ខ្មែរក្រោម​ថា​ វៀតណាម​កំពុង​លុបបំបាត់​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​

0 717

ដោយ យាង សុធា​រិន្ទ

ខ្មែរក្រោម​ ចោទ​រដ្ឋាភិបាល​កុម្ម​យ​នី​ស្ត​វៀតណាម​ថា​ កំពុង​ព្យាយាម​លុបបំបាត់​ចំនួន ពលរដ្ឋ​ខ្មែរក្រោម ។ ការចោទប្រកាន់​នេះ ​ក្រោយពី​រដ្ឋាភិបាល​វៀតណាម ​បាន​ផ្សព្វផ្សាយ របាយការណ៍​ជំរឿន​ឆ្នាំ ២០១៩ ទៅលើ​ប្រជាជន​ចំនួន ៥៣ ជនជាតិ​ ដែល​វៀតណាម​ចាត់ទុកថា ជា​ជនជាតិភាគតិច​ នៅក្នុង​ប្រទេស​វៀតណាម ។ របាយការណ៍​បង្ហាញថា ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ​មាន​ប្រមាណ​តែ​ជាង ១ ​លាន ៣​ សែននាក់​ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាជន​ទាំងអស់​ នៅក្នុងប្រទេស​វៀតណាម ​ដែល​បច្ចុប្បន្ន​មាន​ប្រមាណ ៩៦ លាន​នាក់​ទៅហើយនោះ ។​ ​ខ្មែរក្រោម ​ចាត់ទុក​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ នៅក្នុង​របាយការណ៍​នេះ​ថា ​ជា​តួលេខ​សិប្ប​និម្មិត្ត ធ្វើឡើង​ក្នុង​ចេតនា​បង្ហាញថា​ ខ្មែរក្រោម​គ្រាន់តែ​ជា​ជនជាតិភាគតិច​តូច​មួយ​នៅក្នុង​ប្រទេស​វៀតណាម គឺ​មិនមែនជា​ជនជាតិដើម​ម្ចាស់​ទឹក​ម្ចាស់​ដី​នោះទេ ។

របាយការណ៍​ជំរឿន​ឆ្នាំ ២០១៩ ។ រូបៈ Infographics.vn
របាយការណ៍​ជំរឿន​ឆ្នាំ ២០១៩ ។ រូបៈ Infographics.vn

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​សម្តែង​ការហួសចិត្ត​ នៅពេល​ឃើញ​របាយការណ៍​ជំរឿន​ប្រជាជនរបស់​វៀតណាម បង្ហាញថា ពលរដ្ឋ​ខ្មែរក្រោម​មាន​មិន​ដល់ ២ លាន​នាក់​ផង​នោះ ​។

​របាយការណ៍​មាន​ចំណងជើង​ថា «​លក្ខណៈ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ភាគតិច​ចំនួន ៥៣ នៅក្នុង​ឆ្នាំ ២០១៩» ដែល​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​វៀតណាម ​កាលពី​ខែឧសភា ឆ្នាំ​២០២០ បង្ហាញថា ចំនួន​ប្រជាជន​សរុប​នៃ​ជនជាតិ​ទាំង ៥៣ នៅក្នុង​ប្រទេស​វៀតណាម​ មាន​ចំនួន ប្រមាណ ៨ ​លាន ៦​ សែន (៨,៦០៤,៨១៨) នាក់ ក្នុងនោះ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​មាន​ជាង ១​ លាន ៣​ សែន (១,៣១៩,៦៥២) នាក់ ។ តួលេខ​នេះ ​បង្ហាញថា ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ស្ថិត នៅ​លេខ​រៀង​ទី​ ៥ ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុងចំណោម​ជនជាតិ​ទាំង ៥៣ បន្ទាប់ពី​ជន ជាតិ​តា​យ (Tày) ជនជាតិ​ថៃ (Thái) ជនជាតិ​មឿង (Mường) និង​ជនជាតិ​ម៉ុង (Mông) ។ ចំណែក​ជនជាតិ​ចាម​ ដែលជា​អតីត​ម្ចាស់​នៃ​នគរ​ចំប៉ា​ ដែល​វៀតណាម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ ១៤៧១ នោះ គឺមាន​ចំនួន​មិន​ដល់ ២ សែន នាក់​ផង​ នៅក្នុងពេល​បច្ចុប្បន្ន​ ។ នេះ​បើ​ផ្អែក​តាម របាយការណ៍​ជំរឿន​របស់​រដ្ឋាភិបាល​វៀតណាម​ ។

