យុវជន​ខ្មែរក្រោម​ម្នាក់ រង​ការព្រមាន​ចាប់ខ្លួន ក្រោយ​ចូល​បំភ្លឺ​តាម​ការកោះហៅរ​បស់​អាជ្ញាធរ​វៀតណាម ជា​លើក​ទី​ពីរ​

0 511

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ចង្វា​ត្រពាំង (​កំពង់​ស្រកាត្រី​) ឬ​ហៅថា ខេត្ត​ដូន​ណៃ​ជា​ភាសា​យួន បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ម្នាក់ ដែល​ឈឺឆ្អាល​រឿង​ជួយ​យកអាសា​មិត្ត​រួមការ​ងារ ដែល​តែង​ទទួលរង​ការ​មាក់ងាយ និង​ការរើសអើង ពី​សំណាក់​ក្រុមកម្មករ​ជនជាតិ​យួន ឲ្យ​ទៅ​បំភ្លឺ នៅ​ចំពោះមុខ​សមត្ថកិច្ច​អំពី​ករណីនេះ ចំនួន​ពីរលើក គឺ​នៅ​ថ្ងៃទី ២០ និង​ថ្ងៃទី ២៣ ខែតុលា សប្តាហ៍​នេះ ។​

លិខិតកោះហៅរបស់អាជ្ញាធរវៀតណាម លើកទីមួយ និងទីពីរ
លិខិតកោះហៅរបស់អាជ្ញាធរវៀតណាម លើកទីមួយ និងទីពីរ

​យុវជន យឿ​ង ភុ​ក ដែល​ត្រូវ​អាជ្ញាធរ​កោះហៅ​នោះ ថ្លែងថា ករណីនេះ គឺជា​ការសង​សឹក និង​ចង់​បំបាក់ស្មារតី​មកលើ​រូបលោក ដោយសារតែ​អាជ្ញាធរ​ឃុំ​សុង​ត្រូវ (Sông Trầu) នៃ​ខេត្ត​ដូន​ណៃ ចងកំហឹង​គុំ​គួ​ន​បងប្រុស​លោក ឈ្មោះ យឿ​ង ខាយ ដែលជា​តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម​ជាង ២០០ នាក់ កាលពី​ចុងខែ​កក្កដា បាន​រួមគ្នា​ចុះហត្ថលេខា​លើ​ញត្តិ​រួមមួយ ដាក់​ទៅ​ក្រសួង​ពលកម្ម​វៀតណាម ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​មួយ​នេះ ធ្វើ​អន្តរាគមន៍​ជួយ​ដល់ក​ម្មករ​ខ្មែរក្រោម ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម មិន​ទទួលយក​កម្មករ​ជា​ខ្មែរក្រោម​ចូលធ្វើការ ដោយសារតែ​ការរើសអើង​ជាតិ​សាសន៍ ។​

យុវជន​ខ្មែរក្រោម មកពី​ខេត្ត​ឃ្លាំង ដែល​បច្ចុប្បន្ន​កំពុងធ្វើកា​រ​នៅ​រោងចក្រ​មួយ នៅ​សួន​ឧស្សាហកម្ម​ក្នុង​ខេត្ត​ដូន​ណៃ​រូបនេះ ឲ្យ​ដឹងថា លោក​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពីបទ រារាំង​ការអនុវត្ត​ច្បាប់ ដោយសារតែ​កន្លងមក លោក​តែង​ចេញមុខ​ជួយ​អន្តរាគមន៍​ករណី​វិវាទ​ការងារ​រវាង​កម្មករ​ខ្មែរក្រោម ជាមួយ នឹង​កម្មករ​ជនជាតិ​វៀតណាម ។ លោក​ថា ជារឿយៗ កម្មករ​ជា​ជនជាតិ​វៀតណាម តែង​ធ្វើបាប និង​ជិះជាន់​កម្មករ​ខ្មែរក្រោម ដែល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា ។
​បន្ទាប់ពី​សាកសួរ​រ​អស់​ជាច្រើន​ម៉ោង អាជ្ញាធរ​វៀតណាម ក៏បាន​ព្រមាន​យុវជន​រូបនេះ ដោយ​គំរាមកំហែង​ថា នឹង​ចាប់ខ្លួន បើ​លោក​នៅតែ​បន្តធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍​កម្មករ​ជា​ជនជាតិ​វៀតណាម ។​

