក្នុងការ​រស់នៅ ដូចជា ការរើសអើង ឬ​កង្វះ​ការទទួលស្គាល់​ពី​អាជ្ញាធរ ។​

ក្រុមអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងតំណាងពលរដ្ឋខ្មែរក្រោម ដែលមានបញ្ហាលិខិតស្នាម និងដីធ្លី ចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីស្នាក់ការសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូបៈ សារព័ត៌មាន ព្រៃនគរ
ក្រុមអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងតំណាងពលរដ្ឋខ្មែរក្រោម ដែលមានបញ្ហាលិខិតស្នាម និងដីធ្លី ចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីស្នាក់ការសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូបៈ សារព័ត៌មាន ព្រៃនគរ

​សកម្មភាព​របស់​សកម្ម​ជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ក៏​កំពុង​ស្ថិតក្រោម​ការតាមដាន ឃ្លាំមើល ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រូបភាព​ជាច្រើន​ដូចជា ការ​ស៊ើប​យកការណ៍ ការថតរូប ការថត​សំឡេង ការសាកសួរ​សកម្មជន និង​ការជ្រៀតជ្រែក​ក្នុង​សកម្មភាព​របស់​សមាគម​ខ្មែរក្រោម​នៅ ការិយាល័យ​សមាគម​ខ្មែរក្រោម​ជាដើម ។

​ស្រដៀង​គ្នា​នេះដែរ ជា​រៀងរាល់ឆ្នាំ នៅពេលដែល​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​កម្ពុជា​ប្រារព្ធ​ពិធី​រម្លឹក ថ្ងៃ​បារាំង​ផ្ទេរ​ការគ្រប់គ្រង​ទឹកដី​កម្ពុជា​ក្រោម​ ទៅឱ្យ​វៀតណាម​នៅ​ថ្ងៃទី ​៤ ខែមិថុនា ឆ្នាំ​១៩៤៩ ជាធម្មតា​ពិធី​នេះ ស្ថិតនៅក្រោម​ការជ្រៀតជ្រែក ឬ​មានការ​ហាមឃាត់​ផ្នែក​ច្បាប់​ ដែល​ធ្វើឱ្យ​ខ្មែរក្រោម​មានការ​លំបាក​ក្នុងការ​រៀបចំ​ពិធី​រម្លឹក​ប្រវត្តិសាស្ត្រ​មួយ​នេះ ។

​បើ​និយាយ​ពី​សិទ្ធិ​លំនៅឋាន​វិញ នៅមាន​ពលរដ្ឋ​ខ្មែរក្រោម​រាប់រយ​គ្រួសារ​ពុំទាន់​ទទួលបាន កម្មសិទ្ធិ​លើដី​ធ្លី ឬ​ផ្ទះសម្បែង​ស្របច្បាប់​នោះទេ ជាពិសេស​ខ្មែរក្រោម​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និង​ខេត្តតាកែវ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ផងដែរ ។

​ចំពោះ​បញ្ហា​ទាំងអស់នេះ ជាពិសេស​បញ្ហា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ រដ្ឋាភិបាលកម្ពុជា​តែង​លើកឡើងថា ទទួលស្គាល់​ខ្មែរក្រោម​ នៅ​កម្ពុជា​ជា​ពលរដ្ឋ​ខ្មែរ​ នៅពេល​មករ​ស់ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ ​ខ្មែរក្រោម​នៅតែ​កត់សម្គាល់​ឃើញថា ក្នុងការអនុវត្ត​ជាក់ស្តែង ​នៅតែមាន​បញ្ហា ព្រោះថា​នៅ​ថ្នាក់មូលដ្ឋាន​មួយចំនួន ខ្មែរក្រោម​បាន​ជួបប្រទះ​នឹង​ការរើសអើង​ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ នៅតែ​យល់ថា ​ខ្មែរក្រោម​គឺជា ជនជាតិ​យួន ថ្វីបើ​ខ្មែរក្រោម​មាន​ជាតិ​ពន្ធ​ជា​ខ្មែរ និង​មាន​ចំណង​ផ្នែក​សាសនា វប្បធម៌ ភាសា ជា​ខ្មែរ​ក៏ដោយ ។