​គួរ​បញ្ជាក់ថា នៅក្នុង​ប្រទេស​វៀតណាម ​ទាំងមូល​បើ​បូក​បញ្ចូល​ទាំង​ជនជាតិ​វៀតណាម​ទៀត ប្រជាជន​នៅក្នុង​ប្រទេស​វៀតណាម​ មា​ន​សរុប​ទាំងអស់​ជិត ៩៦ លាន នាក់​ ។ ដូច្នេះ បើ​ផ្អែកលើ​តួលេខ​ជំរឿន​របស់​រដ្ឋាភិបាល​វៀតណាម ​នៅពេលនេះ វា​មានន័យថា ជនជាតិ​វៀតណាម មាន​ចំនួន​រហូតដល់​ទៅជិត ៨៨ លាន​នាក់ ក្នុងចំណោម​ប្រជាជន​ជិត ៩៦ លាន​នាក់​នៅក្នុង ប្រទេស​វៀតណាម​បច្ចុប្បន្ន​ ។

​គួរ​រម្លឹក​ផងដែរ​ថា រដ្ឋាភិបាល​វៀតណាម​ធ្លាប់បាន​អះអាង​កាលពី ៣០ ឆ្នាំមុន​ថា ពលរដ្ឋ​ខ្មែរក្រោម​មាន​ចំនួន​ជាង​ ១​ លាន​នាក់​ ។ ប៉ុន្តែ រហូតមកដល់ ៣០ ឆ្នាំ​ក្រោយមក រដ្ឋាភិបាល​វៀតណា​ម ​នៅតែ​អះអាងថា ពលរដ្ឋ​ខ្មែរក្រោម​មាន​ចំនួន​តែ​ជាង​ ១​ លាន​នាក់​ដដែល​ ។ បន្ថែម​ពីលើ នេះ បើតាម​រដ្ឋាភិបាល​វៀត​ណា​ម​ដដែល វៀតណាម​ថា​កាលពី​ឆ្នាំ ២០០៩ ខ្មែរក្រោម​មាន ចំនួន​តែ​ជាង ១​ លាន ២ ​សែន (១.២៦០.៦៤០) នាក់ ហើយ​មកដល់​ឆ្នាំ ២០១៩ វៀតណាម​អះ អាង​ថា ខ្មែរក្រោម​មាន​ចំនួន​តែ​ជាង ១​ លាន ៣ សែន (១,៣១៩,៦៥២) នាក់ ។ បើ​ផ្អែកលើ​តួ លេខ​នេះ បញ្ជាក់ថា ក្នុង​រយៈពេល ១០ ឆ្នាំ ចុងក្រោយ​នេះ ខ្មែរក្រោម​កើន​មកដល់ ៦ ម៉ឺន (៥៩.០១២) នាក់​ផង ។

កសិករខ្មែរក្រោម ។ រូបៈ Wikimedia
កសិករខ្មែរក្រោម ។ រូបៈ Wikimedia

​ប៉ុន្តែ​ សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​និង​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO វិញ ថា​ពលរដ្ឋ​ខ្មែរក្រោម​មាន​មិនតិចជាង ៧ លាន​នាក់​នោះទេ នៅក្នុងពេល​បច្ចុប្បន្ន ។

