សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុងវេទិកាជនជាតិដើម (UNPFII)

0 101

ដោយ ស៊ឺន ចែងចើន| VOKK

សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែចូលរួមប្រជុំនៅក្នុងមហាសន្និបាត លើកទី ១៧ នៃ វេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅក្នុងការិយាល័យកណ្ដាល របស់អង្គ ការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ក្រុមយុវជនរបស់ខ្លួន មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក​, ប្រទេស​កាណាដា និង ​កម្ពុជា ឲ្យចូល​សង្កេតការណ៍ និង ​ថ្លែងការណ៍​ នៅក្នុង​វេទិកា នេះ ដូចរៀងរាល់ឆ្នាំ ដែរ ។

យោងតាមព័ត៌មានពីគេហទំព័រ នៃ អង្គការសហប្រជាជាតិ វេទិកាឆ្នាំនេះផ្ដោតលើប្រធានបទ “សិទ្ធិសមូហ ភាពរបស់ជនជាតិដើមចំពោះដីធ្លី, ដែនដី និង ធនធាន” របស់ជនជាតិដើម ។ តំណាងជនជាតិដើម , រដ្ឋ នានា ដែលជាសមាជិក នៃអង្គការអង្គសហប្រជាជាតិនៅជុំវិញពិពភលោក  និង ទីភ្នាក់ងារអង្គការសហ ប្រជាជាតិ ត្រូវបានអង្គការសហប្រជាជាតិអញ្ជើញមកប្រជុំនៅក្នុងវេទិកានេះ ។ គោលបំណងរបស់មហា សន្និបាត ដើម្បីប្រមូលរាល់ព័ត៌មានជាបញ្ហារបស់ជនជាតិដើម ដែលតំណាងជនជាតិដើមបានធ្វើសេចក្ដី រាយការណ៍នៅក្នុងសប្ដាហ៍ទីមួយ ហើយដាក់បញ្ចូលទៅក្នុងអនុសាសន៍ នៃគោលនយោបាយយុទ្ធ សាស្ត្រចម្បងដែលអាចអនុវត្តបាន ។ រាល់អនុសាសន៍របស់ជនជាតិដើម និង ទីភ្នាក់ងាររបស់អង្គការស្នើ រដ្ឋសមាជិក នឹងត្រូវបានមហាសន្និបាតលើកឡើងសន្ទនានៅក្នុងសប្ដាហ៍ទីពីរ ។

នេះជា​លើក​ទី ១៤ ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ចូលប្រជុំ និង ​ថ្លែងការណ៍​នៅក្នុង​វេទិកា​មួយ​នេះ ចាប់តាំងពី​ឆ្នាំ ២០០៤ មក ។​ ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើរបាយការណ៍ស្ដីអំពី បញ្ហារបស់ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម នៅក្នុងវេទិកាមួយនេះ ដើម្បីជម្រុញឲ្យរដ្ឋាភិ បាលបក្សកុម្មុយនិស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ ការចូលប្រជុំនេះ បានធ្វើឲ្យសំឡេងរបស់ខ្មែរក្រោមនៅក្នុងស្រុក ដែលត្រូវរដ្ឋាភិបាលយួនបិទនោះ បានឮដល់សហគមន៍ អន្តរជាតិកាន់តែច្បាស់ជាងមុន ៕ រូបថតៈ ស៊ឺន ចែងចើ​ន

Leave A Reply

Your email address will not be published.