កំណត់ហេតុ សន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

258

នៅ​ថ្ងៃទី ២០ ខែធ្នូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ចប់​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ។ សន្និបាត​ប្រចាំឆ្នាំ ២០១៥ ដែល​បានរៀបចំ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ធ្នូ ២០១៥ នៅ​សណ្ឋាគារ​សាយ​ឡូ (Shilo) ក្រុង​តា​កូ​មា (Tacoma) រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត (Washington State) សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង​សមាជិក សមាជិកា យ៉ាងច្រើន​កុះករ ។​

​ក្នុង​សន្និបាត ដែល​បាន​ប្រព្រឹត្តទៅ នៅក្នុង​ស​ណ្ធា​គារ Shilo ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​និង​ប្រធាន​សាខា​ប្រធាន​តំបន់​នីមួយៗ បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍​រៀងៗ ខ្លួន ដើម្បី​ជម្រាប​ដល់​អង្គសន្និបាត ។​

កំណត់ហេតុ
សន្និបាតប្រចាំឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅក្រុងតាកូមា Tacoma, រដ្ឋវ៉ាស៊ិនតោនស្តេត (Washington State ) សហរដ្ឋអាមេរិក

ថ្ងៃទី ១៨ – ២០ ធ្នូ ព.ស. ២៥៥៩ គ.ស. ២០១៥
ព្រឹកថ្ងៃសៅរ៍ ទី ១៩ ធ្នូ ឆ្នាំ ២០១៥់

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សន្និបាត​ប្រចាំឆ្នាំ ២០១៥ នៅ​ថ្ងៃ ១៨ – ២០ ធ្នូ គ​.​ស​. ២០១៥ ព​.​ស​. ២៥៥៩ នៅ​សណ្ឋាគារ​សាយ​ឡូ Shilo ក្រុង​តា​កូ​មា Tacoma រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត Washington State សហរដ្ឋអាមេរិក ។​

សន្និបាត​នេះ​មានការ​ចាត់តាំង​និង​ចូលរួម​របស់​ព្រះសង្ឃ ព្រមទាំង​គណៈកម្មការ​នាយក​ជា​ថ្នាក់ដឹកនាំ នូវ​សមាជិក សមាជិកា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និមន្ត​និង​អញ្ជើញ​មកពី​ប្រទេស កាណាដា​, អី​តា​លី​, បារាំង​, កម្ពុជា​, ឧ​ស្ត្រា​លី​, អាមេរិក ។​

មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

សន្និបាតបើកសម័យប្រជុំនៅវេលាម៉. ៩ : ០០

ចាប់ផ្តើម​ដោយ​

​ពិធី​ការិនី ថាច់ សុ​ម៉ា​លីន​
​ពិធីករ ប៉ែន ធេង​

​ក្រោម​សូរសំឡេង​គោរព​ទង់ជាតិ និង​គោរព​វិញ្ញាណក្ខន្ធ​បុព្វ​វីរបុរស ដោយ​អ្នកស្រី​កៀង សា​ខន ជា​និពន្ធ​នាយិកា​ផលិតកម្ម​ខ្មែរក្រោម ។​

​បន្ទាប់មក​

១. លោក​ឡឹម តែម តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ វ៉ា​ស៊ិន​តោន​ស្តេត ប្រកាស​ស្វាគមន៍​អង្គសន្និបាត ។​

២. លោក សឺ​ន ជុំ ជួន នាយក​កម្មវិធី​យុវជន​នៃ​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា តំណាង លោក ថាច់ វៀន អធិបតី​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អាន​នូវ​លិខិត​តែងតាំង លោក ថាច់ សេ ជា​ប្រធាន​តំណាង​សភា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ជា​អធិបតី​ស្តីទី​សន្និបាត នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំឆ្នាំ ថ្ងៃទី ១៨-២០ ឆ្នាំ ២០១៥ ។​

រូបថតអនុស្សាវរិយ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន
រូបថតអនុស្សាវរិយ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន

លោកថាច់ សាមី ឧទ្ទិសនាមសមាសមភាពអង្គសន្និបាត

​ក​. គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រួមមាន​
១. លោក ថាច់ សេ ប្រធានសភា​តំណាង​
២. លោក​ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​
៣. លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន ទី ១
៤. លោក ចៅ សេរី អនុប្រធាន​ទី ២
៥. លោក​ត្រឹង ម៉ាន់​រិន្ទ ប្រធាន​ផែនការ​
៦. លោក​សឺ​ន ហួ អគ្គលេខាធិការ​
៧. លោក ចៅ រៀប ប្រធាន​ព្រឹទ្ធាចារ្យ​តំណាង​
៨. លោកស្រី សឺ​ន ធី និត្យ នាយក​ស្ត្រី​
៩. លោក សឺ​ន សម្រេច ឧ​ត្ត​ម​ទីប្រឹក្សា​
១០. អ្នកស្រី កៀង សុធី ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
១១. លោក​ចៅ សេរី អគ្គហិរញ្ញិក​
១២. ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ឧទ្ទេសនាម​អង្គសន្និបាត​រួម​

