ប្រទេស​ចំនួន ១៧ តតាំង​គ្នា​រឿង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក ECOSOC

337

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៦ នេះ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា ECOSOC បាន​បើក​សន្និបាត​មួយ ដើម្បី​សម្រេច​លើ ពាក្យស្នើសុំ​របស់​អង្គការ​ក្រៅ រដ្ឋា​ភិ បាល នានា​ក្នុង​ពិភពលោក ដើម្បី​ធ្វើជា​សមាជិក​គណៈកម្មកា​រ​អង្គការក្រៅរដ្ឋាភិបាល នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ ។ សន្និបាត​នេះ ក៏បាន​ជជែក​លើ​សំណើ លើក​ទី ២ របស់ សហព័ន្ធ ខ្មែរ កម្ពុជា​ក្រោម ផងដែរ ។​

សន្និបាត ECOSOC នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។
សន្និបាត ECOSOC នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។

​ជា​លទ្ធផល ប្រទេស​ចំនួន ១៨ ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច ក្នុងនោះ មាន ១៣ ប្រទេស បាន​បោះឆ្នោត​ថា “Yes” គាំទ្រ​គំនិត មិន​ឲ្យ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម មាន​យោបល់​នៅក្នុង សន្និបាត ប្រទេស​ចំនួន ៣ បាន​បោះឆ្នោត​គាំទ្រ​ថា “No” ប្រឆាំង​គំនិត មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​យោបល់ និង ប្រទេស​ចំនួន ១ អវត្តមាន ។ ការបោះឆ្នោត​នេះ​ធ្វើឡើង ដោយសារ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ព្យាយាម​សុំ​មាន យោបល់​ទាក់ទង​នឹង​ករណី​ដែល ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច បាន​បដិសេធ សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អធិបតី​សន្និបាត​បានលើកឡើង​ថា នរណា​មិន​ចង់​ឲ្យ​អង្គការ​ក្រៅ រដ្ឋាភិបាល​មាន​យោបល់ សូម​បោះ ឆ្នោត​ថា “Yes” បើ​នរណា​ចង់ សូម​ឲ្យ​បោះឆ្នោត​ថា “No” ។​

2-KKF and ECOSOC 2016

យោងតាម​សេចក្ដី​កំណត់ហេតុ​មួយ ដោយ បណ្ឌិត Joshua Cooper ជា​អ្នក​ដែល​បាន​ដឹកនាំ​ប្រតិភូ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ប្រជុំ​នៅក្នុង​សន្និបាត​នេះ បាន​រាយការណ៍​ថា នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ជា​ថ្ងៃទី ១ នៃ​អង្គសន្និបាត សហរដ្ឋអាមេរិក បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការដែល ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច បាន​បោះឆ្នោត​មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឡើង​មាន​យោបល់​នៅក្នុង​សន្និបាត​នោះ​ថា ជា​ទង្វើ​មួយ​ដែល “​សេរីភាព​បញ្ច​ញ​មតិ​ត្រូវ​គំរាមកំហែង​នៅក្នុង​អគារ​” នៃ​អង្គការសហប្រជាជាតិ ។​

