ខ្មែរក្រោម ចូល​ថ្លែងការណ៍ នៅ​កិច្ចប្រជុំ​លើក​ទី ១១ នៃ​យន្តការ​អ្នកជំនាញ ស្តីពី​សិទ្ធិ​របស់​ជនជាតិដើម​

0 1,034

ដោយ ស៊ឺន ចែងចើន| VOKK

តំណាង​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ច័ន្ទ​ទី ៩ កក្កដា បាន​ចូល​ថ្លែងការណ៍ អំពី​បញ្ហា​ខ្មែរក្រោម នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ស្សឺ​ណែវ ប្រទេស​ស្វិ​ស នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១១ នៃ​យន្ដការ​អ្នកជំនាញ ស្ដីពី​សិទ្ធិ​ជនជាតិដើម ចាប់ពី​ថ្ងៃទី ៩ ដល់ទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ ។​

​តំណាង​អង្គការ​ជនជាតិដើម អង្គការសិទ្ធិមនុស្ស និង​ក្រុម​អ្នកជំនាញការ ស្ដីពី​ជនជាតិដើម នៅ​ជុំវិញ​ពិភពលោក បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ។​

​នៅ​ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​តំណាង​របស់ខ្លួន ២ រូប មកពី​សហរដ្ឋអាមេរិក គឺ​ង​បណ្ឌិត Joshua Cooper ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​នាង ហាង ខ​ន្នី រួមទាំង​យុវជន​ខ្មែរក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប ២ រូប គឺ​លោក ថាច់ វាសនា មកពី​ប្រទេស​បារាំង និង​នាង ត្រឹង លី​សា មកពី​ប្រទេស​អ៊ីតាលី ចូលប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​លើកយក​បញ្ហា​របស់​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​រំលោភសិទ្ធិ និង​ធ្វើទុក្ខបុកម្នេញ ទៅ​លាតត្រដាង​ឲ្យ​អង្គការសហប្រជាជាតិ​បាន​ជ្រាប ។

​លោក ថាច់ វាសនា ដែល​បាន​ចូលរួម​ស្តាប់ និង​ថ្លែងការណ៍ នៅក្នុង​វេទិកា​យន្តការ​អ្នកជំនាញ ស្ដីពី​សិទ្ធិ​ជនជាតិដើម និង​ជាស​ហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ផង​នោះ បាន​រាយការណ៍​មក​ថា តំណាង​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ២ រូប ត្រូវបាន​អធិបតី​នៃ​អង្គប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែងការណ៍​របស់ខ្លួន​ជា​បន្តបន្ទាប់ ។ ខ្លឹមសារ ដែល​បាន​ថ្លែង​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានលើកឡើង​យក​បញ្ហា​ជាច្រើន​ទាក់ទិន នឹង​បញ្ហា​សិទ្ធិមនុស្ស ការរំលោភ​ដីធ្លី ការ​បំភ្លៃ​ក្រ​ឡាយ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ការចាប់​ព្រះសង្ឃ​ផ្សឹក និង​ដាក់ពន្ធនាគារ​ជាដើម ។​

​ក្រៅពី​សេចក្តីថ្លែងការណ៍ និង​ដាក់​របាយការណ៍​ទៅ​វេទិកា​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្ដល់​អនុសាសន៍ ទៅ​ក្រុម​អ្នកជំនាញ​ខាង​សិទ្ធិ​ជនជាតិដើម ដើម្បី​ឲ្យ​ពួកគេ​យកទៅ​សិក្សា ឬ​ស៊ើបអង្កេត​នូវ​រាល់​បញ្ហា ដែល​កំពុងតែ​កើតឡើង នៅ​កម្ពុជា​ក្រោម ។ នេះ បើតាមការបញ្ចាក់បន្ថែម ពីលោក ថាច់ វាសនា ។

​នៅពេល​សួរថា តើ​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ ពី​វេទិកា​នេះ​? លោក ថាច់ វាសនា បាន​មានប្រសាសន៍ ដោយយោង​ទៅលើ​គោលការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ការតស៊ូ​មតិ​ជាច្រើន នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិ​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។ ដូច្នេះ គ្មាន​ឡើយ ការទទួលបាន​ផលប្រយោជន៍ សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ប៉ុន្តែ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​មិនមាន​សំឡេង ជួយ​ពាំនាំ និង​បញ្ចេញ​នូវ​សំឡេង ឲ្យ​ពិភពលោក​បានដឹង​កាន់តែច្បាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ជាតិ​កម្ពុជា​ក្រោម ដែល​បាន​បង្កើតឡើង ដោយ​ខ្មែរក្រោម​អ្នកស្នេហាជាតិ នៅ​ជុំវិញ​ពិភពលោក ធ្វើ​ចលនា​តស៊ូ​ដោយ​អហិង្សា​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ពី​របប​គ្រប់គ្រង​អាណានិគម​យួន នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ៕​

Leave A Reply

Your email address will not be published.