ខ្មែរក្រោមនៅក្រៅប្រទេសបង្កើតសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីបញ្ហាសិទ្ធិមនុស្ស ទៅដល់ពលរដ្ឋរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម

0 358

ដោយ យន់ សាមៀន | RFA

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បង្កើត​សារព័ត៌មាន​តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​ត ចំនួន​ពីរ ដើម្បី​ផ្តល់ព័ត៌មាន​សំខាន់ៗ ​មួយចំនួន​រួមមាន ចំណោះ​ដឹង​ផ្នែកសិទ្ធិមនុស្ស វប្បធម៌ សាសនា ទំនៀម​ទំលាប់ និង​ប្រវត្តិសាស្ត្រ ទៅដល់​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ដែល​វៀតណាម​កំពុង​គ្រប់គ្រង ​។ បច្ចុប្បន្ន​មានតែ​សារព័ត៌មាន តាម​អ៊ិន​ធឺ​ណែ​ត និង​បណ្តាញ​សង្គម​នេះ​ទេ ដែល​អាច​ជ្រៀត វាយលុក​ចូលទៅ​ដល់​ទឹកដី​កម្ពុជា​ក្រោម ពីព្រោះ​អាជ្ញាធរវៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ខ្មែរក្រោម​មាន​សិទ្ធិបង្កើតសារព័ត៌មាន​ឯករាជ្យ ដូចជា កាសែត វិទ្យុ និង​ទូរទស្សន៍ នៅ​វៀតណាម​នោះទេ និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ស្តាប់ និង​រៀន​ព័ត៌មាន​ឯករាជ្យ​ទៀតផង​ ។​

សារព័ត៌មាន ព្រៃនគរ ដាក់លក់នៅតូបកាសែតមួយ ក្នុងទីក្រុងភ្នំពេញ
សារព័ត៌មាន ព្រៃនគរ ដាក់លក់នៅតូបកាសែតមួយ ក្នុងទីក្រុងភ្នំពេញ

​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង​សារព័ត៌មាន​ព្រៃនគរ កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ពាំនាំ​ព័ត៌មាន​តាមប្រព័ន្ធ​អ៊ិន​ធឺ​ណែ​តទៅ​ឲ្យ​ដល់​ខ្មែរ​​ក្រោម ដែល​កំពុងរស់នៅ​ក្រោម​ការត្រួតត្រា​រ​របស់​របប​កុ​ម្មុនី​យ​ស្ត​វៀតណាម ហើយ​ដែល​កំពុង​រឹតត្បិត​សេរីភាព​ផ្នែក​សារព័ត៌មាន យ៉ាងខ្លាំង​នោះ​ ។ គណ​:​កម្ម​ការ​នាយក នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម និងជា​ព្រះចៅអធិការ​វត្ត ខេមររ​ង្សី នៅ​ទីក្រុងសាន់​ហូ​ស្សេ (San Jose) រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា មាន​សង្ឃដីកា​ប្រាប់​អាស៊ីសេរី កាលពីពេលថ្មីៗ ​នេះ​ថា សារព័ត៌មាន​អន​ឡាញ​ (Online) ​ទាំងពីរ​នេះហើយ ដែល​បាន​ជួយ​ឲ្យ​ខ្មែរ​ក្រោម​​ យល់ដឹង​ពី​ព័ត៌មាន​ពិត​ ដើម្បីកែប្រែ​ស្ថានភាព​រស់នៅ​រស់​របស់​ពួកគេ​ ។​

“​វិស័យ​ព័ត៌មាន​ហ្នឹង​យើង​នៅ​ខាងក្រៅ​ប្រទេស ​ដែលជា​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើតឡើង​មាន​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគ​ នៅ​ខាងក្រៅ​ប្រទេស​នេះ គឺ​បានផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាងច្រើន​កន្លងមក រ​ហូត​មកទល់​ពេល​បច្ចុប្បន្ននេះ ដោយសារតែ​វិស័យ នៅ​កម្ពុជា​ក្រោម​មាន​ដែរ ប៉ុន្តែ​នៅក្រោម​រដ្ឋាភិបាលបក្ស​របស់គេ​ពិនិត្យ​ ។ ដូច្នោះ​ សារព័ត៌មាន​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​ព្រៃនគរ បាន​ផ្ស​ព្ធ​ផ្សាយ​សកម្មភាព ការតស៊ូ​នៅលើ​ឆាក​អន្តរជាតិ​ ។​ យើង​ផ្ស​ព្ធ​ផ្សាយ​អំពី​សិទ្ធិមនុស្ស និង​ជនជាតិដើម​។​.”

