សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និសីទកាសែត អំពី​ការបំពាន​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​រដ្ឋាភិបាល​វៀតណាម​

0 178

​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​ជា​រឿង​ក្ដៅកគុក ដែល​នៅតាម​ប្រទេសមួយ​ចំនួន​ដែល​មិនបាន​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្លួនឯង ទោះ បី​ជា​បាន ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្ដរជាតិ ឬ មិនបាន​ចុះ​ក្ដី ។​

ខ្មែរក្រោមធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ ។
ខ្មែរក្រោមធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ ។

ចុចស្ដាប់ សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើសន្និសីទសារព័ត៌មាន

នៅ​សហរដ្ឋ​អាម៉េរិក ថ្ងៃទី ១៦ ខែមករា នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​អង្គការ​មួយចំនួន នឹង​រៀបចំ​ធ្វើ​សន្និសីទ កាសែត​មួយ នៅ Washington DC ស្ដីអំពី​ការបំពាន​សិទ្ធិមនុស្ស និង​ការធ្វើ​ទារុណកម្ម​ផ្នែក​នយោបាយ និង សាសនា​លើ ពលរដ្ឋ​ខ្មែរក្រោម ពី​រដ្ឋាភិបាល​វៀតណាម ។​

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​ថ្លែងថា ។​

(​លោក ថាច់ ង៉ុ​ក ថាច់​)

​លោក​បាន​បន្ដ​ឲ្យ​ដឹង​អំពី​ទុក​លំបាក​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​វៀតណាម​ប៉ែក​ខាងត្បូង​សព្វថ្ងៃ​ដែល​ត្រូវ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ ។​

(​លោក ថាច់ ង៉ុ​ក ថាច់​)

​កាលពី​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ ប្រភពព័ត៌មាន​ពី​សមាគម​សម្រាប់​ការទប់ស្កាត់​ការធ្វើ​ទារុណកម្ម (Association for the Prevention of Torture) អន្ដរជាតិ​បាន​ឲ្យ​ដឹងថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ (UNCAT) ។ ដូច្នេះ​នៅក្នុង ច្បាប់​អន្ដរជាតិ​វៀតណាម ឬ ប្រទេស​ហត្ថលេខី​ក្នុង​សន្ធិសញ្ញា​នេះ​ត្រូវតែ​ព្យាយាម​ទប់ស្កាត់ និង​លប់បំបាត់​ការបំពាន សិទ្ធិ មនុស្ស និង​ការធ្វើ​ទារុណកម្ម​មនុស្ស​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ។​

​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា ការចុះហត្ថលេខា​របស់​វៀត ណា​ម​លើ​សន្ធិសញ្ញា​អន្ដរជាតិ​នេះ គឺជា​ជំហាន​មួយ​វិជ្ជមាន​សម្រាប់​ទាមទារ​ឲ្យ​វៀត ណា​ម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដែល ជា ម្ចាស់​ដើម​នៃ​ទឹកដី​នោះ ។​

(​លោក ថាច់ ង៉ុ​ក ថាច់​)

​យ៉ាងណាក៏ដោយ ជំហាន​បន្ទាប់​របស់​វៀ​ត​ណា​ម គឺត្រូវធ្វើ​បត្យាប័ន​លើ​សន្ធិសញ្ញា​នេះ ។ នៅក្នុង​តំបន់​មាន​ប្រទេស ៦ បាន ចុះ ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះហើយ ប៉ុន្ដែ​មកទល់ពេលនេះ​មានតែ​ប្រទេស​កម្ពុជា និង​ភី​លី​ពី​ន ទេ ដែល​បានធ្វើ​ប​ត្យា ប័ន​លើ សន្ធិសញ្ញា​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម ។​

​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៦ រូប​កំពុង​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ៖

​កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់ ទោស​ព្រះសង្ឃ ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ បង្ក​ឲ្យ​មាន ការខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស ដើម្បី​ប្រឆាំង រដ្ឋាភិបាល​វៀតណាម ។​

ករណី​ទាំងនេះ​គឺ នៅ​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត ព្រៃ​ជាប់ ត្រូវ បាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀត ណា​ម ។​

​ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong A ) ឃុំ វិញ​ត្រាច់ ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម សម្រេច ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột) ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ​
៤.​លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La) ១០ ខែ​

ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ ទៅ​ក្រៅប្រទេស មុន ពេល វៀតណាម​ចាប់ខ្លួន ។​

យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រ កាន់ ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការ សម្រេច របស់​រដ្ឋាភិបាល​វៀត​ណា​ម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

​មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញ ទៅ​ក្រៅ ប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀត ណា​ម​” ។​

សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត សេរី​តា សេក​ឲ្យ ជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។ អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

បា​តុម្ម​ទាមទារ​ឲ្យ​ដោះលែង​៖

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ អង្គការ សហប្រជាជាតិ នៅ​ទីក្រុង ស្សឺ​ណែវ ប្រទេស​ស្វិ​ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខនេះ ដើម្បី​ជម្រុញ​ឲ្យ មានការ​ចាប់អារម្មណ៍ ពី​សហគមន៍ អន្តរជាតិ និង​ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែល​វៀតណាម​ចូល ឆ្លើយបំភ្លឺ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ស្សឺ​ណែវ ប្រទេស​ស្វិ​ស ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​គេហទំព័រ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​ស​ប្រជាជាតិ វៀត ណា​ម នឹង​ចូល​បំភ្លឺ បញ្ហា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ ចាប់ពី ម៉ោង ២ កន្លះ ដល់ ម៉ោង ៦ រសៀល ។​

​យោងតាម​របាយការណ៍​ដែល​វៀតណាម​បាន​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ហើយ​វៀតណាម​នឹង​យកមក​អាន​នៅក្នុង​ការឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខ នេះ បាន​បញ្ជាក់ថា រាល់​បញ្ហា​ទាំងអស់ រួមទាំង​បញ្ហា​សិទ្ធិមនុស្ស​ផង នៅក្នុង​ប្រទេស ត្រូវបាន​រដ្ឋាភិបាល គោរព និង​អនុវត្ត​យ៉ាង​ល្អប្រសើរ ៕

Leave A Reply

Your email address will not be published.