​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ម៉ៅ មុនី ថ្លែងថា តួលេខ​របស់​រដ្ឋាភិបាល​វៀតណា​ម​នេះ គឺ​ខ្មែរក្រោម​មិនអាច​ទទួលយកបាន​នោះទេ ​។ លោ​កថា​ចំនួន​ខ្មែរក្រោម​មាន​ជាង ១ លាន ៣ សែន​នាក់​នោះ វា​គ្រាន់តែ​ជា​តួលេខ​ដែល​រដ្ឋាភិបាល​វៀតណាម​បង្កើតឡើង​ ដើម្បីបង្គ្រប់កិច្ច​ឲ្យ​ស្រប​ នឹង​គោលនយោបាយ​របស់​វៀត​ណា​ម​ ដែលថា “​ខ្មែរក្រោម​ជា​ជនជាតិ ភាគតិច​” តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត លោក​អះអាងថា ពលរដ្ឋ​ខ្មែរក្រោម​មិនដែល​បាន​បំពេញបែបបទ​លើ «​ទម្រង់​ធ្វើ​ជំរឿន​ប្រជាជន និងលំនៅឋាន​» របស់​រដ្ឋាភិបាល​វៀត​ណា​ម នោះឡើយ ។ លោក​ចោទ​សួរថា តើ​រដ្ឋាភិបាល​វៀតណាម​ បាន​តួលេខ​ខ្មែរក្រោម​នេះ មកពីណា​?

​លោក ម៉ៅ មុនី ក៏បាន​ពន្យល់​ពី​ការ​គណនា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​សន្និដ្ឋានថា ពលរដ្ឋ​ខ្មែរក្រោម​មាន​មិនតិចជាង ៧ លាន នាក់ យ៉ាង​ដូច្នេះ​ថា​៖
«​យើង​មាន​ឯកសារ​មួយ​បារាំង​បានធ្វើ​កាលពី​ឆ្នាំ ១៩០២ ថា​ប្រជាជន​យើង​មាន​ប្រហែល ២២៤.០០០ នាក់ ។ បើ​យើង​គិត Birthrate (​អត្រាកំណើត​) ២ ភាគរយ ក៏​យើង​មាន​ជាង ២ លាន​នាក់​បាត់​ហើយ បើ​គិត Birthrate ៥ ភាគរយ គឺ ៨ លាន​នាក់​បាត់​ហើយ ។ ហើយ​មាន ឯកសារ​មួយ​នៅ​ឆ្នាំ ១៩៤៩ ប្រជាជន​ខ្មែរ​យើង​មាន​ប្រមាណ ៤៥០.០០០ នាក់ ។ បើ​យើង​គិត Birthrate ២ ភាគរយ ជិត ២ លាន​នាក់ បើ​គិត ៥ ភាគរយ ជិត ១៥ លាន​នាក់​ ។ ប្រហែល​ឆ្នាំ ១៩៧០ រដ្ឋាភិបាល​យួន​ប្រកាសថា ​មាន​ប្រជាជន​ខ្មែរ​ជាង ២ លាន​នាក់ ហើយ​តាម Birthrate មកដល់​បច្ចុប្បន្ន​យើង​គិតថា​មាន​ប្រហែល ៧ លាន​នាក់ ទើប​សហព័ន្ធ​យើង​យក​តួលេខ​ហ្នឹង ប្រាប់​ពិភពលោក​ថា​យើង​អាចមាន​ប៉ុណ្ណឹង​» ។

​លោក ម៉ៅ មុនី មានប្រសាសន៍ថា ការណ៍​ដែល​រដ្ឋាភិបាល​វៀតណាម​ បង្ហាញ​ចំនួន​ពលរដ្ឋ ខ្មែរក្រោម​មាន​ចំនួន​តិច​នេះ វៀតណាម​ក៏មាន​ចេតនា​បន្សាប​នូវ​ឥទ្ធិពល​នៃ​ការទាមទារ​របស់ ខ្មែរក្រោម​ នៅក្រៅ​ប្រទេស​ ដែល​កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិសេរីភាព និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ដោយ​ខ្លួនឯង​របស់​ខ្មែរក្រោម ​ដែលជា​ម្ចាស់​ស្រុក​ និង​ជា​ជនជាតិ ដើម​នៅ​កម្ពុជា​ក្រោម ។ ​លោ​កថា​ ដើម្បី​កុំឱ្យ​មានការ​រិះគន់​ ឬ​ដើម្បី​ធ្វើឱ្យ​ការ​ជំរឿន​ពលរដ្ឋ​ខ្មែរក្រោម​មាន​តម្លាភាព​ និងអាច​ទទួលយកបាន រដ្ឋាភិបាល​វៀតណាម​គួរ​អនុញ្ញាតិ​ឱ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឬ​អង្គការក្រៅ​រដ្ឋាភិបាល​ ដែល​ឯករាជ្យ​ចូលរួម​នៅក្នុង​ដំណើរ​ការធ្វើជំរឿន​នេះ ។

