សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នាយកដ្ឋានព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិ (UNDPI)
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានចូលសមាជិក នាយកដ្ឋានព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេលថ្មីៗនេះ ។
លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅនៅរដ្ឋ washington សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែធ្នូ ម្សិលមិញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានចូលសមាជិក នាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ (United Nations Department of Public Information (UNDPI) នៅពេលថ្មីៗនេះ ។ លោកថា ការដែល សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិក នៃអង្គការអន្តរជាតិមួយនេះ គឺជាជំហានជោគជ័យថ្មីមួយទៀតដែលខ្លួនបានទទួល ក្នុងចំណោមជោគជ័យផ្សេងៗដែលទៀតដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានទទួលនាពេលកន្លងមក ។
លោក ចៅ សេរី បានបញ្ជាក់ទៀតថា ផលប្រយោជន៍ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលពីការបានចូលជាសមាជិក នៃនាយកដ្ឋាននេះ នោះ រួមមាន អង្គការសហប្រជាជាតិ នឹង អនុញ្ញាតឲ្យសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ៦ រូប អាចចូលធ្វើការជាមួយនាយកដ្ឋាន ព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ បានគ្រប់ពេលវេលា ។
នាយកដ្ឋានព័ត៌មានសាធារណៈ (DPI) នៃអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៦ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការងាររបស់អង្គការសហប្រជាជាតិសម្រាប់ពិភពលោក ។ ព័ត៌មានដែលបានផលិតដោយនាយកដ្ឋានព័ត៌មានអង្គការសហប្រជាជាតិ រួមមាន វិទ្យុ, ទូរទស្សន៍, ការបោះពុម្ព, អ៊ីនធឺណិត, វីដេអូ, ការធ្វើសន្និសីទ និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ៕
Comments are closed.