យុវជនខ្មែរក្រោម បោះពុម្ពសៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ចែកជូនដោយឥតគិតថ្លៃ ដល់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដំកំណើត
ដោយ គឺម សាវតា
ខណៈដែលសៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ នៅទូទាំងសកលលោកហើយនោះ យុវជនខ្មែរក្រោមមួយក្រុម ក៏បានចាប់ផ្តើមបោះពុម្ពបន្ត ដើម្បីចែកជូនដោយឥតគិតថ្លៃ ដល់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ យុវជនទាំងនោះ អះអាងថា ការបោះពុម្ពនេះ គឺត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម យល់ដឹងពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ទៅថ្ងៃអនាគត់ ។

សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង គឺជាពាក្យដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើតឡើងដើម្បីធ្វើជាមាគ៌ារបស់ខ្លួន ក្នុងការទាមទារឲ្យមានការរួមរស់ប្រកបដោយការគោរពសិទ្ធិសេរីភាពឲ្យបានពេញលេញ នៅលើទឹកដីកម្ពុជាក្រោម ក្នុងនាមខ្មែរក្រោម ជាជនជាតិដើម ។ សៀវភៅសៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ត្រូវបានបោះពុម្ព ឡើងនៅឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយពីអ្វី ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម យកធ្វើជាមាគ៌ាមួយនេះ ។ ដោយឡែកនៅដែនដីកម្ពុជាក្រោម យុវជនខ្មែរក្រោម ក៏បានយកសៀវភៅនេះ ទៅបោះពុម្ពបន្ត ដើម្បីចែកជូនដោយឥតគិតថ្លៃ ។
លោក តោ ហ្វាង ចឿង រស់នៅក្នុងភូមិមេរងថ្មី ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង បានប្រាប់សំឡេងកម្ពុជាក្រោម ថា លោកបានឃើញសៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នេះ នៅក្រោមផ្ទះដោយមិនដឹង ថា អ្នកណាយកមកនោះទេ ហើយលោកបានអាន និងផ្សព្វផ្សាយ ។
លោកបន្តថា នៅពេលលោកផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានពលរដ្ឋខ្មែរក្រោមជាច្រើន បានសុំសៀវភៅនេះពីលោក ទើបលោកសម្រេចយកសៀវភៅ ដែលលោកមាននោះ ទៅបន្ដបោះពុម្ពចំនួន ៥០ ក្បាល ដើម្បីចែកចាយបន្ត ។
បើតាមលោក តោះហ្វាង ចឿង លោកមានគម្រោងបោះពុម្ពចំនួនមួយពាន់ក្បាលបន្ថែម ដើម្បីចែកជូនពលរដ្ឋខ្មែរក្រោម បើទោះជាត្រូវចំណាយថវិកាខ្លួនឯងក្តី ។
លោក តោះ ហ្វាង ចឿង «គម្រោងរបស់ប្អូនបន្តទៅមុខហ្នឹង នឹងបន្ដដំណើរការបោះពុម្ពសៀវភៅបន្តចែកចាយដល់ប្រជាពលរដ្ឋខ្មែរក្រោមបន្តទៀត ។ គម្រោងប្អូន ក្រោយហ្នឹងចង់បោះថែម ១ ពាន់ក្បាលទៀត ។
សៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» និពន្ធដោយព្រះតេព្រះជគុណ ថាច់ ប្រីជាគឿន ដោយបែងចែកជា ៣ វគ្គ មាន ២១៨ ទំព័រ ។ វគ្គទី ១ និយាយអំពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង វគ្គទី ២ និយាយពីប្រវត្តិដែនដីកម្ពុជាក្រោម និងព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងតាំងពីឆ្នាំ ១៩៤១ រហូតដល់ឆ្នាំ ២០២០ និងវគ្គទី ៣ គឺប្រជុំអត្ថបទស្តីពីកម្ពុជាក្រោម ។
ទាក់ទងនឹងការនិពន្ធ និងបោះពុម្ពសៀវភៅ «ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីថា ព្រះអង្គនិពន្ធសៀវភៅនេះឡើង ដើម្បីនាំយកពន្លឺនៃសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ទៅផ្សព្វផ្សាយបំភ្លឺពលរដ្ឋនៅទូទាំងដែនដីកម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងរស់នៅក្នុងគុកឥតជញ្ជាំងរបស់រដ្ឋាភិបាលវៀតណាម ។ ព្រះអង្គបន្តទៀតថា ពលរដ្ឋខ្មែរក្រោមនឹងទទួលបានចំណេះដឹងគ្រប់គ្រាន់ ដើម្បីស្វែងរកការសម្រេចវាសនាដោយខ្លួនឯងទៅថ្ងៃអនាគត ពេលអានសៀវភៅនេះចប់ ។
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន « អាត្មាគិតថា សៀវភៅនេះ ជាពន្លឺមួយសម្រាប់ផ្តល់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅទីងងឹត ដែលគ្រប់គ្រងដោយរបបអាណានិគមយួន ហើយក៏ជាផ្លូវមួយ និងជាគម្ពីរមួយ សម្រាប់ឲ្យខ្មែរក្រោមធ្វើដំណើរចាប់ពីពេលនេះតទៅ» ។
ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម គឺមាន ៣ មាត្រា ដែលមានចែងពីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមផងដែរ ក្នុងនោះ មាត្រា ៣ ចែងថា ជនជាតិដើម មានសិទ្ធិស្វ័យសម្រេច ។ តាមស្មារតីនៃសិទ្ធិនេះ ជនជាតិដើម ធ្វើសេចក្តីសម្រេចចិត្តអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី និងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី ។ មាត្រា ៤ ចែងថា ជនជាតិដើម ក្នុងការអភិវឌ្ឍសិទ្ធិស្វ័យសម្រេចរបស់ខ្លួន មានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ឬដោយស្វ័យភាពលើបញ្ហាទាំងឡាយ ដែលទាក់ទងដល់កិច្ចការផ្ទៃក្នុង និងកិច្ចការមូលដ្ឋានរបស់ខ្លួន ព្រមទាំងវិធីសាស្ត្រនយោបាយផ្សេងៗ សម្រាប់ផ្ដល់ហិរញ្ញវត្ថុដល់ដំណើរការស្វ័យភាពរបស់ខ្លួន និងមាត្រា ៥ ចែងថា ជនជាតិដើមមានសិទ្ធិរក្សា និងពង្រឹងនយោបាយ ច្បាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់រដ្ឋផងដែរ តាមការជ្រើសរើសរបស់ពួកគេ ៕