ផ្នែកខាងព្រះសង្ឃរួមមាន

១. ព្រះតេជព្រះគុណ កាន សុផាន​ណា​ឫទ្ធ ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា គង់នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
២. ព្រះតេជព្រះគុណ ទេព សុវណ្ណ គង់នៅ​វត្ត​ខ្មែរ​សាមគ្គី ក្រុង​ដែន​វ៉ើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ។​
៣. ព្រះតេជព្រះគុណ ថាច់ ហាន់ ជា​អនុប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អាមេរិក​ខាងជើង គង់នៅ​វត្ត​ពុទ្ធិក​ខ្មែរ ក្រុង​ឡាស​ស្វេ​ហ្គាស (Las Vegas) រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ។​
៤. ព្រះតេជព្រះគុណ មិញ សុបិន ជា​អាចារ្យ​បង្រៀនអក្សរ​ខ្មែរ​នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៥. ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាបនិក​សារព័ត៌មាន​ព្រៃនគរ​និង​ជា​អភិបាល​សារព័ត៌មាន​ព្រៃនគរ គង់នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៦. ព្រះតេជព្រះគុណ ចន្ទ សុផាត គង់នៅ​វត្ត​រតនគិរី​វង្ស ក្រុង​សាន់​បឺ​ណា​ឌី​ណូ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៧. ព្រះតេជព្រះគុណ ថាច់ ប្រីជា​គឿន ជា​និពន្ធ​នាយក​សារព័ត៌មាន​ព្រៃនគ​រ និង​ជា​អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គង់នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៨. ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង ជា​លេខាធិការ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អាមេរិក​ខាងជើង គង់នៅ​វត្ត​ខេមររ​ង្សី ក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៩. ព្រះតេជព្រះគុណ សួន បូរ៉ា និមន្ត​មកពី​ប្រទេស​អូស្ត្រាលី ។​
១០. ព្រះតេជព្រះគុណ យ័​ញ តូន គង់នៅ​វត្ត​សុរិយរង្សី ក្រុង​ភី​ឡា​ដែល​ភា រដ្ឋ​ផែន​ស៊ី​វ៉ែន​ញ៉ា សហរដ្ឋ​អាម​រិ​ក ។​

IMG_2064

ផ្នែកខាងគ្រហស្ថរួមមាន

១. លោក ថាច់ តង មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​អាមេរិក​ខាងលិច ។​
២. លោក តាំង ឡា​ត ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត ។​
៣. លោក ត្រឹង ជី មកពី​រដ្ឋ Texas ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​តំបន់​ភាគ​កណ្តាល​អាមេរិក ខាងលិច ។​
៤. លោក ត្រឹង សារុង មកពី​ប្រទេស​អី​តា​លី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីបអឺរ៉ុប ។​
៥. លោក ថាច់ សា​រុម មកពី​ប្រទេស​កាណាដា ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កាណាដា ។​
៦. អ្នកស្រី កែវ រស្មី​មកពី​ប្រទេស​កាណាដា ជា​ប្រធាន​ស្ត្រី ប្រចាំ​នៅ​ប្រទេស​កាណាដា ។​
៧. លោក ថាច់ ច​ន មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​
៨. លោក កៀង រិន្ទ​នៅ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត សហរដ្ឋអាមេរិក ជា​ស្ថាបនិក​មួយរូប​ក្នុងចំណោម​ស្ថាបនិក​ទាំងឡាយ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
៩. លោក ថាច់ ធឿ​ង នៅ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត សហរដ្ឋអាមេរិក​ជា​អតីត​ប្រធាន​តំណាង​សភា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
១០. លោក អាចារ្យ ឡឹម ខាយ មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​ជាគ​ណៈ​កម្ម​ការ​ព្រឹទ្ធាចារ្យ ទទួលបន្ទុក​ផ្នែក​សាសនា និង​សង្គមកិច្ច របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
១១. អ្នកស្រី ឆោមឆាយ លក្ខិណា មកពី​ប្រទេស​បារាំង ។​
១២. លោក ហាង វឿ​ង មក​អំពី​រដ្ឋ​ផែន​ស៊ី​វ៉ែន​ញ៉ា ជា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​សាធារណៈ​ផ្ទៃក្នុង ។​
១៣. លោក យ៉ឿ​ង វ៉ាង មក​អំពី​រដ្ឋ Texas ជា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​សាធារណៈ​ផ្ទៃក្នុង ។​
១៤. អ្នកស្រី កៀង សា​ខន មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជា​និពន្ធ​នាយិកា​ផលិតកម្ម​ខ្មែរក្រោម របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ព្រមទាំង​សមាជិក​សមាជិកា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ២០០ នាក់ មកពី​ប្រទេស និង​រដ្ឋ​នានា ។​

1-KKF December 19-2015

​បន្ទាប់មក ក្រុម​របាំ​បាន​សំដែង​របាំ​ជូនពរ ដើម្បី​ប្រសិទ្ធពរ​អង្គសន្និបាត​ឲ្យ​បាន​ប្រកបដោយ​ភាពជោគជ័យ ។​

​លំដាប់​នោះ លោក​អាចារ្យ ឡឹម ខាយ អារាធនា​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ​ជា​កិច្ច​ជ័យ​មង្គល ។​

