សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ អះអាងថា ជំនួយ​ពី​សប្បុរសជន កាន់តែ​តិច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ គ្រួសារ​ក្រីក្រ និង​ជនរងគ្រោះ​ខ្មែរក្រោម ដោយ​ជំងឺ​កូ​វីដ​-១៩

0 75

ដោយ គឹម សាវតា

ស្ថាបនិក សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ អះអាងថា ជំនួយ​ទទួល​ពី​សប្បុរសជន បាន​ធ្លាក់ចុះ ដែល​តម្រូវ​ឲ្យ​ក្រុមការងារ ត្រូវ​កាត់បន្ថយ​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ និង​ជនរងគ្រោះ​ខ្មែរក្រោម ដែល រង ផលប៉ះពាល់ ពី​វិបត្តិ​នៃ ជំងឺ​កូ​វីដ​-១៩​ដែល​ធ្លាប់តែ​ទទួលបាន​ទៀងទាត់ ។ ការណ៍​នេះ ធ្វើ​ឲ្យ​ជនរងគ្រោះ ដែលមាន​ជីវភាព​ក្រីក្រ​ជាច្រើន​អាច​ប្រឈមមុខ​នឹង​កង្វះ​ស្បៀង ស្របពេល ជំងឺ​កូ​វីដ​-១៩​នៅ​ប្រទេស​វៀតណាម កំពុង​រីក​រាលដាល​ខ្លាំង ហើយ​មាន​អ្នកជំងឺ ជា​ខ្មែរក្រោម​មួយចំនួន​បាន ស្លាប់ និង​ឆ្លង​ថ្មី​ផងដែរ ។​

សកម្មភាពចែកអំណោយរបស់សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ដល់ពលរដ្ឋខ្មែរក្រោមក្រីក្រ នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង
សកម្មភាពចែកអំណោយរបស់សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ដល់ពលរដ្ឋខ្មែរក្រោមក្រីក្រ នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង

​សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ដែលមាន​លោក ថាច់ កឿង​ជា​ប្រធាន​បាន​បង្កើតឡើង កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង ប្រមូល​មូលនិធិ​ជួយ​ដល់​ជនរងគ្រោះ​ខ្មែរក្រោម ដែល​កំពុង​ជួប​ទុក្ខលំបាក ។ បន្ទាប់ពី​ត្រូវបាន​បង្កើតឡើង សមាគម​មួយ​នេះ បានធ្វើ​កិច្ចការ​មនុស្សធម៌ ដោយបាន​ជួយ​ទុគ៌ត​ជន ដែលជា​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​ពលរដ្ឋ​ខ្មែរក្រោម រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។​

​តែ​ទោះជា​យ៉ាងណា​ដំណើរការបាន​មួយរយៈ សកម្មភាព​បាន​ថមថយ​ទៅវិញ ដោយសារតែ​មិនសូវមាន​សប្បុរជន​ជួយ ស្រប​ពេលដែល​សមាជិក​អង្គការ​មួយ​នេះ ដែល​ត្រូវ​បង់​វិភាគទាន​ជាប្រចាំ​ក៏​មិនសូវមាន​ចំណូល ។​

​លោក ថាច់ កឿង ជា​ប្រធាន​សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ បាន​ប្រាប់​វិទ្យុ​សំលេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១៩ ខែមករា​នេះ ថា សមាគម​របស់លោក​ទើប​បង្កើត​ថ្មី ការផ្សព្វផ្សាយ​ក៏​មិនទាន់បាន​ទូលំទូលាយ ធ្វើ​ឲ្យ​ជំនួយ​មនុស្សធម៌ ដែល​ទទួលបាន​មាន​ចំនួន​តិច ។ លោក​បន្តថា កន្លងមក​ជំនួយ​មនុស្សធម៌ ដែល​បាន​ជួយ​ដល់ ទុគ៌ត​ជន ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​ពលរដ្ឋ​ខ្មែរក្រោម រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ គឺ​មួយ​ភាគ​ធំ​ទទួលបាន​ពី​ការបរិចាគ​របស់​សមា​ជិ​ក​សមាគម​ផ្ទាល់ ប៉ុន្តែ នៅពេលនេះ សមាជិកសមាគម​មួយចំនួន​ក៏​ខ្សត់ខ្សោយ​ចំនូល​ធ្វើ​ឲ្យ ជំនួយ​មនុស្សធម៌​នេះ​ហាក់​ថយ​ច្រើន ។​

​លោក ថាច់​គឿង «​ផលវិបាក​បំផុត​គឺថា យើង​ពិបាក​ឃោសនា ពីព្រោះ​សមាគម​ទើប​បើក​ថ្មី​ថោ្ម​ង ហើយ​ណាមួយ​ឃោសនា​ថវិកា​មិនសូវ​បាន​ច្រើន ដូច្នេះ យើង​បន្ត​ជួយ​កន្លែង ដែល​បងប្អូន​ក្រីក្រ​ហ្នឹង​គឺ​បាន​តិច​» ។​

