សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ដែល​អាច​នៅ​ពី​ក្រោយ​​អំពើ​ហិង្សា​​លើ​ព្រះ​សង្ឃ​ខ្មែរក្រោម

0 104

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្កោលទោស ជនសង្ស័យ​ជនជាតិ​វៀតណាម​មាន​គ្នា​ប្រមាណ ១០​ នាក់ បាន​ព្រួត​គ្នា​វ៉ៃ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ដែល​និមន្ត​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ដើម្បី​សួរ​សុខ​ក្រុម​គ្រួសារ​ ។ បច្ចុប្បន្ន​ព្រះសង្ឃ​រងគ្រោះ ​បាន​និមន្ត​មក​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព​វិញ​ហើយ និង​គ្រោង​ប្តឹង​អាជ្ញាធរ​វៀតណាម ​ឲ្យ​ស៊ើបអង្កេត​រក​ជនសង្ស័យ ទោះ​បី​ព្រះសង្ឃ​មាន​សង្ឃឹម​តិចតួច ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ក្តី ។

ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ។
រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

ព្រះអង្គ សឺន ទី ជា​ជនរងគ្រោះ​នៃ​អំពើ​ពួន​លប​វាយប្រហារ​ពី​សំណាក់​ជនជាតិ​វៀតណាម ​សង្ស័យ​ថា អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម មាន​គ្នា​ប្រមាណ ១០​ នាក់ ព្រួត​គ្នា​វាយ​ព្រះអង្គ​ឲ្យ​មាន​របួសធ្ងន់ រហូត​ដល់ ផុង​លលាដ៍​ព្រះកេស និង​មាន​ស្នាម​ជាំ​ជុំវិញ​ខ្លួន និង​ដៃ ។ ព្រះសង្ឃ សឺន ទី បាន​និមន្ត​ទៅ​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម កាល​ពី​ថ្ងៃទី ​៣ កក្កដា និង​បន្ត​គង់​នៅ​ជួបជុំ​គ្រួសារ និង​ធ្វើបុណ្យ​តាម​វត្ត​មួយចំនួន រហូត​ដល់​ល្ងាច​នៅ​ម៉ោង​ប្រមាណ ៨​ យប់ ថ្ងៃទី​ ១២ កក្កដា ទើប​ធ្វើដំណើរ​ទៅ​ជិះ​រថយន្តឈ្នួល​មក​កម្ពុ​ជា​វិញ ប៉ុន្តែ ​ព្រះអង្គ​ទៅ​មិនទាន់​ដល់​ចំណត​រថយន្ត​ឈ្នួល​ផង​ ក៏​ត្រូវ​បាន​ជនជាតិ​វៀតណាម​នាំគ្នា​យក​ទុយោ​ទឹក​វាយ​សំពង​ព្រះអង្គ​តែម្តង ។ ព្រះអង្គ សឺន ទី សង្ស័យ​ថា អាជ្ញាធរ​វៀតណាម​សងសឹក​ព្រះអង្គ ដោយសារតែ​ព្រះ​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហោះ​ព័ត៌មាន​ខ្លះ​ ពាក់ព័ន្ធ​ដល់​រឿង​ប្រវត្តិសាស្ត្រ និង​ការរំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម៖ «នេះ​ជា​ការ​គំរាមកំហែង​ដើម្បី​កុំ​ឲ្យ​យើង​ហ៊ាន​តវ៉ា ឬ​ប្រើប្រាស់ ហ្វេសប៊ុក​ពាក់ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​គាប​សង្កត់​ហ្នឹង​។ សកម្មភាព​ដែល​គេ​ធ្វើ​ហ្នឹង​ដើម្បី​គំរាមកំហែង​យើង»

អាជ្ញាធរ​វៀតណាម ​នៅ​ខេត្តឃ្លាំង​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត ការ​វាយប្រហារ​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃទី​ ១៨ កក្កដា ប៉ុន្តែ ​អះអាង​ថា ករណី​ហិង្សា​នេះ អាច​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន ។