យុវជនខ្មែរក្រោម ឈ្មោះ យឿង ភុក
យុវជនខ្មែរក្រោម ឈ្មោះ យឿង ភុក

ចំណែក​កម្មករ​ខ្មែរក្រោម​ម្នាក់ទៀត និង​ត្រូវជា​បងប្រុស​បង្កើត​រប​ស់​យុវជន យឿ​ង ភុ​ក គឺ​លោក យឿ​ង ខាយ ប្រាប់​សារព័ត៌មាន ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា អាជ្ញាធរ​មូលដ្ឋាន នៅ​តំបន់​សួន​ឧស្សាហកម្ម​ខេត្ត​ដូន​ណៃ ធ្លាប់បាន​កោះហៅ​រូបលោក​ទៅ​ព្រមាន​ជាច្រើនលើក​ច្រើនសារ ហើយ​ករណី​ចុងក្រោយបង្អស់ គឺ​នៅ​ថ្ងៃទី ១ ខែសីហា ពាក់ព័ន្ធ​ទៅ នឹង​ការដាក់​ញត្តិ​ប្ដឹងទៅ​ក្រសួង​ពលកម្ម​វៀតណាម ជុំវិញ​រោងចក្រ​មួយចំនួន បាន​ដេញ​កម្មករ​ខ្មែរក្រោម ប្រមាណ​ជាង ២០០ នាក់ ក្រោម​ហេតុផល​នយោបាយ ។

​លោក យឿ​ង ខាយ លើកឡើងថា អាជ្ញាធរ នៅ​ស្រុក​ត្រាង​ប័​ម (Trảng Bom) ចោទប្រកាន់ លោក​ថា ធ្វើតាម​ការ​ញុះញង់​របស់​អ្នក​នៅក្រៅ​ស្រុក ដែល​បង្គាប់​ឲ្យ​កម្មករ​ខ្មែរក្រោម​ធ្វើ​ញត្តិ​នេះ ។ តែ​លោក​បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​នេះ ដោយ​លោក​ឆ្លើយ​ប្រាប់​ពួក​អាជ្ញាធរ​ថា ការរួម​គ្នា​ធ្វើ​ញត្តិ​នេះ គឺ​ដោយ​ឆន្ទៈ​របស់​ពួកគេ​ផ្ទាល់ និង​មិន​ទទួលបាន​ការបញ្ជា ពី​អ្នកណាម្នាក់​ឡើយ ។ យ៉ាងនេះ​ក្តី លោក​បញ្ជាក់ថា ញត្តិ​នោះ លោក​បានដាក់​តាំងពី​ថ្ងៃ​ទី ២០ ខែកក្កដា មកម្ល៉េះ តែ​មកទល់ នឹង​ពេលនេះ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប នៅឡើយ​ទេ ។​

យុវជន យឿង ខាយ តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម
យុវជន យឿង ខាយ តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​ក្រសួងការងារ​វៀតណាម

​ទាក់ទង នឹង​បញ្ហា​នេះ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ បាន​លើកឡើងថា ការកោះហៅ​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​សួរចម្លើយ​នោះ គឺជា​សិទ្ធិអំណាច និង​ជា​អធិបតេយ្យភាព​របស់​ប្រទេស​វៀតណាម ក្នុងការ​អនុវត្ត​ច្បាប់ នៅក្នុង​ការគ្រប់គ្រង​ប្រទេស​របស់ខ្លួន ។ ប៉ុន្តែ លោក​លើក​ជា​ចម្ងល់​ថា តើ​រាល់​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម ទាក់ទង នឹង​ឯកសារ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ឬ​គ្រាន់តែ​តវ៉ា​ប្រឆាំង នឹង​រឿង​អយុត្តិធម៌​អ្វីមួយ សុទ្ធតែជា​រឿង​ខុសច្បាប់​? ។ ត្រង់ចំណុច​នេះ លោក តាំង សារៈ ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ពិនិត្យមើល​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើងវិញ ។ លោក​បញ្ជាក់​បន្ថែមថា វៀតណាម ត្រូវតែ​អនុវត្ត​នូវ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​ខ្លួន​បានផ្តល់​សច្ចាប័ន ក្នុងនោះ​រួមមាន កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ អនុសញ្ញា​អន្តរជាតិ ស្តីពី​ការ​លុយ​បំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​ពូជសាសន៍ កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ។ ជាពិសេស វៀតណាម ក៏​ជា​ប្រទេស​ហត្ថលេខី​ទទួលស្គាល់​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស និង​ទទួលស្គាល់​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​របស់​ជនជាតិដើម ទៀតផង ។