​លោក កៀង ស៊ើ​ង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ញូ​វ​ចឺ​ស៊ី ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ព្រមទាំង​បាន​សំណូមពរ​ឲ្យ​ស​.​ខ​.​ក​. បង្កើន​ការផ្សព្វផ្សាយ ឬ​បង្រៀន​អំពី​ច្បាប់​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ជាពិសេស​ដល់​ខ្មែរក្រោម​ក្នុងស្រុក​ជ្រួតជ្រាប​កាន់តែ​ទូលាយ ។​

លោក លី សេដ្ឋ អនុប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ។ លោក​បាន​លើកឡើងថា​សាខា​របស់លោក​បាន​អនុវត្ត​កិច្ចការ​តាម​គោលការណ៍​ស​.​ខ​.​ក​. ដោយ​ល្អប្រសើរ គួរ​ឲ្យ​កត់សម្គាល់ ។ ទន្ទឹមនឹងនោះ​លោក​ក៏បាន​រៀបរាប់​អំពី​ទុក្ខលំបាក​របស់​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម ក្រោម​ការគាបសង្កត់រ​បស់​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន ព្រោះតែ​ការរស់នៅ​គ្មាន​សេរីភាព ក្នុង​ជីវភាព​ក្រីក្រ ដែល​លោក​បាន​ទៅ​ស្រុក​ក្នុងពេល​ថ្មី ៗ ឃើញ​ផ្ទាល់​ផ្នែក ។​

​លោក ឡឹម កួន ប្រធាន សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ផែន​ស៊ី​វែ​ន​ញ៉ា រាយការណ៍​អំពី​កិច្ចការងារ​ប្រចាំឆ្នាំ ដែល​សាខា​របស់លោក​បានធ្វើ​ទៅ​តាម​គោលការណ៍​ស​.​ខ​.​ក​. មាន​ជួយ​ជ្រោមជ្រែង​កិច្ចការ​យុវជន​ទៅ​ប្រជុំ​វេទិកា​ជនជាតិដើម នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុង​ញូ​វយ​ក ជាដើម ។​

​លោក​គីម សាង អនុប្រធាន​តំបន់​អាមេរិក​ខាងកើត តំណាង សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ផ្លរីដា ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ។​

​លោក​ថាច់ ច​ន ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ។​

​ព្រះតេជព្រះគុណ ថាច់ ហាន់ គង់នៅ​វត្ត​ពុទ្ធិក​ខ្មែរ ក្រុង Las Vegas តំណាង សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ​ណេ​វ៉ា​ដា ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ។​

លោក​ថាច់ តង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​តំបន់​អាមេរិក​ខាងលិច ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ប្រចាំឆ្នាំ ដោយបាន​រៀបរាប់​ពី​កិច្ចការ​ជាស​កម្ម​របស់​ស​ខា​នានា​ក្នុង​តំបន់​គ្រប់គ្រង​របស់លោក ដែល​បាន​ខិតខំ ហើយ​លោក​អំពាវនាវ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាពិសេស​ត្រូវ​ជ្រោមជ្រែង​ពង្រឹងពង្រីក​ការកសាង​វត្ត​នៅតាម​មូលដ្ឋាន​នីមួយ ៗ ឲ្យ​បាន​រឹងប៉ឹង​មាំមួន​ដើម្បី​ឲ្យ​វត្ត​ប្រើ​តួនាទី​របស់ខ្លួន​អប់រំ​ជាតិ​ឲ្យ​ប្រសើរឡើង​ព្រោះថា​តាំងពីដើម​មក​វត្ត​គឺជា​សាលារៀន​អប់រំ​ជាតិ និង​ជា​ការិយាល័យ​នយោបាយ​ជាតិ ។​

ព្រះតេជព្រះគុណ ត្រេ​វ បូរ៉ា និមន្ត​មកពី​ប្រទេស​អូស្ត្រាលី ថ្លែង​សង្ក​កថា អំពី​សាមគ្គី​កថា ។​

លោក​ត្រឹង ជី ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តំបន់​ភាគ​កណ្តាល​នៃ​សហរដ្ឋអាមេរិក ធ្វើ​របាយការណ៍ និង​ឧទ្ទេសនាម​នូវ​ប្រធាន​សាខា​នានា​ក្នុង​តំបន់ ។​

លោក​ថាច់ សា​រុម ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទេស​កាណាដា​, លោក​បាន​ឧទ្ទិស​នាម លោក តាំង ភេ​ន ប្រធាន​សាខា​នៅ​ខេត្ត​មួយ​ក្នុងប្រទេស​កាណាដា លោក​តាំង​​ភេ​ន បាន​រំឭក​អំពី​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ។ លោក​ចៅ ចឿ​ង បាន​សំដែង​ការរីករាយ​មោទនភាព​ព្រោះ​ឃើញ​ការ​សាមគ្គី​ជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​លោក​មាន​ជំនឿ​ប្រាកដនិយម​ថា នាវា​កម្ពុជា​ក្រោម​នឹងធ្វើ​ដំណើរ​ពុះ​ជ្រែក​ជលសា​មហាសមុទ្រ​អន្តរជាតិ​ឆ្ពោះទៅកាន់​ត្រើយ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ពុំខាន​ឡើយ ប្រសិនបើ​នាវា​មួយ​នេះ​ត្រូវ​បានការ​ជ្រោមជ្រែង​គ្នា​អុំ​ក្នុង​លក្ខខណ្ឌ​សាមគ្គីធម៌ ។​

