កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម ករណី​រោងចក្រ​រើសអើង​ជាតិសាសន៍

0 248

ដោយ ស៊ឺន ចែងចើន

កម្មករ​ខ្មែរក្រោម ដែល​កំពុងធ្វើការ​ងារ​នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រ នៅ​ទី​ក្រុង​ធំៗ ដូចជា ទីក្រុង​ព្រៃនគរ ទទួល​មោក វាល​ប្រើស ហើយ​វៀតណាម​កំពុង​ត្រួតត្រា បាន​រួមគ្នា​ចុះហត្ថលេខា នៅ​លើ​ញត្តិ​រួម​មួយ ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការងារ យុទ្ធជនពិការ និង​សង្គមកិច្ច​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​នេះ ធ្វើអន្តរាគមន៍​ជួយ​ដល់​កម្មករ​ខ្មែរក្រោម ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម មិន​ទទួលយក​កម្មករ​ខ្មែរក្រោម​ចូល​ធ្វើការ ដោយសារតែ​បញ្ហា​រើសអើង​ជាតិសាសន៍ ។

កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម ករណី​រោងចក្រ​រើសអើង​ជាតិសាសន៍
កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម ករណី​រោងចក្រ​រើសអើង​ជាតិសាសន៍

ញត្តិ ដែល​កម្មករ​ខ្មែរក្រោម គ្រោង នឹង​ដាក់​ជូន ទៅ​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី ២០ ខែកក្កដា នេះ បញ្ជាក់​ថា ពួក​គេ​ជា​ជនជាតិ​ខ្មែរ រស់នៅ​ក្នុង​តំបន់​ដីស​ណ្តរ​ទន្លេមេគង្គ ដោយសារតែ​ជួបប្រទះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ។ ដូច្នេះ ពួក​គេ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​រក​ការងារ​ធ្វើ នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រ នៅ​ទីក្រុង​ព្រៃនគរ និង​នៅ​ទូទាំង​ខេត្ត​នានា​នៃ​ដែនដី​កម្ពុជាក្រោម ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​បដិសេធ ដោយក្រុម​ហ៊ុន និង​រោងចក្រ​ទាំងនោះ មិន​ទទួលពាក្យ​សុំ​ចូល​ធ្វើការ​ឡើយ ។

ញត្តិ​ដដែល​នោះ​បន្ថែម​ទៀត​ថា ចាប់តាំងពី​ឆ្នាំ ២០១៧ មក រោងចក្រ និង​ក្រុមហ៊ុន​មួយចំនួន នៅ​តំបន់​សួន​ឧស្សាហកម្ម​ក្នុង​ខេត្ត​វាល​ប្រើស ដែល​វៀតណាម ប្តូរ​ទៅ​ឈ្មោះ​ថ្មី​ជា​ខេត្ត​ដូន​ណៃ មាន​ដូចជា ក្រោម​ហ៊ុន Shing Mark Vina និង​រោងចក្រ San Lim Furniture បាន​បណ្ដេញ​កម្មករ​ខ្មែរក្រោម ចេញពី​ការងារ ដោយ​ប្រើជា​លេស​ដោះសា​រថា កាលពី​ឆ្នាំ ២០១៦ កម្មករ​ខ្មែរក្រោម​បង្ក​ការ​អុកឡុក នៅក្នុង​រោងចក្រ ។ ប៉ុន្តែ តាមពិត​ទំនាស់ ដែល​ឈាន​ដល់​ការ​វាយតប់​គ្នា​រវាង​កម្មករ​ជា​ជនជាតិ​យួន និង​កម្មករ​ខ្មែរក្រោម​នោះ គឺ​បង្កឡើង​ដោយ​ជនជាតិ​យួន​មួយ​ក្រុម ចំណែក​កម្មករ​ខ្មែរក្រោម ដែល​ធ្វើការងារ​ជាមួយគ្នា​នោះ គ្រាន់តែ​មក​ជួយ​ធ្វើអន្តរាគមន៍​ទប់ស្កាត់​កុំ​ឲ្យ​មានអំពើ​ហិង្សា​មក​លើ​កម្មករ​ជាខ្មែរ​ក្រោម ប៉ុណ្ណោះ ។