​នៅពេល​សួរថា តើ នឹងមាន​វិធានការ​ដូចម្ដេច​ទៀត បើ​ករណី​រំលោភសិទ្ធិ​មនុស្ស​របស់​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម នៅតែ​បន្ត បើទោះជា​កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្តី និង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា​ក្តី តែងតែ​ទាមទារ និង​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ត្រូវតែ​ឈប់​ជាបន្ទាន់ នូវ​អំពើ​រំលោភបំពាន​មកលើ​ខ្មែរក្រោម តទៅទៀត ។ ប៉ុន្តែ អាជ្ញា​វៀតណាម ហាក់ដូច​មិន​ចាប់អារម្មណ៍ នឹង​ការទាមទារ​របស់​ខ្មែរក្រោម​នោះឡើយ ហើយ​នៅតែ​បង្កើន​ការ​រឹតត្បិត​កាន់តែខ្លាំង​ឡើង លើ​ការអនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរក្រោម ជា​ដដែល ។ ចំណុច​នេះ លោក តាំង សារៈ ពន្យល់ថា នៅក្នុង​ប្រទេស​វៀតណាម ជា​ប្រទេស​ស្ថិតក្រោម​របប​កុម្មុយនីស្ត មាន​បក្ស​តែមួយ ដូច្នេះ តែង​ប្រើ​អំណាច​នយោបាយ​របស់ខ្លួន ដោយ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូចជា ការ​បំបិទ និង​បង្ក្រាប​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន គ្មាន​សិទ្ធិ​ធ្វើការ​ជួបជុំគ្នា ហើយ​ពួក​អាជ្ញាធរ តែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​ដើរ​ផ្ទុយ​ពី​បន្ទាត់នយោបាយ​រដ្ឋាភិបាល ។​

លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីដើមខែធ្នូ ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីដើមខែធ្នូ ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន

​សម្រាប់​លោក តាំង សារៈ ក្នុង​តួរ​នាទី​ជា​សេនាធិការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក នឹងធ្វើ​​របាយ​ការណ៍ ពី​ករណី​រំលោភ​សិ​ទិ្ធ​មនុស្ស​របស់​អាជ្ញាធរ​វៀត​ណា​ម ទៅកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​សហព័ន្ធ​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​កៀរគរ​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា ព្រមទាំង​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងទៀត ឲ្យ​ជួយ​ដាក់​សម្ពាធ និង​គាបសង្កត់​អាជ្ញាធរ​កុ​ម្មុយ​នី​ស​វៀតណាម ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក កំពុង​រស់នៅ​លើទឹក​ដី​កំណើត ។​​

​គួរ​ជម្រាបជូន​ថា តាម​របាយការណ៍ របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បង្ហាញថា នៅក្នុង​ឆ្នាំ ២០២០ នេះ មាន​សកម្មជន​ខ្មែរក្រោម ជាង ១០ នាក់​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់ និង​ពិន័យ​ប្រាក់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​បញ្ចេញមតិ​ជុំវិញ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ អាជ្ញាធរ​វៀតណាម ក៏បាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ការ​រឹបអូស​យក​ដីធ្លី និង​ការចាប់ខ្លួន​ឃុំខ្លួន ឬ​ដាក់ពន្ធនាគារ ៕

Leave A Reply

Your email address will not be published.