សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បន្តជាប់ឆ្នោតជា គណៈកម្មការនាយករបស់អង្គការ UNPO
ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ២៦ និង ២៧ ខែមីនា ឆ្នាំ ២០២២ សប្ដាហ៍កន្លងទៅនេះ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO បានរៀបចំមហាសន្និបាត លើកទី ១៦ ដើម្បីបោះឆ្នោតជ្រើសជ្រើសគណៈកម្មការនាយក សម្រាប់អាណត្តិថ្មី ដើម្បីបន្តបេសកកម្មតស៊ូមតិដោយសន្តិវិធី និងអហិង្សា ក្នុងធានានូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិជាសមាជិករបស់ខ្លួន ដែលគ្មានតំណាង នៅក្នុងអង្គការសហប្រជាជាតិ ។
លទ្ធផលនៃការបោះឆ្នោត លោកស្រី អែនណា អាដាន ឥស្មែល (Edna Adan Ismail) តំណាងអង្គការមកពីប្រទេស សូម៉ាលីឡែន (Somaliland) បានជាប់ជាប្រធានប្រតិបត្តិ នៃ អង្គការ UNPO លោកស្រី អេលី សែនដា ផាលូស៊ី (Elisenda Paluzie) មកពី កាតាលូនៀ (Catalonia) និង លោកស្រី រូប៊ីណា គ្រីនវូត (Rubina Greenwood) មកពីដែនដីស៊ីន (Sind) ជាប់ជាអនុប្រធាន ។ នេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការ UNPO ដែលមានស្ត្រី ៣ រូប បានជាប់ឆ្នោតជាប្រធាន និងអនុប្រធាន ។ ចំណែកតំណាងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម គឺ លោក អាឡែក ថាច់ (Alex Thach) នៅប្រទេសបារាំង បានជាប់ឆ្នោតជា សមាជិកគណៈកម្មការនាយកមួយរូប ក្នុងចំណោម គណៈកម្មការនាយកទាំង ៨ រូប នៃអង្គការ UNPO ផងដែរ ។ សមាជិកគណៈកម្មការនាយកចំនួន ៧ ទៀត រួមមាន លោកស្រី តាមី ព្រីត (Tammy Breedt) មកពី អាហ្វ្រីកកានើ (Afrikaners) លោក ដូលគុណ ឥសា (Dolkun Isa) មកពី ទើគីស្ថានខាងកើត (East Turkestan) លោក ប៉ូល ស្រ្តាស្ស (Paul Strauss) មកពីទីក្រុងខូលូមបៀ (District of Columbia) នៃរដ្ឋធានីវ៉ាសិងតោន សហរដ្ឋអាមេរិក លោកស្រី ទីណា រូស មូណា បាននិស (Tina Rose Muna Barnes) មកពីកោះហ្គឺម (Guam) នៃ សហរដ្ឋអាមេរិក លោក អាលី អាដែលហ្សាដែស (Ali Abdelzadeh) មកពី អ៊ីរ៉ាននៀន ហ្គឺឌីស្ថាន (Iranian Kurdistan) លោក អាបឌី ម៉ាឌី (Abdi Mahdi) មកពីអូហ្គាដែន (Ogaden) និង លោក រ៉ៃសិន ហ្គិនខាង (Rigzin Genkhang) មកពីដែនដីទីបេត៍ (Tibet) ដែលនៅក្រោមអាណានិគមចិន ។ យោងតាម អង្គការ UNPO សព្វថ្ងៃ ប្រជាជាតិនានានៅជុំវិញពិភពលោកដែលជាសមាជិក មានចំនួន ៤៤ ក្នុងនោះ ថ្នាក់ដឹកនាំជាគណៈ កម្មការនាយកដែលបានជាប់ឆ្នោតអាណត្តិកាលថ្មីនេះ មានចំនួន ១១ រូប ជាតំណាងអង្គការចំនួន ១១ ក្នុងនោះ មានប្រធាន ១ រូប អនុប្រធាន ២ រូប និងសមាជិកគណៈកម្មការនាយកចំនួន ៨ រូប ។

ប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមមហាសន្និបាតនេះ រួមមាន លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ លោក អាឡែក ថាច់ ជាមេធាវី និងជាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរុប និង ព្រះតេជព្រះគុណ ធីធី ធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ម៉ៅ មុនី បានបញ្ជាក់អំពីសារៈសំខាន់នៃតួនាទី សមាជិកគណៈកម្មការនាយករបស់អង្គការ UNPO ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានជាប់ឆ្នោតថា វាមានន័យយ៉ាងខ្លាំង និងមានប្រយោជន៍ជាច្រើន សម្រាប់ប្រជាជាតិខ្មែរក្រោម ទូទាំងពិភពលោក និងនៅដែនដីកម្ពុជាក្រោម ដូចជា ទីមួយ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានធ្វើជាអ្នកដឹកនាំម្នាក់របស់អង្គការអន្តរជាតិដ៏ធំមួយ សម្រាប់ដឹកនាំប្រជាជាតិនានាជាសមាជិកទូទាំងពិភពលោកមក ពីដែនដី កោះ រដ្ឋ និងប្រទេសចំនួន ៤៤ ។ ទីពីរ បានធ្វើឲ្យសំឡេងខ្មែរក្រោម បានរំពងនៅលើឆាកអន្តរជាតិតាមរយៈកិច្ចអន្តរាគមន៍របស់អង្គការ UNPO និងទីបី ពលរដ្ឋខ្មែរក្រោម បានសិក្សារៀនសូត្រនូវរបៀបតស៊ូមតិដោយអហិង្សា ដើម្បីទាមទារ នូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួងឯង» ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោម នឹមអាណានិគមយួន សព្វថ្ងៃ ។

សូមបញ្ជាក់ថា អង្គការ UNPO បានបង្កើតឡើងនៅឆ្នាំ ១៩៩១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីតស៊ូមតិដោយ អហិង្សាទាមទារនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួងឯង» ជូនប្រជាជាតិនានាក្នុងពិភពលោក ដែលកំពុងតែនៅក្រោមអាណានិគមរបស់បរទេស ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នៃ អង្គការ UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ សព្វថ្ងៃ ទង់ជាតិកម្ពុជាក្រោម ត្រូវបានគេបង្ហូតឡើង នៅការិយាល័យកណ្ដាលរបស់ UNPO នាទីក្រុងឡាអេ ប្រទេសហុល្លង់ ជាមួយនឹងទង់ជាតិប្រជាជាតិនានាជាសមាជិកទូទាំងពិភពលោក ៕