យុវជន​ខ្មែរក្រោម​ ​នៅតែ​បន្ត​ផ្សព្វផ្សាយ​នូវ​ឯកសារ​ច្បាប់​របស់​អង្គការសហប្រជាជាតិ​ និង​ឯកសារ​ប្រវត្តិ​សា​ស្រ្ត​កម្ពុជាក្រោម​ ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​ចោទ​ថា​ ​ខុសច្បាប់​ក៏ដោយ​

0 375

ដោយ លី ឈូន

​យុវជន​ខ្មែរក្រោម​ ​នៅតែ​បន្ត​ការ​ចែករំលែក​ ​និង​ផ្សព្វផ្សាយ​ដដែល​នូវ​ឯកសារ​ច្បាប់​នានា​របស់​អង្គការសហប្រជាជាតិ​ ​មានច្បាប់​សិទ្ធិមនុស្ស​ ​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ​ជាដើម​ ​។​ ​ទោះ​ជា​ការ​ចែករំលែក​ ​ផ្សព្វផ្សាយ​ ​ឯកសារ​ទាំងនេះ​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​គំរាមកំហែង​ក៏ដោយ​។​ ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​ ​២​០​ ​ខែកញ្ញា​កន្លងទៅ​ ​ជា​លិខិត​ឆ្លើយតប​របស់​រដ្ឋអំណាច​វៀតណាម​ ​ផ្ញើ​ជូន​ទៅ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​ចំពោះ​ករណី​ ​ដែល​អង្គការសហប្រជាជាតិ​ចោទប្រកាន់​វៀតណាម​ ​ថា​ ​បាន​រំលោភ​សិទ្ធិ​យុវជន​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ដែល​ជា​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​។​ ​តែ​ក្នុង​លិខិត​ឆ្លើយតប​នោះ​ ​វៀតណាម​ ​បែរជា​ចោទប្រកាន់​ ​ចំពោះ​យុវជន​រូប​នោះ​ ​ថា​ ​ផ្សព្វផ្សាយ​សៀវភៅ​ច្បាប់​ជនជាតិ​ដើម​ខុសច្បាប់​នៃ​ប្រទេស​វៀតណាម​ ​និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​វៀតណាម​ ​ទៅវិញ​ ​។​ ​ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​ថា​ ​យុវជន​ខ្មែរក្រោម​ ​ថា​ ​បំភ្លៃ​ប្រវត្តិសាស្ត្រ​វៀតណាម​នោះ​ ​អ្នកប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ​ថា​ ​កម្ពុជាក្រោម​មាន​វត្តអារាម​ខ្មែរក្រោម​ ​មាន​ចំណាស់​ជាង​មួយពាន់​ឆ្នាំ​មាន​សិលាចារឹក​ ​មាន​ប្រាង្គ​ប្រាសាទបុរាណ​ ​មាន​សិល្បៈ​វប្បធម៌​ដ៏​មាន​ចំណាស់​ ​ដែល​បញ្ជាក់​ថា​ ​ខ្មែរក្រោម​ជា​ម្ចាស់​ដើម​នៃ​ទឹកដី​កម្ពុជាក្រោម​ ​តែ​ចំពោះ​វៀតណាម​វិញ​ ​ទឡ្ហីករ​ទាំងនេះ​ ​គ្មាន​ឡើយ​ ​។​ ​អ្នកប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ​ថា​ ​នឹង​ចូលខ្លួន​តតាំង​ជាមួយ​វៀតណាម​ ​នៅ​លើឆាកអន្តរជាតិ​ ​ចំពោះ​ការចោទប្រកាន់​នេះ​ ​។​

យុវជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ​តូ​ ហ្វាង ចឿង នៅ​ខេត្ត​ព្រះ​ត្រពាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ត្រាវិញ​(Tra Vinh) ថ្មីៗ នេះ​លោក​តូ ហ្វាង ចឿង​បាន​បង្ហោះ​ នៅ​លើ​គណនេយ្យ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា លោក​បាន​ថត​ចម្លង​ឯកសារ​នានា​របស់​អង្គការសហប្រជាជាតិ​មាន​ច្បាប់​សិទ្ធិមនុស្ស​ សិទ្ធ​ជនជាតិ​ដើម​ ជាដើម​ចែក​ជូន​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​អស់​គ្នា៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​គ្មាន​អ្វី​ចែក​ជូន​បង​ប្អូន​យើង​ទេ​មាន​តែ​ចំណី​ខួរ​ក្បាល​ គឺ​សម្រាប់​យើង​ស្វែង​យល់​ទាំងអស់​គ្នា​អំពី​ច្បាប់​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ជន​ជាតិ​ដើម​ រួម​និង​សៀវភៅ​សិទ្ធិ​ស៊ីវិល សិទ្ធិ​នយោបាយ ​​ហើយ​នឹង​សៀវភៅ​គោលការណ៍​អភិវឌ្ឍន៍​ចេរ​កាល​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ចំនួន ១៧ ចំណុច​ដែល​ហៅ​កាត់​ថា​SDGs ។ បើ​បង​ប្អូន​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​យក​ទៅ​អាន​នឹង​ខ្ញុំ​នឹង​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ»