​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០២ ចំណែកឯ​សារព័ត៌មាន​ព្រៃនគរ​ត្រូវបាន​បង្កើតឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កាលពី​ឆ្នាំ ២០០៨​ ។ សារព័ត៌មាន​ទាំងពីរ​នេះ មាន​មូលដ្ឋាន​នៅ​ទីក្រុង (San Jose) រដ្ឋ California និងមាន​បុគ្គលិក ៦​ នាក់ ក្នុងប្រទេស​មួយចំនួន នៅជុំវិញ​ពិភពលោក​ ។ បុគ្គលិក​ទាំងនោះ ធ្វើការ​ងារ​ដោយ​មិន​យកប្រាក់​កំរៃ​ឡើយ​ ។​

“ …​រហូតមកទល់​សព្វថ្ងៃ​នេះ សារព័ត៌មាន​យើង​ ដែល​ផ្សាយ​កន្លងមក​ហ្នឹង​បានធ្វើ​ឲ្យ​បងប្អូន​យើង​ហ្នឹង​ស្គាល់​ថា ខ្លួន​ជា​ខ្មែរ​កម្ពុជា​ក្រោម​ ។ ដូច​បង​ឃើញថា តាម​ហ្វេ​ក​ប៊ុ​ក យើង​បងប្អូន​យើង​មាន​ស្លៀកពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ ហើយ​សរសេរ​តាមហ្វ៊េ​ក​ប៉ុក​ជា​ភាសា​ខ្មែរ​ ។ បងប្អូន​យើង យល់​ពី​សិទ្ធិ​របស់ខ្លួន​ថា ខ្លួនឯង​នៅក្រោមអាណានិគម​យួន​។​”

​ព្រះតេជព្រះគុណ​មាន​សង្ឃដីកា​បន្តថា កន្លងមក​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ធ្លាប់​បោះពុម្ពផ្សាយ​ព័ត៌មាន​សារព័ត៌មាន​ព្រៃនគរ ហើយ​ផ្ញើ​ទៅកម្ពុជា​ក្រោម ​ដើម្បី​ផ្ស​ព្ធ​ផ្សាយ​បន្ត ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារតែ​បច្ចេកវិទ្យា​ទំនើប មាន​បណ្តាញ​សង្គម​ដូចជា Facebook, Youtube និង Twitter ទើប​សហព័ន្ធខ្មែរកម្ពុជា​ក្រោម​​ជ្រើសរើស​បច្ចេកវិទ្យា​ថ្មី ​ដើម្បី​ផ្សាយ​ព័ត៌មាន​ឲ្យ​ទៅដល់​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​កំពុង​រស់នៅលើ​ទឹកដី​កំណើត​តែម្តង​ ។​

​ការ​ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​ដល់​ខ្មែរក្រោម​នេះ ជា​ចំណែក​មួយ​ក្នុង​យុទ្ធសាស្ត្រ​ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់ថា ខ្មែរក្រោម​ជា​ជនជាតិដើម​កំណើ​ត ​នៅ​លើក​ទឹកដី​កម្ពុជា​ក្រោម ​។ ហើយ​ប្រសិនបើ​វៀតណាម​ទទួលស្គាល់​សិទ្ធិ​ជា​ជនជាតិដើម​ហើយ​នេះ ខ្មែរ​ក្រោម ​នឹងមាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ខ្លួន ដោយ​ខ្លួនឯង​ ទៅ​ថ្ងៃ​អនាគត​ ។