​សេចក្ដីរាយការណ៍​ស្ដីអំពី​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក មិន​គាំទ្រ​ចំពោះ ការបោះឆ្នោត​បែបនេះ​ទេ ព្រោះថា ការបោះឆ្នោត​នេះ បានបង្ហាញ​ពី​កង្វះខាត​នូវ​តម្លាភាព ។ សហរដ្ឋអាមេរិក បាន​បន្តទៀតថា ការចោទប្រកាន់​ដោយ​គ្មាន​វិជ្ជាជីវៈ​ដែល​ធ្វើឡើង​ដោយ​រដ្ឋ ជា​សមាជិក​គណៈកម្មាធិកា​រ​ក្រុម ប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច ទៅលើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបង្ហាញ​ឲ្យ​ឃើញ ថា ពួកគេ​គ្មាន សុ​ឆន្ទៈ​ដើម្បី ស្តាប់​ការឆ្លើយតប និង ការបំភ្លឺ​របស់​អង្គការក្រៅរដ្ឋាភិបាល (NGO) ឡើយ ។ សហរដ្ឋអាមេរិក បាន​លើកឡើងថា វា​មានតែ​នៅ​អង្គការសហប្រជាជាតិ​ទេ​ជា​កន្លែង​សម្រាប់​ការសន្ទនា និង​ពិភាក្សាគ្នា តែ​បែរជា​មិនអាច​ធ្វើបាន សូម្បីតែ​អង្គការ​រដ្ឋាភិបាល​មិនអាច​បញ្ចេញមតិ​ផង ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា សេរី ភាព ក្នុងការ​បញ្ចេញមតិ កំពុងស្ថិត​នៅក្នុង​នៅក្រោម​ការគំរាមកំហែង យ៉ាង​ធ្ងន់​នៅក្នុង​អង្គការ​សហ​ប្រជា ជាតិ ។​

​ចំណែក ប្រទេស គុយបា វិញ ជា​ប្រទេសមួយ​ដែលមាន​ចំណងមិត្តភាព​នឹង​ប្រទេស​វៀតណាម​ជា​យូរ​មក ហើយ និង​ជា​ប្រទេសមួយ​ដែល​បាន​បោះឆ្នោត ថា “Yes” មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង បញ្ចេញមតិ នោះ ប្រតិកម្ម នឹង​សហរដ្ឋអាមេរិក ថា​៖ “​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច ជា​សួន​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ​” ។​

​រីឯ​ប្រទេស ក្រិ​ក វិញ ជា​ប្រទេសមួយ​ដែល​បោះឆ្នោត​ថា “No” គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នោះ បាន​លើក ឡើង​ថា លទ្ធផល​ជា​ផ្លូវការ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ខកចិត្ត​យ៉ាងពិត​ប្រាកដ ។ វា​ជា​រឿង​មួយ ដែល​មិន​សម ហេតុផល និង​មិនមាន​តម្លាភាព ដែល​មិន​អនុញ្ញាតឱ្យ​អង្គការក្រៅរដ្ឋាភិបាល​បានធ្វើ​បទ​បង្ហាញ ពី​ទស្សនៈ របស់ខ្លួន ។ នេះ​ជា​រឿង​មួយ ដែល​ប្រឆាំងនឹង​អង្គការក្រៅរដ្ឋាភិបាល និង​ជាការ​បំបិទ​ទាំងស្រុង​នូវ​សំឡេង របស់​ពួកគេ ។​

​នៅ​ថ្ងៃទី ២៨ ខែមករា ជា​ថ្ងៃទី ២ នៃ​អង្គសន្និបាត ប្រទេស​ចំនួន ៣ គឺ គុយបា (Cuba) នី​កា​រ៉ា​ហ្គួ (Nicaragua) និង វែ​ន​នី​ជូឡា (Venezuela) បាន​ឡើង​ថ្លែង​ជំទាស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ស្នើសុំ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច បិទ​សំណុំរឿង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​លើក​ហេតុផល​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ​ដែល​ធ្វើ​ចលនា​ក្នុង​គោលបំណង​ប្រឆាំងនឹង​បូរណភាព​ដែនដី​នៃ ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ។​

​ចំណែក អធិបតី​អង្គសន្និបាត បាន​ថ្លែងអំណរគុណ ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​ទាំង ៣ ខាងលើ ហើយ​ថា នេះ​ជា​សំណើរ​របស់​រដ្ឋ​ជា​សមាជិក នៃ​អង្គការសហប្រជាជាតិ ។​