​អ្នកស្រី កែវ រស្មី ប្រធាន​ស្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កាណាដា បាន​ថ្លែង​ដាស់តឿន​ស្ត្រី​ខ្មែរក្រោម​ជាពិសេស​ក្មួយ ៗ ប្អួ​ន ៗ ស្រី​ខ្មែរក្រោម​ក្នុងស្រុក​ឲ្យ​ចេះ​រួមគ្នា​លើកកម្ពស់​តម្លៃ​ស្ត្រី​ដោយ​ការចូលរួម​សកម្មភាព​អភិវឌ្ឃន៍ និង​អភិរក្ស​សង្គមជាតិ សីលធម៌ សុជីវធម៌ វប្បធម៌ សិល្បៈ ប្រពៃណី​ទំនៀម ទម្លាប់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ក្រោម​ចំណាំង​កម្តៅ​របស់​យួន​កុម្មុយនីស្ត​ដោយ បញ្ញា​វៃឆ្លាត​ឈ្លាស គួបផ្សំ​នឹង​វីរិយភាព គឺ​ការតស៊ូ វីរភាព គឺ​ការ​រឹងប៉ឹង មាំមួន​ខ្ជាប់ខ្ជួន អង់អាច សូរភាព​ចិត្ត​មុះ​មុត មិន​រាថយ ជាពិសេស​ត្រូវ​ស្វែងយល់​និង​ចូលរួម​កិច្ចការ​នយោបាយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ពន្លឺ និង​ជា​ក្តីសង្ឃឹម​របស់​ខ្មែរក្រោម​ទូទាំង​សកលលោក ។ ស្ត្រី​ទាំងឡាយ​ជាពិសេស​ក្មួយ ៗ យុវនារី​ខ្មែរក្រោម​ជាទី​ស្រឡាញ់ ជាទី​នឹករឭក និង​ជា​ទំពាំង​ស្នង​ឫស្សី ចូរ​កុំ​មើលរម្លង​ខ្លួនឯង ហើយ​កុំ​ដាក់​ភារៈ​ជាតិ វាសនា​ជាតិ​ឲ្យ​ប្រុស ៗ តែ​ម្យ៉ាង​តាម​គំនិត​ចាស់គំរិល​ឲ្យ​សោះ ចូរ​ក្រឡេកមើល​ឲ្យ​ឃើញ​ខ្លួនឯង ទទួលស្គាល់​ខ្លួនឯង លើកកម្ពស់ និង ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​ថា ជា​មាតា​ជាតិ ជា​កោសិកា​ជាតិ ជា​សសរទ្រូង​ជាតិ ជា​ទំពាំង​ជាតិ ឬក៏​ជា​ចង្កឹះ​មួយ​ដើម​ក្នុងចំណោម​ចង្កឹះ​មួយ​បាច់​របស់​ជាតិ​ដែល​ជាតិ​ត្រូវការ​ជានិច្ចកាល​ដោយ​ខានមិនបាន ទើប​ជាតិ​យើង​មាន ក្តីសង្ឃឹម ។​

បិទ​សន្និបាត​ពេលព្រឹក​នៅវេលា​ម៉ោង ១១ : ៣០ នាទី ដើម្បី​ឆាន់ និង​ទទួលទាន​ភោជនាហារ ។​

សន្និបាតពេលរសៀលវេលាម៉ោង ១ : 00

​ពិធីករ ប៉ែន ធេង និង​ពិធី​ការិនី ថាច់ សុមាលី​ន បានចាប់ផ្តើម​កម្មវិធី​ដោយ​ឧភតោ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អងគ្លេស ដោយ​ឧទ្ទេសនាម​លោក​ត្រឹង សារុង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីបអឺរ៉ុប ដែល​អញ្ជើញ​មកពី​ប្រទេស​អី​តា​លី ។ លោក​បានធ្វើ​របាយការណ៍ អំពី​កិច្ចការងារ​ជាតិ ជាពិសេស​កិច្ចការងារ​អន្តរជាតិ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាំបាច់​ត្រូវធ្វើ​ខាន​ពុំបាន ដូច​យ៉ាង​ធ្វើ​របាយការណ៍​ជូនទៅ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​សឺ​ណែវ ប្រទេស​ស្វិ​ស និង​ប្រទេស​បារាំង​, ប្រទេស​អី​តា​លី ជាដើម ។​
​លោក​ថាច់ ង៉ុ​ក ថាច់ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក​បាន​រៀបរាប់​អំពី​ប្រវត្តិ​ពលិកម្ម​របស់​ខ្មែរក្រោម ដែល​ស្ម័គ្រចិត្ត​ស្លាប់​ជាច្រើន​ម៉ឺន​នាក់ អស់​ជាច្រើន​ជំនាន់​មកហើយ​ពួតដៃ​នឹង​ខ្មែរ​កណ្តាល ដើម្បី​ការពារ​ប្រទេស​កម្ពុជា​ឲ្យ​គង់វង្ស ព្រោះ​ខ្មែរក្រោម​បាត់​ប្រទេស​កម្ពុជា​ក្រោម​រួចហើយ​មិន​ចង់​ឲ្យ​ខ្មែរ​កណ្តាល​បាត់បង់​ប្រទេស​កម្ពុជា​ទៀត​នោះទេ ។ ឧ​ត្ត​ម​គតិ​នេះ​សូម​ឲ្យ​បងប្អូន​ខ្មែរ​កណ្តាល ចងចាំ​កុំ​ភ្លេច​នូវ​ពលិកម្ម​របស់​ខ្មែរក្រោម​ចំពោះ​ប្រទេស​កម្ពុជា ក្នុងន័យ​ខ្មែរក្រោម ខ្មែរ​កណ្តាល ខ្មែរលើ គឺ​ខ្មែរ​តែមួយ ។​