ចំណែក​​សកម្មជន​សិទ្ធិមនុស្ស​​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ គឺ​យុវជន​ឈ្មោះ ​យឿង ខាយ លោក​ជា​កម្មករ​ចំណាក​ស្រុក​នៅ​ខេត្ត​វាល​ប្រើស​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ដុង​ណាយ​ (Dong Nai)។ ពេល​នេះ​លោក​យឿង ខាយ កំពុង​តែ​បន្ត​នូវ​សកម្មភាព​របស់​លោក​ដដែល​​ ដូច​ជា​សកម្មភាព​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​​ក្នុង​សម័យ​កូវិដ​ ១៩  និង​បន្ត​ផ្សព្វ​ផ្សាយ​នូវ​​ឯកសារ​នានា របស់​អង្គការ​សហប្រជាជាតិ ​មាន​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​​និង​ឯកសារ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រោម​ជាដើម ​ទោះ​បី​ជា​ថ្មី ៗ​ នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ វៀតណាម​ ចោទ​ថា​លោក​​ផ្សាយ​បំផ្លើស​ប្រវត្តិសាស្ត្រ​ក៏​ដោយ​ ។

យុវជន​យឿង​ ខាយ ​ឆ្លើយ​តប​តាម​គណនេយ្យ​ហ្វេស​ប៊ុក​ផ្ទាស់​ខ្លួន​របស់​លោក​ថា​ លោក​និយាយ​តែ​ការ​ពិត​ តាម​ការ​មើល​ឃើញ ​មាន​តែ​វៀតណាម​ទេ​ដែល​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​៖ «បាទ​ខ្ញុំ​បាទ​យឿង ខាយ​មិន​បាន​បំភ្លៃ​ប្រវត្តិ​អី​ទេ​ គឺ​ប្រវត្តិសាស្ត្រ​ដែល​ខ្ញុំ​បាន​បង្ហោះ​ពីមុន ៗ មក​គឺ​ជា​ប្រវត្តិសាស្ត្រ​ពិត​នៃ​ដែន​ដី​កម្ពុជា​ក្រោម​ ។ ហេតុ​ផល​គឺ​ដោយ​សា​តែ​រដ្ឋាភិបាល​ និង​បក្ស​វៀតណាម​គាត់​ខ្លាច​ប្រជាជន​ខ្មែរ​ក្រោម​ដឹង​យល់​ច្រើន​ពិបាក​​ពួក​គាត់​គាប​សង្កត់​នឹង​ឯង​​។ ​គឺ​ដែល​រដ្ឋាភិបាល​វៀតណាម​ចោទ​ប្រកាន់​ថា​ខ្ញុំ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​ គឺ​ខ្ញុំ​បាន​បង្ហោះ​​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច្នេះ​ឯង»

ការ​លើក​ឡើង​មក​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​ចុះ​ថ្ងៃទី​ ២០ កញ្ញា​កន្លង ​ជា​លិខិត​ឆ្លើយ​តប​របស់​រដ្ឋ​អំណាច​វៀតណាម​ ផ្ញើ​ជូន​ទៅ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស  ក្នុង​ករណី​ដែល​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ចោទ​ប្រកាន់​វៀតណាម​ថា​បាន​រំលោភ​សិទ្ធិ​យុវជន​យឿង ខាយ ដែល​ជា​អ្នក​ចែក​ចាយ​សៀវភៅ​​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម។