កាលពីដើម​ខែមីនា​នេះ ប្រតិភូសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដឹកនាំ​ដោយ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា និង​មន្ត្រី​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​មួយចំនួនទៀត ​បានស្នើ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វី​ស អន្តរាគមន៍​ទៅ​វៀតណាម​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​សិទ្ធិ​ឲ្យ​ខ្មែរ​ក្រោម អាចបង្កើត​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ដោយ​ខ្លួនឯងបាន​ ។ ប៉ុន្តែ តំណាង​រដ្ឋាភិបាល​វៀត​ណា​ម ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យមើល​របាយការណ៍​របស់​វៀតណាម ​ជុំវិញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សិទ្ធិ​ស៊ីវិល និង​នយោបាយ​បាន​បដិសេធថា វៀតណាម​គ្មាន​ជនជាតិដើម​ភាគតិច​ ហើយក៏​គ្មាន​វិបត្តិជនជាតិដើម​ដែរ​ ។ ការ​អះអាង​របស់វៀតណាម​នេះ ផ្ទុយ ​នឹង​ប្រវត្តិសាស្ត្រ​ជាក់ស្តែង ​។

កម្ពុជា​បាន​បាត់បង់​ទឹកដីកម្ពុជា​ក្រោម កាលពី​ថ្ងៃទី ​៤ ខែមិថុនា ឆ្នាំ ​១៩៤៩ ដោយសារតែ​បារាំង​កាត់​ទឹកដី​កម្ពុជាក្រោម​ ទៅឱ្យ​វៀតណាម​ទាំង​ខុសច្បាប់ និង​គ្មាន​ការយល់ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​​ក្រោម​ ។ នៅ​ខែមិថុនា​ឆ្នាំ ២០១៩ ​ខាង​មុខនេះ ជា​ខួប​ពី ៧០ ​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ​។ មន្ត្រី​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ​អះអាងថា ខ្មែរក្រោម​រស់នៅ​វៀតណាម​អាចមាន​ចំនួន​ច្រើនជាង ៧​ លាន​នាក់ ហើយ​មួយ​លាននាក់​ផ្សេងទៀត​កំពុង​រស់នៅ​តាម​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក ​។ ពលរដ្ឋ​ខ្មែរ​ក្រោម មួយចំនួន​ប្រាប់​អាស៊ីសេរី​កាលពីពេល​ថ្មីៗ ​នេះ​ថា សារព័ត៌មាន​តាម​បណ្តាញ​អ៊ិន​ធឺ​ណែ​តរបស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិតជា​ធ្វើ​ឲ្យ​ខ្មែរក្រោម​យល់ដឹង​ច្បាស់​ពី​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ហើយ​ពួកគេ​អាច​បន្ត​រក្សា​ប្រពៃណី និង​ទំនៀម​ទំលាប់​បាន​គង់វង្ស​មិន​ឲ្យ​បាត់បង់​ ។ អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ដែល​ធ្លាប់​វៀតណាម​ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​ការពារ​សិទ្ធិ​ទទួលបាន​ព័ត៌មាន ​មានប្រសាសន៍ថា ព័ត៌មាន​ដែល​ខ្មែរក្រោម​ទទួលបាន ​នឹង​អាចជួយ​ឲ្យ​ខ្មែរ​​ក្រោម​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​អនាគត​របស់​ខ្លួនឯង​ ដោយ​ជោគជ័យ​ជាមិនខាន​ ។​

“​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ​និង​សារព័ត៌មាន​ព្រៃនគរ​ ជួយ​ដល់​ខ្មែរក្រោម ​ដែល​រស់​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន​ដឹងលឺ​បាន​ច្រើន​រឿង​ណាស់​ ។ ទីមួយ​អ្នក​ដែល​រស់នៅ​ទីនេះ មិនបាន​សិក្សា​ប្រវត្តិសាស្ត្រ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង​ទេ ពីព្រោះ​នៅទីនេះ​វា​បិទ​ ។​​ ទាំង​សាលារៀន និង​វត្ត​គេ​មិន​ឲ្យ​បង្រៀន​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរក្រោម​ទេ​ ។​ យើង​មាន​ទូរស័ព្ទ​ម្នាក់ៗ​ គឺ​យើង​ស្តាប់​ដោយ​លួចលាក់​ទេ​។​”

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ស្នើ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បង្កើន​ការ​ផ្ស​ព្ធ​ផ្សាយ​ប​ន្ថែ​ម ជាពិសេស​ត្រូវ​ផ្សាយ​ករណី​រំលោភសិទ្ធិ​មនុស្ស​ ដែល​ខ្មែរក្រោម​កំពុង​ជួបប្រទះ នៅ​ទឹកដី​កំណើត​ពួកគេ ​។