លោក​បានប្រកាស​ពី​គោលការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រឹងប្រែង​កិច្ចការងារ​ជាតិ និង​កិច្ច​នយោបាយ​ទូត​អន្តរជាតិ ក្នុង​គោលដៅ​តែមួយ​គឺ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។​

​លោក​បានធ្វើ​របាយការណ៍​អំពី​សកម្មភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០១៥ ដែល​រួមមាន​ការងារ​សិទ្ធិមនុស្ស និង​នយោបាយ​ទូត​អន្តរជាតិ ជាប្រចាំ​នៅ​អាមេរិក និង​អឺរ៉ុប​ជាដើម ក្នុងការ​តស៊ូ​មតិ​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​កុម្មុយនីស្ត​គោរព​សិទ្ធិ​ខ្មែរក្រោម ជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម ក្រោម​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ។​

​លោក​ចៅ សេរី អនុប្រធាន​ទី ១ បាន​ជូនដំណឹង​ល្អ​ដល់​អង្គសន្និបាត​ឲ្យ​បាន​ជ្រាបថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​នៃ​អង្គការសហប្រជាជាតិ ឆ្នាំ ២០១៥ នេះ ។​

លោកស្រី សឺ​ន ធី និត្យ ប្រធាន​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សង្កថា​លើកកម្ពស់​តម្លៃ​ស្ត្រី​ថា​ស្ត្រី​ខ្មែរក្រោម​ក៏​ជា​ចំណែក​សំខាន់​ខានមិនបាន ក្នុងការ​សាង​ជាតិខ្មែរ​ក្រោម ។​

ឧទ្ទេសនាម​អ្នកស្រី ថាច់ ធី អង ប្រធាន​ស្ត្រី នៅ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត ។​

​អ្នកស្រី ឡេ ធី សោភា ប្រធាន​ស្ត្រី​នៅ​រដ្ឋ Chicago ។​

​អ្នកស្រី​ឆោម ឆាយ​លក្ខិណា តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​បារាំង បាន​ថ្លែង​សោមនស្ស​កថា រីករាយ​ក្នុងការ​ចូលរួម​កិច្ចការងារ​ជាតិ​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាពិសេស​បាន​ចូលរួម​សន្និបាត ។​

​អ្នកស្រី ថាច់ ធី ង៉ា ភរិយា​នៃ​លោក​ថាច់ ង៉ុ​ក ថាច់ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។

​លោកស្រី​ថាច់ ធី និត្យ​បាន​អញ្ជើញ​ស្ត្រី​ខ្មែរក្រោម អ្នកស្នេហាជាតិ ដែល​បាន​ចូលរួម​សកម្មភាព​នយោបាយ​ផ្ទាល់ និង​ជា​អ្នកគាំទ្រ​ស្វាមី​ទាំង​កាយ ទាំង​ចិត្ត ទាំង​ថវិកា​ប្រាក់កាស​ធ្វើ​នយោបាយ​បម្រើ​ជាតិ​ទាំងអស់​ដែល​មានមុខ​ក្នុង​អង្គសន្និបាត ដែល​បាន​អញ្ជើញ​មកពី​រដ្ឋ ពី​ប្រទេស​នានា លើ​ពិភពលោក ថតរូប​ជុំគ្នា​ក្នុងន័យ​លើកកម្ពស់​ស្ត្រី​ក្នុង​សង្គមជាតិ និង​ក្នុង​វិស័យ​នយោបាយ ។​

អ្នកស្រី​កៀង សា​ខន បាន​ថ្លែង​ទៅកាន់​សន្និបាត​អំពី​សារសំខាន់ និង​តម្លៃ​ស្ត្រី និង​លើកសរសើរ​យុវនារី​ជាន់​ថ្មី​ដែលមាន​ស្មារតី​ជាតិ​ខ្ពស់ ប្រសើរ ក្នុងនាម​អ្នកស្រី​ជា​និពន្ធ​នាយិកា​ផលិតកម្ម​ខ្មែរក្រោម ទន្ទឹមនឹងនោះ​អ្នកស្រី​បាន​និពន្ធ​បទ​ចម្រៀង​ថ្មី​អំពី​សន្និបាត​ប្រចាំឆ្នាំ ២០១៥ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​តា​កូ​មា វ៉ា​ស៊ិន​តោន​ស្តេត ។​

