សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ Origon ប្រារព្ធ​ខួប ៦៤ ឆ្នាំ នៃ​ទិវា ០៤ មិថុនា​

0 110

​ដោយ ថាច់ ប្រីជា គឿន -​សារព័ត៌មាន ព្រៃនគរ​

នៅ​ថ្ងៃទី ១៥ ខែមិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ Origon សហរដ្ឋអាមេរិក ដែលមាន លោក សឺ​ង ថា​ញ់ ជា​ប្រធាន បាន​ប្រារព្ធ​ខួប ៦៤ ឆ្នាំ នៃ​ទិវា ០៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន​ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម ។ កម្មវិធី​នេះ មានការ​ចូលរួម​ពី លោក ចៅ រៀប ប្រធានសភា ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម , លោក ថាច់ សាមី  លេខាធិការ នៃ​ការិយាល័យ​សភា​ព្រឹទ្ធាចារ្យ មកពី​រដ្ឋ Washington និង​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋកា​លី​ហ្វ​ក​ញ៉ា (California) និង​ផ្ញៀវកិត្តិយស​ជាច្រើន​ទៀត ។

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ Origon ប្រារព្ធខួប ៦៤ ឆ្នាំ នៃទិវា ០៤ មិថុនា
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ Origon ប្រារព្ធខួប ៦៤ ឆ្នាំ នៃទិវា ០៤ មិថុនា

​អ្នក​ចូលរួមបាន​បានរៀបចំ​កម្មវិធី​តាម​ពុទ្ធ​សាសន​និយម​កិច្ច មាន​វេរភត្ត​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ដល់​វីរជន​ខ្មែរក្រោម​គ្រប់រូប ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​ដែនដី​កម្ពុជា​ក្រោម ។​

នៅក្នុង​ពិធី​នេះ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា លោក​មិន​ចង់​ឮ ពាក្យ​ថា “​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​” ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទៀត​ទេ ព្រោះ​ពាក្យ​ទាំងនេះ វា​ហាក់ដូចជា​ឆ្លុះបញ្ចាំង​ឲ្យ ឃើញ​ពី “​ភាព​អាប់ឱន​របស់​ជាតិខ្មែរ​” ។​

ដើម្បី​លុបបំបាត់ចោល​នូវ​ពាក្យ “​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​” នេះ លោក ចៅ រៀប បាន​ថ្លែងថា សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​ខំប្រឹងប្រែង​គ្រប់ពេលវេលា ដើម្បី​ជម្រុញ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ ដើម នៃ​ដែនដី​កម្ពុជា​ក្រោម ។

លោក ចៅ រៀប បាន​បន្តទៀត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បានធ្វើ​សន្និសីទ​អន្តរជាតិ​ស្ដីពី “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” តាមច្បាប់​អន្តរជាតិ  នៅ​តុលាការអន្តរជាតិ នាទី​ក្រុងឡាអេ កាលពី​ឆ្នាំ ២០០៦ ដើម្បី ឲ្យ​អ្នកច្បាប់​អន្តរជាតិ ជួយផ្ដល់​អនុសាសន៍​ដ​ល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ទាមទារ​នូវ “​សិទ្ធិ​សម្រេច វាសនា ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។

លោក ចៅ រៀប បាន​បន្ថែមទៀតថា បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​នៃ​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​បញ្ហា ជនជាតិដើម របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ជា​សា​ភា​អង់គ្លេស​ថា (UNPFII) ដែលជា​ឱកាស​មួយ​បានធ្វើ​ឲ្យ ខ្មែរក្រោម បាន​ចូល​ថ្លែងការណ៍​នៅក្នុង​ការិយាល័យ​នៃ​អង្គការសហប្រជាជាតិ នា​បុរី New York ជា​រៀងរាល់ឆ្នាំ ។​

សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩  ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បាន​ផ្ទេរ ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ ៦៧ ពាន់ គីឡូ​មែត្រ​ក្រឡា ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម តាម​សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ។ ចាប់តាំងពី​ថ្ងៃ​នោះមក ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់ បានរស់នៅ​ក្រោម​នឹម​អាណានិគម​យួន​រហូតមកដល់​សព្វ​ថ្ងៃ ៕

Leave A Reply

Your email address will not be published.