​បន្ថែម​ទៅលើ​បញ្ហា​ដែល​ខ្មែរក្រោម​ កំពុង​ជួបប្រទះ​នៅ​កម្ពុជា នៅ​ដែនដី​កម្ពុជា​ក្រោម​ឯណោះវិញ ខ្មែរក្រោម​ ក៏​កំពុង​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​មិន​ឈប់ឈរ​ពី​រដ្ឋាភិបាល​វៀតណាម ដែរ ដូចជា ការ​រឹបអូស​យក​ដីធ្លី​ស្រែចំការ ​ពី​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​ក្រមួនស​រហូត​ឈាន ដល់​ការចាប់ខ្លួន ​និង ​កាត់ទោស​ខ្មែរក្រោម​ចំនូ​ន ៤ រូប​ដាក់ពន្ធនាគារ ។ ការរើសអើង​លើ​ខ្មែរក្រោម ​ក្នុង​ផ្នែក​ទទួលបាន​សេវាកម្ម​មនុស្សធម៌ ​និង​ សុខាភិបាល​ពី​រដ្ឋាភិបាល​វៀតណាម ។ ការលុបបំបាត់​ពិធី​ប្រពៃណី​ខ្មែរ ​ដូច​ជាការ​បង្ហោះគោម ។ ការលុបបំបាត់​អត្តសញ្ញាណ ស្ថាបត្យកម្ម​រចនាបថ​ខ្មែរ ដូចជា​ក្លោងទ្វារ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណា​ម​វាយចោល​ កាលពី​ចុងឆ្នាំ ២០១៤ ។ ការព្យាយាម​កាឡៃ​វិស័យ​សិល្បៈ​ខ្មែរ ដូចជា​ល្ខោន បាសាក់ ក្បាច់​របាំ ចម្រៀង​ប្រពៃណី​ជាតិខ្មែរ ដោយ​បញ្ចូល​ខ្លឹមសារ​ស្នេហារ​ជាតិ មនោ​វិជ្ជា របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ឬ​សម្តែង​ពី​បដិវត្តន៍ ​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់រដ្ឋាភិបាល​និង​បក្ស​កុម្មុយនីស្ត​វៀតណាម ។ ក្នុងពេល​ជាមួយគ្នា ឈ្មោះ​វត្ត​អារាម​ព្រះពុទ្ធសាសនា និង​រមណី​ដ្ឋា​ន​ខ្មែរ​មួយចំនួន ក៏ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​វៀតណាម ដូចជា «​ស្រះ​គូ​» ដែល​ត្រូវ​ប្តូរ​ទៅជា អាវ បា អម (Ao Ba Om) ជាដើម ។

​បើ​និយាយ​ពី​សិទ្ធិ​ទទួលបាន​ការអប់រំ​វិញ ភាសា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ មិន​ត្រូវបាន​ប្រើប្រាស់​ជាផ្លូវការ​នោះទេ ។ កូន​ខ្មែរ​ត្រូវ​រៀន​នៅ​សាលា​ភាសា​វៀតណាម ។ គ្មាន​សាលារៀន​ជា​ភាសាខ្មែរ​ស្របច្បាប់ ​សម្រាប់​ខ្មែរក្រោម​ឡើយ ហើយ​បើ​ចង់​ចេះអក្សរ​ខ្មែរ ទាល់តែ​ទៅ​រៀន​នៅវត្ត​ ឱ្យ​ព្រះសង្ឃ​ជួយ​បង្រៀន ។

​របាយការណ៍​រៀបរាប់ថា បើទោះជា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ មាន​ប្រព័ន្ធ​អប់រំ​តាមបែប​ពុទ្ធិកសិក្សា ដែល​រៀបចំឡើង​ដោយ សមាគម​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ថេរវាទ ក៏ដោយ ក៏​រដ្ឋាភិបាល​វៀតណា​ម​ មិនបាន​ទទួលស្គាល់​ឱ្យប្រើ​ប្រាស់​ជា​សកល​ដែរ ។ សៀវភៅ​ក្បួនច្បាប់​ព្រះពុទ្ធសាសនា មួយចំនួន​សម្រាប់​កម្ម​វិធី​សិក្សា​ដល់​កូនចៅ​ខ្មែរ​ នៅ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធ​វៀតណាម កម្លា​យ​ឱ្យមាន​ការប្រែប្រួល​ខុសពី​ប្រក្រតី​ដើម ។ ដោយឡែក​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រ​ខ្មែរ គឺ​មិន​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​សិក្សា​ទេ បើ​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ ។ ដូចគ្នា​ដែរ វិញ្ញាសា​ដែល​ត្រូវ​សិក្សា​ត្រូវតែ​ឆ្លងកាត់​ការត្រួតពិនិត្យ និង​សុំ​អនុញ្ញាតិ​ច្បាប់​ពី អាជ្ញាធរ​វៀតណាម ។