ចំពោះ​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃទី​ ២០ កញ្ញា​​នោះ​ វៀតណាម​ បាន​ចោទ​ប្រកាន់​ចំពោះ​យុវជន​យឿង​ ខាយ​ ថា​ផ្សព្វ​ផ្សាយ​សៀវភៅ​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម ​ខុស​នឹង​ច្បាប់​​នៃ​ប្រទេស​វៀតណាម​ព្រោះ​ជា​ច្បាប់​ថត​ចម្លង​គ្មាន​ប្រភព​ច្បាស់​លាស់​​ ។  ហើយ​វៀតណាម​ថែប​ទាំង​បាន​ចោទ​ប្រកាន់​យុវជន​យឿង ខាយ ថា​ផ្សាយ​បំផ្លើស​​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជាក្រោម​​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ខ្មែរ​ណាម​បូ (Khmer Nam Bo) ហើយ​ដែល​​វៀតណាម​តែង​អះ​អាង​ថា​ ខ្មែរ​ក្រោម​ជា​ជន​អន្តោ​ប្រវេសន៍​។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​ចំពោះ​យុវជន​ខ្មែរ​ក្រោម​នេះ​ លោក​ប្រធាន​​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ត្រឹង​ម៉ាញ់​ រិន្ទ​ លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៣០​កញ្ញា​កន្លង​ ដែល​រៀប​ចំឡើង​ដោយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​​​ព្រៃ​នគរ​ ជា​វេទិកា​ស្ដី​ពី​រឿង​រ៉ាវ​អាជ្ញាធរ​វៀតណាម​ រំល​លោភ​សិទ្ធិ​យុវជន​យឿង​ ខាយ​នេះ​ឯង​ ។ លោក​ម៉ាន់ រិន្ទ ថាបើ​វៀតណាម​ចោទ​ប្រកាន់​ថា​យុវជន​​​យឿង ខាយ​​ផ្សព្វ​ផ្សាយ​ច្បាប់​ចម្លង​ នៃ​ច្បាប់​ជនជាតិ​ដើម​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​វៀតណាម​ជា​ហត្ថលេខី​ទទួល​ស្គាល់​ច្បាប់​ទាំង​នោះ​ថា​ខុសច្បាប់​ ​អីចឹង​វៀតណាម​ទៅ​កែ​ប្រែ​នឹង​អង្គការ​សហ​ប្រជាជាតិ​ទៅ ។

​លោក​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ទៀត​ថា វៀតណាម​គ្រាន់​ជា​ជន​ពនេចរ​នៅ​កម្ពុជា​ក្រោម​ តែ​ប៉ុណ្ណោះ​ ។ ​របប​កុម្មុយ​និស្ដុ​វៀតណាម​តែង​តែ​បំភិត​បំភ័យ​គំរាម​កំហែង​ ចាប់​ដាក់​គុក​ច្រវាក់​ តាម​កាប់​សម្លាប់ ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ដែល​ហ៊ាន​រំលឹក​ដល់​រឿងរ៉ាវ​ពិត​នៃ​ទឹក​ដី​កម្ពុជាក្រោម ថា​ជា​អតីត​ទឹកដី​របស់​ខ្មែរ​។

លោក​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​ បញ្ជាក់​ថា​ ពេល​នេះ​ ខ្មែរ​ក្រោម​មាន​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ​ ដូច​ជា​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​ ជា​ដើម​ជួយ​ការ​ពារ​ជន​ស្លូត​ត្រង់​ខ្មែរ​ក្រោម​ហើយ​ សុំ​កុំ​ខ្លាច​ត​ទៅ​ទៀត​៖ «ឥឡូវ​សូម​មើល​ខេត្ត​ព្រះ​ត្រពាំង​ឬ​ខេត្ត​ឃ្លាំង​ ផ្លូវ​រាប់​ពាន់​មានផ្លូវ​ណា​ដាក់​ឈ្មោះ​វីរបុរស​ខ្មែរ​ក្រោម​ដែរ​ឬ​ទេ​ ថា​មាន​ដែរ​ទៅ​ចុះ​គឺ​មាន​ ២, ៣នាក់  ប៉ុណ្ណោះ ​ដូច​ជា​ឈ្មោះ​លោក​មហា​សឺន ថុង លោក​មហា​វិញ គឿង ​ដែល​ធ្វើការ​បម្រើ​របប​កុម្មុយនិស្តុ​ក្នុង​សម័យ​ឥឡូវ​នេះ​។​ ហើយ​បើ​ឈ្មោះ​វីរបុរស​​​ខ្មែរ​ពិត​ពី​ដើម​មក​មាន​ដែរ​ឬ​ទេ​គឺ​ឬ​អត់​មាន​ឃើញ​ទេ​ ​ដូច្នេះ​ត​ទៅ​មុខ​ទៀត​បង​ប្អូន​ត្រូវ​ទាម​ទារ​ នូវ​មហាវិថី​ធំ ៗ នៅ​ខេត្ត​ព្រះ​ត្រពាំង​ឱ្យ​ដាក់​ឈ្មោះ​​វីរបុរស​ឧកញ៉ា​សឺន គុយ ព្រោះ​លោក​ជា​វីរបុរស​ខ្មែរ​ក្រោម​ ជា​បិតា​របស់​ខ្មែរ​ក្រោម​ ជា​មួយ​ពួក​អ្នក​ឯង យល់​ ថា​យ៉ាង​ម៉េច​ជា​រឿង​របស់​ពួក​អ្នក​ឯង​ តែ​ចំពោះ​ពល​រដ្ឋខ្មែរ​ក្រោម​លោក​ឧកញ៉ាសឺន គុយ​ជា​បិតា​របស់​ខ្មែរ​ក្រោម ​ខ្មែរ​ក្រោម​ត្រូវ​តែ​គោរព បូជា​បុព្វ​បុរស​របស់​ខ្លួន​ »

