សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ សោកស្តាយ ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​ នៃ​ ការ​រំលោភ​សិទ្ធិ​សាសនា

0 1,493

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម សោកស្តាយ​ ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​ នៃ ​ការ​រំលោភ​សិទ្ធិ​សាសនា ​លើ​ពលរដ្ឋ​វៀតណាម និង​ជាតិ​ដើម​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ។ ប្រតិកម្ម​របស់​សហព័ន្ធខ្មែរកម្ពុជា​ក្រោម​ ធ្វើឡើង​បន្ទាប់​ពីក្រសួង​ការបរទេស​វៀតណាម​ បាន​ទាត់​ចោល ការ​រក​ឃើញ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ថា វៀតណាម​ជាប់ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សាសានា​ធ្ងន់ធ្ងរ ហើយ​ការ​អាមេរិក​កំពុង​បន្ត​តាម​ដាន​ករណី​នេះ ។

មន្រ្តីស្ថានទូត​អាមេរិក​ នៅ​ប្រទេសវៀតណាម ជួបនឹងតំណាង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម ។ រូបៈ ផ្តល់ឲ្យ
មន្រ្តីស្ថានទូត​អាមេរិក​ នៅ​ប្រទេសវៀតណាម ជួបនឹងតំណាង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម ។ រូបៈ ផ្តល់ឲ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើឲ្យ​វៀតណាម​ ងាក​មក​គោរព​សិទ្ធិ​សាសនា ជា​ជាង​ដោះសារ​ មិន​ទទួល​ស្គាល់​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ មាន​ថេរ​ដីការ​ថា វៀតណាម​បន្តលាក់​បាំង​ព័ត៌មាន​នៃ ការ​រំលោភ​សិទ្ធិមនុស្ស ទោះ​បី​សហគមន៍​អន្តរជាតិ​ មាន​ភស្តុតាង​ក៏​ដោយ៖ «រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ នៅ​តែ​ព្យាយាម​លាក់បាំង​ការ​រំលោភ​សិទ្ធិ និង​សេរីសាសនា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ។ សហរដ្ឋ​អាមេរិក​មាន​ភស្តុតាង​ និង​សាក្សី»

ប្រតិកម្ម​របស់​ព្រះភិក្ខុ សឺង យ៉ឹងរតនា នេះ​កើត​ឡើង​បន្ទាប់​ពី​មន្រ្តី​នាំពាក្យរង​ នៃ​ ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី ផាម ធូ ហាំង (Pham Thu Hang) កាល​ពី​សប្តាហ៍​មុន​បាន​ទាត់​ចោល​ របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​រក​ឃើញ​ថា វៀតណាម​បាន​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់​ធ្ងរ ។ សហរដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែធ្នូ បាន​ដាក់​ប្រទេសវៀតណាម ក្នុង​បញ្ជី​ឃ្លាំមើល​ ជា​ប្រទេស​ចូលរួម និង​ធ្វើឲ្យ​ការ​រំលោភ​សិទ្ធិ​សេរីភាព​សាសនា​ធ្ងន់ធ្ងរ ។ ទោះបី​ជា​យ៉ាង​ណា អាមេរិក​មិន​ទាន់​ដាក់​វៀតណាម ជា​ប្រទេស​វៀតណាម ក្នុង​ក្រុម​ប្រទេស​មាន​ក្តីបារម្ភ នៃ ការ​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ។

បច្ចុប្បន្ននេះ អាមេរិក​បន្តឃ្លាំមើល​ស្ថានភាព​សេរីភាព​សាសនា​នៅ​វៀតណាម​នៅ​ឡើយ ។ រដ្ឋមន្រ្តី​ក្រសួង​ការបទេស​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃទី ២ ខែធ្នូ នៅពេល​ដាក់​វៀណាម ក្នុង​បញ្ជី​តាម​ដាន ​ថា នៅជុំវិញ​ពិភពលោក​នេះ មាន​រដ្ឋាភិបាល និង​ក្រុម​មនុស្ស​ខ្លះ បាន​គំរាម​កំហែង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ ឬ​សម្លាប់​ដោយ​សារ​តែ​ជំនឿ​សាសនា​របស់​បុគ្គល​នោះ ។ លោកបន្តថា មានករណី​ខ្លះ រដ្ឋាភិបាល​ នៃ​ ប្រទេស​ខ្លះ បាន​បំបិទ​សិទ្ធិ​សេរីភាព​សាសនា ឬ​ជំនឿ​ដើម្បី​ផលប្រយោជន៍​នយោបាយ ។ កត្តា​នេះ​ហើយ​ បាន​បណ្តាល​ឲ្យមាន​ការ​បែងចែក​ដោយ​ឈឺ​ចាប់ បង្ក​ផល​ប៉ះពាល់​ដល់​ស្ថេរភាព​សេដ្ឋកិច្ច និង​គំរាមកំហែង​ដល់​ស្ថេរភាព​នយោបាយ និង​សន្តិភាព ។

លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) ថា សហរដ្ឋអាមេរិក​មិនឈរ​អោបដៃ​មើលការ​រំលោភ​រំពាន​ទាំង​នេះ​ទេ ។ ចាប់​ពី​ឆ្នាំ ២០១៨ រដ្ឋាភិបាល​វៀតណាម​ បាន​ឲ្យ​អាជ្ញាធរ​តាម​ដាន​វិហារ​សាសនា​ ដែល​មាន​ឬស​គល់ពី​កូរ៉េខាងត្បូង ។ ដោយ​ឡែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ក៏​រក​ឃើញ​ថា អាជ្ញាធរ​វៀណាម ក៏​បាន​រឹតត្បឹត​ ការ​ប្រតិបត្តិ​សាសនា​របស់​ខ្មែរ​ក្រោម​ផង​ដែរ ។ ការរំលោភ​បំពាន​ទាំងនោះ​ រួមមាន ​កាលពី​ចុងខែវិច្ឆិកា ​បាន​ហាម​ឃាត់​ព្រះសង្ឃ​ខ្មែរ​ក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌបាត្រ ដោយ​ប្រើប្រាស់​ម៉ូតូ​កង់បី ។ ពួកគេ​បានចាប់ ​និង​ រឹបអូស​ ម៉ូតូកង់បី​ដែល​ព្រះសង្ឃ​ខ្មែរក្រោម ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់ ព្រះ​សង្ឃគង់​នៅវត្ត​មណ្ឌល​បុរី​ទ្រនំ​សេក និមន្ត​បិណ្ឌបាត្រ និង​ទេសនា​តាម​ផ្ទះ​ពលរដ្ឋ ។ កាលពី​ខែមីនា ​ព្រះសង្ឃ ​និង​ពុទ្ធបរិស័ទ​ខ្មែរ​ ក្រោម​បាន​លើកគ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម ​ខេត្តលង់ហោរ ​ដែល​ប៉ុនប៉ង ​កាប់​យក​ដើម​គគីរ ដែល​មាន​អាយុ​កាល​ជាង ៧០០ ឆ្នាំ ដែល​ជា​កេរ្តិ៍ដំណែល​របស់​វត្ត​មង្គលបុរី​ទ្រនុំ​សេក ។ អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តលង់ហោរ នេះ កាល​ពី​ខែតុលា ​ក៏បាន​នាំគ្នា​ទៅចង់​បំផ្លាញ ​ទីតាំង​សាលាឆទាន​របស់​ពលរដ្ឋខ្មែរក្រោម​មួយ​កន្លែង ​នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ​ដែល​ចាប់​សាងសង់​ កាល​ពី​ដើម​ឆ្នាំ ២០២១ ។ ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ (USCIRF) ​លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) ដែល​កាលពីពេល​ថ្មីៗ​ នេះ បាន​ស្នើដល់​រដ្ឋាភិបាល​វៀតណាម ​បញ្ឈប់​ការ​ព្យាយាម​ទៅវាយបំផ្លាញ​សាលាឆទាន​របស់​ខ្មែរ​ក្រោម ។

ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សាសនា​នេះ អ្នកស្រី ផាម ធូ ហាំង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ថា របាយការណ៍​របស់​អាមេរិក ជា​របាយការណ៍​មិន​ត្រឹមត្រូវ និង​លំអៀង ។ អ្នកស្រី​បន្ត ថា វៀតណាម បាន​ត្រៀម​រួចជា​ស្រេច​ហើយ ក្នុង​ការ​ជជែក​នឹង​សហរដ្ឋ​អាមេរិក ដោយ​ស្មោះត្រង់ និង​បើក​ចំហរ ដើម្បី​លើក​តម្កើង​ទំនាក់ទំនង​ជា​ទ្វេភាគី ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា សំណូមពរ​ឲ្យ​វៀតណាម ត្រូវ​គោរព​សិទ្ធិ​សាសនា​របស់​ជនជាតិ​ដើម ជាពិសេស​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅលើ​ទឹកដី​កំណើត៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក ត្រូវតែ​តាមដាន​នូវ​សកម្មភាព​ និង​ទង្វើ​របស់​រដ្ឋាភិបា​វៀតណាម ក្នុងការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម ។ រដ្ឋាភិបាល​វៀតណាម ត្រូវតែ​គោរព​សិទ្ធិពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ការ​គោររព​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា និង​សិទ្ធិ​សេរីភាព»

របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ ២០២១ ចេញ​ផ្សាយ​កាល​ពីខែមិថុនា សរសេរថា ​រដ្ឋធម្មនុញ្ញវៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិជ្រើសរើស​ជំនឿ ​និង​សាសនា ​ប៉ុន្តែ​ ច្បាប់​វៀតណាម​ ក៏​អនុញ្ញត​ឲ្យ​អាជ្ញាធរ​ដាក់​កំហិត​លើការ​ប្រតិបត្តិ​សេរីភាព​សាសនា ដោយ​សំអាង​លើ​បញ្ហា​សន្តិសុខជាតិ ​និង​របៀប​រៀបរយ​សង្គម ។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា មេដឹកនាំ​សាសនា​ដែល​វៀតណាម​មិន​ទទួល​ស្គាល់ តែងតែ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ រួមទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ ​និង​ទទួល​រង​អំពើ​ហិង្សា​ជា​ដើម ។ ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​សម្រាប់​ឆ្នាំ ២០២០ ​និង​ ២០១៩ ​មាន​លក្ខណៈស្រដៀង​គ្នា​ដែរ ​គឺ​រដ្ឋាភិបាល​វៀតណាម​ នៅតែ​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​ លើ​ក្រុម​សហគមន៍​ជនជាតិ​ដើម រួមមាន ក្រុមម៉ុងតាញ៉ា​ជា​ដើម ៕

Leave A Reply

Your email address will not be published.