សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម ​សម្រាប់​ឆ្នាំ ២០២២

0 133

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង និង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម នៅឆ្នាំ ២០២២ នេះ ។ សហព័ន្ធ​សង្កេត​ឃើញ​ថា​ កាលពី​ឆ្នាំ ២០២១ កន្លង​ទៅ ករណី​រំលោភ​សិទ្ធិ និង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដាក់​ពន្ធនាគារ ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ នៅ​ពេល​ពិភពលោក កំពុង​ជាប់​រវល់​ ដោះស្រាយ​វិបត្តិ​ជំងឺ កូវីដ (Covid 19) ។

សន្និបាតប្រចាំឆ្នាំ ២០១៨ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ។ រូបៈ សារព័ត៌មាន ព្រៃនគរ
សន្និបាតប្រចាំឆ្នាំ ២០១៨ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ។ រូបៈ សារព័ត៌មាន ព្រៃនគរ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​សុំ​កិច្ច​អន្តរាគមន៍​ ពី​សហរដ្ឋ​អាមេរិក (US) អូស្ត្រាលី (Australia) សហភាព​អឺរ៉ុប (EU) និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដើម្បី​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​វៀតណាម ​ឲ្យ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ លុប​បំបាត់​ការ​រើសអើង និង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើពលរដ្ឋ​ខ្មែរ​ក្រោម ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ៨ មករា ​ថា ទោះ​បី​ពិភព​លោក កំពុង​ជួប​វិបត្តិ​ជំងឺកូវីដ-១៩ ក៏​ដោយ​ ក៏​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​នឹង​បន្ត​យុទ្ធនាការ​តស៊ូ​មតិ​ដោយ​អហិង្សា​ សម្រាប់​ខ្មែរ​ក្រោម​រស់នៅ​លើទឹក​ដី​កំណើត នៅ​ឆ្នាំ ២០២២ នេះ ។ គម្រោង​សម្រាប់​ឆ្នាំ ២០២២ រួម​មាន ការសិក្សា​តាម​គំរូ​ប្រទេស​មួយ​ចំនួន ដែល​ទទួលបាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​​ឯង បន្ត​សុំ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​របស់​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ​ហៅ​កាត់​ថា (ECOSOC) តាមដាន​ការអនុវត្តគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ធានា​ថា​ រដ្ឋាភិបាល​វៀតណាម ​អនុវត្ត​គោល​​​ដៅនេះ​ ឲ្យ​ស្មើភាព​រវាង​ខ្មែរ​ក្រោម​ និង​ជនជាតិ​វៀតណាម ។​ សហព័ន្ធ​ក៏​នឹង​ជ្រើសរើស​យុវជន​ខ្មែរ​ក្រោម​ ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ដើម្បី​តាមដាន​ការ​អនុវត្ត​សន្ធិសញ្ញា​អន្តរជាតិ​ ដូចជា​ សន្ធិសញ្ញា​ការពារ​សិទ្ធិ​កុមារ និង​សន្ធិសញ្ញា​ផ្សេង​ទៀត​របស់រដ្ឋាភិបាលវៀតណាម ។​ ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​បន្ត​ទៀត​ថា យុទ្ធនាការ​ចម្បង​របស់​សហព័ន្ធ​នៅ​ឆ្នាំនេះ ​គឺ​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សិទ្ធិ​ស្វ័យ​ដោយ​ខ្លួន​ នៅ​ថ្ងៃ​អនាគត៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក្រោយ​ពី​ការ​ប្រជុំ​កាល​ពី​ខែ ១២ ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ហ្នឹង ​យើង​មាន​ផែនការ​ជា​ច្រើន​ចំណុច​ ទី​មួ​យ​គឺ សហការ​នឹង​សហគមន៍​អឹរ៉ុប និង​បន្ត​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ធំៗ ដែល​មាន​ពាណិជ្ជកម្ម​នឹង​ប្រទេស​វៀតណាម ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​នោះ ​​​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ។ ទីពីរ សហព័ន្ធ​នឹង​បន្ត​ការ​ស្រាវជ្រាវ​ទៅ​ប្រទេស​មួយ​ចំនួន ដែល​ទើប​ទទួល​បានការ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​ហ្នឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ទៅ​សិក្សា​បន្ថែម​ពី​ច្បាប់​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បន្ត​យុទ្ធនាការ​ក៏​ស្វិតស្វាញ ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​កាល​ពី​ឆ្នាំ ២០២១ កន្លង​ទៅ សហព័ន្ធ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម ​បាន​បន្ត​រំលោភ​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរ​ក្រោម​ យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ពិភពលោក កំពុង​ដោះស្រាយ​ជំងឺ​កូវីដ-១៩ ។ យ៉ាង​ហោច​ណាស់ ក៏​មាន​ខ្មែរ​ក្រោម​ពីរ​នាក់ ​ត្រូវ​បានអាជ្ញាធរ​វៀតណាម​ ចាប់ខ្លួន​ដាក់​​ពន្ធនាគារ និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​វៀតណាម គំរាម​កំហែង​មិន​ឲ្យ​បញ្ចេញ​មតិ​រឿង​ជន​ជាតិ​ដើម និង​ប្រវត្តិសាស្ត្រ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ។

អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង ​កាល​ពី​ថ្ងៃ​ទី ១៤ ខែតុលា បាន​ចាប់​ខ្លួន​លោក ថាច់ រីន ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ និង​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ អតីត​មេ​ដឹក​នាំ​វៀតណាម» ។ បច្ចុប្បន្ន​វៀតណាម​ កំពុង​ដាក់​ពន្ធនាគារ​លោក ដើម្បី​រង់ចាំ​ការ​កាត់​ទោស ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​លោក ថាច់ រីន នេះ គឺ​ដោយ​សារ​តែ​លោក​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សិទ្ធិ​ជន​ជាតិ​ដើម​ ។ ​អាជ្ញាធរ​វៀតណាម ​កាល​ពី​ថ្មីៗ នេះ​ ក៏​បាន​ចាប់​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ​ហ្វិន វ៉ាំង ឌែប ពី​ចោទ​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​មួយ ។ មុន​ពេល​ចាប់​ខ្លួន លោក ហ្វិន វ៉ាំង ឌែប ធ្លាប់​បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ លោក​ថា វៀតណាម​ចោទ​ប្រកាន់​លោក​ ដោយសារ​តែ​លោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គមហ្វេសប៉ុក (Facebook) ។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ ។ ចំណែក​យុវជន​ខ្មែរក្រោម​ ជា​ច្រើន​រូប​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ រឿង​និយាយ​ពី​សិទ្ធិ​ជនជាតិ​តាម​បណ្ដាញ​សង្គម​ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង ​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
ព្រះតេជព្រះគុណ សឺង យ៉ឹង ​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន ថេរដីកា ការ​បង្ក្រាប​លើ​សិទ្ធិ​សេរី​ភាព​របស់​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ ​គឺ​ដោយសារ​តែ​វៀតណាម​មាន​ចេតនា​ បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម​នៅ​លើក​ទឹក​ដី​កំណើត៖ «ប្រទេស​វៀតណាម​នៅ​តែ​បន្ត​ការ​រំលោភ​សិទ្ធិមនុស្ស​ នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ចំពោះ​ពលរដ្ឋ​កម្ពុជា​ក្រោម ។ នៅ​វៀតណាម​ឲ្យ​តែ​មាន​អ្នក​ណា​មាន​គំនិត​ផ្ទុយ​នឹង​វៀតណាម គឺ​រដ្ឋាភិបាល​វៀតណាម មាន​ការ​ចោទ​ប្រកាន់ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​ដូច​ជា យុវជន​ខ្មែរ​ក្រោម​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម»

កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស (Human Rights Watch) បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ​ឲ្យ​បញ្ឈប់​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ដើម ។ សំណើ​នោះ​ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាលអូស្ត្រាលី និង​វៀតណាម បាន​ចាប់​ផ្ដើម​កិច្ច​សន្ទនា លើក​ទី ១៧ ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស ។

អង្គការ​សិទ្ធិមនុស្ស (Human Rights Watch) រក​ឃើញ​ថា យ៉ាង​ហោចណាស់​ក៏​មាន​មនុស្ស​ជាង​មួយ​រយ​នាក់ កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​ការ​ប្រើប្រាស់សិទ្ធិ​មូលដ្ឋាន និង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម ។ វៀតណាម​​ក្រៅ​ពី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្លួន​ឯង រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ ក៏បាន​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ផង​ដែរ ។ មន្ត្រី​អង្គការ (Human Rights Watch) ថា វៀតណាម​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ ។ វៀតណាម​បាន​គាប​សង្កត់​ខ្មែរ​ក្រោម ​មិន​ឲ្យ​សំដែង​មតិ​រឿង វប្បធម៌​ជនជាតិ​ដើម​ សិទ្ធិ​សាសនា និង​គាប​ឲ្យ​ខ្មែរ​ក្រោម ទទួល​យក​និង​សម្របសម្រួល​ការ​រស់​នៅ​តាម​បែប​ជនជាតិ​វៀតណាម ​ទៀត​ផង ៕

Leave A Reply

Your email address will not be published.