សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​នឹង​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឲ្យ​ខ្មែរ​ក្រោម

0 249

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​កំណត់​យុទ្ធសាស្ត្រ​ឆ្នាំ​ថ្មី ដោយ​បន្ត​ធ្វើ​ការងារ​ការ​បទេស ដើម្បី​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ឲ្យ​ជនជាតិ​ដើម​ខ្មែរ​ក្រោម។ សហព័ន្ធ ក៏​នឹង​ធ្វើការ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ធានា​ជន​ភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​ថៃ​មក​រស់នៅ​សហរដ្ឋ​អាមេរិក។ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ឆ្នាំ​ថ្មី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ជន​ភៀសខ្លួន​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​សកម្ម​ក្នុង​ការងារ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​បាន​ស្វាគមន៍​យុទ្ធសាស្ត្រ​ឆ្នាំ​ថ្មី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជាមួយ​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន ពីជុំវិញ​ពិភពលោក ​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី នៅទី​១០ ខែមីនា ឆ្នាំ២០២៣ ​នា​ទីក្រុង​ហ្វីឡាដេផ្យា (Philadelphia) រដ្ឋ​ផែនស៊ីវីនៀ (Pennsylvania) សហរដ្ឋអាមេរិក។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម
កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជាមួយ​តំណាង​សហព័ន្ធ​ពី​ប្រទេស​មួយ​ចំនួន ពីជុំវិញ​ពិភពលោក ​ដើម្បី​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី នៅទី​១០ ខែមីនា ឆ្នាំ២០២៣ ​នា​ទីក្រុង​ហ្វីឡាដេផ្យា (Philadelphia) រដ្ឋ​ផែនស៊ីវីនៀ (Pennsylvania) សហរដ្ឋអាមេរិក។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ធ្វើ​ការងារ នឹង​អង្គការ​សហប្រជាជាតិ​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​នឹង​ប្រទេស​វៀតណាម​មាន​ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី​និង​ជប៉ុន​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។ សហព័ន្ធ​ក៏​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​មួយចំនួន​ដែល​ទទួល​បាន​ឯករាជ្យ​និង​សិទ្ធិ​ស្វ័យ​សម្រេច​ដើម្បី​សិក្សា និង​រៀនសូត្រ​ធ្វើ​តាម​ជ័យជម្នះ​របស់​ពួកគេ។ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១១ និង​១២ មីនា កន្លែង​ទៅ អង្គប្រជុំ​បាន​សម្រេច​រិះ​រក​មធ្យោបាយ​តស៊ូ​មតិ ដោយ​អហិង្សា​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត។

លោក ប្រាក់ សេរីវុឌ្ឍ៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​ចង់​កាច់​បំបាក់​យើង​តែម្ដង​ពេល​សកម្មភាព​របស់​យើង​កាន់តែ​រីក​ធំដុំ​ឡើង។ ប៉ុន្តែ​បើ​យើង​តស៊ូ​មិន​ចុះចាញ់​យើង​ជឿ​ថា រដ្ឋាភិបាល​វៀតណាម​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ ពីព្រោះ​អន្តរជាតិ​កំពុង​ចាប់អារម្មណ៍​នឹង​យើង​ខ្លាំង​ណាស់»

លោក ប្រាក់ សេរីវុឌ្ឍ បន្ត​ទៀត​ថា សហព័ន្ធ​ក៏​នឹង​សម្រេច​ធ្វើ​ការងារ​នឹង​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ប្រមូល​ផ្តុំ​អ្នកស្ម័គ្រចិត្ត និង​ម្ចាស់​ជំនួយ​ដើម្បី​ប្រមូល​ថវិកា​ចាំបាច់​ធានា​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​យ៉ាង​វេទនា​នៅ​ប្រទេស​ថៃ ដើម្បី​អាច​មក​រស់នៅ​សហរដ្ឋអាមេរិក​បាន។ បច្ចុប្បន្ន​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រមាណ​២០០​នាក់ បាន​រត់​ភៀសខ្លួន​ពី​ស្រុក​កំណើត និង​កម្ពុជា​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស និង​សាសនា​នៅ​វៀតណាម​និង​កម្ពុជា។ ក្នុងចំណោម​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រមាណ ២០០​នាក់ ប៉ុន្តែ​មាន​តែ​ជនភៀសខ្លួន​ប្រមាណ​ជាង​៦០​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)​ទទួលស្គាល់​និង​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​។​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​បាងកក​លោក​ឡឹម​សំណាង​ស្វាគមន៍​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ធានា​ជនភៀសខ្លួន​ខ្មែរក្រោម​ទៅ​រស់នៅ​សហរដ្ឋអាមេរិក។