​ចំណែក​សិទ្ធិ​ជំនឿ និង​ការ​ប្រ​ណិ​ប័ត​សាសនា របាយការណ៍​ថា កិច្ចការ​ព្រះពុទ្ធសាសនា នៅតាម​វត្ត​នីមួយៗ ​នៅ​ទូទៅ​ទាំង​ដែនដី​កម្ពុជា​ក្រោម មានការ​សរសេរ​អក្សរ​វៀតណាម ​នៅលើត្រា​ព្រះចៅអធិការ​នៃ​វត្ត​នីមួយៗ ។ ពិធីបុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា ពិធីបុណ្យ​សាង​ព្រះ​ផ្នួស ក៏ត្រូវ​មាន​លិខិត​អនុញ្ញាតិ​ពី​អាជ្ញាធរ​វៀតណាម ​ទើប​អាច​រៀបចំ​ពិធី​បំបួស​បាន ។ ចំណែក​ការជ្រើសរើស​អារាម្មា​ភិ​បាល​វត្ត គឺ​តាមរយៈ​ការជ្រើសតាំង​ដោយ​គ្មាន​ការបោះឆ្នោត ហើយ​គណៈកម្ម​ការ​វត្ត​ភាគច្រើន ​ត្រូវបាន​បង្ខំ​ឱ្យ​អនុវត្ត​សកម្មភាព​ ទៅតាម​គោលនយោបាយ​របស់​រដ្ឋ ។

​រីឯ​ខាង​សេរីភាព​បញ្ចេញមតិ ​និង​ ទទួល​ព័ត៌មាន ខ្មែរក្រោម​ពុំមាន​សិទ្ធិ​ពេញលេញ​ក្នុង ការទទួលបាន​ព័ត៌មាន​ដោយ​សេរី​ឡើយ ព្រោះ​មានការ​ឃ្លាំមើល​ពី​ភ្នាក់ងារ​សម្ងាត់​វៀតណាម នៅពេលដែល​ពួកគេ​ស្តាប់​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី សំឡេង​សហរដ្ឋអាមេរិក ឬ​ព័ត៌មាន​ពី​ខ្មែរក្រោម​ នៅក្រៅ​ប្រទេស ។ ស្របគ្នា​នេះ សេរីភាព​នៃ​ការបញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏ត្រូវ រង​ការគំរាមកំហែង និង​រឹតត្បិត ។ ជាក់ស្តែង មាន​យុវជន​ខ្មែរក្រោម​មួយចំនួន​ត្រូវបាន​អាជ្ញាធរ ចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងៗ ដោយសារ​បាន​ចែករម្លែក បង្ហោះ ឬ​រក្សាទុក​ខ្លឹមសារ​ទាក់ ទង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម បង្ហោះ​វីដេអូ​ថា​អាជ្ញាធរ​វៀតណាម​ ចែក​អង្ករ​ក្លែងក្លាយ​ ដល់ពលរដ្ឋ​ខ្មែរក្រោម ដាក់​រូប​សញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ លើ​ប្រូ​ហ្វា​ល ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ប្រកាស​ចែកចាយ​សៀវភៅ «​សិទ្ធិ​ជនជាតិដើម​» ដល់​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​ចែករម្លែក​ព័ត៌មាន​អំពី​អាជ្ញាធរ​វៀតណាម ​ចែក​អំណោយ​មានការ​រើសអើង​ជាដើម ។​

