សហព័ន្ធខ្មែរកម្ពុជាក្រោម បដិសេធ ចំពោះការចោទប្រកាន់របស់វៀតណាម ថា បានបង្កើតចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស
ដោយ ស៊ឺន ចែងចើន
លោកអ្នកនាងជាទីមេត្រី! មន្ត្រីជាន់ខ្ពស់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចេញមុខច្រានចោលរាល់ការចោទប្រកាន់របស់រដ្ឋាភិបាលវៀតណាម ដែលថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនានយោបាយខុសច្បាប់ នៅបរទេស បង្កើតឡើងដើម្បីប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម និងមានគោលបំណងបង្កើតរដ្ឋឯករាជ្យ នៅក្នុងប្រទេសរបស់ខ្លួន ។ ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង កាលពីសប្ដាហ៍មុន បានសហការជាមួយនគរបាលខេត្តទួលតាមោក កោះហៅយុវជនខ្មែរក្រោម ទៅសួរនាំ ជុំវិញការផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងប្រវត្តិទឹកដីកម្ពុជាក្រោម ។ អាជ្ញាធរវៀតណាម បានប្រើហិង្សាមកលើយុវជនខ្មែរក្រោមរូបនោះ នៅក្នុងពេលសាកសួរយកចម្លើយ និងចោទប្រកាន់ ថា បានចូលរួមសកម្មភាព និងជឿតាមការញុះញង់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលអាជ្ញាធរវៀតណាមហៅថា ជាក្រុមប្រតិកិរិយា ដែលបង្កភាពច្របូកច្របល់ ចលាចលដល់សង្គម នៅក្នុងប្រទេសវៀតណាម ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រតិកម្មនឹងអាជ្ញាធរវៀតណាម ក្នុងខេត្តឃ្លាំង និងខេត្តទួលតាមោក ចំពោះការចុះទៅចាប់ឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ ដល់កន្លែងរោងចក្រ ទីដែលយុវជនរូបនោះ កំពុងបំពេញការងារ ពីបទបំពាននឹងច្បាប់ ។ មន្ត្រីជាន់ខ្ពស់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី បានថ្លែងថា អាជ្ញាធរវៀតណាម ក្នុងខេត្តឃ្លាំង និងខេត្តទួលតាមោក ដែលជាដែនដីខ្មែរ គ្រប់គ្រងដោយវៀតណាម បានសហការគ្នាធ្វើការចាប់ខ្លួនយុវជនខ្មែរក្រោម យកទៅសម្លុតបំភ័យ ដើម្បីបំបាក់ស្មារតីយុវជនខ្មែរក្រោមផ្សេងទៀត ដោយសារតែសកម្មភាពផ្សព្វផ្សាយការពិត ពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម និងហ៊ានងើបឡើង តវ៉ាទាមទារ សិទ្ធិសេរីភាពជាមូលដ្ឋាន ។
ក្នុងពេលសួរយកចម្លើយយុវជនខ្មែរក្រោមនោះដែរ អាជ្ញាធរវៀតណាម បានចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោម ថា នៅពីក្រោយខ្នងនៃការបំផុសឲ្យពលរដ្ឋខ្មែរក្រោម អនុវត្តនូវសកម្មភាព ក្នុងបំណងបំបែកបូរណភាពដែនដីនៃប្រទេសវៀតណាម ដើម្បីបង្កើតរដ្ឋឯករាជ្យមួយ និងបន្តការលាបពណ៌មកលើសហព័ន្ធខ្មែរកម្ពុជាក្រោម ថា ជាចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស ដើម្បីដឹកនាំចលនាមួយចំនួនប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។

ឆ្លើយបំភ្លឺតបទៅនឹងការចោទប្រកាន់របស់អាជ្ញាធរវៀតណាម លោក ម៉ៅ មុនី អនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងថា បើសិនជា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការបរទេសមិនស្របច្បាប់ទេនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មិនអាចបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង នៅលើឆាកអន្តរជាតិ ជាង ២០ ឆ្នាំកន្លងមកនេះ បានឡើយ ។ លោកថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាល នៅក្រៅស្រុក តំណាងឲ្យពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើត បានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីធ្វើសកម្មភាពតស៊ូមតិដោយអហិង្សា និងជំរុញឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក និងទាមទារ «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ស្របតាមច្បាប់អន្តរជាតិ ។
នៅពេលសួរថា តើហេតុអ្វី វៀតណាម តែងចោទប្រកាន់ ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកនៅពីក្រោយខ្នងនៃការហ៊ានងើបឡើងតវ៉ា និងទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម? ។ លោក ម៉ៅ មុនី ឆ្លើយទទួលស្គាល់ យ៉ាងដូច្នេះថា ៖
ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ បន្ទាប់ពី អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ២៦ ខែមករា បានកោះហៅយុវជន ឡឹម វាំងហុង ទៅសាកសួររអស់ជាច្រើនម៉ោង ។ យុវជន ឡឹម វាំងហុង អះអាង ថា នៅក្នុងពេលសាកសួរយកចម្លើយ សមត្ថកិច្ចវៀតណាម បានប្រើហិង្សាមកលើរូបលោក និងបានគំរាមលោកថា អាជ្ញាធរនឹងចាប់ខ្លួន បើលោកនៅតែបន្តធ្វើសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម នៅក្នុងប្រទេសវៀតណាម ។ ទោះជាយ៉ាងណា យុវជនខ្មែរក្រោមរូបនោះ លើកឡើងថា លោកមិនបានប្រព្រឹត្ត ដូចការចោទរបស់អាជ្ញាធរវៀតណាម នោះទេ ។ លោកថា ខ្លួនមិនដឹងប្រព្រឹត្តកំហុសបែបណាឡើយ ដោយគ្រាន់តែអនុវត្តសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ បង្ហោះព័ត៌មានពិត ពាក់ព័ន្ធនឹងប្រវត្តិទឹកដីកម្ពុជាក្រោម និងផ្សព្វផ្សាយឯកសារ ស្តីពីសិទ្ធិមនុស្សអន្តរជាតិ សិទ្ធិជាជនជាតិដើម នៅតាមបណ្តាញសង្គមប៉ុណ្ណោះ ។

យុវជន ឡឹម វាំងហុង ផ្តល់បទសម្ភាសន៍មួយជាមួយ អ្នកយកព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម កាលពីថ្ងៃទី ២៨ ខែមករា ២០២២
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសំឡេងកម្ពុជាក្រោម កាលពីថ្ងៃទី ២៨ ខែមករា យុវជន ឡឹម វាំងហុង បញ្ជាក់ថា អាជ្ញាធរវៀតណាម ព្រមានលោក ដែលបានរក្សាសៀវភៅ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិជនជាតិដើម និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត ដែលបោះពុម្ពផ្សាយជាភាសាខ្មែរ និងវៀតណាម គឺខុសច្បាប់ ដោយអាជ្ញាធរលើកហេតុផលថា សៀវភៅទាំងឡាយណា ដែលបោះពុម្ពផ្សាយ ដោយអង្គការសហប្រជាជាតិ គឺមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ទើបស្របច្បាប់ ។ យុវជនរូបនេះ អះអាងបន្ថែម ថា ពួកអាជ្ញាធរយួន ក៏បានហាមពលរដ្ឋខ្មែរក្រោម ដោយមិនអនុញ្ញាតឲ្យបោះពុម្ព និងចែកចាយសៀវភៅ ឬឯកសារកតិកាសញ្ញាអន្តរជាតិនានាផង ។
ត្រង់ចំណុចនេះ លោក ម៉ៅ មុនី ថា នេះជារឿងអាម៉ាស់របស់រដ្ឋាភិបាលវៀតណាម ដែលមានចេតនាលាក់បាំងការពិត ។ លោកថា ប្រទេសវៀតណាម ជាប្រទេសហត្ថលេខីមួយនៃកតិកាសញ្ញា អនុសញ្ញា និងលិខិតូបករណ៍អន្តរជាតិ ដែលរដ្ឋាភិបាលក្រុងហាណូយ បានចុះហត្ថលេខា ទទួលស្គាល់ នៅអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចអនុវត្តតាមផងនោះ ។
ពាក់ព័ន្ធនឹងករណី ដែលសមត្ថកិច្ច បានប្រើហិង្សាសួរចម្លើយ ទៅលើយុវជន ឡឹម វាំងហុង វិញ លោក ម៉ៅ មុនី បានជំរុញ និងអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាម អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឲ្យបានពេញលេញក្នុងការគោរពអនុសញ្ញា និងពិធីសារបន្ថែម ស្ដីពីការប្រយុទ្ធប្រឆាំង អំពើទារុណកម្ម ។ លោកថា វៀតណាម បានចុះកិច្ចព្រមព្រៀង ផ្តល់សច្ចាប័នទទួលយកច្បាប់អន្តរជាតិ ស្ដីពីការប្រឆាំងអំពើទារុណកម្មជាមួយអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៣ ហើយបានប្រតិបត្តិតាមកិច្ចព្រមព្រៀង លើពិធីសារបន្ថែមនៃអនុសញ្ញានេះ នៅឆ្នាំ ២០១៥ ។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ និងបានចូលជាធរមាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៨៧ ដោយមានប្រទេសមួយចំនួន នៅលើសកលលោក រួមទាំងប្រទេសវៀតណាមផង បានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ ។
គួរជម្រាបជូនថា ស្ថានភាពគោរពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២១ មិនមានភាពប្រសើរឡើយ ប្រៀបធៀបជាមួយឆ្នាំមុនៗ ។ ខ្មែរក្រោម នៅតែទទួលនូវការរំលោភសិទ្ធិមនុស្សច្រើនប្រភេទ ដោយអាជ្ញាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ពលរដ្ឋខ្មែរក្រោម ត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ។ ខ្មែរក្រោម ទទួលនូវការគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី បំបិទសិទ្ធិសេរីភាពសម្តែងមតិ សិទ្ធិសេរីភាពក្នុងការសិក្សាប្រវត្តិសាស្រ្ត ការសិក្សាអំពីសិទ្ធិជនជាតិដើម និងការប្រើប្រាស់ពាក្យថា «ខ្មែរក្រោម» ជាដើម ក៏មិនត្រូវបានរដ្ឋាភិបាលវៀតណាម អនុញ្ញាតនោះឡើយ ៕