អ្នកស្រី​កៀង សុធី ប្រធាន​គណៈកម្មការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ដែល​បាន​បំពេញ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ឆាក​អន្តរជាតិ មានការ​ចូលទៅ​ថ្លែង​ការ​នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុង​សឺ​ណែវ ក្នុង​វេទិកា​សិទ្ធិ​ស្ត្រី​, នៅ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក ក្នុង​វេទិកា​សិទ្ធិ​ជនជាតិ​ជាដើម ។ អ្នកស្រី​បានបង្ហាញ​រូបភាព​មួយចំនួន​របស់​យុវជន​ខ្មែរក្រោម​ក្នុងស្រុក ដែល​ថតរូប​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ក្រោម នៅក្នុង​ន័យ​បញ្ជា​ក់នូវ​ឧ​ត្ត​ម​គតិ​ស្មារតី​ស្នេហា​ជាតិ​ដោយ​ឥត​ខ្លាចញញើត ជា​ភាពខុសប្លែក​ជាង​ពីមុន ៗ ឆ្ងាយ​ណាស់ ។​

​បិទ​អង្គសន្និបាត​នៅវេលា​ម៉ោង ៣:០០ ។​

សន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣ ថ្ងៃទី ២០ ធ្នូ ព.ស. ២៥៥៩ គ.ស. ២០១៥

បើកសន្និបាត នៅវេលា ម៉ោង ៩ : ០០

អង្គសន្និបាត​គោរព​ទង់ជាតិ​

​លោក​ថាច់ សាមី បាន​ឧទ្ទេសនាម អ្នកស្រី កៀង សា​ខន និពន្ធ​នាយិកា​ផលិតកម្ម​ខ្មែរក្រោម​គោរព​រំឭក​គុណ​បុព្វ​វីរ​សមណ – វីរបុរស ។​

​លោក​ថាច់ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​បើក​សន្និបាត ។​

គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម គោរពទង់ជាតិកម្ពុជាក្រោម នៅក្នុងសន្និបាតប្រចាំឆ្នាំ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ ។
គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម គោរពទង់ជាតិកម្ពុជាក្រោម នៅក្នុងសន្និបាតប្រចាំឆ្នាំ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ ។

​លោក​សឺ​ន ជុំ ជួន ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ឡើង​ធ្វើ​របាយការណ៍​រូបភាព​ពណ៌នា​អំពី​សកម្មភាព​ក្នុង​និង​ក្រៅប្រទេស​កម្ពុជា ជាប់ទាក់ទង​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​, ការទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងពីរ​ព្រះអង្គ គឺ​ភិក្ខុ លីវ នី និង​ភិក្ខុ​ថាច់ ធឿន ដែលជា​ព្រះចៅអធិការ និង​ជា​លោកគ្រូ​សូត្រ វត្ត​សិរី​តាសេក ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​យួន​កុម្មុយនីស្ត​ចោទប្រកាន់​ហើយ​ចាប់​ផ្សឹក​ដាក់គុក តាំងពី​ឆ្នាំ ២០១៣, បញ្ហា​ស្ត្រី​ខ្មែរក្រោម​, បញ្ហា​យុវជន​ខ្មែរក្រោម​និង​សមាហរណកម្ម​អាស៊ាន​, វេទិកា​ស្តីអំពី​ច្បាប់​កម្ពុជា​និង​កម្ពុជា​ក្រោម​, សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ការប្រើប្រាស់​ត្រា​វត្ត​នៅ​កម្ពុជា​ក្រោម​ដែល​អាជ្ញាធរ​យួន​បង្ខំ​ឲ្យ​វត្ត​ខ្មែរក្រោម នៅ​ខេត្ត​មាត់ជ្រូក និង​ក្រមួនស ប្រើប្រាស់​ត្រា​អក្សរ​យួន​ជា​ផ្លូវការ​ដោយ​មិនមាន​ឆ្លាក់​អក្សរ​ខ្មែរ​សូម្បី​តែមួយ​តួ ពីលើ​ត្រា​ចាស់​ដែល​យួន​ធ្លាប់​ចាប់បង្ខំ​ឲ្យ​វត្ត​ខ្មែរក្រោម​ទាំងឡាយ នៅ​ខេត្ត​នានា​ដូចជា​ខេត្ត​ព្រះ​ត្រពាំង ឃ្លាំង ទឹកខ្មៅ ពល​លាវ ព្រៃនគរ ព្រែក​ឫស្សី លង់​ហោ ជាដើម ដែលមាន​អក្សរ​យួន Giao Hoi Phat Giao Viet Nam ក្នុង​រង្វង់​ត្រា និង​មាន​អក្សរ​ខ្មែរ​សង្ខេប​ឈ្មោះ​វត្ត​ខ្លី​បំផុត កាល​ប៉​ន្មា​ន​ឆ្នាំ​មុននេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខុស​ចាក​ឈ្មោះ​ដើម​របស់​វត្ត​នីមួយ ៗ ដែលមាន​រាប់​សតវត្សរ៍​មកហើយ ដូចជា​វត្ត​សម្បួរ​រង្សី ដាក់​នៅត្រឹមតែ “​វត្ត​សម្បួរ​” ជា​តួអក្សរ​ខ្មែរ ហើយ​ថែមទាំង​សរសេរ​ប្រែជា​លំនាំ​អក្សរ​យួន​ថា Chua Som Bua , វត្ត​អង្គរ​រាជបុរី (​អង្គ​) នៅត្រឹមតែ “​វត្ត​អង្គ​” ជា​អក្សរ​យួន​ថា Chua Ang ជាដើម នេះ​ជា​ចេតនា បដិវត្តន៍​លុបបំបាត់​ឈ្មោះ​ដើម​នៃ​វត្ត​នីមួយ ៗ ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​វង្វេង​ដាន​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោយពី​រដ្ឋាភិបាល​យួន​បានធ្វើ​ឧក្រិដ្ឋកម្ម​លើ​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរក្រោម ដោយ​ការ​បដិវត្តន៍​ផ្លាស់ប្តូរ និង​លុបបំបាត់​ឈ្មោះ​ដើម​នៃ​ភូមិសាស្ត្រ​ខេត្ត ក្រុង ស្រុក ឃុំ ភូមិ តំបន់ ផ្លូវ​, បំផ្លើស​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម​, លាប​ពណ៌​វប្បធម៌​ខ្មែរក្រោម​រហូតដល់​បានសម្រេច ដូច​បំណង ជាដើម ។​