នេះ​មិនមែន​ជា​លើកទីមួយ ដែល​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ ព្រះអង្គ សឺន ទី ទេ ​។ កាល​ពី​ដើម​ឆ្នាំ ២០២០ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង ក៏​បាន​ដក​ហូត​លិខិតឆ្លងដែន​ខ្មែររបស់​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ បាន​ទៅ​លេង​ស្រុក​កំណើត​បាន​មួយ​សប្ដាហ៍ ​។ អាជ្ញាធរ​វៀតណាម បាន​ចោទ​ព្រះអង្គ​ថា បាន​ចែករំលែក​សារ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ស្ដីពី​បញ្ហា​រំលោភសិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​នៅក្នុង​ប្រទេស វៀតណាម ​។ វៀតណាម​បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយ​នេះ ជា​ទង្វើ​ខុសច្បាប់ និងព្រមាន​ឲ្យ​ព្រះអង្គ​បង់ប្រាក់​ពិន័យ​ជាង ​១​ ពាន់ ប្រាំ​រយ​ដុល្លារ ។ ទោះ​បី​យ៉ាងណា វៀតណាម​សុខចិត្ត​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​ព្រះអង្គ សឺន ទី វិញ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស​កម្ពុជា។ ព្រះអង្គ សឺន ទី ប្តេជ្ញាចិត្ត​ថា ព្រះអង្គ​នឹង​វិលត្រឡប់​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​កម្ពុជា​ក្រោម​វិញ ដើម្បី​ទាមទារ​យុត្តិធម៌ ទោះបី​ព្រះអង្គ​មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​តិច​តួច​ក្តី​ ដើម្បីកុំ​ឲ្យ​វៀតណាម អាច​សំឡុត​បំភ័យ​ខ្មែរក្រោម មិន​ឲ្យ​ហ៊ាន​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​សាច់​ញាតិ៖ «អាត្មា​សូម​អំពាវនាវ​ដល់​ដល់ បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ជួយ​តស៊ូ​មតិ​ប្រាប់​អន្តរជាតិ​ថា ខ្មែរក្រោម​ទៅ​គេ​ធ្វើបាប​ហើយ រដ្ឋា​វៀតណាម ដោះសា​ទៀត អ៊ីចឹង​ថ្ងៃក្រោយ​អាច​ខ្មែរក្រោម​អាច​គ្រោះថ្នាក់​ដល់​ជីវិត»

ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំពើ​ហិង្សា​វាយ​លើ​ព្រះសង្ឃ​ខ្មែរក្រោម​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​ព្រះអង្គ​អះអាង​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ព្រះសង្ឃ​ខ្មែរក្រោម ដែល​និមន្ត​ទៅ​លេង​ស្រុក​កំណើត ​។ ព្រះអង្គ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​នេះ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ត្រូវតែ​គោរព​សិទ្ធិ​ចំពោះ​ព្រះសង្ឃ​ខ្មែរក្រោម ចំពោះ​ដែល​និមន្ត និង​អញ្ជើញ​ទៅ​ពី​ប្រទេស​កម្ពុជា​ទៅ​ពី​ក្រៅ​ប្រទេស​ក្តី អាជ្ញាធរ​វៀតណាម​មាន​ភារកិច្ច​ការពារ​សុវត្ថិភាព ព្រោះ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ទឹកដី»

ការប្រើប្រាស់​អំពើ​ហិង្សា​វាយប្រហារ​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នេះ កើតឡើង ស្រប​ពេល​ដែល​វៀតណាម​ កំពុង​សុំ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល​បី​ឆ្នាំ ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ​ ២០២៥ ។ វៀតណាម​សន្យា​ថា ប្រសិនបើ​ប្រទេស​នេះ​អាច​ក្លាយ​ជា​សមាជិក​ស្ថាប័ន​សិទ្ធិ​កំពូល​នេះ ប្រទេស​នេះ​នឹង​លើក​តម្កើង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​ពង្រឹង​ស្ថាប័ន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​តាមរយៈ​កិច្ចសហការ​សន្ទនា និង​គោរព​គ្នា​ទៅវិញទៅមក​ ។ ទោះបីជា​យ៉ាងណា សហព័ន្ធ​ខ្មែរក្រោម មិន​មាន​ជំនឿ​លើ​ការសន្យា​នេះ​ទេ ហើយ​សហព័ន្ធ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​កុំ​បោះឆ្នោត​គាំទ្រ​វៀតណាម​ ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ៕

Leave A Reply

Your email address will not be published.