​យុវជន​ខ្មែរក្រោម​ ទាំងនោះ​រួមមាន តោ ហ្វា​ង​ចឿ​ង ថាច់ កឿង ថាច់ ថុង យឿ​ង ខាយ នៅ​ខេត្ត ព្រះ​ត្រពាំង គឹម ហុង​មី​ល ឡឹម ណា​រិ​ទ្ធ យ៉ា​ញ មិញ​ក្វាង នៅ​ខេត្ត​ឃ្លាំង និង យុវជន យឿ​ង ភុ​ក នៅ​ខេត្ត​ចង្វា​ត្រពាំង ។​

សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។
សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។

​ស្រដៀង​គ្នា​នេះដែរ សេរីភាព​ក្នុងការ​ដើរហើរ​របស់​ខ្មែរក្រោម ​ក៏ត្រូវ​បាន​រឹតត្បិត ។ ខ្មែរក្រោម មួយចំនួន​ត្រូវបាន​នគរបាល​ព្រំដែន​វៀតណាម​ឃាត់ខ្លួន ដកហូត​លិខិតឆ្លងដែន និង​ធ្វើ សកម្មភាព​ត្រួតពិនិត្យ​ឧបករណ៍​និង​សម្ភារៈ​ផ្ទាល់ខ្លួន រួច​មិន​អនុញ្ញាតិ​ឱ្យ​ឆ្លង​ចូល​កម្ពុជា​ក្រោម ។ ជាងនេះទៅទៀត ខ្មែរក្រោម​ខ្លះ ​ពេលទៅដល់​ស្រុកកំណើត ត្រូវបាន​អាជ្ញាធរ​វៀតណាម​បន្ត ឃ្លាំមើល តាមដាន​សកម្មភាព និង​កោះហៅ​ចោទសួរ​អំពី​រឿងរ៉ាវ​ទាក់ទង​នឹង​សកម្មភាព​របស់ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ប្រទេស​កម្ពុជា ​និង​ នៅ​ប្រទេស​ផ្សេងៗ​ ទៀត ឬ​ដកហូត ឆ្លងដែន​តែម្តង តួយ៉ាង ដូច​ករណី​ព្រះសង្ឃ​ខ្មែរ​ក្រោមនាម សឺ​ន ទី ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណា​ម​ ដកហូត​លិខិតឆ្លងដែន​ពេល​ព្រះអង្គ​ទៅលេង​ស្រុកកំណើត​នៅ​ខេត្ត​ឃ្លាំង​កាលពី​កុម្ភៈ ឆ្នាំ ២០២០ ។ លុះ​មាន​ការតវ៉ា​ខ្លាំង ទើប​អាជ្ញាធរ​វៀតណាម​ប្រគល់​លិខិតឆ្លងដែន​ឱ្យ​ព្រះអង្គវិញ ។

​ផ្ទុយ​ពី​ខ្មែរ​ នៅ​កម្ពុជា​ក្រោម ជនជាតិ​យួន​នៅ​កម្ពុជា​ឯណេះ ហាក់​ទទួលបាន​ការអនុគ្រោះ​ច្រើន ពី​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​សិទ្ធិ​ទទួលបាន​ការអប់រំ និង​សិទ្ធិសេរីភាព​ក្នុងការ​ប្រមូលផ្តុំ និង​បង្កើត​សមាគម ។

​តួយ៉ាង កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ សមាគម​ខ្មែរវៀតណាម​នៅ​កម្ពុជា សាខា​ខេត្តកោះកុង រួមមាន ថ្នាក់រៀន​ផង ត្រូវបានធ្វើ​ពិធី​សម្ពោធ និង​ត្រូវបាន​សារព័ត៌មាន​វៀតណាម ​ផ្សព្វផ្សាយ​ប្រកបដោយ​មោទនភាព ។

​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ប្រកាសថា អគារ​សមាគម​ និង ​ថ្នាក់រៀន​នេះ ត្រូវបាន​សាងសង់​ដោយមាន​ជំនួយ​ឧបត្ថម្ភ​ពី​បក្ស​កុម្មុយនិស្តរដ្ឋាភិបាល និង​ ជនជាតិ​យួន​នៅ​ក្រុង​ព្រៃនគរ និង​ពី​បុគ្គលិក អគ្គ​កុងស៊ុល​វៀតណាម​ ប្រចាំខេត្ត​ព្រះសីហនុ និង​ជនជាតិ​យួន ​នៅ​ខេត្តកោះកុង ដែលមាន​តម្លៃ​សរុប ៣៥.០០០ ដុល្លារ ។