​រដ្ឋាភិបាល​វៀតណាម ​អះអាងថា ជំរឿន​នេះ​ធ្វើឡើង​តាមរយៈ​ការអនុញ្ញាតិ​ឱ្យ​ប្រជាជនខ្មែរក្រោម ​បំពេញ​ទម្រង់​ព័ត៌មាន​ និង​កម្រង​សំណួរ​ ដែល​រដ្ឋាភិបាល​បានរៀបចំ​ចែក​ឱ្យ​ពលរដ្ឋ បំពេញ​ ។ ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរក្រោម​ឱ្យដឹងថា​ ពួកគេ​មិន​ធ្លាប់បាន​បំពេញ​ទម្រង់ ជំរឿន​នោះឡើយ​ ។

​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម ថាច់ ចន្ទ​តារា គង់នៅ​វត្ត​ពោធិ​ភិរម្យ​រង្សី ក្នុងស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង មាន​ថេរ​ដីកា​នៅ​ថ្ងៃទី​ ២២ ខែតុលា ថា ព្រះអង្គ​ផ្ទាល់​ និង​ពលរដ្ឋ​ខ្មែរក្រោម ផ្សេងទៀត​ នៅក្នុង​ស្រុក​ព្រះអង្គ មិនដែល​បានឃើញ​ទម្រង់​ធ្វើ​ជំរឿន​របស់​រដ្ឋាភិបាល​វៀតណា​ម ​នោះឡើយ ​។ ព្រះអង្គ​ក៏​មិន​ជឿថា​ ពលរដ្ឋ​ខ្មែរក្រោម​មាន​ត្រឹម ១ លាន ៣ សែន នាក់ ដូច​ការអះអាង​របស់​រដ្ឋាភិបាល​វៀតណាម​នោះដែរ ។
«​តាម​ការប៉ាន់ប្រមាណរ​បស់​អាត្មា​ឃើញថា ប្រជាជន​ខ្មែរក្រោម​ទាំងអស់​យ៉ាងតិច​ក៏មាន​ត្រឹម ៩ ទៅ ១០ លាន​នាក់​ដែរ ។ ដូច​នៅ​ស្រុក​កំពង់​ស្ពាន វត្ត​នីមួយៗ​ មាន​ពលរដ្ឋ​ខ្មែរ​ពី ៣០០ ទៅ ៤០០ គ្រួសារ ហើយ​គ្រួសារ​នីមួយៗ​ មាន​សមាជិក​ច្រើន ។ គ្រាន់តែ​ស្រុក​កំពង់​ស្ពាន​មួយ​វា​អាច​ចូល ៣ ទៅ ៤ សែន​នាក់​បាត់ទៅហើយ ។

​ស្រដៀង​គ្នា​នេះដែរ ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម ថាច់ ធា មាន​ស្រុកកំណើត​ នៅស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​ទៅ​គង់នៅ​សហរដ្ឋអាមេរិក​ កាលពី​ចុងឆ្នាំ ២០១៩ មាន​ថេរ​ដីកា​បញ្ជាក់ថា ពេល​នៅ​កម្ពុជា​ក្រោម ព្រះអង្គ​ផ្ទាល់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ផ្សេងទៀត មិនដែល​ទទួលបាន​ទម្រង់ ​ឬ​បែបបទ​ពី​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម សម្រាប់​បំពេញ​ក្នុង​ការធ្វើជំរឿន​ប្រជាជន​នោះឡើយ ។​