​អ្នកស្រី​  ថាច់ អេះ អាយុ ៥៥ ឆ្នាំ​កើត​រស់នៅ ឃុំ​បឹង​រ៉ា​យ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​ប្រាប់​វិទ្យុ​សំឡេង ថា អ្នកស្រី​មាន​ជំងឺ​ខួរក្បាល និង​ហើម​ដៃ ហើមជើង​មិនអាច​ដើរ​ទៅណា​រួច​នោះទេ ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ បាន​ជួយ​ថវិកា និង​អង្ករ​ជាប្រចាំ បានធ្វើ​ឲ្យ​អ្នកស្រី​មានលទ្ធភាព​ខ្លះ ដើម្បី​ទៅ​ពេទ្យ​ព្យាបាល និង​បាន​អង្ករ ដើម្បី​ធ្វើ​ស្បៀងអាហារ​ចិញ្ចឹមជីវិត ប្រសិនបើ​មិនមាន​ជំនួយ​ពី​សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍​ទេនោះ អ្នកស្រី​គិតថា សុខភាព​អ្នកស្រី និង​កាន់តែ​ចុះខ្សោយ អាចឈាន​ទៅដល់​បាត់បង់​ជីវិត​ទៀតផង ។​

​អ្នកស្រី ថាច់ អេះ​ «ខ្ញុំ​កូនខ្ចី ខ្ញុំ​ហើម​ហើយ​ចុក​រោយ ហើម​ហើយ​ដើរ​គ្មាន​រួច​ទេ ពីមុនមក​ដើរ​ក៏​មិនបាន​ឆ្ងាយ វា​សុទ្ធ​ហ្នឹង វា​នឹង​ដី​» ។​

​ការរង​គ្រោះ​របស់​ខ្មែរក្រោម​ទាំងនេះ គឺ​ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរក្រោម កំពុង​រងគ្រោះ​ដោយ​ជំ​ងឹ ដែល​កំពុង​វាយលុក ពេញ​ពិភពលោក គឺ​ជំងឺ​កូ​វីដ​-១៩​ផងដែរ ។​

យុវជន ថាច់ កឿង (ឆ្វេង) និងក្រុមការងាររបស់លោក ដែលចុះធ្វើសកម្មភាពមនុស្សធម៌ នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង
យុវជន ថាច់ កឿង (ឆ្វេង) និងក្រុមការងាររបស់លោក ដែលចុះធ្វើសកម្មភាពមនុស្សធម៌ នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង

​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ចៅ សេរី សាទរ​ចំពោះ​ការស្វែងរក​ជំនួយ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ខ្មែរក្រោម​នេះ ដោយ​លោក​លើកឡើងថា ខណៈដែល​វៀតណាម កំពុងតែ​វាយលុក​ខ្លាំង​ដោយ​ជំងឺ​កូ​វីដ​-១៩​នេះ រដ្ឋាភិបាល​វៀតណាម ក៏មាន​វិធាន​ការជួយ​ដល់​ពលរដ្ឋ​ខ្លួន ក៏ដូចជា​ពលរដ្ឋ​ខ្មែរក្រោម​ផងដែរ ប៉ុន្តែ ជំនួយ​ទាំងនោះ​មិនទាន់​ឆ្លើយតប​គ្រប់គ្រាន់​ដល់​ជនរងគ្រោះ​ខ្មែរក្រោម​ឡើយ ដែល​ទាមទារ​ឲ្យ​យុវជន ព្រះសង្ឃ​ខ្មែរក្រោម បាន​ចេញមុខ​អំពាវនាវ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​បន្ថែម ។ លោក​បន្តថា លោក​តែងតែ​អំពាវនាវ​ឲ្យ​សប្បុរជន​នានា ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កំណើត ប៉ុន្តែ អ្វី​ដែលជា​បញ្ហា គឺ​រដ្ឋាភិបាល​វៀតណាម ចោទថា ជំនួយ ដែល​ជួយ​ទៅ​ជនរងគ្រោះ​នោះ គឺជា​ជំនួយ​នោះ គឺ​ចែក​ក្នុងន័យ​នយោបាយ ។​

​លោក ចៅ សេរី «​បងប្អូន​យើង​នៅ​ខាងក្រៅ​ស្រុក​ហ្នឹង បើ​ថា​មាន​អ្នកណា​មានចិត្ត​ធម៌ ជួយ​អាណិតអាសូរ​បងប្អូន​យើង នៅក្នុង​ស្រុក សូមជួយ​ផង​ព្រោះថា ពេលនេះ ជា​ពេល​ពិបាក យើង​ធ្វើ​ពេល​ហ្នឹង​បាន​វា​មានន័យ ព្រោះថា​បងប្អូន​យើង​ក្នុងស្រុក​ពេល​រដូវ​កូ​វីដ​ហ្នឹង គឺ​ពិបាក​មែនទែន​» ។​

​ជាមួយគ្នានេះ លោក​ចៅ សេរី​ក៏​អំពាវនាវ​ឲ្យ​ជនរងគ្រោះ នៅ​ដែនដី​កម្ពុជា កុំ​ច្រណែន ឬ អន់ចិត្ត​ពី​ការចែក​ជំនួយ​សប្បុរសធម៌​នេះ ព្រោះថា ក្រុមការងារ​មាន​តិច​មិនអាច​បានដឹង​ពី​ច្បាស់​ពី​ជនរងគ្រោះ​អស់ ហើយ​ពេលខ្លះ​ចុះទៅ​ចែក​ជំនួយ មានការ​រារាំង​ពី​អាជ្ញាធរ​ទៀតផង ៕

Leave A Reply

Your email address will not be published.