សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada

114

ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីបូកសរុប ការងារ និងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំថ្មី ។ កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នេះ សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានសម្រេចបើកកិច្ចប្រជុំ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក នៅថ្ងៃទី ១៣-១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីប្រទេសនានាទូទាំងពិភពលោក ។

kkf-meeting-2016-flyer

យោងតាម លិខិតនិមន្ត និងអញ្ជើញចូលរួមកិច្ច ប្រជុំដំណាច់ឆ្នាំរបស់អធិបតីសហព័ន្ធខ្មែរ កម្ពុជាក្រោម លោក ថាច់ វៀន ចុះថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បានបញ្ជាក់ថា សហព័ន្ធ ខ្មែរកម្ពុជាក្រោមនឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦ នៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ។ សន្និបាត ប្រចាំឆ្នាំ ឆ្នាំ ២០១៦ នេះ ផ្ដោតលើប្រធានបទ “ខួប ២០ ឆ្នាំ ថ្ងៃបង្កើតាសហព័ន្ធខ្មែរកម្ពុជា ក្រោម” ។

របៀបវារៈ នៃសន្និបាតឆ្នាំនេះ រួមមាន ៖

  • បូកសរុបការងារប្រចាំឆ្នាំ, ដាក់ផែនការឆ្នាំថ្មី ។
  • ពិនិត្យឡើងវិញលើលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានត្រឹមត្រូវ ដើម្បីបោះពុម្ពជា ផ្លូវការទុកសម្រាប់អនុវត្តយូរអង្វែងទៅអនាគត ។
  • ធ្វើបណ្ណសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ។
  • ស្វែងរកយុទ្ធសាស្ត្របញ្ជ្រាបនូវគំនិត “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” បញ្ចូល ទៅក្នុងសតិអារម្មណ៍ពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកតាមរយៈបច្ចេកព័ត៌មានវិទ្យា ។
  • ប្រកាសជូន ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់អ្នកដែលត្រូវយួនចាប់ដាក់គុក ព្រោះតែបុព្វហេតុការពារសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការជាតិកម្ពុជាក្រោមមួយធ្វើចលនាតស៊ូ ដោយអហិង្សាលើឆាកអន្តរជាតិ ដើម្បីទាមទាមឱ្យរដ្ឋាភិបាលអាណានិគមយួនគោរព នូវសិទ្ធិ មនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ខ្មែរក្រោមដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានកើតឡើង នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៦ នៅក្នុង មហាសន្និបាតសកលលើកទី ៥ នៃខ្មែរកម្ពុជាក្រោម នាទីក្រុង តូ រន តូ (Toronto) ប្រទេសកាណាដា ដោយបានប្ដូរឈ្មោះពីសភាកម្ពុជាក្រោមមកជា សហព័ន្ធខ្មែរកម្ពុជាក្រោម វិញ ។ ចំណែក សភាកម្ពុជាក្រោម វិញ បានកើតឡើងនៅឆ្នាំ ១៩៨៥ ។

រយៈពេល ២០ ឆ្នាំ ចាប់តាំងពីបង្កើតមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលស្គាល់ពីអង្គ ការយូអិនភីអូ (UNPO) កាលពីឆ្នាំ ២០០១ និងបានចូលរួមប្រជុំ និងថ្លែងការណ៍អំពីបញ្ហា ខ្មែរក្រោម នៅក្នុងវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ រហូត មកទល់បច្ចុប្បន្ន ។ ក្រៅពីនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្រ្តីជាន់ខ្ពស់នៃរដ្ឋ សភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការខាងសេរីភាពសាសនាអន្តរជាតិ និង ខាងសិទិ្ធមនុស្សជាញឹកញាប់ ជាពិសេស សហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបមន្រ្តីជាន់ ខ្ពស់ទទួលបន្ទុកផ្នែកជនភៀសខ្លួននៅទីក្រុងហ្សឺណែវ រួមទាំងមន្ត្រីការទូតជំនាញផ្នែកច្បាប់ អន្តរជាតិជាច្រើនរូបទៀត ដើម្បីជម្រាបដល់មជ្ឈដ្ឋានអន្តរជាតិឲ្យបានជ្រាបអំពីបញ្ហារំលោភ សិទ្ធិលើជនជាតិដើមខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលយួននៅដែនដីកម្ពុជាក្រោម ។ ដោយ សារសហព័ន្ធខ្មែរកម្ពុជាក្រោម មាន បណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិ មនុស្សរដ្ឋហាវ៉ៃ ជាទីប្រឹក្សាជាន់ខ្ពស់ខាងកិច្ចការបរទេស និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈ កម្មការនាយក និងសមាជិក សមាជិកាគ្រប់រូប បានធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម មាន ឱកាសបានបង្ហាញវត្តមានរបស់ខ្លួននៅលើឆាកអន្តរជាតិ និងទទួលបានជោគជ័យលើកិច្ច ការតស៊ូមតិជាបន្តបន្ទាប់ ។

អាស្រ័យហេតុនេះ សូមជនរួមជាតិដែលជាសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញ ពិភពលោក មេត្តានិមន្ត និង អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំឱ្យបានច្រើនកុះករ ដើម្បីរួមគ្នា ផ្ដល់នូវគំនិតថ្មី និងយុទ្ធសាស្ត្រល្អៗដល់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការតស៊ូស្វែងសេរីភាព ជូនពលរដ្ឋខ្មែរក្រោមរបស់យើង ដែលកំពុងតែនៅក្រោមនឹមដែកអាណានិគមយួន សព្វថ្ងៃ ។

ព័ត៌មានបន្ថែមជុំវិញកិច្ចប្រជុំប្រចាំឆ្នាំ សូមលោក លោកស្រី និងបងប្អូនជនរួមជាតិ ទាក់ទង

ព្រះតេជព្រះគុណ ថាច់ ហាន់ ទូរស័ព្ទលេខ ៧០២ ៣៣៥ ៦០១១
បណ្ឌិត លី កើត ទូរស័ព្ទលេខ ៧០២ ៧២០ ៥៨៧៨
លោក អេនឌី ឡាំ ទូរស័ព្ទលេខ ៧០២ ២៧៩ ៤៨៥១
លោក គឹម មៀន ទូរស័ព្ទលេខ ៧០២ ៣០០ ០៥៧៦
ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ទូរស័ព្ទលេខ ៤០៨ ៥៥០ ៥០៦០

Comments are closed.