សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រកាសតែងតាំងប្រធាន​តំបន់​កណ្តាល នៃ​សហរដ្ឋអាមេរិក

0 1,915

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅពេល​ថ្មីៗ នេះ បាន​បើក​យុទ្ធនា​ការរៀបចំ​ពង្រឹង​នូវ​សាខា​របស់ខ្លួន នៅតាម​តំបន់​មួយចំនួន នៅ​អូស្ត្រាលី អឺរ៉ុប កាណាដា អាមេរិក ដើម្បី​រៀបចំ​គណៈកម្មការ​សាខា និង​ផ្លាសប្ដូរ​រចនាសម្ព័ន្ធ​មួយចំនួន នៅតាម​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេ នៅ​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ បានតែងតាំង លោក លី សេត ជា​ប្រធាន​តំបន់​ភាគ​កណ្តាល នៃ​សហរដ្ឋអាមេរិក ។

លោក លី សេត ប្រធាន​តំបន់​ភាគ​កណ្តាល នៃ​សហរដ្ឋអាមេរិក
លោក លី សេត ប្រធាន​តំបន់​ភាគ​កណ្តាល នៃ​សហរដ្ឋអាមេរិក

ការតែងតាំង​នេះ ធ្វើឡើង​ស្របតាម​គោល​ការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ពង្រឹង និង​ពង្រីក​នូវ​សាខា​របស់ខ្លួន​នៅតាម​តំបន់ និង​មូលដ្ឋាន​នីមួយៗ ព្រមទាំង​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប មានឱកាស​ចូល​បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​បានទទួល​នូវ​បទពិសោធន៍ ក្នុង​ភាពជា​អ្នកដឹកនាំ​តាំងពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់​កំពូល ដើម្បី​រួម​កម្លាំង​គ្នា​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​យួន​កុ​ម្មុយ​និ​ស្ត គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក ។​

គួរ​ជម្រាបជូន​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបបាន​តែងតាំង និង​ទទួលស្គាល់​ជា​បន្តបន្ទាប់ នូវ​រចនាសម្ព័ន្ធ​តាម​បណ្តា​សាខា​មួយចំនួន នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និង​ប្រទេស​អូស្ត្រាលី ។ ជាក់ស្តែង នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​ទទួលស្គាល់ លោក គឹម សាក់​តង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខែត្រ​កេ​បី​ច ទីក្រុង​ម៉ុង​រេ​អាល ប្រទេស​កាណាដា លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខែត្រ​អន​ធើ​រី​យូ ប្រទេស​កាណាដា លោក ចៅ ចឿ​ង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខែត្រ​វិ​តូ​រៀ​ប៊ី​ស៊ី ប្រទេស​កាណាដា លោក កៀង សុវណ្ណ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ។ នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨ បានតែងតាំង​លោក ថាច់ ជីវ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ឡង​បី​ច ។ នៅ​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ បានតែងតាំង​អ្នកស្រី សឺ​ង សា​ម៉េ​ត ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​សាន់​បើ​ណា​ឌី​ណូ នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក និង​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨ បានតែងតាំង លោក ថាច់ ច​ន្ទោ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ជាតិ​កម្ពុជា​ក្រោម ដែល​បាន​បង្កើតឡើង ដោយ​ខ្មែរក្រោម​អ្នកស្នេហាជាតិ នៅ​ជុំវិញ​ពិភពលោក ធ្វើ​ចលនា​តស៊ូ​ដោយ​អហិង្សា​លើ​ឆាក អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ពី​របប​គ្រប់គ្រង​អាណានិគម​យួន នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។

​ជា​រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​ចូលរួម​ប្រជុំ​វេទិកា​អចិន្ត្រៃយ៍​អង្គការ សហប្រជាជាតិ ផ្នែក​ជនជាតិដើម នៅ​បូរី​ញូវយ៉ក់ ។ បន្ថែម​លើ​ពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ UNPO និង​ជា​សមាជិក​អង្គការសហប្រជាជាតិ ផ្នែក​ព័ត៌មាន​សាធារណៈ (UNPDI) ។ លើសពីនេះ ក៏​សមាជិក​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (TRP) នៅ​ទ្វីបអឺរ៉ុប​ជាដើម ៕

Leave A Reply

Your email address will not be published.