សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឲ្យ​បង្កើត​យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​នៅ​ដែនដី​កម្ពុជា​ក្រោម​

0 2,107

ដោយ ថាច់ ប្រីជា គឿន

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​ទៅ​វេទិកា «​យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​» (EMRIP) ជំរុញ​ប្រទេស​វៀតណាម​ឲ្យ​បង្កើត យន្តការ​ត្រួតពិនិត្យ​នៅ​ថ្នាក់ជាតិ និង​តំបន់​សម្រាប់​ការអនុវត្ត​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) នៅ​ដែនដី​កម្ពុជា​ក្រោម ។ សំណើ​នេះ ធ្វើឡើង​តាមរយៈ​របាយការណ៍ ចុះ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ផ្ញើ​ទៅ​អង្គការសហប្រជាជាតិ មុនពេល​អង្គការ សហប្រជាជាតិ​បើក សម័យប្រជុំ​លើក​ទី ១៦ នៃ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៧ ដល់ ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ខាងមុខនេះ ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចូលប្រជុំ EMRIP នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ខែកក្កដា ឆ្នាំ ២០២២ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចូលប្រជុំ EMRIP នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ខែកក្កដា ឆ្នាំ ២០២២ ។

​នៅក្នុង​របាយការណ៍ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ក្រុម​ជនជាតិដើម រស់​នៅលើ​ទឹកដី​កម្ពុជា​ក្រោម កំពុងតែធ្វើការ​តស៊ូ​មតិ​ដើម្បី​បានទទួល​ស្គាល់​នូវ​អត្តសញ្ញាណ និង​ការពារ​សិទ្ធិ​របស់​ពួកគាត់​ជា​ជនជាតិដើម ។ ទោះបីជា​ត្រូវបាន​ទទួលស្គាល់ថា ជា​ក្រុម​ជនជាតិដើម​ក្រោម យោងតាម សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) យ៉ាងណាក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​បន្ត​ត្រូវ​ប្រឈមមុខ​នឹង​ការរើសអើង ការ​រឹបអូស​យក​ដីធ្លី និង​ការ​កាឡៃ​វប្បធម៌ ។ ការបង្កើត​យន្តការ​ត្រួត​ពិ​និត្យនៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ មាន​សារៈសំខាន់​ណាស់ សម្រាប់​ធានា​ការអនុវត្ត នូវ សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) និង​ការពារ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ដែល​គ្មាន​សំឡេង ។

​នាពេល​កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​បញ្ជូន​ប្រតិភូ​របស់ខ្លួន ទៅ​ចូលប្រជុំ​នៅក្នុង​សម័យប្រជុំ នៃ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដើម្បី​តាមដាន និង​ថ្លែងការណ៍​អំពី​សិទ្ធិ​របស់​ខ្មែរក្រោម រាល់​ពេលដែល​តំណាង​ប្រទេស​វៀតណាម ដល់​វេន​ឡើង​ឆ្លើយបំភ្លឺ​ចំពោះ​សំនួរ​របស់​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៅក្នុង​សម័យប្រជុំ​នេះ​តាម​ការកំណត់ ។​

​យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ជា​ស្ថាប័ន​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​ទាំង ៧ រូប ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ហើយ​ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​សមត្ថភាព និង​បទពិសោធន៍​របស់​ពួកគាត់​ធ្វើការ​លើ​សិទ្ធិ​ជនជាតិដើម ។ ជា​រៀងរាល់ឆ្នាំ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម រៀបចំ​សម័យប្រជុំ​រយៈពេល​ប្រាំ​ថ្ងៃ ដែលមាន​តំណាង​រដ្ឋាភិបាល​មក​ប្រទេស​នានា ជនជាតិដើម អង្គការ​តំណាង​ជនជាតិដើម សង្គម​ស៊ីវិល អង្គការ​អន្តររដ្ឋាភិបាល និង​អ្នកសិក្សា​ជជែក​ចោទសួរ​ទៅ​រដ្ឋាភិបាល​អំពី​ការគោរព​សិទ្ធិ​ជនជាតិដើម​នៅក្នុង​ពិភពលោក ។​

​យោងតាម​អង្គការសហប្រជាជាតិ​បានបញ្ជាក់​អត្ថន័យ​ពាក្យ «​ជនជាតិដើម​» ថា ជា​ជនជាតិ​មួយ ដែលមាន “​មានពូជ​អម្បូរ​ជា​អ្នក​តាំង​លំនៅ​មុនគេ​បង្អស់​នៅលើ​ទឹកដី​មួយ​” ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​កកើត​ក្នុង​គ្រឹ​ស្ត​សករាជ ៣៧៣ និង​ឆ្នាំ​ដែល​ជនជាតិ​យួន​បាន​ភៀសខ្លួន​ពី​ខាងជើង​ចូលមក​ឈ្លានពាន និង​វាតទី​ទឹកដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៦២៣ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​តាំង​លំនៅ​ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១២៥៤ ឆ្នាំ ។ ដូច្នេះ ខ្មែរក្រោម​ជា​ជនជាតិដើម នៃ ដែនដី​កម្ពុជា​ក្រោម យ៉ាងពិត​ប្រា​ដក ។​

​យោងតាម​មាត្រា ៤ នៃ សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) បាន បាន​បញ្ជាក់ថា “ ជនជាតិដើម ក្នុងការ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់ខ្លួន មាន​សិទ្ធិ​គ្រប់គ្រង​ដោយ​ខ្លួនឯង ឬ​ដោយ​ស្វ័យភាព​លើ​បញ្ហា​ទាំងឡាយ ដែល​ទាក់ទង​ដល់​កិច្ចការ​ផ្ទៃក្នុង និង​កិច្ចការ​នៅ​មូលដ្ឋាន​របស់ខ្លួន ព្រមទាំង​វិធីសាស្ត្រ និង​មធ្យោបាយ​ផ្សេងៗ សម្រាប់​ផ្ដល់​ហិរញ្ញវត្ថុ ដល់​ដំណើរការ​ស្វ័យភាព​របស់ខ្លួន​” ។​

​នៅពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម នាំគ្នា​ប្រើ​នូវ​សិទ្ធិ​របស់ខ្លួន​ជា​ជនជាតិដើម ក្នុងនោះ មាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នានា ដូចជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ទិវា​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា និង ទិវា​នារី​អន្តរជាតិ ៨ មីនា ជាដើម ហើយ​មាន​ពាក់​អាវយឺត​ដែលមាន​សញ្ញា​ផែនទី និង​ទង់ជាតិ​កម្ពុជា ក្រោម តែងតែ​ត្រូវ​អាជ្ញាធរ នៃ​របប​អាណានិគម​យួន​កោះហៅ​ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់ ៕

Leave A Reply

Your email address will not be published.