សហព័ន្ធខ្មែរកម្ពុជាក្រោម បិទបញ្ចប់សន្និបាតប្រចាំឆ្នាំ ដោយរៀបចំយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ឆ្នាំ ២០២០
ដោយ ស៊ឺន ចែងចើន
នៅថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ ចុងសប្តាហ៍កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅវត្តពុទ្ធិកៈខ្មែរ នាទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីបូកសរុបសកម្មភាពការងារ និងសមិទ្ធិផល ដែលសម្រេចបាន ក្នុងឆ្នាំ ២០១៩ និងដាក់ចេញនូវផែនការ សម្រាប់អនុវត្ត នៅក្នុងឆ្នាំ ២០២០ ខាងមុខ ។

សន្និបាតប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានាជុំវិញពិភពលោក ប្រមាណជិត ២០០ នាក់ រួមមានមកពីរដ្ឋនានានៃទឹកដីសហរដ្ឋអាមេរិក បាំរាំង កាណាដា ប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ ព្រៃនគរ ក្រោយបិទបញ្ចប់អង្គសន្និបាតឆ្នាំនេះ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ឲ្យដឹងថា សន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធបានបូកសរុបសមិទ្ធផល ដែលបានធ្វើក្នុងរយៈពេលកន្លងទៅនេះ ព្រមទាំងរៀបចំគម្រោងផែនការសម្រាប់ឆ្នាំ ២០២០ ខាងមុខ ដោយក្នុងនោះ នឹងធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិថ្មី ការរៀបចំផែនការថវិកា និងបន្តផែនការចាស់ គឺពង្រីកការទំនាក់ទំនងក្រៅប្រទេសបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះ ដាក់សម្ពាធទៅដល់រដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម និងឈប់ធ្វើទុក្ខបុកម្នេញដល់ពួកគេតទៅទៀត ។ ជាពិសេស គឺបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី នៅពេលខាងមុខ ។

ពាក់ព័ន្ធ នឹងការរៀបចំផែនការ សម្រាប់ឆ្នាំខាងមុខនេះដែរ លោក ត្រឹង ម៉ាន់រិន្ទ ជាប្រធានផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកបង្ហាញនូវយុទ្ធសាស្ត្រមួយចំនួន ទាក់ទង នឹងបញ្ហាសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ការតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីធានាឲ្យរដ្ឋាភិបាលវៀតណាម ផ្តល់សិទ្ធិសេរីភាពពេញលេញ និងសិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង ដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត និងបច្ចុប្បន្នគ្រប់គ្រង ដោយវៀតណាម ។ លោកក៏បានលើកឡើងផងដែរ អំពីបញ្ហាបែកបាក់ផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តវៀតណាម និងការប្រទាញប្រទង់គ្នា រវាងក្រុមផ្សេងៗ គ្នា នៅក្នុងបក្ស ជាពិសេស គឺរវាងក្រុមមនុស្សប្រឆាំងក្នុងរង្វង់បក្ស ដែលមាននិន្នាការទៅរកអតីតនាយករដ្ឋមន្រ្តី គឺលោក ង្វៀន តឹងយ៉ុង និងក្រុមអ្នកស្និទ្ធ នឹងលោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង ។ លោកថា ក្នុងការប្រកួតប្រជែងដណ្តើមអំណាចគ្នា រវាងគូបដិបក្ខទាំងពីរនេះ អាចឈានដល់ការផ្លាសប្តូររបបដឹកនាំវៀតណាមបច្ចុប្បន្ន និងបើកទូលាយលំហរប្រជាធិបតេយ្យ ដែលនេះ គឺជាឱកាសឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើមាតុភូមិនិវត្តន៍ ដើម្បីទៅទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក នៅលើទឹកដីកំណើត ដែលវៀតណាមកំពុងកាន់កាប់ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់ខ្មែរក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូមតិដោយអហិង្សាលើឆាកអន្តរជាតិ ដើម្បីបំផុសគំនិតឲ្យពលរដ្ឋខ្មែរក្រោម ចេះប្រើប្រាស់នូវសិទ្ធិជនជាតិដើមរបស់ខ្លួន ដើម្បីឆ្ពោះទៅរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក្នុងនាមជាម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និង បានចូលរួមថ្លែងការណ៍ជាបន្តបន្ទាប់ នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីការពារនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែ រស់នៅក្រោមនឹមអាណា