KKF ចូលជួប​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​

165

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូលទៅ​ជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​រដ្ឋធានី Washington ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ជម្រុញ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ សម្ពាធ​ទៅ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ដ​វៀតណាម​ឲ្យ​មានការ​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី កម្ពុជា​ក្រោម ។​

ពីឆ្វេងទៅស្ដាំ៖ លោក ថាច់ សេ, លោក ត្រឹង ម៉ាន់រិន្ទ, អ្នកស្រី កៀង សូធី,  លោក ទ្រីវ ជីម និង លោក ឡឹម ដន ។ រូបថត ៖ កៀង សុធី
ពីឆ្វេងទៅស្ដាំ៖ លោក ថាច់ សេ, លោក ត្រឹង ម៉ាន់រិន្ទ, អ្នកស្រី កៀង សូធី, លោក ទ្រីវ ជីម និង លោក ឡឹម ដន ។ រូបថត ៖ កៀង សុធី

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​ពី​អ្នកស្រី កៀង សុធី ប្រធាន​គណៈកម្មការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​តាមរយៈ​សារ​អ៊ីមែល ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ទទួលបាន​ថា នៅ​ថ្ងៃទី ២៥ ខែ កក្កដា កន្លងទៅនេះ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលទៅ​ជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ អាមេរិក នៅ​រដ្ឋធានី Washington ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលជួប​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​នោះ រួមមាន លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល​,  លោក ថាច់ សេ ប្រធានសភា​តំណាង​, លោក ទ្រី​វ ជី​ម​, លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​, លោក ឡឹម ដន ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង អ្នកស្រី កៀង សុធី ប្រធាន គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកយក​បញ្ហា​របស់ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះ​តេជ​ព្រះ គុណ លីវ នី ព្រះសង្ឃ​វត្ត​សិរី​តាសេក និង​អ្នកភូមិ​តាសេក ២ រូប​ផ្សេងទៀត ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម​ចាប់​ដាក់គុក កាលពី​ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ជម្រាប​ទៅ​មន្ត្រី​ក្រសួងការបរទេស អាមេរិក ។

​សូមបញ្ជាក់ សិរី​តាសេក ជា​វត្ត​មួយ​ឋិត​នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឡោមព័ទ្ធ ដើម្បី​ចាប់​ព្រះសង្ឃ​ពីរ​អង្គ កាលពី​ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយ​ចោទ​ពីបទ​ថា ព្រះសង្ឃ​ទាំងនេះ​បាន​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​បាន​បំពេញ​ធម្មនុញ្ញ​សមាគម​ព្រះពុទ្ធសាសនា​វៀត ណា​ម ។ ក្នុង​ព្រឹត្តិការណ៍​នេះ ពុទ្ធបរិស័ទ​រាប់រយ​នាក់ បាន​ចូលមក​វត្ត​សិរី​តាសេក​ប្រឆាំងនឹង​ក្រុម​អាជ្ញាធរ​វៀតណាម​ដែល​ចូលមក​វត្ត​បម្រុង​នឹង ចាប់​ព្រះសង្ឃ ។​

នៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ គឺ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ​ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ខណៈដែល​អ្នក​ទាំង នេះ​ព្យាយាម​ភៀសខ្លួន​ចេញទៅ ប្រទេស​កម្ពុជា ។​

​ក្រោយពី​បាន​ចាប់ខ្លួន​ព្រះសង្ឃ និង​អ្នកភូមិ​ដាក់ពន្ធនាគារ​ប៉ុន្មាន​ខែ​មក ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលា ការ​ខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឲ្យ​ជាប់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង បទ  “​ចាត់ តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ៕

Comments are closed.