សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ប្រារព្ធខួប ១៣ ឆ្នាំ ថ្ងៃ KKF ចូលជាសមាជិក UNPO
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា នេះ បានប្រារព្ធខួប ១៣ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការប្រជាជាតិគ្នានតំណាង ដែលហៅកាត់ជាភាសាអង់គ្លេសថា UNPO ។ កម្មវិធីនេះ ប្រារព្ធនៅវត្តសាគមគ្គីរង្សី ក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមថ្លែងសារតាមរយៈ Internet Conference ពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមអំពីផែនការរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការចាក់បញ្ចាំងវីដេអូស្ដីពី សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងឆាកអន្តរជាតិជាង ១០ ឆ្នាំ មកនេះ ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងតាមរយៈ Skype ពីសហរដ្ឋអាមេរិក ទៅកាន់អ្នក ចូលរួមពិធីខួបមួយនេះថា ចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO ជាង ១០ ឆ្នាំ មកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានអនុវត្តនូវផែនការរបស់ខ្លួនទាំង ៣ ដំណាក់កាល គឺ ដំណាក់កាលទីមួយ បានធ្វើរួចហើយ គឺសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរក្រោមជានរណា ដំណាក់កាលទី ២ កំពុងធ្វើឲ្យពិភពលោកដឹងថា ខ្មែរក្រោមចង់បានអ្វី និងដំណាក់កាលទី ៣ គឺ ដំណើរឆ្ពោះទៅកាន់មាតុភូមិ គឺធ្វើឲ្យ ពលរដ្ឋខ្មែរក្រោមមាន សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើដែនដីកម្ពុជាក្រោម នាពេលអនាគត ។
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
(សំឡេង)
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកអង្គការប្រជាជាតិគ្មានតំណាង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈអង្គការ UNPO នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានឈានទៅចូលជាចូល សមាជិកអង្គការអន្តរជាតិក្នុ ងពិភពលោកជាច្រើនទៀត ក្នុងនោះ មានចូលជាសមាជិកវេទិការអន្ត្រៃយ៍នៃអង្គការ សហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) កាលពីឆ្នាំ ២០០៤ ដែលបានធ្វើឲ្យវត្តមានរបស់ខ្មែរក្រោម បានលេចធ្លោនៅក្នុងឆាកអន្តរជាតិ មិនធ្លាប់មានតាំងពីមុនមក ។
យោងតាមគេហទំព័រផ្លូវការរបស់អង្គការប្រជាជាតិគ្មានតំណាង (UNPO) បានបញ្ជាក់ថា អង្គការប្រជាជាតិគ្មាន តំណាង គឺជាអង្គការអន្តរជាតិមួយធ្វើចលនាដោយសន្តិវិធី និង ប្រជាធិបតេយ្យ ។ សមាជិករបស់ខ្លួន គឺជាជនជាតិ ដើម ជនជាតិភាគតិច និងទឹកដីដែលមិនមានការទទួលពីអន្តរជាតិ ឬ កំពុងតែត្រូវធ្វើអាណានិគមដោយប្រទេស ដទៃ ។ សមាជិកទាំងនេះ បានរួមគ្នាចូលបម្រើការងារជាមួយគ្នាក្នុងអង្គការនេះ ដើម្បីការពារ លើកកម្ពស់សិទ្ធិ មនុស្ស វប្បធម៌ អភិរក្សបរិស្ថានរបស់ពួកគេ និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងជម្លោះដែល ប៉ះពាល់ដល់ពួកគេ ។ អង្គការ UNPO បានបង្កើតឡើងនៅនៅក្នុងឆ្នាំ ១៩៩១ នាទីក្រុងឡាអេ ប្រទេសហូឡង់ ហើយទីស្នាក់ការកណ្ដាលរបស់អង្គការមួយនេះ សព្វថ្ងៃក៏នៅប្រទេស ហូឡង់ ផងដែរ ។
យោងតាមគេហទំព័រ UNPO ដដែលបានបញ្ជាក់ថា សព្វថ្ងៃអង្គការនេះ មានសមាជិកទាំងអស់ចំនួន ៤៣ តំណាង ឲ្យប្រជាជាតិ ប្រជាជន និងដែនដីនានាក្នុងពិភពលោក ដែលមិនមានតំណាងរបស់ខ្លួននៅក្នុងអង្គការសហប្រជា ជាតិ ក្នុងនោះ មានសហព័ន្ធខ្មែរកម្ពុជាក្រោម តំណាងឲ្យពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ផងដែរ ។
យោងតាមប្រភពដដែល បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោម ជាក្រុមជនជាតិដើមនៅកម្ពុជាក្រោម មានប្រមាណ ៨ លាននាក់ ជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ និងនិយាយភាសាខ្មែរ ដែលជាភាសាជាតិរបស់ខ្លួន ខុសពីជនជាតិ យួនជាអាណានិ គមជន និយាយភាសាយួន ៕
Comments are closed.