តំណាង​ពលករ​ខ្មែរក្រោម ដែល​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម លោក យឿង ខាយ មានប្រសាសន៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ថា មូលហេតុ​ដែល​លោក​ធ្វើជា​តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម​នោះ ដោយ​លោក​មើលឃើញ​ពី​ភាព​អយុត្តិធម៌ ការ​ប្រកាន់ និង​ការរើសអើង​ជនជាតិ​ដើម​ខ្មែរក្រោម ដែល​ខ្លួន​ជា​ម្ចាស់​ស្រុក នៅ​លើទឹក​ដី​កំណើត ពីសំណាក់​ក្រុមហ៊ុន​យួន ។

យុវជន យឿង ខាយ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញចេញ​ពី​ការងារ​ដែរ​នោះ អះអាង​ថា ការ​មិន​ទទួលពាក្យ​សុំ​ចូល​បម្រើការ​ងារ ពី​ក្រុមហ៊ុន​យួន​នោះ មិនមែន​មានន័យថា ខ្មែរក្រោម​អសមត្ថភាព​ពលកម្ម​នោះ​ទេ ។ ប៉ុន្តែ ដោយសារតែ​ពលរដ្ឋខ្មែរ​ក្រោម ជាពិសេស​ក្រុម​យុវជន ក្នុង​ពេល​បច្ចុប្បន្ន​នេះ មានការ​យល់ដឹង​កាន់តែ​ច្រើន ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជាក្រោម និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន ។ ដូច្នេះហើយ ពួក​គេ​តែងតែ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook​) ដែល​មាន​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់ សម្រាប់​ទទទួល​ព័ត៌មាន​ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​នៃ​ទឹកដី​កម្ពុជាក្រោម ។ យុវជន យឿង ខាយ ឲ្យដឹង​ថា ប្រការ​នេះ​ហើយ ដែល​ជា​មូលហេតុ​នាំឲ្យ​អាជ្ញាធរ​វៀតណាម ធ្វើការ​ឃ្លាំមើល និង​តាមដាន​គ្រប់​សកម្មភាព​របស់​ក្រុម​យុវជន ដែល​ហ៊ាន​បញ្ចេញមតិ​ពាក់ព័ន្ធ នឹង​រឿង​ខ្មែរក្រោម នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ។ យុវជន​ខ្មែរក្រោម​រូប​នេះ បញ្ជាក់​ថា នៅពេល​ពួក​អាជ្ញាធរ បាន​កំណត់​មុខសញ្ញា​យុវជន​ខ្មែរក្រោម​រូប​ណា​ហើយ ពួក​គេ នឹង​រាយការណ៍​ទៅ​នគរបាល​នៅ​តាម​ខេត្ត​ក្រុង ដែល​មាន​ខ្មែរក្រោម​ធ្វើការ ដើម្បី​កោះហៅ​លោក​ទៅ​សម្លុត គំរាមកំហែង ឬបណ្តេញ​ចេញពី​ការងារ​ជាដើម ។

ពាក់ព័ន្ធ នឹង​ការ​ដាក់​ញត្តិ​នេះ​ដែរ កាលពី​ឆ្នាំ ២០១៩ កម្មករ​ខ្មែរក្រោម ដែល​ធ្វើការ​នៅ​ទីក្រុង​ព្រៃនគរ ក៏បាន​រួមគ្នា​ចុះហត្ថលេខា​នៅ​លើ​ញត្តិ​រួម​មួយ ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​នេះ អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ដែល​ធ្វើការងារ​នៅ​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំ​ខាន់​ៗ ដូចជា បុណ្យចូលឆ្នាំ​ថ្មី និង​បុណ្យ​សែនដូនតា ជាដើម ។ ចំណែក នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស្វឹ​ងហ៊្វុ​ក (Nguyen Xuan Phuc​) ធ្លាប់​បាន​សរសេរ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋខ្មែរ​ក្រោម ដែល​រស់​លើទឹក​ដី​កំណើត ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​រូប​នេះ មិនបាន​ទទួលស្គាល់​ថា ខ្មែរក្រោម​ជា​ជនជាតិ​ដើមកំណើត និង​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ឈប់សម្រាក​ក្នុង​ថ្ងៃចូលឆ្នាំ​ថ្មី​នោះ​ទេ ៕

Leave A Reply

Your email address will not be published.