​ស្ថានទូត​វៀតណាម​ថា អគារ​សមាគម​និង​ថ្នាក់រៀន​នេះ នឹង​ក្លាយជា​កន្លែង​បណ្តុះបណ្តាល គាំទ្រ និង ​ជួយ​សហគមន៍​ជនជាតិ​យូ​ន ​នៅក្នុង​ខេត្តកោះកុង និង​ ជា​កន្លែង​ចែករម្លែក​ចំណេះដឹង និង​រៀនសូត្រ​សម្រាប់​កុមារ​វៀតណាម ។

សាលារៀន​ដ៏​រឹងមាំ​មួយ​ខ្នង បង្កើតឡើង ដើម្បី​បង្រៀន​ដល់​កូនចៅ​សហគមន៍​ជនជាតិ​វៀតណាម សិក្សា​រៀនសូត្រ នៅ​ខេត្តកោះកុង ។ រូបៈ VNA
សាលារៀន​ដ៏​រឹងមាំ​មួយ​ខ្នង បង្កើតឡើង ដើម្បី​បង្រៀន​ដល់​កូនចៅ​សហគមន៍​ជនជាតិ​វៀតណាម សិក្សា​រៀនសូត្រ នៅ​ខេត្តកោះកុង ។ រូបៈ VNA

ទន្ទឹមនឹងនេះ ជនជាតិ​យួន​ដែល​រស់នៅ​លើទឹក​នៅ​ខេត្តកំពុងឆ្នាំង​ ក៏ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ផ្តល់​ការអនុគ្រោះ​រៀបចំ​ឱ្យមាន​ទីតាំង​សង់ផ្ទះ​រស់នៅ​លើគោក​ផងដែរ ។ រដ្ឋាភិបាល​វៀតណា​ម ​ក៏​តែង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យជួយ​យកចិត្តទុកដាក់​ចំពោះ​ជនជាតិ​យួន​ស្ទើរ​នៅ​រាល់ ពេល​មានដំណើរ​ទស្សនកិច្ច ឬ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ។

​ចំពោះ​បញ្ហា​នេះ អគ្គលេខាធិការ នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន កត់សម្គាល់​ឃើញថា ក្នុង​វិស័យ​គោរព​សិទ្ធិមនុស្ស ជនជាតិ​យួន​នៅ​កម្ពុជា មាន​ស្ថាន​ភាពប្រសើរ​ជាង​ខ្មែរ​ នៅ​កម្ពុជា​ក្រោម ព្រោះតែ​ពួកគេ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ពី​រដ្ឋាភិបាល​កម្ពុជា មាន​សេរីភាព​ទទួលបាន​ការ​អប់រំ ការ​ចងក្រង ឬ​បង្កើត​អង្គការ សមាគម និង​សេរីភាព​ក្នុងការ​ប្រកបរ​បរមា​ន​ស្ទើរ​គ្រប់​វិស័យ​ដោយ​មិន​មានការ​រឹតត្បិត ។ ប៉ុន្តែ ​សម្រាប់ ខ្មែរ​នៅ​កម្ពុជា​ក្រោម​វិញ គឺ​ផ្ទុយស្រឡះ​ពីនេះ ។

