សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្វាយ​សារ​រំលែក​ទុក្ខ​ចំពោះ ការ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះមហា​ក្សត្រិយ៍​ថៃ​

175

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្វាយ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​រាជវង្ស រដ្ឋាភិបាល និង​ប្រជាជន​ថៃ ចំពោះ ការ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះមហា​ក្សត្រិយ៍​ថៃ ព្រះបាទ​សម្ដេចព្រះ​បរ​មិ​ន្ទ្រ មហា​ភូមិ​ពល អ​តុល្យ​តេជ ដែល​ទ្រង់ បាន​សោយ​ព្រះ​ទិវង្គត កាលពី​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ ។​

ព្រះមហាក្សត្រិយ៍ថៃ ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហាភូមិពល អតុល្យតេជ
ព្រះមហាក្សត្រិយ៍ថៃ ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហាភូមិពល អតុល្យតេជ

​យោងតាម​សារ​មួយច្បាប់​ចុះ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ ចុះហត្ថលេខា​ដោយ​លោក ថាច់ វៀន អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជូន​ចំពោះ​ឯកអគ្គរដ្ឋទូត​ថៃ ប្រចាំ​រដ្ឋធានី Washington សហរដ្ឋអាមេរិក លោក Pisan Manawapat ថា ក្នុងនាម​តំណាង​សមាជិក និង សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង ពិភពលោក សូម​ចូលរួម​កាប​ន់​ទុក្ខ​ជាមួយនឹង​ក្រុម​រាជវង្ស រដ្ឋាភិបាល និង​ប្រជាជន​ថៃ ទូទាំងប្រទេស ក្នុង ឱកាស​ដ៏​ក្រៀមក្រំ​ដែល​ព្រះមហា​ក្សត្រិយ៍​ថៃ ព្រះបាទ​សម្ដេចព្រះ​បរ​មិ​ន្ទ្រ មហា​ភូមិ​ពល អ​តុល្យ​តេជ បាន សោយ​ព្រះ​ទិវង្គត ។​

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះរាជហឫទ័យ មេត្តា ករុណា របស់​ទ្រង់ ដែល​បាន​ព្រះរាជទាន​ទីកន្លែង​សម្រាប់​ជនភៀសខ្លួន​ខ្មែរក្រោម ដែល​បាន​ភៀសខ្លួន​ពី​ការគាបសង្កត់​សិទ្ធិ មនុស្ស​ដោយ​រដ្ឋាភិបាល​វៀតណាម មកសុំ​សិទ្ធិ​ជ្រកកោន នៅក្នុង​អង្គការ UNHCR នៅក្នុង​ប្រទេស​ថៃ និង បាន​ព្រះរាជ​អនុញ្ញាតឱ្យ​ព្រះសង្ឃ​ខ្មែរក្រោម​មកពី​ដែនដី​កម្ពុជា​ក្រោម និង​ប្រទេស​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​ថៃ ។​

សូមបញ្ជាក់ថា ព្រះមហា​ក្សត្រិយ៍ ដែល​គ្រងរាជ្យ​យូរ​ជាង​ក្សត្រិយ៍​អង្គណាៗ​ក្នុង​លោក ព្រះបាទ​សម្ដេចព្រះ បរ​មិ​ន្ទ្រ មហា​ភូមិ​ពល អ​តុល្យ​តេជ បាន​សោយ​ព្រះ​ទិវង្គត នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ ២០១៦ នេះ ។​

យោងតាម​សេចក្ដីប្រកាស ពី​សំណាក់​ព្រះរាជវាំង​ថៃ​បាន​ឲ្យ​ដឹងថា ព្រះអង្គ​ស្ដេចយាង​ទៅ​ប្រថាប់ ព្យាបាល ព្រះរោគ នា មន្ទីរពេទ្យ​សិរិ​រាជ តាំងតែ​ថ្ងៃ​សុក្រ ទី ៣ ខែតុលា ឆ្នាំ ២០១៤ មក ដោយមាន​គណៈ​ពេទ្យ​ថៃ ថ្វាយ​ការរក្សា​ព្រះរោគ​ជា​លំដាប់​រហូតដល់​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៨៩ ព្រះវស្សា គ្រង​រាជសម្បត្តិ​បាន ៧០ ឆ្នាំ ៕

Comments are closed.