​លោក​បណ្ឌិត ខូ​ភើ ឧ​ត្ត​ម​ទីប្រឹក្សា ស​.​ខ​.​ក​. បានធ្វើ​របាយការណ៍​អំពី​សកម្មភាព​សិទ្ធិមនុស្ស​អន្តរ​ជា​ជាតិ និង​សិទ្ធិ​ជនជាតិដើម សិទ្ធិ​ស្ត្រី​ប្រចាំឆ្នាំ ២០១៥ របស់លោក នៅ​តំបន់​អាស៊ី មានការ​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី ២០ – ២៥ មេសា ឆ្នាំ ២០១៥ និង​នៅ​ទ្វីបអឺរ៉ុប ព្រមទាំង​អាមេរិក​ជាដើម ។​
​បិទ​សន្និបាត​ពេលព្រឹក​នៅវេលា​ម៉ោង ១១ : ៣០ ។​

​សន្និបាត​ពេល​រសៀល ចាប់ផ្តើម​វេលា​ម៉ោង ១ : ០០

ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​របាយការណ៍ អំពី​កិច្ចការ​ព័ត៌មាន​ប្រចាំឆ្នាំ ។​

​ព្រះតេជព្រះគុណ បាន​លើក​អំពី​គម្រោង​ការសាងសង់​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម នៃ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គម្រោង​ថវិកា​ចំនួន ៥០០០០០ ដុល្លារ (​ហាសិប​ម៉ឺន​ដុល្លារ​) ។ មុននឹង​បញ្ចប់​ព្រះតេជព្រះគុណ​បាន​លើក​គម្រោងការ​នេះ​ឡើង​ជូន​ដល់​គណៈកម្មការ​នាយក​ដើម្បី​ធ្វើ​សេចក្តីសម្រេច ។​

​ព្រះតេជព្រះគុណ ថាច់ ហាន់ ជា​អនុប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​អាមេរិក​ខាងជើង ធ្វើ​សេចក្តី​របាយការណ៍​ប្រចាំឆ្នាំ ។ ទន្ទឹមនឹងនោះ​ព្រះតេជព្រះគុណ​បានធ្វើ​របាយការណ៍​ជូន​សន្និបាត​អំពី​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង និង​ខេត្ត​ពល​លាវ គាបសង្កត់​នៅពេល​លោក​និមន្ត​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ដោយ​ចោទប្រកាន់ សួរចម្លើយ គំរាម​ចាប់ចង​ជាដើម ។​

​លោក​ប្រាក់ សេរី​វុ​ឌ្ឍ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​បទ​បង្ហាញ​អំពី​របត់ ឬ​ស្ថានការណ៍​នយោបាយ​ពិភពលោក ដែលជា​ឱកាស​អំណោយផល​កាន់តែ​ប្រសើរ​ដល់​នយោបាយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​លោក​ត្រឹង ម៉ាន់​រិន្ទ ជា​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើការ​នយោបាយ​ទូត​អន្តរជាតិ​ដើម្បី​ឲ្យ​យួន​ខ្លាច និង​គោរព​ខ្មែរក្រោម គឺ​ឲ្យ​យួន​ចេះ​ខ្លាច​ប្រឈមមុខ​នឹង​ច្បាប់​អន្តរជាតិ ព្រោះ​ទង្វើ​រំលោភបំពាន​សិទ្ធិមនុស្ស​សិទ្ធិ​ជនជាតិដើម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ហើយ​ឲ្យ​ចេះ​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ជនជាតិដើម មិនមែន​ឲ្យ​ខ្មែរក្រោម​ខ្លាច​យួន​នោះទេ កាលបើ​ខ្មែរក្រោម​សិក្សា​តាមដាន​ស្ថានការណ៍​នយោបាយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​យល់ដឹង​ពិតប្រាកដ ទើប​ខ្មែរក្រោម​នឹង​លែង​ខ្លាច​យួន ។​

លោក​ចៅ សេរី ជា​អគ្គហិរញ្ញិក ធ្វើ​របាយការណ៍​អំពី​ថវិកា​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