​ប្រតិភូ​តំណាង​សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​នឹង​ប្រទេស​គុយ​បាយ​ថា សហរដ្ឋអាមេរិក មិនបាន​គាំទ្រ នូវ​គំនិត​ដែល​ប្រទេស គុយបា យល់ឃើញ​នោះទេ ។ ប្រតិភូ​សហរដ្ឋអាមេរិក យល់ឃើញថា នៅក្នុង​សន្និបាត នេះ​ជា​កន្លែង សម្រាប់​ពិភាក្សាគ្នា​ដោយ​សំនួរ និង​ចម្លើយ ដើម្បីរ​កនូវ​ហេតុផល ។ វា​មិនទាន់​ដល់​ដំណាក់កាល ដែល​ត្រូវ​បិទ​សំណើរ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅឡើយ ។​

នៅក្នុង​សន្និបាត​នេះ ប្រទេស​គុយបា និង​ប្រទេស​មួយចំនួន ដែល​ប្រឆាំងនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន តតាំង​គ្នា​ជាមួយនឹង​សហរដ្ឋអាមេរិក អំពី​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​ល្បី​រន្ទឺ​នូវ​ពាក្យ ៣ ម៉ាត់​ថា KKF ដែលជា​អក្សរ​កាត់ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ការតាំង​គ្នា​រវាង​ប្រទេស និង​ប្រទេស​ជុំវិញ​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នេះ បានធ្វើ​ឲ្យ​តំណាង​ប្រទេស និង តំណាង​អង្គការ​អន្តរ ជាតិ​នានា ដែលមាន​វត្តមាន​នៅក្នុង​សន្និបាត​នេះ មានការ​ចាប់អារម្មណ៍​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង បានដាក់​ចម្ងល់​ថា តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្វី​ទៅ បានធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​ប្រឆាំង​ខ្លាំង​ម្ល៉េះ ?

​ប្រទេស​ចំនួន ១៣ ដែល​បោះឆ្នោត​ថា “Yes” រួមមាន Azerbaijan, Burundi, ចិន (China) , Cuba, , India, Iran, Mauritania, Nicaragua, Pakistan, អាហ្វ្រិក​ខាងត្បូង (S. Africa) , Sudan, Turkey, Uruguay, Abstain និង Venezuela ។ ប្រទេស​ចំនួន ៣ ដែល​បោះឆ្នោត​ថា “No” រួមមាន សហរដ្ឋអាមេរិក ក្រិ​ក និង ឥស្រា​អែល ។ ចំណែក ប្រទេស​រុស្ស៊ី អវត្តមាន ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​ត្រូវបដិសេធ ការសុំ​ចូល​ជា​សមាជិក​គណៈកម្មការ​អង្គការ ក្រៅ​រដ្ឋាភិបាល ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច របស់​អង្គការ​សហ​ប្រជា ជាតិ ម្ដង រួចហើយ កាលពី ២០១២ ។​

លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១២ គឺ ២៧ ប្រទេស​បោះឆ្នោត​គាំទ្រ​វៀតណាម មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​នៅក្នុង ECOSOC ក្នុងនាម​ជា​អ្នកផ្ដល់​ប្រឹក្សា​យោបល់ , ១៤ ប្រទេស​ជំទាស់​វៀតណាម គាំទ្រ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង ១០ ប្រទេស​អនុបវាទ ។​

​ប្រទេស​ដែល​គាំទ្រ​វៀតណាម មានដូចជា ចិន​, Cuba , Indonesia, Lybia,Mongolia, Philippines, Brazil, Bangladesh, Ecuador, Nicaragua, Ukraine, ឥ​ណ្ដា និង រុស្ស៊ី …. ។​

១៤ ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ខ្មែរក្រោម ជំទាស់​វៀតណាម មានដូចជា Bulgaria, Canada, Finland, France, Germany, Ireland, Italy, Lativa, Netherlands, Slovakia, Spain, Switzerland, អង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States of America) ។​

ប្រទេស​អនុបវាទ​មានដូចជា​ប្រទេស​អូស្ត្រាលី​, Chile, Zambia និង Bahamas…៕​

Comments are closed.