​ព្រះអង្គ​ថា​ តួលេខ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​វៀតណាម​នេះ មិន​ឆ្លុះបញ្ចាំង​ទៅ នឹង​ចំនួន​ខ្មែរក្រោម​រស់នៅ​ពិតប្រាកដ​ នៅ​កម្ពុជា​ក្រោម​នោះទេ ។
«​ក្នុងនាម​អាត្មា​ជា​ខ្មែរក្រោម ​មិនអាច​ទទួលយក​បានទេ ​ចំពោះ​តួលេខ​រដ្ឋាភិបាល​វៀតណាម​បាន ផ្សាយ​ថា​ខ្មែរក្រោម​មានតែ ១ លាន ៣ សែន​នាក់ ។ អាត្មា​យល់ថា ​តួលេខ​នេះ​គ្រាន់តែ​ជា​តួលេខ ដែល​រដ្ឋាភិបាល​វៀតណាម​កំណត់​សម្រាប់​បង្ហាញ​ទៅ​ពិភពលោក ជាពិសេស​អង្គការ​សហ​ប្រជាជាតិ ថា ​ខ្មែរក្រោម​គ្រាន់តែ​ជា​ជនជាតិភាគតិច​ក្នុងចំណោម ៥៤ ជនជាតិ​រស់នៅ​ក្នុងប្រទេស វៀតណាម​» ។

​បច្ចុប្បន្ននេះ ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិនមាន​លទ្ធភាព​ក្នុង​ការធ្វើជំរឿន​ប្រជាជនខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ដោយហេតុថា ​រដ្ឋាភិបាល​វៀតណាម​មិន​អនុញ្ញាតិ ។ ក្នុងពេល​ជាមួយគ្នា ខ្មែរក្រោម​ក៏​មិន​ជឿ​ទៅលើ​តួលេខ​ ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​វៀតណា​ម​នោះដែរ ដោយ​ពួកគេ​ពិនិត្យឃើញថា តួលេខ​របស់​រដ្ឋាភិបាល​វៀតណាម​ មិន​ឆ្លុះបញ្ចាំង ទៅ នឹង​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ជាក់ស្តែង និង​មិន​សម​ហេតុផល​ទៅតាម​ការ​គណនា​កំណើន ចំនួន​ប្រជាជន​ខ្មែរក្រោម ទៅតាម​តួលេខ​ខ្មែរក្រោម​ ដែល​រកឃើញ​ក្នុងសម័យ​អាណានិគម បារាំង ។

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ច្រានចោល​ទាំងស្រុង ​ចំពោះ​ការ អះអាង​របស់​រដ្ឋាភិបាល​វៀតណាម ។ តាម​ការសង្កេត​របស់​លោក លោក​ថា ត្រឹមតែ​ខេត្ត ព្រះ​ត្រពាំង​មួយ​ ក៏មាន​ខ្មែរ​ចន្លោះ​ពី ១​ លាន ៥​ សែន ទៅ ២ ​លាន​នាក់​ទៅហើយ ។

​លោក ថាច់ សេដ្ឋា ក៏បាន​រម្លឹក​អំពី​ការរកឃើញ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ ដែលមាន​នៅក្នុងសម័យ​អាណានិគម​បារាំង ​និង​នៅពេល​ក្រោយៗ​ មកទៀត យ៉ាង​ដូច្នេះ​ថា ៖
«​ឯកសារ​មួយ​ជំរឿន​ដោយ​អាណានិគម​បារាំង​នៅ​ឆ្នាំ ១៨៨៦ ក៏​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មាន ១០២.៧០៨ នាក់ ។ យើង​ឃើញ​ជំរឿន​មួយទៀត​នៅ​ឆ្នាំ ១៩២៤ ក៏​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ថយ មក​នៅសល់​ប្រមាណ ៨០០.០០០ នាក់​ទៅវិញ ។ បើ​យោងតាម​ជំរឿន​រណសិរ្ស​រំដោះ​កម្ពុជា ក្រោម​នៅ​ឆ្នាំ ១៩៦៨ ឃើញ​មាន​ដល់ ៤.០២២.៥០០ នាក់ ។ សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​របស់ប្រធានាធិបតី​យួន ង្វៀន វ៉ាំ​ង ធី​វ (Nguyễn Văn Thiệu) ដែល​បាន​ថ្លែង​នៅ​ព្រែក​ឫស្សី នៅ​ឆ្នាំ ១៩៦៩ ក៏បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជាង ៤ លាន​នាក់​ផងដែរ ។ យោងតាម​ឯកសារ សមាគម​ខ្មែរ​ នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ ១៩៦៩ ក៏បាន​និយាយថា​ខ្មែរ​កម្ពុជា​ក្រោម ​មាន​ចំនួន ៤ លាន ៥ សែន​នាក់ ហើយ​បើ​យោងតាម​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា​ដកស្រង់​ចុះផ្សាយ​នៅ​សន្និសីទ ចតុមុខ​ឆ្នាំ ១៩៧០ របស់​រដ្ឋាភិបាល​ខ្មែរ​ ដែល​បាន​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភព លោក​ក៏បាន​បញ្ជាក់​ច្បាស់​ថា​ នៅ​កម្ពុជា​ក្រោម​មាន​ប្រជាពលរដ្ឋ​ខ្មែរ ៤ លាន ៥ សែន​នាក់​ផង ដែរ ។ បើ​យើង​គិត​កំណើន​ត្រឹម ២,៥ ភាគរយ ឬ ៣ ភាគរយ ក៏​ប្រជាពលរដ្ឋ​ខ្មែរក្រោម​មាន​រហូត ទៅដល់ ៩ ឬក៏ ១០ លាន​ដែរ ។