​លោក សឺ​ន ជុំ​ជួន បញ្ជាក់ថា ៖ «​យើង​នៅ​កម្ពុជា​ក្រោម បើ​ប្រៀបធៀប​នឹង​វៀតណាម​នៅ​កម្ពុជា គឺ​ខុសគ្នា​ឆ្ងាយ បើ​និយាយ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស បើ​យើង​និយាយ​ប្រៀបធៀប​ក្នុង​វិស័យ​អប់រំ យើង​សង្កេត​មើលឃើញថា​ការសិក្សា​បែប​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ របស់​ខ្មែរ​យើង​ដែលជា​ជន ជាតិ​មួយ​ត្រូវតែ​ដឹង​អំពី​ប្រវត្តិ​របស់ខ្លួន ប៉ុន្តែ​មិនទាន់​ត្រូវបាន​វៀតណាម​អនុញ្ញាតិ​ឱ្យបាន​រៀន សូត្រ​នៅឡើយ​ទេ ហើយ​ការសិក្សាអប់រំ​ក៏​មិនបាន​ទូលំទូលាយ​ដែរ​នៅតាម​បណ្តា​សាលា​រដ្ឋ នានា សួរថា​យើង​ហ៊ាន​បង្កើត​សាលា​ឯកជន​ដូច​សាលា​វៀតណាម​ នៅ​កម្ពុជា​អត់ ? យើង​ដោយសារ​មាន​វត្ត​អារាម​ព្រះពុទ្ធសាសនា​ទេ​ បាន​យើង​បើក​បាន​នៅតាម​វត្ត​អារាម​ព្រះពុទ្ធសាសនា ។ ងាក​ទៅខាង​វិស័យ​ការជួបជុំ ដូចគ្នា​អ៊ីចឹង សួរថា​ការបង្កើត​សមាគម​ដោយ​សេរី​ដូច​ការបង្កើត សមាគម​វៀតណាម​នៅ​កម្ពុជា​អ៊ីចឹង យើង​នៅ​កម្ពុជា​ក្រោម​យើង​មិនអាច​បង្កើត​ដោយ​សេរី​បានទេ សមាគម​ដោយ​ឯករាជ្យ​មួយ​គឺ​អត់​មាន​ទេ គឺ​វា​ត្រូវតែមាន​ការបង្កើតឡើង​ដោយ​រដ្ឋាភិបាល វៀតណាម ។ យើង​មាន​សមាគម​មួយគត់​ គឺ​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ នេះ​ក៏​ជាការ បង្កើតឡើង​ដោយ​វៀតណាម​ដែរ ។ ប៉ុន្តែ​ងាក​មក​កម្ពុជា​វា​ខុសគ្នា វៀតណាម​មាន​សេរីភាព បង្កើត​ដោយ​សេរី គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ហើយ​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា​និង​ការយកចិត្ត ទុកដាក់​របស់​រដ្ឋាភិបាល​វៀតណាម​រវាង​ខ្មែរ​ហើយ ​និង ​រវាង​វៀតណាម​ខុសគ្នា ។

​បច្ចុប្បន្ន​នៅ​ដែនដី​កម្ពុជា​ក្រោម មាន​ពលរដ្ឋ​ខ្មែរក្រោម​ មិនតិចជាង ៧ លាន​នាក់ មាន​វត្ត​ព្រះពុទ្ធសាសនា​ចំនួន ៤៦១ និង​មាន​ព្រះសង្ឃ​ខ្មែរ​មិនតិចជាង ១ ម៉ឺន​អង្គ​នោះឡើយ ។

កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម
កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម

ពលរដ្ឋ​ខ្មែរក្រោម​ មកពី​ខេត្តតាកែវ គឺ​លោក ស រិទ្ធី លោក​ក៏​មើលឃើញថា ភាពអនុគ្រោះ​ ដែលរដ្ឋាភិបាល​វៀតណាម ​បានធ្វើ​ចំពោះ​ខ្មែរក្រោម​ គឺ​តិចតួច​បើ​ធៀប​ទៅនឹង​អ្វី ដែល​កម្ពុជា​បានធ្វើ​ចំពោះ​ជនជាតិ​យួន​ នៅ​កម្ពុជា ។ លោក រិទ្ធី ស្នើថា​វា​គួរតែមាន​ការអនុគ្រោះ​ស្មើភាព​គ្នា ។

​លោក ស រិទ្ធី ៖ «​គេ​ជនជាតិ​ដទៃ គេ​មក​ស្នាក់នៅ​ស្រុក​យើង គេ​មាន​សិទ្ធិ​បង្កើត​សមាគម សហគមន៍ ហើយ​រហូតដល់​សាលាបង្រៀន​ទៀត អ៊ីចឹង​យើង​ជា​ខ្មែរ​ដូចគ្នា​ មាន​អារម្មណ៍​មួយសោកស្តាយ​ដោយសារ​យើង​កម្ពុជា​ក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម​ ជា​ជនជាតិដើម ជា​ម្ចាស់ ទឹក​ម្ចាស់​ដី​ហើយ មិនមាន​សិទ្ធិ​បង្កើត​សាលារៀន អ្វីៗ​ ដែលជា​វប្បធម៌​របស់​ខ្លួន​យើង​ដោយ​សេរី ។ សូមឱ្យ​រដ្ឋាភិបាល​វៀត​ណា​ម​ មេត្តាជួយ​ផ្តល់នូវ​សិទ្ធិ​បង្កើត​សហគមន៍ និង​ទីកន្លែង​ដែល​ទទួល ផ្នែក​សេវា​អប់រំ គឺ​ការបង្រៀន​ផ្នែក​អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ឱ្យ​ដូច​វៀតណាម​នៅក្នុង​ស្រុក​ខ្មែរ យើង​ដែរ​» ។