លោក ឡឹម សំណាង ក៏​ជា​ជនភៀសខ្លួន​បាន​រត់​ចេញពី​កម្ពុជា​ក្រោយ​ពេល​លោក​ទទួល​រង​ការ​គំរាមកំហែង​ពេល​លោក​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៨។ លោក​បន្ត​ថា ជនភៀសខ្លួន​ខ្មែរក្រោម​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ជីវភាព​ដោយសារតែ​អ្នកខ្លះ​បាន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ រយៈពេល​ជាង​១០​ឆ្នាំ​ហើយ តែ​មិន​ទទួល​បាន​លទ្ធផល​ហើយ​ពួកគេ​ក៏​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​ប្រទេស​វៀតណាម និង​កម្ពុជា។ កាល​ពី​ឆ្នាំ​២០២២ កន្លង​ទៅ ជនភៀសខ្លួន​ខ្មែរក្រោម​ចំនួន​ដប់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ហើយ​បច្ចុប្បន្ន​ខ្មែរក្រោម​បី​នាក់​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ។

លោក ឡឹម សំណាង៖ «វា​ជា​ការ​ល្អ​បង ពីព្រោះ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ពេល​អង្គការ​សហប្រជាជាតិ​សម្ភាស​ហើយ ជាប់​ប៉ុន្តែ​គ្មាន​ទូត​ណា​ទទួល​ស្គាល់​សោះ​ដូច្នោះ​បាន​សហព័ន្ធ​ជា​អ្នកធានា​ជា​ការ​ល្អ»

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឲ្យ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្នុងស្រុក​កំណើត​នេះ​ដែរ ព្រះសង្ឃ​ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស ព្រះ​ភិក្ខុ យឿង ខាយ ក៏​ស្វាគមន៍​ការ​ប្ដេជ្ញាចិត្ត​របស់​សហព័ន្ធ​ដែរ។ ព្រះ​ភិក្ខុ យឿង ខាយ បច្ចុប្បន្ន​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ព្រះសង្ឃ និង​អាជ្ញាធរ​វៀតណាម​ដែល​កំពុង​បង្ខំ​ឲ្យ​ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម កុំ​ទទួលស្គាល់​ព្រះ​ភិក្ខុ យឿង ខាយ ជា​ព្រះសង្ឃ និង​គង់នៅ​ក្នុង​វត្ត​នៅ​ខេត្ត​លង់ហោរ និង​ខេត្ត​ព្រះត្រពាំង។

ព្រះ​ភិក្ខុ យឿង ខាយ ថេរ​ដីកា​ថា ខ្មែរក្រោម​អាច​ទទួល​បាន​សិទ្ធិ​សេរីភាព​ផ្នែក​សិទ្ធិមនុស្ស និង​ផ្នែក​សាសនា ប្រសិនបើ​កម្ពុជា​មាន​សិទ្ធិ​ស្វ័យ​សម្រេច។

ព្រះ​ភិក្ខុ យឿង ខាយ៖ «តាម​អាត្មា​សង្កេត​មើល កន្លង​មក​សហព័ន្ធ​ដើរ​តាម​មាគ៌ា​ត្រូវ​តាម​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ។ សហព័ន្ធ​ដើរ​ត្រូវ​ទើប​អាត្មា និង​សកម្មជន​ដទៃទៀត​ហ៊ាន​ប្រើ​សិទ្ធិ​របស់​ខ្លួន»

កន្លងទៅ​កិច្ច​ខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិន​អត់​ប្រយោជន៍​នោះ​ទេ។ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​តែងតែ​ស្វែងយល់​ព័ត៌មាន​ពី​ប្រតិភូ​សហព័ន្ធ​ខ្មែរក្រោម​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​សាសនា​នៅ​កម្ពុជា។ ចំណែកឯ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ជនជាតិ​ដើម​ក៏​ធ្លាប់​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ករណី​ចាប់ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរក្រោម​តាម​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៕

Leave A Reply

Your email address will not be published.