​សារព័ត៌មាន​ព្រៃនគរ បាន​ទាក់ទង​ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​គណៈកម្មការ​ជំរឿន​នៃ​ការិយាល័យ​ស្ថិតិ​ទូទៅ​រដ្ឋាភិបាល​វៀតណាម ​ដើម្បី​សុំ​ការ ឆ្លើយតប​ទៅ នឹង​ប្រតិកម្ម​របស់​ខ្មែរក្រោម​ ចំពោះ​លទ្ធផល​ជំរឿន​នេះ ប៉ុន្តែ​មិន​ទទួល​បានការ ឆ្លើយតប​នោះទេ ។

​បច្ចុប្បន្ន​ នៅ​កម្ពុជា​ក្រោម មាន​វត្ត​ខ្មែរ​ចំនួន ៤៦១ វត្ត និង​មាន​ព្រះសង្ឃ​ជិត ៩ ពាន់ (៨.៧៥០) អង្គ បើ​គិត​ត្រឹម​ឆ្នាំ ២០១៤ ។

​ក្នុង​កាលៈទេសៈ​ ដែល​ខ្មែរក្រោម​មានការ​លំបាក​ក្នុង​ការធ្វើជំរឿន​ប្រជាជន​ខ្លួនឯង ​នៅ​ដែនដីកម្ពុជា​ក្រោម​ ដូច​សព្វថ្ងៃនេះ លោក ថាច់ សេដ្ឋា អំពាវនាវ​ដល់​ព្រះសង្ឃ ​និង​គណៈកម្មការ អាចារ្យវត្ត ​នៅ​កម្ពុជា​ក្រោម គួរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ខ្មែរ​ នៅតាម​ចំណុះជើងវត្ត​រៀងៗ​ ខ្លួន ​ដើម្បី​កុំឱ្យរដ្ឋាភិបាល​វៀតណាម​ បន្ត​បំភ័ន្ត​តួលេខ​ និង​លុបបំបាត់​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ។​

​លោក ថាច់ សេដ្ឋា បញ្ជាក់ថា ៖ «​តួលេខ​ដែល​ជំរឿន​ដោយ​រដ្ឋាភិបាល​យួន យើង​មិនអាច​យក ជាការ​បានទេ ពីព្រោះ​យួន​តែងតែមាន​កលល្បិច​ក្នុងការ​បំភ្លៃ​ការពិត ​ចំពោះ​ខ្មែរក្រោម​ជានិច្ច រហូតមកដល់​បច្ចុប្បន្ន​នេះ ។ ព្រោះ​យួន​គេ​ចង់​កាឡៃ​ប្រវត្តិសាស្ត្រ​ថា​ ខ្មែរ​កម្ពុជា​ក្រោម​មាន​ចំនួនតិច ​គឺ​ជនជាតិភាគតិច​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​នោះ ​គឺ​មិនមែនជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ទេ ។ ដូច្នេះ ហើយ​គេ​រក​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណា ​ដើម្បី​បំភ័ន្ត​សាធារណមតិ​ជាតិ ​និង​អន្តរជាតិ​ឱ្យ​យល់​ច្រលំ​អំពី​បញ្ហា​នេះ​» ៕

Leave A Reply

Your email address will not be published.