លោក សឺ​ង សម្រេច ជា​ឧ​ត្ត​ម​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើកឡើងថា សូម​ឲ្យ​យើង​រួបរួមគ្នា អង្គុយ​ជជែក​គ្នា​ក្នុង​លក្ខខណ្ឌ​ជាតិ យកជាតិ​ជាធំ យកជាតិ​មក​ជជែក​គ្នា​រក​ដំណោះស្រាយ ចៀសវាង​ការយក​អាត្មា (​អាត្មានិយម​) មក​ដាក់​លើ​តុ​ជជែក​ឲ្យ​សោះ គឺ​ធ្វើ​ការបម្រើ​ជាតិ​ដោយ​អ​សក្កាយទិដ្ឋិ ។ លោក​បានផ្តល់​ជា​អនុសាសន៍​រំឭក​សមាជិក សមាជិកា​ឲ្យ​មានការ​សាមគ្គី​មូលមិត្រ​គ្នា ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយគ្នា​ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។​

IMG_2338 IMG_2340 IMG_2365 IMG_2488 IMG_2490 IMG_2496

​ទន្ទឹមនឹងនោះ​លោក​បាន​លើក​អរិយ​សច្ចៈ ៤ គឺ​ទុក្ខ​សច្ចៈ ១, សមុទយ​សច្ចៈ ១, និរោធ​សច្ចៈ ១, មគ្គ​សច្ចៈ ១ ; ដោយ​លើក​ជា​សំនួរ​ទៅ​អង្គសន្និបាត​ថា តើ​ទុក្ខ​សច្ចៈ គឺ​សេចក្តី​ទុក្ខ ខ្មែរក្រោម​មាន​ឬទេ ? អង្គសន្និបាត​ឆ្លើយថា មាន​, សមុទយ​សច្ចៈ គឺ​ប្រភព​នៃ​សេចក្តី​ទុក្ខ ខ្មែរក្រោម​មាន​ឬទេ ? – មាន គឺ​យួន ជា​ប្រភព​ធ្វើ​ឲ្យ​ខ្មែរ​រង​ទុក្ខ​, និរោធ​សច្ចៈ គឺ​សេចក្តី​រលត់ទុក្ខ​ជា​ស្ថាពរ (​ឯករាជ្យ​សន្តិភាព​) មាន​ឬទេ ? -​មាន​, មគ្គ​សច្ចៈ មាគ៌ា វិធី ឧបាយ ផ្លូវ ធ្វើ​ឲ្យ​អស់​ទុក្ខ​មាន​ឬទេ ? – មាន​, ដូច្នេះ​ខ្មែរក្រោម​ត្រូវតែ​រួមគ្នា​រំដោះទុក្ខ​របស់​ជាតិ​យើង​តាម​មាគ៌ា​ចតុ​រា​រិ​យស​ច្ចៈ​នេះ​ឲ្យ​ត្រាតែ​បាន គឺ​ទី ១ ខ្មែរក្រោម ត្រូវ​ដឹង​ស្គាល់​ខ្លួនឯង ដឹងខ្លួន​ឯង​ថា​ជាតិ​របស់ខ្លួន​កំពុង​រង​ទុក្ខ​, ទី ២ ខ្មែរក្រោម​ត្រូវ​ចងចាំ​ជានិច្ច​ដាច់ខាត​កុំភ្លេចថា​យួន​គឺជា​ឃាតករ​សម្លាប់​ជាតិ ជា​ចោរលួច​ប្រទេស​របស់ខ្លួន ធ្វើ​ឲ្យ​ជាតិ​ត្រដាបត្រដួស​ស្ទើរ​ស្លាប់ ប្រទេស​វិនាស​បង់ ។ ទី ៣ ខ្មែរក្រោម​ត្រូវ​ដឹង​យល់​ឲ្យ​ច្បាស់​អំពី​សិទ្ធិ​ជនជាតិដើម​ជា​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង កាលបើ​ខ្មែរក្រោម​មាន​សិទ្ធិ​នេះ​ពេញលេញ​ទើប​ខ្មែរក្រោម​ផុត​ទុក្ខ​ទៅបាន​, ទី ៤ ខ្មែរក្រោម​ធ្វើការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​តាមច្បាប់​អន្តរជាតិ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាននិងកំពុង​អនុវត្តន៍ ។​

​លោក សឺ​ន ហួ ជា​អគ្គលេខាធិការ បាន​លើក​សេចក្តីសម្រេច​នៃ​សន្និបាត ឡើង​ជូន​អង្គសន្និបាត​ធ្វើ​សេចក្តីអនុម័ត ។​

​សេចក្តីសម្រេច​មាន​សេចក្តី​ពេញលេញ​ក្នុង​សេចក្តីសម្រេច​របស់​សន្និបាត ដែល​គណៈអធិបតី​សន្និបាត​បាន​អនុម័តិ​រួចហើយ ។​
​សន្និបាត​ចប់​ដោយ​បរិបូណ៌​នៅវេលា​ម៉ោង ៤:០០

​ក្រុង​តា​កូ​ម៉ា រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត សហរដ្ឋអាមេរិក ថ្ងៃទី ២០ ធ្នូ ព​.​ស​. ២៥៥៩ គ​. ស​. ២០១៥ ។​

​អ្នក​កត់ត្រា​កំណត់ហេតុ​ដោយ​

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ព្រះសង្ឃវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក និងជា

អតីតៈសាស្ត្រាចារ្យ វិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី កម្ពុជាក្រោម

ចុចមើលកម្រងរូបថតសន្និបាតប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេេល ៣ ថ្ងៃ

IMG_2012

Comments are closed.