សាមណេរខ្មែរក្រោម យឿង ខាយ ប្ដេជ្ញាសុខចិត្តសុគតដើម្បីការពារសិទ្ធិជនជាតិដើម
ដោយ យន់ សាមៀន | RFA Khmer
សមាគមពុទ្ធសាសនាវៀតណាមនៅខេត្តលង់ហោរ បានបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាបព្វជិតបួសក្នុងព្រះពុទ្ធសាសនាដោយសំអាងថា សាមណេរ យឿង ខាយ មិនបានសុំច្បាប់បួសនិងមិនមែនជាសមាជិកសមាគមពុទ្ធសាសនាវៀតណាម។ ពាក់ព័ន្ធនឹងរឿងនេះ សាមណេរ យឿង ខាយ ប្ដេជ្ញាបន្តបួសនិងគង់ក្នុងវត្តធ្វើការងារតស៊ូមតិ ដើម្បីទទួលបានសិទ្ធិជាជាតិដើមនិងការពារវត្ត និងសាលាឆទានក្នុងខេត្តកុំឲ្យអាជ្ញាធរវៀតណាមរឹបអូសនិងបំផ្លាញ។

សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសទង្វើរបស់សមាគមពុទ្ធសាសនាវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញព្រះសង្ឃខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជនជាតិដើម និងសិទ្ធិសេរីភាពផ្នែកសាសនា។ សហព័ន្ធបានស្នើឲ្យសមាគមពុទ្ធសាសនាវៀតណាមទទួលស្គាល់ សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់ និងអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន។
ប្រធានអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាថា សាមណេរ យឿង ខាយ បានបួសស្របតាមវិន័យរបស់ព្រះពុទ្ធសាសនា ដូច្នោះសាមណេរ យឿង ខាយ មានលក្ខណៈសម្បត្តិជាព្រះសង្ឃពេញសិទ្ធិ។ ព្រះភិក្ខុ ធីធី ធម្មោ ចាត់ទុកទង្វើរបស់ព្រះសង្ឃវៀតណាមថា ជាការព្យាយាមធ្វើទុក្ខបុកម្នេញ និងបំបិទសិទ្ធសេរីភាពផ្នែកសាសនារបស់ខ្មែរកម្ពុជាក្រោម។
ព្រះភិក្ខុ ធីធី ធម្មោ៖ «ព្រះសង្ឃវៀតណាមមិនទទួលស្គាល់មិនទទួលស្គាល់សាមណេរ យឿង ខាយ នៅវត្តទ្រនំសេកហ្នឹង ទង្វើនេះជាការប្រាសចាករបស់ព្រះពុទ្ធសាសនា ក៏ដូចជាការប្រតិបត្តិព្រះពុទ្ធសាសនា និងពលរដ្ឋខ្មែរក្រោមជាជនជាតិដើម។ មើលទៅជាការលំអៀងទៅលើពលរដ្ឋខ្មែរក្រោម ហើយការបួសរបស់សាមណេរ យឿង ខាយ ហ្នឹងស្របច្បាប់»។
ប្រតិកម្មរបស់ព្រះភិក្ខុ ធីធី ធម្មោ នេះធ្វើឡើងបន្ទាប់ពីសមាគមពុទ្ធសាសនាវៀតណាម នៅខេត្តលង់ហោរ កាលពីថ្ងៃទី១ ខែមីនា បានបដិសេធមិនទទួលស្គាល់ សាមណេរ យឿង ខាយ ជាបព្វជិតបួសក្នុងព្រះពុទ្ធសាសនា។ គណៈកម្មាធិការសមាគមពុទ្ធសាសនាវៀតណាមអះអាងថា សាមណេរ យឿង ខាយ មិនបានធ្វើលិខិតស្ម័គ្រចិត្តសុំចូលបួស និងមិនមានឈ្មោះក្នុងបញ្ជីរបស់សមាគមពុទ្ធសាសនាវៀតណាម។
នេះជាលើកទីពីរហើយ ដែលព្រះសង្ឃវៀតណាមដែលមានអាជ្ញាធរវៀតណាមនៅពីក្រោយបានបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់។ កាលពីដើមខែមករាសមាគមព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង ដែលជាស្រុកកំណើតរបស់សាមណេរ យឿង ខាយ ក៏បានប្រាប់ទៅដល់ព្រះចៅអធិការ ទូទាំងខេត្ត កុំទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់។ ព្រះសង្ឃវៀតណាមក៏គំរាមចាត់វិធានការផ្លូវច្បាប់នឹងព្រះចៅអធិការវត្តណាដែលហ៊ានទទួលស្គាល់សាមណេរយឿង ខាយ និងឲ្យព្រះអង្គគង់ក្នុងវត្ត។ ជុំវិញការធ្វើទុក្ខបុកម្នេញមិនចេះចប់មិនចេះហើយនេះដែរសាមណេរ យឿង ខាយ បញ្ជាក់ជំហរថា ព្រះសង្ឃនឹងមិនចាកចេញពីវត្តឬក៏សឹកនោះទេ ពីព្រោះព្រះអង្គបួសស្របច្បាប់ មានការទទួលស្គាល់ពីព្រះចៅអធិការវត្តមង្គលទ្របុរីនំសេក។
