​ខួប ១៧ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចូល​ជា​សមាជិក UNPO

0 440

ដោយ ស៊ឺន ចែងចើន | VOKK

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ  Washington State នឹង​ជួបជុំគ្នា​នៅ​ថ្ងៃទី ១៨ ខែសីហា ខាងមុខនេះ ដើម្បី​រំឭក​ដល់​ខួប ១៧ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក នៃ​អង្គការ UNPO ។​

ពិធី​នេះ នឹង​មាន​ការ​​អញ្ជើញ​ចូល​រួម​​ពី ថ្នាក់​ដឹក​នាំ​សហព័ន្ធ​​ខ្មែរ​កម្ពុជា​ក្រោម មក​ពីតាម​បណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និង​​តំ​ណាង​​សា​ខាសហ​ព័ន្ធ​ខ្មែរ​​កម្ពុជា​​ក្រោម មកពីប្រទេសផ្សេងៗ ជាច្រើនរូប​ទៀត ដើម្បី​​ថ្លែង​ការ​​អំ​ពី​សកម្មភាព​​ថ្មីៗ ​របស់​​សហព័ន្ធ​​ខ្មែរ​​កម្ពុជា​​ក្រោម និ​ង​លទ្ធផល​​ ដែល​​ខ្មែរ​ក្រោម​​បាន​ទទួល​​ក្រោយ​ពី ១៧ ឆ្នាំ ដែល​ខ្លួន បាន​​ចូល​​ជា​សមាជិក​​អង្គការ UNPO ។​

​យោងតាម​លិខិតអញ្ជើញ​មួយច្បាប់ ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​ឲ្យ​ដឹងថា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ  Washington State នឹង​ប្រារព្ធ​ពិធី​រាត្រីសមោសរ ដើម្បី​រំ​ឮ​ក​ដល់​ខួប ១៧ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ UNPO ។ ពិធី​នេះ និង​ប្រព្រឹត្តទៅ ចាប់ពី​ម៉ោង ០៧ រសៀល ដល់​ម៉ោង ១២ អ​ធ្រា​ធ នៅ​ភោជនីយដ្ឋាន Asia Pacific Cultural Center នាទី​ក្រុង Tacoma រដ្ឋ Washington ។​

​យោងតាម​លិខិតអញ្ជើញ​នេះ​ដដែល បាន​បញ្ជាក់ថា អ្នក​ដែល​ចូលរួម​កម្មវិធី​នេះ នឹង​ជួយ​បង់​វិភាគទាន​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ម្នាក់ ៦០$ ។​

​ព័ត៌មាន​បន្ថែម ជុំវិញ​ពិធី​រាត្រីសមោសរ​នេះ លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 253-279-8992 ។​

​នេះ​ជា​កម្មវិធី​មួយ ដែល​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​សម្ដែង​ការអបអរ សាទរ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នៃ ​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​គ្មាន​តំណាង (Unrepresented Nation and Peoples Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ។​

​យោងតាម គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ​មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម ជនជាតិភាគតិច និង​ជនជាតិ​នៅតាម​ដែនដី ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការ UNPO មាន​សមាជិក​ជាង ៤០ តំណាង​ឲ្យ​ប្រជាជាតិ ប្រជាជន និង​ដែនដី​នានា​ក្នុង​ពិភពលោក ដែល​មិនមាន​តំណាង​របស់ខ្លួន នៅក្នុង​អង្គការសហប្រជាជាតិ ក្នុងនោះ មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។ ពួកគេ​រួបរួមគ្នា​ធ្វើការ​តស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការពារ​វប្បធម៌​របស់ពួកគេ មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ ដោយ​សន្តិវិធី ដើម្បី​ទប់ស្កាត់​រាល់​វិបត្តិ ដែល​ជះឥទ្ធិពល​ដល់​ពួកគេ ។

​អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក​ចំនួន ១៥ ជា​សមាជិក ។ ២៧ ឆ្នាំ​ក្រោយពី​អង្គការ UNPO បាន​បង្កើតឡើង មាន​សមាជិក​កើន​កើនឡើង​ដល់​ជាង ៧០ ហើយ​បច្ចុប្បន្ននេះ មាន​សមាជិក​នៅសល់​ចំនួន​ជាង ៤០ តែប៉ុណ្ណោះ បន្ទាប់​សមាជិក​មួយចំនួន បាន​ឯករាជ្យ ហើយ​សមាជិក​មួយចំនួន​ត្រូវ​ដាច់​សមាជិកភាព ព្រោះ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ ដែល UNPO តម្រូវការ ។​

គួរជម្រាបជូនថា ក្រៅពីជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​ជា​សមាជិកពេញសិទ្ធិនៃ​វេទិកា​អចិន្ត្រៃយ៍របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) និងជា​សមាជិកនៃ​នាយកដ្ឋាន​ព័ត៌មាន​អង្គការសហប្រជាជាតិ ហៅកាត់ថា UNDPI ជាដើម ។

តាមរយៈការចូលសមាជិកនៃអង្គការអន្តរជាតិទាំងនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ចលនា​តស៊ូ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក បានធ្វើតស៊ូមតិដោយសន្តិវិធី និងអហិង្សា នៅលើឆាកអន្តរជាតិជាច្រើន នៅទូទាំងពិភពលោក ដើម្បីទាមទារឲ្យរដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។

Leave A Reply

Your email address will not be published.