សហព័ន្ធ​ខ្មែរ​ក្រោម​ ស្នើ​អន្តរជាតិ​​ដាក់​គំនាប​វៀតណាម​​ ឲ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម

0 1,210

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បញ្ចប់​បេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប​ ដើម្បី​ស្នើសុំ​សហគមន៍​អន្តរជាតិ​ ឲ្យ​ដាក់​គំនាប​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ ឲ្យ​ទទួលស្គាល់​ខ្មែរក្រោម​ ជា​ជនជាតិ​ដើម និង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ចិត្ត កំណត់​វាសនាខ្លួន ​ដោយខ្លួនឯង។

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម
ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ស្នើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ ​នៅ​ទីក្រុង​ ហ្សឺណែវ​ ប្រទេស​ស្វីស ​(Switzerland​) ដែល​បាន​បើក​កិច្ចប្រជុំ​នៅដើម​សប្ដាហ៍​នេះ ដើម្បី​ពិនិត្យមើល​របាយការណ៍​របស់​វៀតណាម ​ជុំវិញ​ការ​អនុវត្ត​​កិច្ច​ព្រមព្រៀង​សិទ្ធិស៊ីវិល និង​នយោបាយ​ឲ្យ​ទទួលស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម​ និង​គ្មាន​ការរើសអើង ។ ប្រតិភូសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ក៏​ទាមទារ​ឲ្យ​វៀតណាម​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម អាច​មាន​សិទ្ធិ​គោរព​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​ការចាត់ចែង​ពី​អាជ្ញាធរ​សាសនា​វៀតណាម​ និង​ផ្ដល់​សិទ្ធិ​ឲ្យ​ខ្មែរ​ក្រោម ​អាច​មាន​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​ដោយខ្លួនឯង និង​គ្មាន​ការគ្រប់គ្រង​ពី​វៀតណាម ​។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា ​និង​ជា​គណ:កម្មការ​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ព្រះតេជព្រះគុណ សឺង យ៉ឹង​រតនា​ ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី​ និងជាប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មាន​សង្ឃដីកា​ថា សហព័ន្ធ​ខ្មែរ​ក្រោម​ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជូន​តំណាង​អង្គការសហប្រជាជាតិ៖ «ទីមួយ​យើង​ឲ្យ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម ទី២​ឲ្យ​ប្រទេស​វៀតណាម ឲ្យ​ខ្មែរ​ក្រោម​បង្កើត​វិទ្យុ​និង​ទូរទស្សន៍​ដោយខ្លួនឯង​។ ឥឡូវនេះ​មាន​ដែរ​ប៉ុន្តែ​វា​នៅ​ក្រោម​ឆ័ត្រ​របស់​រដ្ឋាភិបាល​យួន។ ហើយ​ទី៣យើង​ធ្វើ​យ៉ាងណា​ឲ្យ​ព្រះពុទ្ធ​សាសនា​ឯករាជ្យ​ពីព្រោះ​ព្រះសង្ឃ​សាមគ្គី ស្នេហាជាតិ​ហ្នឹង​នៅ​ក្រោម​ឆ័ត្រ​យួន ​។ ចំណុច​សំ​ខាន់​ៗ​យើង​បាន​ដាក់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​អន្តរាគមន៍» ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ (Switzerland) បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១១ និង ១២ មីនា ដើម្បី​ពិនិត្យមើល​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សិទ្ធិស៊ីវិល ​និង​នយោបាយ​លើក​ទី ១២៥​។ ក្នុង​កិច្ចប្រជុំ​នោះ​ តំណាង​ប្រទេស​ កុម្មុយនិស្ត​វៀតណាម និង​ជា​អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​វៀតណាម បាន​អះអាង​ប្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ ពី​កំណែទម្រង់​ ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​ ដែល​លោក​អះអាង​ថា​ ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ និង​សេរីភាព​របស់​ពលរដ្ឋ​ ។ ប៉ុន្តែ ​ក្នុង​របាយការណ៍​របស់​វៀតណាម​ ដាក់​ជូន​អង្គការសហប្រជាជាតិ​ បាន​ទាត់ចោល​ព័ត៌មាន​ថា​ វៀតណាម​មាន​ជនជាតិ​ដើម​ ហើយក៏​គ្មាន​បញ្ហា​ជនជាតិ​ដើម​ដែរ ។ ការ​អះអាងបែបនេះ ​ត្រូវ​បាន​ព្រះតេជព្រះគុណ​ សឺងយ៉ឹង រតនា បដិសេធ​ថា​ មិន​ពិត​ ហើយ​ថា​ ការ​លើកឡើង​របស់​វៀតណាម​ ដើម្បី​បំភាន់​អន្តរជាតិ​តែប៉ុណ្ណោះ៖ «មុននឹង​កិច្ចប្រជុំ​ហ្នឹង​យើង​បាន​ថ្លែង​រាយការណ៍​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម។ ហើយ​ថ្ងៃទី២ ប្រឹក្សា​បាន​សួរ​ចំណុច​មួយ​គឺ​ជនជាតិ​ដើម​ហ្នឹង​ ។ រដ្ឋាភិបាល​យួន​ថា នៅ​លើ​ពិភពលោក​មាន​ជនជាតិ​ដើម ប៉ុន្តែ​គ្មាន​នៅ​វៀតណាម»

កម្ពុជា​បាន​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ កាលពី​ថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ ​១៩៤៩​ ដោយសារតែ​បារាំង​កាត់ទឹក​ដីខ្មែរ​កម្ពុជា ទៅ​ឲ្យ​វៀតណាម​ទាំង​ខុសច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ក្រោម ។ នៅ​ខែ​មិថុនា​ឆ្នាំ​ ២០១៩ ខាងមុខ​ជា​ខួប​ពី ៧០ ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ របាយការណ៍​សិទ្ធិមនុស្ស​ក្រសួង​ការបរទេស​អាមេរិក​ ផ្សាយ​កាលពី​ថ្ងៃ​ទី ​១៣ មីនា រក​ឃើញ​ថា​ ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ​នៅតែ​បន្ត​កើតមានឡើង ។ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ ​រួមមាន​ការ​ឃុំឃាំង​ទាំង​ខុសច្បាប់ និង​សម្លាប់​ដោយ​អានាធិបតេយ្យ​ ការ​ធ្វើទារុណកម្ម​ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាដើម ។ រដ្ឋាភិបាល​ក៏​នៅតែ​បន្ត​រឹតត្បិត​លើ​សិទ្ធិ​ធ្វើដំណើរ​ការ​ប្រមូល​ផ្ដុំ និង​ការចូលរួម​នយោបាយ ៕ RFA

Leave A Reply

Your email address will not be published.