សាមណេរ យឿង ខាយ៖ «សមាគមសង្ឃយួនហ្នឹងឃុបឃិតគ្នារឹតត្បិតសេរីភាពសាសនាខ្លាំងណាស់បង។ ឃើញអាត្មាបញ្ចេញមតិ និងបង្ហោះមានទង់ជាតិអ្វីៗហ្នឹងគេមិនសប្បាយចិត្តទេ»។
សាមណេរ យឿង ខាយ ឲ្យដឹងទៀតថាបច្ចុប្បន្នអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង ក៏កំពុងធ្វើបាបឪពុកម្ដាយព្រះសង្ឃដោយបង្ខំឲ្យម្ចាស់ផ្ទះជួលឈប់ជួលផ្ទះឲ្យពួកគេរស់នៅ។ សាមណេរយឿង ខាយ ប្ដេជ្ញាស៊ូសុគតដើម្បីបុព្វហេតុសិទ្ធិសេរីភាពផ្នែកសាសនា និងជនជាតិដើម។
សាមណេរ យឿង ខាយ៖ «កើតមួយជាតិធាតុមួយចានទេបង។ ដល់ណាដល់ទៅបងបើគេឃុបឃិតគ្នាធ្វើបាបអាត្មា នៅពេលយើងផ្សព្វផ្សាយអ្វីដែលខ្មែរយើងមានហ្នឹង។ គេធ្លាប់លួចរបស់យើង ពេលយើងបកអាក្រាតគេ គេខ្មាសយើងគេភ័យ»។
អាជ្ញាធរបានចិញ្ចឹមចិត្តធ្វើទុក្ខបុកម្នេញ សាមណេរ យឿង ខាយ ដោយសារតែព្រះអង្គកាលពីនៅជាគ្រហស្ថ ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។ អាជ្ញាធរវៀតណាមធ្លាប់ខ្លួនព្រះអង្គ ជាច្រើនលើកនិងផាកពិន័យជាច្រើនរយដុល្លាររឿងចែកចាយឯកសារស្ដីពីសិទ្ធិជនជាតិនិងប្រវត្តិសាស្ត្រខ្មែរក្រោមតាមបណ្ដាញសង្គម។ពាក់ព័ន្ធនឹងរឿងសាមណេរ យឿង ខាយ នេះដែរ អ្នកជំនាញអង្គការសហប្រជាជាតិ ក៏ធ្លាប់សំដែងក្តីបារម្ភករណីវៀតណាមឃាត់ខ្លួន សាមណេរ យឿង ខាយ កាលពីនៅជាគ្រហស្ថ យកទៅឃុំសួរចម្លើយ និងបង្ខំឲ្យសារភាពទោស ដែលមិនបានប្រព្រឹត្ត។ អ្នកជំនួញអង្គការសហប្រជាប្រជាជាតិបានដាក់សំណួរឲ្យរដ្ឋាភិបាលវៀតណាមឆ្លើយករណីនេះដែរ ប៉ុន្តែអាជ្ញាធរវៀតណាមនៅមិនទាន់ឆ្លើយតបនៅឡើយទេ។ កាលពីពេលថ្មីៗ នេះ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាមកុំធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម។ គណៈកម្មការសេរីភាពអន្តរសាសនាបានស្នើឲ្យរដ្ឋាភិបាលអាមេរិកអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម កុំបំផ្លាញសាលាឆទានរបស់ពលរដ្ឋក្រោម ដែលបានកសាងសម្រាប់គោរពសាសនា និងជាកន្លែងបង្រៀនអក្សរខ្មែរឲ្យក្មេងជំនាន់ក្រោយនៅខេត្តលង់ហោរ។ អង្គការសិទ្ធិមនុស្សអន្តរជាតិក៏រកឃើញថារដ្ឋាភិបាលវៀតណាមបន្តធ្វើទុក្ខបុកម្នេញ និងរើសអើងសហគមន៍ខ្មែរក្រោមជាប្រព័ន្ធ។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាខ្មែរក្រោម បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម។ មកទល់ហ្នឹងថ្ងៃទី៩មីនា សាមណេរយឿង ខាយបន្តគង់នៅវត្តមង្គលទ្របុរីនំសេកនៅឡើយហើយអាជ្ញាធរវៀតណាមក៏មិនទាន់ចាត់វិធានការប្រឆាំងនឹងព្រះអង្គនៅឡើយទេ៕