យុវជន​ខ្មែរក្រោម​ម្នាក់ រង​ការ​កោះហៅ​ឲ្យ​ចូល​​បំភ្លឺ​សាជាថ្មី ករណី​មិនទៅ​បង់ប្រាក់​ពិន័យ

0 468

ដោយ ស៊ឺន ចែង​ចើន​

មន្រ្តី​ស៊ើបអង្កេត​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ១៤ មិថុនា នេះ បាន​ចេញ​លិខិត​កោះហៅ​យុវជន​ខ្មែរក្រោម ឲ្យ​ចូល​ខ្លួនទៅ​ឆ្លើយ​បំភ្លឺ​សាជាថ្មី ជុំវិញ​ការ​មិនព្រម​បង់ប្រាក់​ពិន័យ តាម​ការ​កំណត់​របស់​អាជ្ញាធរ​វៀតណាម ដែល​ចោទប្រកាន់​រូបលោក​ថា បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី ១១ មិថុនា សប្តាហ៍​កន្លង ។

លិខិតកោះហៅចូលបំភ្លឺ ពីមន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ។
លិខិតកោះហៅចូលបំភ្លឺ ពីមន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ។
លិខិត​ និងឯកសារពាក់ព័ន្ធ ដែលអះអាថា សរសេរដោយដៃរបស់លោក ហូ ជី​មិញមេដឹកនាំនៃប្រទេស​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ប៉ុន្តែ អាជ្ញាធរវៀតណាម បដិសេធន៍ថា ជាឯកសារក្លែងក្លាយ ។
លិខិត​ និងឯកសារពាក់ព័ន្ធ ដែលអះអាថា សរសេរដោយដៃរបស់លោក ហូ ជី​មិញមេដឹកនាំនៃប្រទេស​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ប៉ុន្តែ អាជ្ញាធរវៀតណាម បដិសេធន៍ថា ជាឯកសារក្លែងក្លាយ ។

កាលពី​ថ្ងៃទី ៨ ខែមិថុនា អាជ្ញាធរ​វៀតណាម នៅ​ស្រុក​ផ្នោ​ដាច់ បាន​ចំណាយពេល​សាកសួរ​យុវជន តោ ហ្វាង ចឿង ជិត ៥ ម៉ោង ជុំវិញ​ករណី​លោក​បង្ហោះ​ឯកសារ​មួយ​ច្បាប់ ដែល​លោក​អះអាង​ថា ជា​លិខិត​របស់​លោក ហូ ជី​មិញ មេដឹកនាំ​នៃ​ប្រទេស​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ មានខ្លឹមសារ​ថា ដែនដី​កម្ពុជាក្រោម ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរក្រោម ។ ចំណែក ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក​ដី​នេះ គ្រាន់​ជា​អ្នក​ស្នាក់អាស្រ័យ និង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ ទាក់ទង នឹង​អធិបតេយ្យ​ភាព និង​សិទ្ធិ​ធ្វើជា​ម្ចាស់ការ នៅ​លើទឹក​ដី​នេះ ។ ក្រោយ​អាជ្ញាធរ​វៀតណាម សាកសួរ​ចប់ លោក​ត្រូវ​បានចោទប្រកាន់ពីបទ ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បង្គាប់​ឲ្យ​លោក​ត្រូវ​ទៅ​បង់ប្រាក់​ពិន័យ​ទៅ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង នៅ​ថ្ងៃទី ១១ មិថុនា ។ ប៉ុន្តែ លោក តោ ហ្វាង ចឿង បដិសេធន៍​មិនព្រម​ទទួលយក​លិខិត​នោះ​ទេ ដោយ​សំអាង​ថា លោក​គ្មាន​ទោសកំហុស​អ្វី​ឡើយ ។ លោក​បញ្ជាក់​ថា លោក​អាច​ប្រឈម នឹង​ការ​ពិន័យ​ជា​ប្រាក់ ចាប់ពី ១០ លាន​ដុង​ទៅ ២០ លាន​ដុង ឬប្រមាណ ៥ រយ​ដុល្លារ ទៅ ១ ពាន់​ដុល្លារ ។

នគរបាលវៀតណាម ស្រុកផ្នោដាច់ បង្ខំឲ្យលោក តោ ហ្វាង ចឿង ចុះហត្ថលេខាទទួលស្គាល់កំហុស ពីការបង្ហោះព័ត៌មានមិនពិត ។
នគរបាលវៀតណាម ស្រុកផ្នោដាច់ បង្ខំឲ្យលោក តោ ហ្វាង ចឿង ចុះហត្ថលេខាទទួលស្គាល់កំហុស ពីការបង្ហោះព័ត៌មានមិនពិត ។

នៅ​លើ​គណនី​ហ្វេសប៊ុក យុវជន តោ ហ្វាង ចឿង បាន​បង្ហោះ​សារ​អម​ជាមួយ នឹង​លិខិត​កោះហៅ​ទៅ​សាកសួរ ពី​មន្រ្តី​ស៊ើបអង្កេត​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ថា លោក​មិនទៅ​តាម​ការកំណត់​របស់​ក្រុម​អាជ្ញាធរ​វៀតណាម ដែល​បង្គាប់​ឲ្យ​លោក​ទៅ​បង់ប្រាក់​ពិន័យ​នោះ​ទេ ។ លោក​ថា មិនមែន​លោក​ខ្លាច ឬរត់គេច​ខ្លួន​នោះ​ទេ ប៉ុន្តែ លោក​កំពុង​ស្វែងរក​មេធាវី ដើម្បី​ប្ដឹង​ទាស់ ទៅ នឹង​ការសម្រេច​នេះ ។

ពាក់ព័ន្ធ នឹង​រឿង​នេះ​ដែរ កាលពី​ថ្ងៃទី ២ មិថុនា យុវជន​ខ្មែរក្រោម ឈ្មោះ ថាច់ កឿង ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ពិន័យ​លុយ​ជាង ៧ លាន​ដុង ឬប្រមាណ​ជាង ៣ រយ​ដុល្លារ ករណី​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ចោទ​អាជ្ញាធរ​វៀតណាម​ថា បាន​ចែក​អង្ករ​ក្លែងក្លាយ​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម ។

គួរ​ជម្រាប​ជូន​ថា ករណី​កោះហៅ​ពលរដ្ឋខ្មែរ​ក្រោម ទៅ​សួរនាំ​នេះ មិនមែន​ជា​ករណី​លើកទីមួយ​នោះ​ទេ ជា​រឿយ​ៗ អាជ្ញាធរ​វៀតណាម តែងតែ​កោះហៅ​ពលរដ្ឋខ្មែរ​ក្រោម​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់ ដោយសារតែ​ពួក​គាត់​ហ៊ាន​បញ្ចេញមតិ​ពាក់ព័ន្ធ នឹង​រឿង​ខ្មែរក្រោម នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អាជ្ញាធរ​វៀតណាម ក៏​ចោទប្រកាន់​ពលរដ្ឋខ្មែរ​ក្រោម​ទាំងនោះ ពី​បទ​ប្រឆាំង នឹង​រដ្ឋាភិបាល ឬមាន​ទំនាក់ទំនង នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន នៅ​ក្រៅប្រទេស ៕

Leave A Reply

Your email address will not be published.