ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ចុះពង្រឹងគោលការណ៍របស់ខ្លួននៅរដ្ឋ Massachusetts
ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃអាទិត្យ ទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នេះ ថ្នាក់ដឹកនាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំនៅ ទីក្រុង Worcester និង Springfield នៃរដ្ឋ Massachusetts ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ និង សកម្មភាព នៅលើឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់សមាជិក និង អ្នកគាំទ្រ នៅតាមមូលដ្ឋាន ។

គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន លោក ត្រឹង ម៉ាន់រិន្ទ ជាប្រធានផែនការ លោក ត្រឹង យ៉ាប ជាអគ្គរដ្ឋបាល និង អ្នកស្រី សឺង ធី និត ជាប្រធានស្ត្រី ។ ក្រៅពីនេះ មានតំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងចំនួន ២ ចូលរួម គឺលោក កៀង សាវណ្ណ ជាប្រធាសាខា ប្រចាំទីក្រុង Worcester និង លោក សឺង ម៉ី ជាប្រធានសាខាប្រចាំទីក្រុង Springfield ។
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រាបដល់ សមាជិក និង អ្នកគាំទ្រឲ្យបានជ្រាបអំពី លទ្ធផលសកម្មភាពថ្មីៗ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានបំពេញបេសកកម្ មនៅលើឆាកអន្តរជាតិ នៅក្នុងត្រីមាស ៣ ខែនេះ រួមមាន ដូចជា ការដាក់ពាក្យសុំឋានៈជាអ្នកផ្ដល់យោបល់ នៃ ក្រុមប្រឹក្សាសេដ្ឋកច្ច និងសង្គមកិច្ច របស់អង្គការសហប្រជាជាតិ (ECOSOC) និង សន្និសីទអន្តរជាតិ នៅទីក្រុងឡាអេ នៃប្រទេសហូឡង់ ស្ដីពី សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដើម្បីរំឭកដល់ ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួនជាដើម ។
នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើសន្និសីទអន្តរជាតិ នៅក្នុងវិមានសន្តិភាព នា ទីក្រុងឡាអេ នៃប្រទេសហូឡង់ ស្ដីពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដោយបានអញ្ជើញវាគ្មិននានា មកបកស្រាយអំពីផ្លូវច្បាប់ផ្សេងៗ ទាក់ទងនឹង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ ប្រជាជាតិខ្មែរក្រោមរាប់លាន នាក់ នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។