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់ អំណាច​នៅ​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រឿង​វៀតណាម​បង្កើត​សមាគម នៅ​កម្ពុជា​គឺ​ផ្អែក​ទៅតាម​ច្បាប់​ដាច់ដោយឡែក​របស់​កម្ពុជា ។ លោក​គូសបញ្ជាក់ថា ប្រសិន បើ​សមាគម​វៀតណាម​ ត្រូវបាន​បង្កើតឡើង​ហើយ​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់​ ស្តីពីការបង្កើត​សមាគម ​និង ​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ គឺជា​រឿង​ដែល​កម្ពុជា​អាចអនុវត្ត​បាន ។ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ និង ​វៀតណាម ​យ៉ាងណា​បន្ថែមទៀត​នោះ លោក​បានបង្វែ​ឱ្យ​សូរ​ទៅកាន់​ក្រសួងការបរទេស​កម្ពុ​ជា​វិញ ។

​លោក​បន្តថា ៖ «​ប្អូន​លើកឡើង​ពី​បញ្ហា​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​បង្កើត​សមាគម​អី​អត់​បាន នៅ​កម្ពុជា​ក្រោម នៅ​ទឹកដី​វៀតណាម ខ្ញុំ​យល់ថា​ វា​ស្ថិតនៅក្នុង​ក្របខណ្ឌ​ច្បាប់​របស់​វៀតណាម ខ្ញុំ​ក្តាប់​មិនបាន​រឿង​ហ្នឹង ប្អូន​ទាក់ទង​ក្រសួងការបរទេស ​និង​ សហប្រតិបត្តិការ​អន្តរជាតិ​ បាន​គេមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​វៀតណាម ឱ្យ​គណបក្ស​ទៅ​អន្តរាគមន៍​មិនកើត​ទេ ហ្នឹង​វា​កិច្ចការ​បច្ចេកទេស​» ។

​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគរ​មិនអាច​សុំ​ការឆ្លើយតប​បន្ថែម​ពី​លោក គុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានទេ​នៅ​ថ្ងៃទី ​២៤ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល ។
​ចំណែក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក ផៃ ស៊ី​ផាន យល់ថា ការស្នើសុំ​របស់​ខ្មែរក្រោម​គឺជា​សិទ្ធិ​បញ្ចេញមតិ និង​តម្រូវការ​របស់​ខ្មែរក្រោម ដែល​លោក​ក៏​សម្តែង​ការគាំទ្រ ។ ប៉ុន្តែ​ លោក​បាន​ចោទសួរ​អំពី​យន្ត​ការដែល​ត្រូវ​ជួយ​ខ្មែរក្រោម?

​លោក​បញ្ជាក់​បន្ថែមថា ៖ «​យើង​និយាយ​ហ្នឹង​ខ្ញុំ​គោរព​នូវ​ស្មារតី​ហ្នឹង ពីព្រោះថា​យើង​ចំហ​រហូត ដល់​អ៊ីចឹង​ហើយ យើង​ចំហ​ដល់​យូ​ន​ហើយ តើ​អ្នក​ដទៃទៀត​គិត​យ៉ាងម៉េច ប៉ុន្តែ​តើ​យន្តការ​របស់ យើង​ជួយ​ខ្មែរក្រោម​របៀប​ម៉េច? នេះ​ជា​សំណួរ ហើយ​សំណួរ​នេះ​ ត្រូវ​ឆ្លើយបាន​ដើម្បី​ដោះស្រាយខ្មែរក្រោម​នៅ​ណេះ (​ប្រទេស​កម្ពុជា​) ហើយវា​មិនមែន​លើកទឹកចិត្ត​ឱ្យ​ខ្មែរក្រោម​ ចាកចេញពី​នោះមក​ទេ ពីព្រោះ​យើង​ត្រូវតែ​រក្សា​ដី​យើង ។ យើង​គិតពី​អ្នក​នៅលើ​ដី (​កម្ពុជា​) ហ្នឹងហើយ ។ ហ្នឹង ! អញ្ជើញ​ទៅ​សួរ​ខាង​ក្រសួងមហាផ្ទៃ​មើល សុំ​ជួប​សម្តេច ស ខេង មើល ។ កុំឱ្យ​និយាយ​ឃើញថា​ យើង​ធ្វើ​នយោបាយ ឱ្យមើល​ឃើញថា​ ទុក្ខលំបាក​របស់​រស់​នៅលើ​ទឹកដីខ្មែរ​តែ​ប៉ុណ្ណឹង​» ។

កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot
កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot

​ជាការ​កត់សម្គាល់ នៅពេល​ពលរដ្ឋ​ខ្មែរក្រោម​ ទទួលរង​នូវ​ការរំលោភ​សិទ្ធិមនុស្ស ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ខ្មែរក្រោម​តែង​ទទូច​ឱ្យ​រដ្ឋាភិបាល កម្ពុជា​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ជួយ​ដោះស្រាយ​បញ្ហា​និង​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ជនជាតិដើម​ នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ។ ប៉ុន្តែ ​រដ្ឋាភិបាល​កម្ពុជា ​តែង​ឆ្លើយតប​ថា​ ខ្មែរ​នៅកម្ពុជា​ក្រោម ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀត​ណា​ម ​ដែល​កម្ពុជា​មិនអាចលូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​វៀតណាម​បាន​នោះទេ ។

​ទោះជា​បែបនេះ​ក្តី អគ្គលេខាធិការ នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន នៅតែ​បន្ត​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​តែមួយ​ជួយ ក្រើនរម្លឹក​ដល់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ខ្មែរក្រោម​ ដែល​រស់នៅ​ក្រោម ការគ្រប់គ្រង​របស់​វៀ​ត​ណា​ម ។ ជាពិសេស​នោះ លោ​កថា ​ខ្មែរក្រោម​នៅតែ​ចាត់ទុក​រដ្ឋាភិបាលកម្ពុជា​ ថា​ជា​អាណាព្យាបាល​របស់ខ្លួន ។

​លោក​សង្កត់ធ្ងន់ថា ៖ «​យើង​ជា​ឈាមជ័រ យើង​ជា​ខ្មែរ​ដូចគ្នា ជា​ពូជសាសន៍​តែមួយ ឈាមជ័រ​តែមួយ អ៊ីចឹង​រដ្ឋាភិបាល​កម្ពុ​ជា​ គួរតែ​គិត​ទៅលើ​បញ្ហា​ហ្នឹង យើង​ទទួលស្គាល់ថា​ក្រោម​ការគ្រប់គ្រង របស់​រដ្ឋាភិបាល​វៀត​ណា​ម ពូជសាសន៍​យើង​តែមួយ​ទេ អ៊ីចឹង​យ៉ាងហោចណាស់​ យើង​មានការផ្តាំផ្ញើ យើង​មានការ​អន្តរាគមន៍​ទៅដល់​រដ្ឋាភិបាល​វៀតណាម ​ផងដែរ សួរថា​យើង​ចោល​ពូជ សាសន៍​យើង​បាន​អត់? ហាក់ដូចជា វា​មិត្តភាព​តែ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល រីឯ​សម្រាប់​ការ រងគ្រោះ​របស់​ប្រជាពលរដ្ឋ​ ហេតុអ្វី​មិន​យក​មិត្តភាព​មក​ដោះស្រាយ​ផង ដោះស្រាយ​តែ​ម្ខាង ម្ខាងទៀត​អត់​ដោះស្រាយ ។ ដោយសារតែ​មិត្តភាព​វៀតណាម គេ​រស់នៅ​ដោយ​សុខ​នៅ​កម្ពុជា ប៉ុន្តែ សម្រាប់​យើង​ខ្មែរក្រោម​វិញ វា​ខុសគ្នា​ឆ្ងាយ​» ៕

Leave A Reply

Your email address will not be published.