បច្ចុប្បន្ន​ កម្ពុជា​ក្រោម​មាន​តឹក​តាង​ផ្ទាល់​ភ្នែក​ជា​ច្រើន​បង្ហាញ​ថា​ជា​របស់​ខ្មែរ​ តឹក​តាង​ទាំង​នោះ​​មិន​បាច់​ដើរ​ស្រាវ​ជ្រាវ​តាម​បណ្ណាល័យ​ ឬ​តាម​អន​ឡាញ​ហ្គោ​ហ្គល​ក៏​បាន​គឺ​មាន​ដូច​ជា​វត្ត​សម្បួរ​រង្សី​នៅ​ខេត្ត​ព្រះ​ត្រពាំង​ដែល​មាន​អាយុ​កាល​ជាង​ ១.០០០ ឆ្នាំ​។វត្ត​សម្បួរ​រង្សី​កសាង​ឡើង​នៅ​ពុទ្ធសករាជ ៩១៧ និង​គ្រិស្ត​សករាជ​ ៣៧៣  ។ ក៏​ដូច​ជា​ប្រាសាទ​ព្រះ​ធាតុ ដែល​វៀតណាម​ហៅ​ថា​​ ថាប​ថី​ធាប​ ឬ ថាប​ វិញ​ហឹង (Thap Vinh Hung) ​នៅ​ក្នុង​ខេត្ត​ពល​លាវ (Bac Lieu) ដែល​កសាង​ឡើង​ក្នុង​សត​វត្សទី​ ៩ ឧទ្ទិស​ទៅ​ដល់​ព្រះ​បាទ​យសោវរ្ម័ន​ទី​ ៩ ​ជា​ដើម​  ។ ចំណែក​នៅ​ខេត្ត​ទឹក​ខ្មៅ​​(Ca Mao) មាន​ស្លាក​ ស្នាម​សំណង់​ប្រាសាទ​ប្រាំ​ល្វែង​ (Nam can) មាន​ស្លាក​ស្នាម​ជើង​ព្រះ​បាទ​ហ៊ុន​ទៀន​ (San Tien)​នៅ​លើ​ភ្នំ​ដាក់​ព្រះ​បាទ​ (Hon da bac) ។ល។ ហើយ​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ទាំង​នេះ​ វៀតណាម​មិន​មាន ចំណែក​សោះ​ឡើយ​​នៅ​កម្ពុជា​ក្រោម ​(Khmer Nam Bo) ។

អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ ដូច​ជា​លោក​ត្រាំង ឆាត​ប៊ុត សព្វ​ថ្ងៃ​លោក​រស់​នៅ​បារាំង​ ដែល​វណ្ណកម្ម​របស់​លោក​មាន​ឈ្មោះ​ថា​«កម្ពុជាក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម» ​។ រីឯ​លោក​ថាច់​ សេរ សព្វថ្ងៃ​លោក​រស់​នៅ​អាមេរិក​ ដែល​វណ្ណកម្ម​របស់​លោក​មាន​ឈ្មោះ​ថា «ទុក្ខ​ខ្មែរ​ក្រោម​» ហើយ​នឹង​លោក​ទៀ  ថេន ជា​ដើម​ ដែល​សព្វ​ថ្ងៃ​លោក​រស់​នៅ​ឧស្ត្រាលី​ ហើយ​វណ្ណកម្ម​របស់​លោក​មាន​ឈ្មោះ​ថា« រឿង​រ៉ាវ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ឬ អតីត​កូសាំងស៊ីន»

អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ ទាំង​អស់​សុទ្ធ​តែ​អះអាង​ថា​អស់​លោក​ចង​ក្រង​ឯកសារ​ទាំង​នេះ​ឡើង​សុទ្ធ​តែ​ផ្អែក​ទៅ​តាម​ឯកសារ​ជាតិ​ផង​  តាម​ឯកសារ​អន្តរ​ជាតិ​ផង ​ហើយ​និង​យក​ទៅ​តាម​រឿង​រ៉ាវ​ពិត​ដែល​កើត​ឡើង​នៅ​កម្ពុជា​ក្រោម​ ហើយ​បើ​ប្រសិន​ជា​វៀតណាម​មិន​សុខ​ចិត្ត​ទេ សូម​ឡើង​ទៅ​តវ៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​​ទាំង​អស់​គ្នា ៕

Leave A Reply

Your email address will not be published.