យុវជនខ្មែរក្រោម ចូលបំភ្លឺជាលើកទីពីរ រឿងចោទអាជ្ញាធរវៀតណាម ចែកអំណោយដោយការរើសអើង
ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមម្នាក់ នៅខេត្តឃ្លាំង នៅរសៀលម៉ោង ២ ថ្ងៃទី ៣ ខែកក្កដា បានចូលខ្លួនទៅបំភ្លឺជាលើកទីពីរ ករណីចោទប្រកាន់អាជ្ញាធរមូលដ្ឋានវៀតណាម ថា រើសអើងជាតិសាសន៍រឿងចែកជំនួយ នៅក្នុងរដូវកាលនៃវិបត្តិកូវីដ-១៩ ។ ការកោះហៅទៅសាកសួរជាបន្តបន្ទាប់ ក្រោយពីយុវជនខ្មែរក្រោមរូបនោះ បានហែកក្រដាសកំណត់ហេតុមួយច្បាប់របស់អាជ្ញាធរ ដែលសួរចម្លើយលោក កាលពីលើកទីមួយ ។

យុវជនខ្មែរក្រោម យ៉ាញ់ មិញក្វាង នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ នៃខេត្តឃ្លាំង កាលពីពេលកន្លងទៅថ្មីៗ នេះ បង្ហោះវីដេអូតាមហ្វេសប៊ុក ដោយសម្តែងការតវ៉ាទាមទារឲ្យអាជ្ញាធរផ្ដល់អំណោយ ឬប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រឲ្យបានស្មើភាពគ្នា និងដោយគ្មានការរើសអើងជាតិសាសន៍ ។ លោកអះអាងនៅក្នុងវីដេអូនោះថា អាជ្ញាធរមូលដ្ឋានជ្រើសរើសអ្នកក្រីក្រ ដោយប្រកាន់ខ្មែរក្រោម និងជនជាតិវៀតណាម និងមិនបានជ្រើសរើសអ្នកក្រពិតប្រាកដ ដែលលក្នុងនោះ ក៏មានគ្រួសារលោក និងគ្រួសារខ្មែរក្រោមផ្សេងទៀត កំពុងតែជួបប្រទះទុក្ខលំបាកយ៉ាងខ្លាំង តែមិនទទួលបានជំនួយ ពីអាជ្ញាធរវៀតណាមឡើយ ។ លោកថា អ្នកនៅក្នុងភូមិរបស់លោកជាច្រើនគ្រួសារ បាត់បង់ចំណូលដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែ ពេលអាជ្ញាធរចុះចែកអំណោយ បែរជាមិនរដាក់បញ្ចូលឈ្មោះរបស់ពួកគាត់ ចូលទៅបញ្ជីអ្នកក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនោះទេ ។ លោកចោទពួកអាជ្ញាធរមូលដ្ឋាន ថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ និងរើសអើងជាតិសាសន៍ខ្មែរក្រោម ដោយចុះស្រង់យកតែឈ្មោះជនជាតិវៀតណាមប៉ុណ្ណោះ ។
ជុំវិញបញ្ហានេះ អាជ្ញាធរៀតណាម មិនត្រឹមតែមិនដោះស្រាយជូនពលរដ្ឋខ្មែរក្រោមក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភឲ្យបានស្មើភាពគ្នានោះទេ កាលពីថ្ងៃទី ២៣ ខែមិថុនា អាជ្ញាធរវៀតណាមនៃខេត្តឃ្លាំង បានកោះហៅយុវជន យ៉ាញ់ មិញក្វាង សាកសួរអស់ជាច្រើនម៉ោង រួចចោទប្រកាន់លោកថា ជាជនក្បត់ជាតិ និងបង្ខំឲ្យលោកបញ្ឈប់ថតវីដេអូ រិះគន់រដ្ឋាភិបាលវៀតណាម តាមរយៈបណ្ដាញសង្គម និងផ្តល់ព័ត៌មានទៅខ្មែរក្រោម នៅក្រៅស្រុក ពីភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន ដែលបានដើរស្រង់ស្ថិតិពលរដ្ឋរងគ្រោះដោយសារជម្ងឺកូវីដ-១៩ ឲ្យទទួលអំណោយពីរដ្ឋាភិបាល ប៉ុន្តែ មានតែឈ្មោះពលរដ្ឋជាសាច់ញាតិរបស់ជនជាតិវៀតណាម ។
យុវជនខ្មែរក្រោម រូបនេះ ឲ្យដឹងទៀតថា ក្រោយពីសួរនាំរួច លោកត្រូវបានអាជ្ញាធរបង្ខំឲ្យចុះហត្ថលេខា នៅក្នុងលិខិតកំណត់ហេតុមួយច្បាប់ ដែលសរសេរយ៉ាងវែងពីអាជ្ញាធរវៀតណាម ប៉ុន្តែ លោកមិនដឹងពីខ្លឹមសារនៃកំណត់ហេតុនោះសរសេរពីអ្វីនោះទេ ដោយសារតែលោកមិនចេះអក្សរវៀតណាម ។ លោកបានស្នើឲ្យអាជ្ញាធរអានឲ្យលោកស្តាប់ ប៉ុន្តែ ពួកគេមិនព្រម នៅពេលនោះ លោកបានស្នើសុំថតលិខិតកំណត់ហេតុនោះ តែអាជ្ញាធរនៅតែមិនអនុញ្ញាត ទើបមានការប្រទាញប្រទង់គ្នារវាងលោក និងសមត្ថកិច្ចនគរបាលវៀតណាម ហើយក៏បណ្តាលឲ្យលិខិតនោះ រហែកដាច់ចេញពីគ្នា ។ លោកបន្ថែមថា នៅពេលនោះ លោកបានទាញទូរស័ព្ទ ដើម្បីថតសកម្មភាព ប៉ុន្តែ ក្រុមសមត្ថកិច្ចទាំងនោះ បាននាំគ្នារត់គេចចេញពីបន្ទប់សួរចម្លើយ ទើបលោកដើរចេញពីការិយាល័យនគរបាល ហើយធ្វើដំណើរមកផ្ទះវិញ ។
គិតត្រឹមម៉ោង ៦ ល្ងាចនេះ វិទ្យុសំឡេងកម្ពុជាក្រោម នៅពុំទាន់អាចទាក់ទងយុវជន យ៉ាញ់ មិញក្វាង ដើម្បីចង់ដឹងព័ត៌មានម្អិត ជុំវិញនៃការសាកសួរពីអាជ្ញាធរនេះ បាននៅឡើយទេ ដោយសារតែហៅទូរសព្ទជាច្រើនលើកមិនចូល (ប្រហែលអាជ្ញាធរកំពុងសាកសួរមិនទាន់ចប់) ។ វិទ្យុសំឡេងកម្ពុជាក្រោម នឹងតាមដានរឿងនេះ និងធ្វើបច្ចុប្បន្នភាពជម្រាបជូនប្រិយមិត្តអ្នកអានជាបន្តបន្ទាប់…!!