“ ជួយ​យកចិត្តទុកដាក់​អំពី​វប្បធម៌​អក្សរសាស្ត្រ​តាម​វត្ត​ព្រោះ​ខ្មែរក្រោម​យើង​មានតែ​នៅតាម​វត្ត​ទេ​ជា​ឬ​សគល់ ហើយ​ទី​ពីរ​ជា​ទៀត​ជួយ​ផ្ស​ព្ធ​ផ្សាយ​ពី​ជីវភាព​រស់នៅ​របស់​ខ្មែរក្រោម​ផង ពីព្រោះ​ជីវភាព​របស់គាត់​ត្រូវគេ​គាបសង្កត់ ត្រូវគេ​បំបិទ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។​”

​ការទាមទារ​ចង់​ទទួលបាន​ព័ត៌មាន​ឯករាជ្យ​របស់​ខ្មែរក្រោម​កន្លងមក ត្រូវបាន​វៀតណាម​ធ្វើទុក្ខបុកម្នេញ ហើយ​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​អង្គ​ដាក់ពន្ធនាគារ ដោយសារតែ​ព្រះសង្ឃ​បានផ្តល់​ព័ត៌មាន​មួយចំនួន​ទៅ​ក្រៅប្រទេស ​។ បច្ចុប្បន្ន ព្រះតេជព្រះគុណ ថាច់ ធឿ​ន ដែល​ត្រូវបាន​វៀតណាម ​ចាប់​ដាក់ពន្ធនាគារ​រយៈ​ពេល ​៦ ​ឆ្នាំ កំពុង​នៅជាប់​ពន្ធនាគារ​នៅឡើយ​ ។ ព្រះអង្គ​ត្រូវបាន​វៀតណាម​ដាក់គុក​ដោយសា​រ​តែ​ព្រះអង្គ ប្រាប់​ព័ត៌មាន​ដល់​អាស៊ីសេរី និងវិទ្យុ​សំឡេងកម្ពុជាក្រោម កាលពីពេល​កន្លងទៅ ​។ វៀតណាម​គ្រោង ​នឹង​ដោះលែង​ព្រះអង្គ​នៅ​ខែឧសភា​ខាងមុខ​នេះ​ ។ មិនមែន​តែខ្មែរក្រោម​ទេ ​ដែល​ចោទថា វៀតណាម​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន​ ។ របាយការណ៍​សិទ្ធិមនុស្ស​ក្រសួងការបរទេស​អាមេរិក​ផ្សាយ​កាលពី​ថ្ងៃទី​ ១៣ មីនា រកឃើញថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ​នៅតែ​បន្ត​កើតមានឡើង​ ។ របាយការណ៍​នោះ​បន្តថា ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​រួមមាន ការឃុំ​ឃាំង​ទាំង​ខុសច្បាប់ និង​សម្លាប់​ដោយ​អានាធិបតេយ្យ ការធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាដើម​ ។ រដ្ឋាភិបាល​ក៏​នៅតែ​បន្ត​រឹតត្បិត​លើ​សិទ្ធិ​ធ្វើដំណើរ ការប្រមូលផ្ដុំ និង​ការចូលរួម​ផ្នែក​នយោបាយ​ ។

ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា មាន​សង្ឃដីកាថា សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ​កំពុងមាន​គំរោង​បង្កើន​ការផ្សាយ​ព័ត៌មាន​តាម​បណ្តាញអ៊ិន​ធឺ​ណែ​ត​ ដើម្បី​ធានាថា ខ្មែរក្រោម​ទទួលបាន​ព័ត៌មាន​ពិត​ និង​គ្រប់​ជ្រុងជ្រោយ ​។ គំរោង​សំខាន់​បន្ទាប់​គឺបង្កើត​ស្ថានីយ​វិទ្យុ និង​ទូរ​ទ្សន៍​ឯករាជ្យ​នៅលើ​ទឺ​កដី​​កម្ពុជា​ក្រោម​តែម្តង​ ៕​

Leave A Reply

Your email address will not be published.