សហព័ន្ធខ្មែរកម្ពុជាក្រោមផ្ដល់ឱកាសឲ្យយុវជន ត្រៀមខ្លួនជាមេដឹកនាំជំនួសគណៈកម្មការនាយក
(Florida-សហរដ្ឋអាមេរិក) នៅថ្ងៃទី ១៣ ខែធ្នូ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ នៅកម្ពុជាក្រោម ថ្ងៃនេះ សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅរដ្ឋនានា ក្នុង ទឹកដីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនក្នុងពិភពលោក ដូចជា អ៊ីតាលី , បារាំង និង កាណាដា បានមកជួបជុំគ្នានៅ វត្តធម្មិការាម នាទីក្រុងអូរឡែនដូ (Orlando) រដ្ឋហ្វ្លរីដា (Florida) ដើម្បីចូលរួមកិច្ចប្រជុំដំណាច់ឆ្នាំ រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៤ និង ១៥ ខែធ្នូ ស្អែកនេះ ។

លោក សឺង ហួរ អគ្គលេខាសហព័ន្ធខ្មែកម្ពុជាក្រោម បានថ្លែងទៅកាន់មនុស្សចូលរួមនៅក្នុងកិច្ចប្រជុំសំណេះសំណាល ថ្ងៃដំបូង សម្រាប់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ថា នៅឆ្នាំ ២០១៤ខាងមុខនេះ សហព័ន្ធខ្មែរ កម្ពុជា ក្រោម នឹងអនុវត្តនូវផែនការមួយចំនួនក្នុងនោះមាន ការប្រើបណ្ដាញសង្គម Facebook សម្រាប់ផ្សព្វផ្សាយ គោល ការណ៍ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ការទុកឱកាសឲ្យយុវជនខ្មែក្រោម ឡើងដឹកនាំសហព័ន្ធខ្មែរ កម្ពុជាក្រោមជំនួស គណៈ កម្មការនាយក ជំនួសអ្នកដែលមានវ័យចាស់ចូលនិវត្តន៍ និងបន្តពង្រឹងកិច្ចការអន្តរជាតិឲ្យបានធំជាងមុន ។
នៅក្នុងកិច្ចប្រជុំថ្ងៃដំបូងនេះ លោក ថាច់ ង៉ុក ថាច់ ប្រធានសព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសតែងតាំង លោក ចៅ សេរី ជាអនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមបន្ទាប់ ពីលោក ប្រាក់ សេរីវុឌ្ឃ ។
យោងតាមកម្មវិធីប្រជុំដែលគណៈកម្មការបានកំណត់ កិច្ចប្រជុំនឹងពិភាក្សាលើប្រធាន បទ ៣ ចំណុច គឺ កិច្ចការអន្តរជាតិ, កិច្ចការតំបន់ និង កិច្ចការជាតិ ដែលទាក់ទងនឹង បញ្ហា សិទ្ធិមនុស្ស, សិទ្ធិជនជាតិដើម និងអនុវត្តផែនការ “ដំណើរឆ្ពោះទៅកាន់មាតុភូមិ” កម្ពុជាក្រោម របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម និងចេញផែនការសម្រាប់ឆ្នាំ ២០១៤ ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះតេជព្រះគុណ ធីធី ធម្មោ ប្រធានសាសនាអន្តរជាតិនៃសហព័ន្ធ ខ្មែរកម្ពុជាក្រម លោក តោ គិម ថុង អតីតអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាដាណា លោក ត្រឹង សារ៉ុង ពីប្រទេសអ៊ីតាលី លោក ថាច់ វៀន មកពីប្រទេសបារាំង និងមន្ត្រីនៅគណៈកម្មការ នាយកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក ជាច្រើនរូបទៀត ។
កិច្ចប្រជុំដំណាច់ឆ្នាំ នឹងមានវាគ្មិនអន្តរជាតិ ៥ រូប ចូលថ្លែងការណ៍ផងដែរ ក្នុងនោះ មាន លោក Mark Kearny មកពី គណៈ កម្មការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិ មនុស្ស, បណ្ឌិត Scott Flipse គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាព សាសនាអន្តរជាតិ , លោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, លោក Alan Grayson សមាជិកសភា សហរដ្ឋ អាមេរិក និង បណ្ឌិត Joshua Cooper មកពី សកលវិទ្យាល័យ Hawaii និងជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ៕